អានតួអត្ថបទ
បារាំង-អង់គ្លេស

អង់គ្លេស​ត្រៀម​​ខ្លួន​ចូល​​ធ្វើ​​សង្រ្គាម​ប្រឆាំង​ក្រុមអង្គការ​រដ្ឋអ៊ីស្លាម​នៅប្រទេស​ស៊ីរី

លោកប្រធានាធិបតី​បារាំង ហ្រ្វង់ស័រ ហូឡង់ នៅ​ថ្ងៃ​ចន្ទ​ទី ២៣​វិច្ឆិកា បាន​ធ្វើ​​គារវកិច្ច ​ទទួល លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស ដាវីដ កាមឺរូន នៅ​ទីក្រុង​ប៉ារីស។ ប្រមុខដឹកនាំ​បារាំង និង​អង់គ្លេស​បាន​អញ្ជើញ​ទៅ​ដាក់​ផ្កា នៅ​មុខ​សាលប្រគំតន្រ្តី បាតាក្លង់ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ ទាំង ១៣០​នាក់ ដែល​បាន​ស្លាប់ នៅក្នុង​ភេរវកម្ម​បង្ក​ឡើង​ដោយ​សមាជិក​របស់​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម។ 

នាយករដ្ឋមន្រ្តី​អង់គ្លេស និង​លោក​ប្រធានាធិបតី​បារាំង (ស្តាំ)​ប្រកាស​រួមគ្នា​កៀកស្មា​ប្រយុទ្ធ​ក្រុមជីហាត​នៃអង្កការ​រដ្ឋអ៊ីស្លាម (ប៉ារីស ថ្ងៃទី ២៣​វិច្ឆិកា ២០១៥)
នាយករដ្ឋមន្រ្តី​អង់គ្លេស និង​លោក​ប្រធានាធិបតី​បារាំង (ស្តាំ)​ប្រកាស​រួមគ្នា​កៀកស្មា​ប្រយុទ្ធ​ក្រុមជីហាត​នៃអង្កការ​រដ្ឋអ៊ីស្លាម (ប៉ារីស ថ្ងៃទី ២៣​វិច្ឆិកា ២០១៥) REUTERS/Eric Gaillard
ផ្សាយពាណិជ្ជកម្ម

លោក​នាយករដ្ឋមន្រ្តី អង់គ្លេស ដាវីដ កាមឺរូន​បាន​ប្រកាស​គាំទ្រ​សកម្មភាព​របស់​បារាំង ដែល​បើក​ប្រតិបត្តិការ​ទ័ពអាកាស វាយប្រហារ​ទៅលើ​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម នៅក្នុង​ប្រទេស​ស៊ីរី។ រដ្ឋមន្រ្តី​អង់គ្លេស​បាន​អំពាវនាវ​ផងដែរ ឲ្យ​ប្រទេស​នៅ​អឺរ៉ុប​សហការ​គ្នា ដោះដូរ​គ្នា ព័ត៌មាន​ស្តីពី​ជនជាតិ​អឺរ៉ុប​ដែល​ទើប​ត្រលប់​មក​ពី ប្រយុទ្ធ​នៅប្រទេស​ស៊ីរី។ “យើងត្រូវ​ខំប្រឹង​ធ្វើការ​បន្ថែម​ដើម្បី​កំណត់​មុខសញ្ញា​ជនប្រដាប់​អាវុធ បរទេស ដែល​ទើប​មក​ពី​ស៊ីរី និង​ដែល​គំរាម​ធ្វើ​ភេរវកម្ម​នៅ អឺរ៉ុប។ វា​ជារឿង​គួរ​អស់​សំណើច​ណាស់ ដែល​យើង​ទទួល​បាន​ព័ត៌មាន​សម្ងាត់​ស្តីពី​ក្រុមភេរវជន​អឺរ៉ុប​ពី​ប្រទេស​ដែល​ស្ថិតនៅ​ក្រៅ​រង្វង់​សហភាព​អឺរ៉ុប” នេះ​ជាការថ្លែងសោកស្តាយ​របស់​លោក​ដាវីដ កាមឺរូន។

 
នៅ​ក្នុង​ការប្រកាស​រួមជាមួយ​ប្រធានាធិបតី​បារាំង លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស​បាននិយាយ​ថា លោក​ជឿជាក់​ថា អង់គ្លេស​នឹង​ចូលរួម​ជាមួយ​បារាំង ដើម្បី​ធ្វើ​ប្រតិបត្តិការ​ទ័ព នៅ​ស៊ីរី។ លោក​បន្ថែមថា នៅ​សប្តាហ៍​នេះ លោក​នឹង​ដាក់យុទ្ធសាស្រ្ត​រួមមួយ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម​ទៅ​ឲ្យ​សភាអង់គ្លេស អនុម័ត។

ដើម្បី​សំដែង​សាមគ្គីភាព និង​គាំទ្រ​បារាំង ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស​បាន​និយាយ​ប្រាប់​ប្រធានាធិបតី​បារាំង​ថា បារាំង​អាច​ប្រើ​មូលដ្ឋានទ័ព​អង់គ្លេស នៅ​ប្រទេស​ស៊្ហីប សម្រាប់​យន្តហោះ​បារាំង​ដែលមាន​បេសកកម្ម​ចេញទៅ​វាយប្រហារ​ក្រុមជីហាត​នៅ​ស៊ីរី។

មុន​នឹង​អាច​ដាក់ គម្រោង​យុទ្ធសាស្រ្ត​ទៅ​ឲ្យ​សភា​អនុម័ត លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស​ចាំបាច់​ត្រូវតែ​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​ច្រើន ពី​បារាំង ដែល​ទើប​តែ​រងគ្រោះ​ដោយ​ភេរវកម្ម។ គោលដៅ គឺ​ដើម្បី​មាន​អំណះអំណាងច្រើន​ដើម្បី​និយាយ​បញ្ចុះបញ្ចូល​សភា​អង់គ្លេស។

សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​សុក្រ​មុន ដែល​បើកផ្លូវ​ឲ្យប្រទេស​នីមួយៗ ចូលរួម​ប្រយុទ្ធប្រឆាំង នឹង​ក្រុមជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម គឺ​ជា​ទម្ងន់​មួយ សម្រាប់​រដ្ឋាភិបាល​អង់គ្លេស​យក​ទៅនិយាយ បញ្ចុះបញ្ចូល​សភា​អង់គ្លេស។ តាម​មន្រ្តីរដ្ឋាភិបាល​អង់គ្លេស​ម្នាក់ ទាល់តែ​រដ្ឋាភិបាល​ច្បាស់​ក្នុង​ចិត្ត​ថា មាន​ឯកសារ​រឹងមាំ មាន​អំណះអំណាង​គ្រប់គ្រាន់ ដើម្បី​បញ្ចុះបញ្ចូល​សមាជិក​សភា ទើប​រដ្ឋាភិបាល​ដាក់​ស្នើ​ទៅ​សភា​ឲ្យ​អនុម័ត​បោះឆ្នោត​គាំទ្រ​សកម្មភាព​របស់ខ្លួន។

សភា​អង់គ្លេស​ធ្លាប់​បាន​បោះឆ្នោត អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​អង់គ្លេស​ធ្វើ​ប្រតិបត្តិការ​ទ័ព​ប្រឆាំង​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម នៅ​ប្រទេស អ៊ីរ៉ាក់ ប៉ុន្តែ​មិន​នៅ​ស៊ីរី​ទេ។ លើកនេះ បើសិន​រដ្ឋាភិបាល​ដាក់ស្នើ​គម្រោង​ធ្វើ​ប្រតិបត្តិការទ័ព​នៅ​ស៊ីរី ប៉ុន្តែ សភា​បែរ​ជា​មិន​បោះឆ្នោត​គាំទ្រ នោះ​រដ្ឋាភិបាល​អង់គ្លេស​ពិតជា​បាក់មុខ ហើយ​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម​ពិតជា​បានចិត្ត យក​បរាជ័យ​របស់​រដ្ឋាភិបាល​ទៅ​ផ្សព្វផ្សាយ​ឃោសនា​សម្រាប់​ប្រយោជន៍​ខ្លួន​មិនខាន។
 
អង់គ្លេស​ប្រកាស​ដំឡើង​ថវិកា​ប្រយុទ្ធប្រឆាំង ភេរវកម្ម ប្រមាណ ៣០ភាគរយ
ភេរវកម្ម​មិន​ត្រឹម​សម្លាប់​មនុស្ស ប៉ុន្តែ វា​ធ្វើ​ឲ្យ​ប្រទេស​ដែល​រងគ្រោះ ចំណាយលុយ​ច្រើន​រាប់ពាន់​លាន​ដុល្លារ។ នៅក្រោយ​ភេរវកម្ម ឆ្នាំ ២០០១ សហរដ្ឋអាមេរិក បាន​ចំណាយ​លុយ​ប្រមាណ ១០០​ពាន់​លាន​ដុល្លារ ក្នុង​មួយឆ្នាំៗ ដើម្បី​ប្រយុទ្ធប្រឆាំង​សកម្មភាព​ភេរវកម្ម។ ពោល​គឺ​ប្រជាជន​អាមេរិកាំង​ម្នាក់​ត្រូវ​ចំណាយ​ប្រមាណ ៣០០​ដុល្លារ ក្នុង​មួយឆ្នាំ សម្រាប់​ការប្រយុទ្ធប្រឆាំង​អំពើភេរវកម្ម។

បើទោះបី​ជា​ពេលនេះ មិនបាន​រងគ្រោះ​ដោយ​ផ្ទាល់ ប៉ុន្តែ អង់គ្លេស​វិញ ក៏បាន​បង្កើន​កញ្ចប់​ថវិកា​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម ពង្រឹង​សន្តិសុខ នៅ​ក្រោយ​ឃើញ​ទីក្រុង​ប៉ារីស​រងភេរវកម្ម ។ តាម​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ អង់គ្លេស George Osborne រដ្ឋាភិបាល​គ្រោង​នឹង​ដំឡើង​ថវិកា​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​ប្រមាណ ៣០ភាគរយ (២១​ពាន់​លាន​អឺរ៉ូ) សម្រាប់​រយៈពេល ៥​ឆ្នាំ។ នាយករដ្ឋមន្រ្តី​អង់គ្លេស​វិញ នៅ​ថ្ងៃ​នេះ បាន​សន្យា​ផងដែរ ដំឡើង​ថវិកា​យោធា​អង់គ្លេស ឲ្យ​ដល់​១៧ពាន់​លាន​អឺរូ សម្រាប់​រយៈពេល​៥ឆ្នាំ​ដែរ។

នៅ​បារាំង ការដំឡើង​ថវិកា​សម្រាប់​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​មាន​ជា​បន្ត​បន្ទាប់ ចាប់តាំង​ពី​ប៉ារីស​រងភេរវកម្ម​នៅ​ខែ​មករា ដើម​ឆ្នាំ២០១៥។ ជាសរុប ខ្ទង់ចំណាយ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង នឹង​ភេរវកម្ម ដែល​នៅក្នុង​នោះ មាន​ការចំណាយ​លើ​ប៉ូលិស ទាហាន ដែល​ត្រូវ​ពង្រាយ ធានា​សន្តិសុខ​ក្នុងប្រទេស មាន​ដល់​ទៅ ១ពាន់ ៧រយ​លាន​អឺរ៉ូ ក្នុង​មួយ​ឆ្នាំៗ។ នេះ​គេ​នៅ ទាន់​បូក​បញ្ចូល​ចំណាយ​ដែល​បារាំង​ត្រូវ​ធ្វើ សម្រាប់​បញ្ជូន​យន្តហោះ​របស់ខ្លួន​ទៅ​ធ្វើប្រតិបត្តិការ​នៅ​សមរភូមិបរទេស​នោះទេ។ គ្រាន់តែ​ជា​ឧទាហរណ៍ នាវាផ្ទុយយន្តហោះ​បារាំង Chales de Gaulle ដែល​បារាំង​ទើបបញ្ជូន​ទៅ​ក្នុង​សមរភូមិ​ប្រយុទ្ធនឹង​ក្រុមជីហាត​នៅ​ស៊ីរី ធ្វើ​ឲ្យ​បារាំង ត្រូវ​ចំណាយ​លុយ​ប្រមាណ ៥ម៉ឺន​អឺរ៉ូ ក្នុង​មួយម៉ោង។

រកឫសគល់​នៃបញ្ហា
ទោះជា​គេ​ចំណាយ​លុយច្រើន និង​បញ្ជូន​យន្តហោះ​ចម្បាំង​ច្រើន​ទៅ​ស៊ីរី ប៉ុន្តែ បើ​គេ​គ្មាន​ចេតនា ឆន្ទៈ ពិតប្រាកដ ដើម្បី​បំផ្លាញ​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម នោះ​ក្រុមជីហាត​នៅ​តែ​មាន​ជីវិត​ដដែល។ ការបំផ្លាញ​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម គឺ​មិន​សំខាន់ ទៅលើ​ការបញ្ជូន​យន្តហោះទៅ​ទម្លាក់​គ្រាប់បែក ឬ​បញ្ជូន​ទ័ព​ជើងគោក​នោះទេ ប៉ុន្តែ គឺ​គេ​ត្រូវ​រកឲ្យ​ឃើញ​ឫសគល់​របស់​វា។

ដំបូង គ្រប់ភាគី មិនថា ប្រទេស​លោកខាងលិច ឬ​ក្រុមប្រឆាំង ស៊ីរី និយាយ​ថា ទាល់​តែ​ប្រធានាធិបតី​បាស្ហា អាល់អាសាដ​ចុះចេញ​ពី​តំណែង ទើប​សង្រ្គាម​ស៊ីវិល​នៅ​ស៊ីរី អាច​បិទបញ្ចប់។ ពោលគឺក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម​នឹង​អស់​មាន​ទឹកមាត់ ដើម្បី​និយាយ​បញ្ចុះបញ្ចូល​ជនបរទេស​ឲ្យ​ចូល​ប្រយុទ្ធនឹង​ខ្លួន ដើម្បី​ប្រឆាំង​នឹង​ទាហាន​រដ្ឋាភិបាល​ស៊ីរី។ ប៉ុន្តែ សង្គ្រាមស៊ីវិល​នៅ​ស៊ីរី បាន​ប្រែក្លាយ​ជា​សង្រ្គាម​ពង្រីកទឹកដី​របស់​ក្រុមជីហាត នៅពេល​បច្ចុប្បន្ន។ ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម​កកើត​ដំបូង ក៏ដោយសារ​តែ ការចុះខ្សោយ​នៃ​និកាយ​ស្ហ៊ីអ៊ីត នៅប្រទេស​អ៊ីរ៉ាក់ និង​វិបត្តិ​នយោបាយ​នៅ​ស៊ីរី។ អារ៉ាប៊ី សាអូឌីត កាតារ ដែល​ជា​ប្រទេស​មាន​ប្រជាជន​កាន់​និកាយ​ស៊ុននីត​ច្រើន​ធ្លាប់​បាន​ចាយ​លុយ សម្រាប់​ឧបត្ថម្ភ​គាំទ្រ​អាវុធ និង​លុយ ដល់​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម ដើម្បី​ឲ្យ​ក្រុម​នេះ​អាច​បង្ក​អស្ថរិភាព នៅ​អ៊ីរ៉ាក់ និង​ស៊ីរី ដែល​មាន​រដ្ឋាភិបាល​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់ និកាយ​ស៊្ហីអ៊ីត។ ការរីក​ធំធាត់​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម ក៏​ដោយសារ​តែ ជម្លោះ​រវាង​ក្រុមអ៊ីស្លាម និកាយ​ស៊្ហីអ៊ីត និង​ស៊ុននីត។ ទាល់​តែបន្ធូរបន្ថយ ជម្លោះ​និកាយសាសនា និង​បិទខ្ទប់​ប្រាក់ចំណូល របស់​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម​ទើប​គេអាច​សង្ឃឹម​ធ្វើ​ឲ្យ​ក្រុមជីហាត​រលាយ​សាបសូន្យ។

ចំណុច​ចុងក្រោយ​មួយទៀត ដែល​គេ​ត្រូវ​ចាប់អារម្មណ៍។ នៅក្រោយ​ភេរវកម្ម​នៅ​ក្រុង​ប៉ារីស​ទាំងពីរ​លើក​ និង​ភេរវកម្ម​នៅបែលហ្ស៊ិក គេឃើញ​ថា ជនរងគ្រោះ​ជា​មនុស្ស​ចម្រុះជាតិ​សាសន៍ ភាគច្រើន​ជាអឺរ៉ុប ហើយ​និង​កាន់សាសនា​ជ្វីហ្វ។ ក្រុម​ភេរវនិយម​វិញ សុទ្ធ​តែ​ជា​យុវជន​អឺរ៉ុប ដែល​បាន​ចេញដំណើរ​ទៅ​ប្រយុទ្ធក្នុង​ក្រុមជីហាត នៅ​ស៊ីរី ឬ​អ៊ីរ៉ាក់។ បើ​មើល​ទៅលើ​ដាន ប្រវត្តិ​របស់​ក្រុមនេះ គឺ​ភាគច្រើន​ជា​ជនជាតិ​បរទេស កាន់​សាសនា​អ៊ីស្លាម ដែល​បាន​កើតធំដឹង​ក្តី​នៅ​បារាំង និង​បែលហ្ស៊ិក។ តាម​អ្នកវិភាគខ្លះ ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម​ជាក្បាល​ម៉ាស៊ីន ធ្វើ​ភេរវកម្ម​នៅ​អឺរ៉ុប​ពិតមែនហើយ ប៉ុន្តែ គឺ​យុវជន​អឺរ៉ុប​ទៅវិញទេ ដែល​ត្រលប់​មក​ដាក់​គ្រាប់បែក សម្លាប់​ជនជាតិ​ឯង។ សកម្មភាព​របស់​យុវជន​ទាំងនោះ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​គេ​ឃើញ ពី​ការតស៊ូ ប្រឆាំង​ទាមទារ​របស់​ក្រុម​យុវជន ដើមកំណើត​បរទេស ដែល​ធ្លាប់​ទទួល​ការរើសអើង ស្បែកសំបុរ ឬ​សាសនា ក្នុង​សង្គម​បារាំង។

ដើម្បី​បំផ្លាញ​ក្រុមជីហាត គេ​ត្រូវ​កាត់បន្ថយ​ចំនួន​យុវជន​ដែល​ទៅ​ធ្វើជា​ទាហាន​បរទេស​ឲ្យ​ក្រុមជីហាត។ ធ្វើ​ដូច្នេះ បាន លុះត្រា​ណា​តែ​រដ្ឋាភិបាល​របស់​ប្រទេស​នីមួយៗ ត្រូវ​កែ​លម្អ ស្ថានភាព​របស់​យុវជន​ដែល​ធ្លាប់​រស់នៅ​អស់សង្ឃឹម​ក្នុង​ទឹកដី​បារាំង។ ការបង្កើត​ការងារ​ធ្វើ​មិន​គ្រប់គ្រាន់ នោះទេ ប៉ុន្តែ គេ​ត្រូវ​ជួយ​លើក​ទឹកចិត្ត ដើម្បី​ឲ្យ​យុវជន​ដើមកំណើត​បរទេស ស្រឡាញ់​ជីវិត មិនទៅ​ចូល​រួម​ក្នុង​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម៕

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ