អានតួអត្ថបទ
បេឡារុស

នៅ​​បេឡារុស​ ពលរដ្ឋ​​ណា​​ដែល​​អាជ្ញាធរ​​ចាត់ទុក​​ថា”ខ្ជិល​​ធ្វើការ”​ ត្រូវ​​បង់ពន្ធ​​ឲ្យ​រដ្ឋ​

ថ្ងៃ​១៧មិនា​នេះ គម្រប់​បាន​១ខែគត់ តាំងពី​នៅ​រដ្ឋឯករាជ្យ​បេឡារុស មានចាប់​ផ្តើម​ក្បួន​យាត្រា​តវ៉ា​ទល់នឹង​ក្រិត្យ​មិន​ធ្លាប់មានដូច ចេញដោយ​ប្រធានាធិបតី​ស្តីអំពី “ភាពកម្ជិល ​សង្គម” ដែល​ស្របនឹង​ក្រិត្យនេះ ពលរដ្ឋ​ណា​ដែល​មាន​សមត្ថភាព​អាច​ធ្វើការ ហើយបែរ​ទៅជា​ខ្ជិល​រក​ការ​ធ្វើជា​ផ្លូវការ អស់​កន្លះឆ្នាំ​ជាប់ គឺ​ត្រូវ​បង់ពន្ធ​ឲ្យរដ្ឋ។ ទោះបី​អាជ្ញាធរ​បាន​សម្រេច​ផ្អាក​ធរមាន​នៃ​ក្រិត្យ​នេះ​សម្រាប់​រយៈពេល​ មួយឆ្នាំ​ក្តី ក៏​បាតុកម្ម​ប្រឆាំង​នៅតែបន្ត​បោកបក់​សឹង​គ្មាន​លោះ​ថ្ងៃណា​ឡើយ។ ចំណែក​តុលាការ​ធម្មនុញ្ញ​ទើប​ប្រកាស​ថា “ស្របច្បាប់ ”ទេ​តើ​ការ​ហូត​សារពើ​ពន្ធ​​ពី​ពលរដ្ឋ​ប្រទេស។

ប្រធានាធិបតី​បេឡារុស លោក Alexandre Loukachenko
ប្រធានាធិបតី​បេឡារុស លោក Alexandre Loukachenko Reuters/Sergei Grits
ផ្សាយពាណិជ្ជកម្ម

 

គឺ​កាលពីខែ​មេសា​ឆ្នាំ២០១៥ ដែលលោក​ប្រធានាធិបតី​បេឡារុសAlexandre Lukashenko បាន​ចុះហត្ថលេខា​លើក្រិត្យ “ ស្តីអំពី​មនុស្សខ្ជិល​ចាំតែ​រស់​ដោយសារ​គេ” ដែលស្របនឹង​ក្រិត្យនេះ ពលរដ្ឋណា​ដែលមាន​សមត្ថភាព​ធ្វើការ ប៉ុន្តែ​មិនព្រម​ធ្វើការ​អស់​កន្លះឆ្នាំជាប់ គឺត្រូវ​បង់ពន្ធ​ទៅឲ្យ​រដ្ឋ ម្តុំ​២០០​ដុល្លារ​ក្នុង១ឆ្នាំ។

មិទ្ទិញ​ប្រឆាំង​លើកដំបូង​បង្អស់​នៃ”អ្នកស្រុកដែលថាមិនខ្ជិលធ្វើការ” បាន​ប្រព្រឹត្ត​ទៅ​១ខែមុន គឺ​កាលពី​ថ្ងៃ១៧កុម្ភៈ​នៅ​រដ្ឋធានី Minsk តែម្តង។ ពីរថ្ងៃ​ក្រោយមក វា​បាន​រាលដាល​ដល់ក្រុង​ឯទៀត ដែល​មួយលើកៗ មាន​អ្នកចូលរួម ពី​រាប់រយនាក់​ដល់​រាប់ពាន់​នាក់។ ថ្ងៃ​អាទិត្យ ​ទី៥​មីនា​ មាន​ប្រជាពលរដ្ឋ​ប្រមាណ​១.០០០នាក់ បាន​ចុះថ្នល់​ធ្វើ​បាតុកម្ម​ក្នុងក្រុងBrest នៅ​ជាប់នឹង​ព្រំដែន​ប៉ូឡូញ លុះ​ទាល់តែ​ស្ទះចរាចរណ៏ នៅតាម​មហាវិថី​ក្រុងនេះ។ ពួកបាតុករ​បាននាំគ្នា​ស្រែកបន្លឺ​ឡើង​នូវការ​ទាមទារ​ពី​លោកប្រធានាធិបតី Lukashenko ឲ្យ​ចុះចេញ​ពី​តំណែង​ទៅ និង​ឲ្យធ្វើ​ការបោះឆ្នោត​ថ្មី​ដែល​សុចរិត។ គេ​ជ្រោង​លើកឡើង​នូវ​ផ្ទាំងបដា៖

-យើងមិនចង់បង់ប្រាក់ចិញ្ចឹមពួកចោរ ពួកប៉ូលីស ពួកបញ្ញើក្អែកទេ
-គ្មានប្រាក់ខែប៉ុន្តែត្រូវបង់ពន្ធ
-មិនត្រូវមានទេតំណាងរាស្ត្រដែលស្គាល់តែថង់ប្រាក់
-តំណាងរាស្ត្រដែលអនុម័តក្រិត្យបែបនេះ គឺរស់ដោយសារតែកម្លាំងញើសប្រជាពលរដ្ឋ
ក្នុង​៣សប្តាហ៏​ចុងក្រោយ នៅ​រដ្ឋធានី Minsk និង​នៅ​តាម​ក្រុងធំៗ​ឯទៀត នៃ​ប្រទេស​បេឡារុស មាន​ប្រព្រឹត្តទៅ​បាតុកម្ម​តវ៉ា​ទល់នឹង​ក្រិត្យនោះ ចាត់ចែងឡើង​ដោយ​បណ្តាបក្ស​ប្រឆាំង ប៉ុន្តែ​ដែល​គ្មាន​សេចក្តី​អនុញ្ញាត​របស់អាជ្ញាធរ។

អ្វីដែល​គួរឲ្យ​កត់សម្គាល់​គឺថា ពេល​បាតុកម្ម​ប្រព្រឹត្តទៅ ប៉ូលីស​គ្រាន់តែ​ឈរមើល ធានា​ឲ្យ​មាន​សណ្តាប់ធ្នាប់។ ប៉ុន្តែ​ក្រោយពី​បាតុកម្ម​ចប់ទៅ ប៉ូលីស​វាត​ប្រតិបត្តិការ ទៅចាប់​ដល់ផ្ទះ​សកម្មជនណា​ដែល​ហ៊ានប្រមាថ​រដ្ឋអំណាច​ជាងគេ ជា​ពិសេស គឺពួក​អ្នកតំណាង​នៃ​បក្ស​ប្រឆាំង។ តាម​តួលេខ​អង្គការ​ការពារ​សិទ្ធិមនុស្ស បច្ចុប្បន្ន​ជាប់ក្នុង​ការឃុបឃាំង គឺ​មាន​សកម្មជន​​ប្រមាណ​១០០នាក់ ដែល​ពីក្នុង​នោះ បុរស​ត្រូវបាន​កាត់ទោស ឲ្យ​ជាប់ឃុំ​១៥ថ្ងៃ ស្ត្រី​ឲ្យ​ជាប់ឃុំ​៧ថ្ងៃ។

ក្នុង​ផ្ទៃ​នៃ​រលក​តវ៉ានេះ លោក​ប្រធានាធិបតី  Lukashenko ថ្ងៃ​៩មិនា បាន​សម្រេចផ្អាក​១ឆ្នាំសិន ធរមាន​នៃក្រិត្យ​“ស្តីអំពី​ការហូតពន្ធ​លើ​ភាពកម្ជិល”” ប៉ុន្តែ​មិនលុប​ក្រិត្យនេះ​ទៅវិញ​ទេ។ គាត់​គូសបញ្ជាក់​ថា ក្រិត្យនេះ​មានន័យ​ជាក្រិត្យ​មនោគមវិជ្ជា និង​សីលធម៌។ តាម​រយៈ​ក្រិត្យ​នេះ រដ្ឋ​មិនទទួល​លុយ​បាន​ក្រាស់ក្រែល​ឡើយ។ គោលដៅ​ក្រិត្យ​គឺ​តែមួយ​គត់ ៖ ដាស់តឿន​ឲ្យ​ធ្វើការ អ្នកណា​ដែល​ត្រូវធ្វើ និង​ដែល​អាចធ្វើ។

ស្របនឹង​ក្រិត្យនេះ មាន​ជំពូក​ពលរដ្ឋ​ដែលត្រូវរំដោះ​ឲ្យផុតពី​ការបង់ពន្ធ​បែបនេះ ពោល​គឺ៖ មាតា​ដែល​បង្ខំចិត្ត​ដកខ្លួនពី​ការងារ ដើម្បី​ថែទាំកូន​រហូត​ដល់វា​អាយុបាន​៧ឆ្នាំ, ពលរដ្ឋ​ដែលត្រូវ​ឈប់​នៅផ្ទះ ដើម្បី​កំដរ​ឳពុកម្តាយ​ធ្លាក់ខ្លួន​ឈឺ, ពលរដ្ឋ​ដែល​បរិច្ចាគ​កិច្ចយោធា, បព្វជិតនៅ​តាម​វិហារ​សាសនា។ល។ លោកLukashenko ផ្ទុកផ្តាក់​រដ្ឋាភិបាល​ឲ្យលម្អិត​បញ្ជី​នៃប្រភេទ​ពលរដ្ឋ​ដែលត្រូវ​បង់ពន្ធ​ចំពោះ​“ភាព​កម្ជិល​សង្គម”។

តាម​តួលេខ​ផ្លូវការ គិត​មកទល់​ថ្ងៃ១មិនា អង្គការ​ខាងទារពន្ធ បាន​ផ្ញើ​ក្រដាសស្នាម​ទៅកាន់​ពលរដ្ឋ​ប្រមាណ​៤៧០.០០០នាក់ តម្រូវឲ្យ​គេបង់ពន្ធ​ចំពោះ”ភាព​កម្ជិល” ដែលពី​ក្នុងនោះ សុខចិត្ត​បង់ពន្ធ​បែបនេះ​ទៅហើយ គឺតែជាង​៥៤.០០០នាក់ ឬជាង​១១%ប៉ុណ្ណោះ។
ថ្ងៃ១៥មីនា​ម្សិលម៉្ងៃ មុនពេល​ដែល​បាតុកម្ម​តវ៉ា ត្រូវ​ប្រព្រឹត្តទៅ​ជាថ្មី​ក្នុង​រដ្ឋធានី ជា​ចម្លើយ​តបនឹង​​សំណូមពរ ប្រជាពលរដ្ឋ​សុំឲ្យ​ពន្យល់​បំភ្លឺ តើ​ខ្លឹមសារ​ក្រិត្យនោះ ស្របឬទេ នឹង​រដ្ឋធម្មនុញ្ញ ប្រទេស​តុលាការ​ធម្មនុញ្ញ​បេឡារុស ក្នុង​សេចក្តីសន្និដ្ឋាន​របស់ខ្លួន ចាត់ទុក​ថា ស្របច្បាប់ ការ​ដែលអាជ្ញាធរ​តម្រូវ​ឲ្យ​ពលរដ្ឋ​បង់ពន្ធ ចំពោះ”ភាព​ខ្ជិល​ក្នុង​សង្គម” បង់នេះ គឺ​ដោយ​អនុលោម តាម​ក្រិត្យ​ប្រធានាធិបតី ស្តីពី​”ការព្រមានទល់នឹងការរស់នៅដោយសារ​អ្នកដទៃ”។

តុលាការ​ធម្មនុញ្ញ​សង្កត់ធ្ងន់​ថា ៖ ការបង់​សារពើពន្ធ គឺជា​ការទាមទារ​ឥត​ប្រកែកបាន​ដោយ​រដ្ឋ ហូរ​ចេញពី​កាព្វកិច្ច​ពលរដ្ឋ​ម្នាក់ៗ ដូច​ដែលមាន​ចែងក្នុង​មាត្រា​ទី៥៦ នៃ​រដ្ឋធម្មនុញ្ញ ដែលជា​ការ​រួមវិភាគទាន ទៅក្នុង​ខ្ទង់​ចំណាយ​របស់​រដ្ឋ សម្រាប់​តម្រូវការ​សង្គម។ តុលាការ​​ធម្មនុញ្ញ​ក៏កត់សម្គាល់​ថា៖​គឺតែ​ប្រធានាធិបតី រដ្ឋសភា តុលាការ​កំពូល និង​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី​ ដែល​បំពាក់​ទៅដោយ​សិទ្ធិ សុំ​តុលាការ​ធម្មនុញ្ញ​ឲ្យពិនិត្យ​មើល តើ​ច្បាប់ នេះ​ឬ​នោះ ស្រប​ឬ​មិនស្រប​នឹង​ធម្មនុញ្ញ​ប្រទេស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ