អានតួអត្ថបទ
អេស្ប៉ាញ

លោក Carles Puigdemont អំពាវនាវ​ឲ្យ​ប្រឆាំង​នឹង​ការ​ដាក់​កាតាឡូញ៉ា​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អេស្ប៉ាញ

នៅ​ក្នុង​តំបន់​កាតាឡូញ ប្រទេស​អេស្ប៉ាញ ជិត ២៤ម៉ោង​ក្រោយ​សភា​បោះឆ្នោត​ប្រកាស​ឯករាជ្យ និង​ចំណាត់ការ​របស់​រដ្ឋាភិបាល​អេស្ប៉ាញ​រំលាយ​រដ្ឋបាល រួម​ទាំង​សភា​មក លោក Carles Puigdemont អតីត​ប្រមុខ​តំបន់​កាតាឡូញ៉ា​បាន​ចេញ​មុខ​អំពាវនាវ​ឲ្យ​ប្រឆាំង​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ទល់​នឹង​ការ​ដាក់​តំបន់​កាតាឡូញ៉ា​ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អេស្ប៉ាញ។ ទន្ទឹម​គ្នា​នេះ លោក Puigdemont បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ប្រែ​ក្លាយ​តំបន់​កាតាឡូញ៉ា​ទៅ​ជា​ប្រទេស​មួយ​ឯករាជ្យ រស់​ដោយ​ខ្លួន​ឯង​តាម​ការ​ចង់​បាន​របស់​ពលរដ្ឋ​កាតាឡូញ៉ា។ នៅ​ក្នុង​ន័យ​នេះ លោក Puigdemont បាន​ស្នើ​ពលរដ្ឋ​កាតាឡូញ៉ា​ឲ្យ​មាន​ការ​អត់ធ្មត់ និង​មាន​ក្តី​សង្ឃឹម។

លោក Carles Puigdemont អតីត​ប្រមុខ​ដឹកនាំ​តំបន់​កាតាឡូញ៉ា
លោក Carles Puigdemont អតីត​ប្រមុខ​ដឹកនាំ​តំបន់​កាតាឡូញ៉ា 路透社。
ផ្សាយពាណិជ្ជកម្ម

« ឆន្ទៈ​របស់​យើង គឺ​បន្ត​ធ្វើ​ការងារ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ និង​ដើម្បី​គោរព​តាម​អាណត្តិ​ដែល​ពលរដ្ឋ​កាតាឡូញ៉ា​បាន​ផ្តល់​ឲ្យ។ យើង​ព្យាយាម​បង្កើត​ឲ្យ​មាន​ស្ថិរភាព​ដែល​យើង​យល់​ថា មិន​មែន​ជា​រឿង​ងាយស្រួល និង​ដែល​យើង​មិន​ធ្លាប់​ជួប​ប្រទះ​ទេ​នា​ពេល​កន្លង​មក។

សារ​ដែល​ខ្ញុំ​ចង់​ប្រាប់​ទៅ​កាន់​លោក អ្នក​នោះ​គឺ​ថា សូម​មេត្តា​អត់ធ្មត់ និង​ត្រូវ​មាន​សង្ឃឹម។ ដើម្បី​អាច​ការពារ​ឆន្ទៈ និង​ការ​ចង់​បាន​របស់​យើង​ថ្ងៃ​នេះ វិធីសាស្រ្ត​ដ៏​ប្រសើរ​មាន​តែ​មួយ​គត់ គឺ​ការ​តស៊ូ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ។

មាត្រាទី១៥៥ នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​អេស្បាញ​បច្ចុប្បន្ន​បាន​ប្រឆាំង​នឹង​ឆន្ទៈ​របស់​ពលរដ្ឋ​កាតាឡូញ៉ា។ តាំង​ពី​យូយារ​ណាស់​មក ពលរដ្ឋ​កាតាឡូញ៉ា​មាន​អារម្មណ៍​ថា​ខ្លួន​កំពុង​រស់នៅ​ដោយ​ម្ចាស់ការ​ខ្លួន​ឯង​នៅ​ផ្ទៃក្នុង​អឺរ៉ុប។ យើង​នឹង​បន្ត​ការ​តស៊ូ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ឆន្ទៈ​មួយ​នេះ​ដោយ​ការពារ​ខ្លួន​ប្រឆាំង​នឹង​ការ​សម្លុត​គំរាមកំហែង​គ្រប់​បែប​យ៉ាង។

កសាង​ប្រទេស​មួយ​សេរី គឺ​ជា​ការ​ចង់​បាន​របស់​កាតាឡូញ៉ា និង​ដែល​យើង​ត្រូវ​ធ្វើ​នៅ​លើ​គន្លង​ផ្លូវ​មួយ​អហិង្សា និង​គោរព​តាម​ឆន្ទៈ​របស់​ពលរដ្ឋ​កាតាឡូញ៉ា »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ