ប៉ូលិសបែលហ្សិក ចាប់ខ្លួន អតីតប្រមុខរដ្ឋាភិបាលកាតាឡូញ៉ា
ប្រមុខដឹកនាំតំបន់កាតាឡូញ៉ា លោកការឡែស ពីកដឺម៉ុង Carles Puigdemont និងមន្រ្តីរដ្ឋាភិបាលកាតាឡូញ៉ា បួននាក់ផ្សេងទៀត ដែលត្រូវរដ្ឋាភិបាលអេស្ប៉ាញទម្លាក់ចេញពីតំណែង បានប្រគល់ខ្លួនឲ្យប៉ូលិសបែលហ្ស៊ិក នៅថ្ងៃអាទិត្យទី ៥វិច្ឆិកា ២០១៧។
ចុះផ្សាយនៅថ្ងៃ៖
តាមអាយ្យការបែលហ្ស៊ិក មនុស្សទាំង៥នាក់ ដែលស្ថិតនៅក្នុងបញ្ជីតាមចាប់ខ្លួនរបស់តុលាការអេស្ប៉ាញ ត្រូវបានប៉ូលិសបែលហ្ស៊ិក នាំទៅបង្ហាញ មុខ នៅការិយាល័យចៅក្រមស៊ើបអង្កេតបែលហ្ស៊ិក នារសៀលថ្ងៃអាទិត្យ។ បន្ទាប់ពីនេះ ចៅក្រមបែលហ្ស៊ិក មានពេល ២៤ម៉ោង ដើម្បីសម្រេចថា តើត្រូវចាប់ឃុំខ្លួន ឬដោះលែង ឲ្យមានសេរីភាព ប៉ុន្តែ មានលក្ខខណ្ឌ។
នៅថ្ងៃសុក្រ តុលាការអេស្ប៉ាញបានចេញដីកាក្របខ័ណ្ឌអឺរ៉ុប ដើម្បី ចាប់ខ្លួន មេដឹកនាំផ្តាច់ខ្លួន កាតាឡូញ៉ា លោកការឡែស ពីកដឺម៉ុង ដែលបានរត់ទៅជ្រកកោន នៅបែលហ្សិក ជាមួយ អតីតរដ្ឋមន្រ្តីរដ្ឋាភិបាលតំបន់ ចំនួន៤នាក់ផ្សេងទៀត។ បន្ទាប់ពីត្រូវទម្លាក់ចេញពីតំណែង នៅក្រោយការប្រកាសទាមទារឯករាជ្យពីអេស្ប៉ាញ លោកការឡែស ពីកដឺម៉ុង និងរដ្ឋមន្រ្តីទាំង៤ រូបរបស់អតីតរដ្ឋាភិបាលតំបន់កាតាឡូញ៉ា ត្រូវបានតុលាការអេស្ប៉ាញចោទប្រកាន់ពីបទបះបោរ ទាមទារផ្តាច់ទឹកដី និងលួចបន្លំលុយរដ្ឋ។
លោកការឡែស ពីកដឺម៉ុង ធ្លាប់បានអះអាងថា នឹងសហការពេញលេញ ជាមួយអាជ្ញាធរបែលហ្ស៊ិក ដែលជាម្ចាស់ផ្ទះ។ មុននឹងប្រគល់ខ្លួនទៅឲ្យអាជ្ញាធរបែលហ្ស៊ិក អតីតមេដឹកនាំផ្តាច់ទឹកដីកាតាឡូញ៉ារូបនេះ បាននិយាយប្រាប់ទូរទស្សន៍បែលហ្ស៊ិក នៅថ្ងៃសុក្រថា លោកនឹងចូលខ្លួនទៅតុលាការ ដែលជាតុលាការពិតប្រាកដ។ សម្រាប់លោកពីកដឺម៉ុង តុលាការអេស្ប៉ាញ ដែលស្ថិតនៅក្រោមសម្ពាធ គំនាបនយោបាយដ៏ធ្ងន់ធ្ងរពីក្រុងម៉ាឌ្រីដ មិនអាចផ្តល់យុត្តិធម៌ដល់ក្រុមរបស់លោកបាននោះទេ។
ការចេញដីកាចាប់ខ្លួនក្នុងក្របខ័ណ្ឌអឺរ៉ុប មានន័យថា តុលាការអេស្ប៉ាញនឹងបញ្ជូនសំណើជាផ្លូវការទៅកាន់តុលាការប៊ែលហ្ស៊ិក ដើម្បីសុំឲ្យធ្វើបត្យាប័នលោកការឡែស ពីកដឺម៉ុង និងបក្សពួក។ យោងតាមនីតិវិធី ក្រោយពីទទួលបានសំណើសុំធ្វើបត្យាប័ន តុលាការប៊ែលហ្ស៊ិក ត្រូវសិក្សាសំណុំរឿង និងចេញ សេចក្តីសម្រេច នៅក្នុងរយៈពេលយ៉ាងយូរបំផុត ៦០ថ្ងៃ។ ក៏ប៉ុន្តែ មេធាវីរបស់ការឡែស ពីកដឺម៉ុង បានបញ្ជាក់រួចជាស្រេចហើយថា ប្រសិនបើតុលាការជាន់ទាបប៊ែលហ្ស៊ិកសម្រេចធ្វើបត្យាប័ន លោកការឡែស ពីកដឺម៉ុង នឹងប្តឹងជំទាស់នឹងសេចក្តីសម្រេចនេះ ទៅកាន់តុលាការជាន់ខ្ពស់ បន្តទៀត។ នេះមានន័យថា ដំណើរការនីតិវិធីក្នុងការធ្វើបត្យាប័នលោកការឡែស ពីកដឺម៉ុង នឹងអាចអូសបន្លាយពេលវេលារាប់ខែ ទៅមុខទៀត។
នៅតំបន់កាតាឡូញ៉ាឯណោះវិញ គណបក្សប្រជាធិបតេយ្យអឺរ៉ុប នៃកាតាឡូញ៉ា ដែលជាគណបក្សរបស់លោកការឡែស ពីកដឺម៉ុង បានសម្រេចដាក់ឈ្មោះ លោក និងអតីតរដ្ឋមន្រ្តីរដ្ឋាភិបាលមុនៗ នៅក្នុងបញ្ជីឈ្មោះបេក្ខជន សម្រាប់ការបោះឆ្នោត សភា កាតាឡូញ៉ា នៅថ្ងៃទី ២១ធ្នូខាងមុខ។ សូមបញ្ជាក់ថា ទៅ តាមច្បាប់អេស្ប៉ាញ ការចាប់ឃុំបណ្តោះអាសន្ន នឹងមិនអាចហាមឃាត់ មិនឲ្យគេឈរឈ្មោះ នៅក្នុងការបោះឆ្នោតនោះទេ។ គឺមានតែការផ្តន្ទាទោសពីតុលាការតែប៉ុណ្ណោះ ដែលអាចឲ្យបេក្ខភាពសម្រាប់ការបោះឆ្នោតគ្មានសុពលភាព។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ