អានតួអត្ថបទ
អាល្លឺម៉ង់

ភេរវកម្ម​នៅ​អាល្លឺម៉ង់៖​ប៉ូលិស​ថា បុរស​ដែល​ក្របួច ក បាន​មិន​ច្បាស់​ជា​អ្នកបើក​ឡានកាមីញ៉ុង​ទេ

នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ មួយ​ថ្ងៃ​ក្រោយ​ទង្វើ​ភេរវកម្ម​បើក​ឡានកាមីញ៉ុង​កិន​មនុស្ស​ស្លាប់​នៅ​ទីលានផ្សារ​ណូអែល​ក្នុង​ក្រុង​ប៊ែរឡាំង​កាល​ពី​យប់​ថ្ងៃ​ចន្ទ ទី២០ ធ្នូ​មក ប៉ូលិស​អាល្លឺម៉ង់​បាន​បញ្ជាក់​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃ​អង្គារ ទី២០ ធ្នូ​ថា អ្នក​សុំសិទ្ធិជ្រកកោណ​ជនជាតិ​ប៉ាគីស្ថាន​ម្នាក់​ដែល​ប៉ូលិស​បាន​ចាប់ខ្លួន​អាច​មិនមែន​ជា​អ្នកបើក​ឡានកាមីញ៉ុង​នោះ​ទេ មាន​ន័យ​ថា ជនជាតិ​ប៉ាគីស្ថាន​រូប​នោះ​អាច​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ភេរវកម្ម ហើយ​អ្នកបើកឡាន​កាមីញ៉ុង​ពិតប្រាកដ​ប្រហែល​ជា​កំពុង​បន្ត​រត់គេចខ្លួន។

ឡាន​កាមីញ៉ុង​ដែល​
ឡាន​កាមីញ៉ុង​ដែល​ REUTERS/Hannibal Hanschke
ផ្សាយពាណិជ្ជកម្ម

ពី​ដំបូង​នា​ពេល​ថ្ងៃ​ត្រង់​ក្នុង​ថ្ងៃ​អង្គារ ទី២០ ធ្នូ លោក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​អាល្លឺម៉ង់ Thomas de Maizière បាន​ប្រាប់​ឲ្យ​ដឹង​ថា បុរស​ដែល​កម្លាំង​ប៉ូលិស​ព័ទ្ធចាប់​ក្របួច ក​បាន​នៅ​ប៉ុន្មាន​នាទី​ក្រោយ​ហេតុការណ៍​នោះ គឺ​ជា​ជនជាតិ​ប៉ាគីស្ថាន​ដែល​មក​ដល់​ទឹកដី​អាល្លឺម៉ង់​ក្នុង​ថ្ងៃទី៣១ ធ្នូ ឆ្នាំ ២០១៥ និង​បាន​ដាក់​ពាក្យ​អ្នកសុំសិទ្ធិ​ជ្រកកោណ​ក្នុង​ទីក្រុង​ប៊ែរឡាំង​ក្នុង​ខែ​កុម្ភៈ​ដើម​ឆ្នាំ ២០១៦ នេះ។ តែ​ឆ្លើយ​នៅ​មុខ​ប៉ូលិស ជនជាតិ​ប៉ាគីស្ថាន​រូប​នោះ​បាន​ឆ្លើយ​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ថា ខ្លួន​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​បើក​ឡានកាមីញ៉ុង​ទៅ​កិន​មនុស្ស​នៅ​ទីផ្សារណូអែល​នោះ​ទេ នេះ​បើ​តាម​សម្តី​របស់​លោក Thomas de Maizière។

រូប​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បាន​បន្ថែម​ថា ការ​ស៊ើបអង្កេត​កំពុង​បន្ត និង​ថា នៅ​មិន​ទាន់​មាន​ជន ឬ​ចលនា​ណា​ចេញ​មុខ​សារភាព​ជា​ស្នាដៃ​របស់​ខ្លួន​ទេ។ តែ​គួរ​ឲ្យ​ភ្ញាក់ផ្អើល មេ​ប៉ូលិស​ទីក្រុង​ប៊ែរឡាំង​បែរ​ជា​បាន​ចេញ​មុខ​សារភាព​នៅ​ពេល​រសៀល​ក្នុង​ថ្ងៃ​អង្គារ ទី២០ ធ្នូ​ដដែល​ថា ជនជាតិ​ប៉ាគីស្ថាន​ដែល​ចាប់​ខ្លួន​រូប​នោះ​មិន​ច្បាស់​ជា​អ្នក​បើក​ឡានកាមីញ៉ុង​ទេ។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ ប៉ូលិស​បាន​អំពាវនាវ​លើ​បណ្តាញ​សង្គម Twitter ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន និង​ថា តួអង្គ​ពិត​ដែល​បាន​បង្ក​ភេរវកម្ម​អាច​កំពុង​បន្ត​គេច​ខ្លួន​នៅ​ឡើយ។

ដោយឡែក ប្រភព​មិន​បញ្ចេញ​ឈ្មោះ​មួយ​នៅ​ផ្ទៃក្នុង​ប៉ូលិស​អាល្លឺម៉ង់​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​អាល្លឺម៉ង់​ឈ្មោះ Die Welt ដោយ​សម្តី​ដើម​ថា « យើង​បាន​ចាប់​មនុស្ស​ខុស។ ជនដៃដល់​ពិតប្រាកដ​កំពុង​បន្ត​មាន​សេរីភាព និង​មាន​អាវុធ​ដែល​អាច​បង្ក​ភេរវកម្ម​ថ្មី​ទៀត »។ ឃើញ​ថា​មួយ​ថ្ងៃ​ក្រោយ​ភេរវកម្ម មាន​ព័ត៌មាន​ច្របូកច្របល់​ខ្លាំង​ទាក់ទង​នឹង​ជនដល់ដៃ​ពិត​ប្រាកដ ពិសេស​មិន​ដឹង​ថា តើ​មាន​មនុស្ស​ប៉ុន្មាន​ដែល​បាន​ចូលរួម​នៅ​ក្នុង​អំពើ​ភេរវកម្ម​នោះ។

សូម​ជម្រាប​ជូន​ថា ការ​ផ្ទុះ​ចេញ​នូវ​ព័ត៌មាន​ស្រពិចស្រពិល​ជុំវិញ​ជនដៃដល់​ពេល​នេះ​ក៏​ដោយសារ​ថា បុរស​ជនជាតិ​ប៉ាគីស្ថាន​ដែល​កម្លាំង​ប៉ូលិស​បាន​ដេញ​ក្របួច ក នៅ​ប៉ុន្មាន​នាទី​ក្រោយ​ហេតុការណ៍​នោះ មិនមែន​ដោយសារ​ប៉ូលិស​បាន​ឃើញ​បុរស​នោះ​លោត​ចុះ​ពី​លើ​ឡានកាមីញ៉ុង​ដោយ​ផ្ទាល់​ទេ តែ​បាន​ដេញ​ស្វែង​រក​ចាប់​តាម​ការ​ស្រែក​ចង្អុល​បង្ហាញ​របស់​សាក្សី​ម្នាក់​តាម​ទូរស័ព្ទ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ