អានតួអត្ថបទ
តួកគី-អឺរ៉ុប

អសប៖ ​ជនភៀសខ្លួន​ស៊ីរី​មិនមែន​ជា​ទំនិញដោះដូរ ដើម្បី​ហេតុផល​នយោបាយ

មូលនិធិ​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​កុមារ UNICEF នៅថ្ងៃ​សុក្រ​ម្សិលមិញ​បាន​បរិហារ​ថា គេ​មិន​បាន​ធ្វើតាម​ការសន្យា ក្នុង​រឿង​ទទួល ការពារ​ជនភៀសខ្លួន។ ជាលទ្ធផល​គឺ​កុមារ​ដែល​រងគ្រោះ​ខ្លាំង​ជាងគេ។ ប្រតិកម្ម​របស់ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ធ្វើឡើង​នៅ​មួយ​ថ្ងៃ​ក្រោយ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ តួកគី គំរាម ឈប់ អនុវត្ត​កិច្ចព្រមព្រៀង​ស្តីពី​ជនអន្តោប្រវេសន៍ ដែល​តួកគី បាន​ចុះ​ហត្ថលេខា​ជាមួយ សហភាព​អឺរ៉ុប កាលពី​១​ឆ្នាំមុន។

ជំរំ​ជនភៀសខ្លួន​ Bab al-Salama​​នៅ​តួកគី។ តាម​អសប ជនភៀសខ្លួន​ស៊ីរី ២លាន ៧សែននាក់ ក្នុង​ចំណោម​ជនភៀសខ្លួន​ស៊ីរី ៤លាន ៦សែននាក់ រស់នៅក្នុង​ជំរំ​ក្នុងទឹកដី​តួកគី
ជំរំ​ជនភៀសខ្លួន​ Bab al-Salama​​នៅ​តួកគី។ តាម​អសប ជនភៀសខ្លួន​ស៊ីរី ២លាន ៧សែននាក់ ក្នុង​ចំណោម​ជនភៀសខ្លួន​ស៊ីរី ៤លាន ៦សែននាក់ រស់នៅក្នុង​ជំរំ​ក្នុងទឹកដី​តួកគី AFP/Bulent Kilic
ផ្សាយពាណិជ្ជកម្ម

ទៅតាម​កិច្ចព្រមព្រៀង ដែល​តួកគី​ចុះ​ជាមួយ សហភាព​អឺរ៉ុប តួកគី ដែល ជា​កន្លែង​ឆ្លងកាត់​របស់​ជនភៀសខ្លួន ស៊ីរី និង​ជនអន្តោប្រវេសន៍ នៅ​តំបន់​ដើមបូព៌ា បាន​សុខចិត្ត ចូលរួម​ជួយ​ទប់​កុំ​ឲ្យ​មាន​លំហូរ​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន ហូរ​ចូលទៅ​អឺរ៉ុប។ ជា​ការតប​ស្នង​វិញ តួកគី​នឹង​បាន​ទទួល​ថវិកា​ពី​សហភាព​អឺរ៉ុប សម្រាប់​ជំរំជនភៀសខ្លួន​នៅក្នុង​ទឹកដី​តួកគី។ លើសពីនោះ សហភាព​អឺរ៉ុប​បាន​សម្រេច​បើកទូលាយ ឲ្យ​ជនជាតិ​តួកគី​ធ្វើដំណើរ​ទៅ​អឺរ៉ុប​ដោយ​មិនចាំបាច់​ទិដ្ឋាការ។ អឺរ៉ុប​សន្យា​ផងដែរ ថា​នឹង​ជួយ​ពន្លឿន​ការចរចា​ដើម្បី​យក​តួកគី ចូល​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប។

 
ប៉ុន្តែ សង្រ្គាម​ពាក្យ​សំដី និង​វិបត្តិការទូត រវាង​តួកគី ជាមួយ​បណ្តា​ប្រទេស​មួយចំនួន នៅ​អឺរ៉ុប បាន​ធ្វើ​ឲ្យ​តួកគី ចង់​ដកខ្លួន ដោយ​ឯកតោភាគី ពី​កិច្ចព្រមព្រៀង​ជាមួយ អឺរ៉ុប។ តួកគី​ដែល​ខឹង​នឹង​អាល្លឺម៉ង់ ហើយ​និង​ប្រទេស​ហូឡង់ ដែល​ហាម​មិន​ឲ្យ​រដ្ឋមន្រ្តី​របស់ខ្លួន ចូល​ធ្វើ​យុទ្ធនាការ​នៅក្នុង​សហគមន៍​ជនជាតិ​តួកគី នៅ​បរទេស បាន​គំរាម លែងចង់​អនុវត្ត​តាម​កិច្ចព្រមព្រៀង ដែល​មាន​ទិសដៅ​ទប់ស្កាត់​លំហូរ​ជនអន្តោប្រវេសន៍ ទៅ​ក្នុង​ទឹកដី​អឺរ៉ុប។ នៅ​ល្ងាច​ថ្ងៃ​ពុធ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បានព្រមាន​ថា តួកគី​អាច​បើក​បញ្ជូន​ចេញ ក្នុង​មួយខែៗ ជនភៀសខ្លួន និង​ជនអន្តោប្រវេសន៍ ប្រមាណ ១ម៉ឺន ៥ពាន់ ទៅ​ក្នុង​ទឹកដី អឺរ៉ុប បើសិន​តួកគី​ចង់។

នៅ​ថ្ងៃ​សុក្រ អ្នកជំនាញ​ខាង​ស្ថានភាព​អាសន្ន​របស់​អង្គការ​UNICEF លោក​Lucio Melandri បាន​ព្រមាន​កុំ​ឲ្យ​គេ​យកជីវិត ជោគវាសនា​របស់​ជនភៀសខ្លួន ទៅ​ធ្វើ​ជា​ទំនិញ ដោះដូរ ដើម្បី​ហេតុផល​នយោបាយ។ មន្រ្តី​របស់​អង្គការ​UNICEF នៅ​បាន​រំលឹក​ថា គេមិន​បាន​ធ្វើ​តាម​ការសន្យា ដែល​ថា  នឹង​ទទួល​យក​ជនភៀសខ្លួន ១សែន ២ម៉ឺននាក់ ឲ្យ​រស់នៅក្នុង​ទឹកដី​អឺរ៉ុប។ តាម​​UNICEF រហូត​មក​ដល់​ពាក់កណ្តាល​ខែ​មីនា ពោល​គឺ​នៅ​បី​ថ្ងៃ​មុន​ខួប​មួយឆ្នាំ​នៃកិច្ចព្រមព្រៀង អឺរ៉ុប តួកគី មាន​ជនភៀសខ្លួន​ប្រមាណ ១០​ភាគរយ​ប៉ុណ្ណោះ ដែល​អឺរ៉ុប​បាន​ទទួល ផ្តល់​កន្លែង​ជ្រកកោន។ កង្វល់​មួយ​ទៀត របស់​​UNICEF គឺ​កុមារ​ដែល​រត់គេច​ពី​សង្រ្គាម និង​បាន​បែក​ពី​ឪពុកម្តាយ មក​ត្រសាត់​អណ្តែត នៅក្នុង​ជំរំ​ជនភៀសខ្លួន នៅ​ក្រិក អ៊ីតាលី ឬ​នៅ​តួកគី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ