អានតួអត្ថបទ
អឺរ៉ុប-តួកគី

ជនអន្តោប្រវេសន៍៖​ហេតុអ្វី​បាន​ជា​សហភាពអឺរ៉ុប និង​ប្រទេស​តួកគី​ពិបាក​និយាយ​ចុះ​សម្រុង​គ្នា?

នៅ​ថ្ងៃ​សុក្រ ទី១៨ មីនា​នេះ ជា​ថ្ងៃទី២ និង​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ជំនួបកំពូល​អឺរ៉ុប​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្សិក។ គោលដៅ​នៃ​ជំនួប​របស់​ប្រទេស​សមាជិក​អឺរ៉ុប​ទាំង ២៨ប្រទេស គឺ​ស្វែង​កិច្ចព្រមព្រៀង​ចុងក្រោយ​មួយ​ជាមួយ​ប្រទេស​តួកគី​ស្តីពី​សំណុំរឿង​ជនអន្តោប្រវេសន៍។ គឺ​ជា​សំណុំរឿង​មួយ​ដ៏​ស្មុគស្មាញ និង​មាន​ការ​តថ្លៃ​គ្នា​យ៉ាង​ប្រទាញប្រទង់​រវាង​អឺរ៉ុប និង​តួកគី​អស់​ជា​ច្រើន​សប្តាហ៍​កន្លង​មក​ហើយ។ សូម្បី​តែ​នៅ​ក្នុង​រង្វង់​ប្រទេស​អឺរ៉ុប​គ្នា​ឯង​ក៏​ពិបាក​និយាយ​សម្លេង​តែ​មួយ​ដែរ។ ថ្ងៃ​នេះ អឺរ៉ុប​បាន​ត្រឹម​ដាក់​ឲ្យ​តួកគី​ពិចារណា​នូវ​អត្ថបទ​រួម​មួយ​របស់​អឺរ៉ុប មុន​នឹង​ឈាន​ដល់​អនុម័ត​លើ​កិច្ចព្រមព្រៀង​ជាមួយ​តួកគី។

ពីឆ្វេង​ទៅ​ស្តាំ លោក​​នាយករដ្ឋមន្រ្តី​អេស្បាញ Rajoy សមភាគី​អ៊ីតាលី​លោក Renzi សមភាគី​អាល្លឺម៉ង់​លោកស្រី Merkel សមភាគី​អង់គ្លេស​លោក Cameron និង​លោក​ប្រធានាធិបតី​បារាំង Hollande
ពីឆ្វេង​ទៅ​ស្តាំ លោក​​នាយករដ្ឋមន្រ្តី​អេស្បាញ Rajoy សមភាគី​អ៊ីតាលី​លោក Renzi សមភាគី​អាល្លឺម៉ង់​លោកស្រី Merkel សមភាគី​អង់គ្លេស​លោក Cameron និង​លោក​ប្រធានាធិបតី​បារាំង Hollande REUTERS/Francois Lenoir
ផ្សាយពាណិជ្ជកម្ម

សំណុំរឿង​ជនអន្តោប្រវេសន៍​មិនមែន​ជា​រឿង​ស្មុកស្មាញ​ត្រឹមតែ​រវាង​អឺរ៉ុប និង​តួកគី​ទេ សូម្បី​តែ​ក្នុង​ប្រទេស​សមាជិក​អឺរ៉ុប​គ្នា​ឯង​ក៏​ពិបាក​និយាយ​ចុះ​សម្រុង​គ្នា​ដែរ។ ជាក់ស្តែង​នៅ​ក្នុង​កិច្ចចរចា​ពេញ​មួយ​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ មីនា​រហូត​រំលង​អធ្រាត្រ​យប់​មិញ​ក៏​អឺរ៉ុប​មិន​អាច​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​រួម​គ្នា​ដែរ។ អ្វី​ដែល​ប្រទេស​សមាជិក​អឺរ៉ុប​ទាំង ២៨ប្រទេស​បាន​ឯកភាព​គ្នា​នៅ​ទៀប​ភ្លឺ​ព្រឹកមិញ គឺ​ជា​អត្ថបទ​រួម​មួយ​ដែល​យក​ទៅ​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​ចរចា​ជាមួយ​ភាគី​តួកគី​ថ្ងៃ​នេះ​រវាង​លោក​នាយករដ្ឋមន្រ្តី​តួកគី​អាម៉េត ដាវូតូគ្លុយ លោក​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ដូណាល់ ទូស្ក និង​លោក​ប្រធាន​គណកម្មការ​អឺរ៉ុប​ហ្សង់ក្លូដ យុងកឺ។

លោក​ប្រមុខ​រដ្ឋាភិបាល​តួកគី​បាន​ព្រមាន​ទុក​ជាមុន​នា​ពេល​ទៅ​ដល់​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក​នៅ​ព្រឹកមិញ​ថា តួកគី​នឹង​មិន​ធ្វើ​ការ​ត​ថ្លៃ​ចុះ ឡើង​ជាមួយ​អឺរ៉ុប​ក្នុង​សំណុំរឿង​ជនអន្តោប្រវេសន៍​នេះ​ទេ ព្រម​ទាំង​បញ្ជាក់​ច្បាស់ៗ​ថា តួកគី​ក៏​មិន​ចង់​ក្លាយ​ជា​គុក​ឥតជញ្ជាំង ដំបូល​ប្រក់មេឃ​សម្រាប់​ជនអន្តោប្រវេសន៍​ដែរ។ តាម​រយៈ​សម្តី​ព្រមាន​របស់​ប្រមុខ​រដ្ឋាភិបាល​តួកគី​ដូច​នេះ​នាំ​ឲ្យ​គេ​សន្និដ្ឋាន​បាន​ថា នៅ​មាន​ចំណុច​ជា​ច្រើន​ទៀត​ដែល​អឺរ៉ុប និង​តួកគី​ត្រូវ​បន្ត​ដោះស្រាយ មុន​នឹង​ឈាន​ទៅ​អនុម័ត​លើ​កិច្ចព្រមព្រៀង​ចុង​ក្រោយ​មួយ។
 
លោក​ប្រធានាធិបតី​បារាំង​ហ្រ្វង់ស័រ ហូឡង់​ក៏​បាន​បញ្ជាក់​ថា លោក​មិន​ធានា​ថា​នឹង​មាន​សេចក្តីសន្និដ្ឋាន​មួយ​ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា​ឡើយ។ ចំណែក​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​អង់ហ្កឺឡា មែលកិល​វិញ​សង្ឃឹម​ថា កិច្ចព្រមព្រៀង​មួយ​រវាង​អឺរ៉ុប និង​តួកគី​គឺ​ជា​ឱកាស​ល្អ​មួយ​ក្នុង​ការ​បិទបញ្ចប់​ការ​រត់ពន្ធ​មនុស្ស។
 
តើ​មាន​សម្បទាន​អ្វី​ខ្លះ​ដែល​អឺរ៉ុប និង​តួកគី​យល់ព្រម​រវាង​គ្នា?

ជំនួបកំពូល​អឺរ៉ុប​រយៈពេល ២ថ្ងៃ​ពី​ថ្ងៃទី១៧ និងទី១៨ មីនា​នេះ គឺ​សំដៅ​ពិនិត្យ​ជា​ថ្មី​លើ​សំណើ ឬ​លក្ខខណ្ឌ​ដែល​តួកគី និង​អឺរ៉ុប​បាន​ព្រមព្រៀង​គ្នា​កាល​ពី​ជំនួបកំពូល​ក្នុង​ថ្ងៃទី៧ និង​ទី៨ មីនា​កន្លង​ទៅ។ នៅ​ក្នុង​កិច្ចព្រមព្រៀង​កាលណោះ ទីក្រុង​អង់ការ៉ា​បាន​យល់ព្រម​បន្ត​ទទួល​យក​ជនភៀសខ្លួន​ពី​ប្រទេស​ក្រិក​ឲ្យ​ស្នាក់​នៅ​ក្នុង​ទឹកដី​ខ្លួន ជា​ថ្នូរ​នឹង​សម្បទាន​ចំនួន ៣ ពី​អឺរ៉ុប ទី១ ការ​លប់​ទិដ្ឋាការ​អឺរ៉ុប​ចំពោះ​ប្រជាជន​តួកគី​ដែល​ចង់​ចូល​ក្នុង​ប្រទេស​សមាជិក​អឺរ៉ុប ពិសេស​ប្រទេស​សមាជិក​ក្នុង​លំហSchengen ទី២ ពន្លឿន​ដំណើរ​ការ​ចរចា​ក្នុង​ការ​បញ្ចូល​តួកគី​ជា​សមាជិក​អឺរ៉ុប និង​ទី៣ ការ​បន្ថែម​លុយ​ឲ្យ​តួកគី​សម្រាប់​ជួយ​ទំនុកបម្រុង​ជនភៀសខ្លួន​ចំនួន ២លាន ៧សែននាក់​ដែល​កំពុង​រស់ក្នុង​ទឹកដី​តួកគី។ ទីក្រុង​អង់ការ៉ា​បាន​សុំ​បន្ថែម​លុយ​ចំនួន ៣ ០០០លានអឺរ៉ូ​ពី​ពេល​នេះ​ដល់​ឆ្នាំ ២០១៨។
 
អ្វី​ជា​ការ​កត់សម្គាល់ សម្បទាន​ទាំង ៣ ដែល​តួកគី​ចង់​បាន​ពី​អឺរ៉ុប​ក៏​ត្រូវ​បាន​អឺរ៉ុប​ដាក់​លក្ខខណ្ឌ​ត្រឡប់​វិញ​ដែរ។ ជាក់ស្តែង​នៅ​ក្នុង​សម្បទាន​ស្នើ​ឲ្យ​ប្រជាជន​តួកគី​អាច​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​សមាជិក​អឺរ៉ុប​ដោយ​មិន​ចាំ​បាច់​មាន​ទិដ្ឋាការ​ត្រូវ​បាន​អឺរ៉ុប​ទាមទារ​ឲ្យ​អង់ការ៉ា​គោរព​លក្ខខណ្ឌ​សន្តិសុខ​ចំនួន ៧២ចំណុច។ តែ​មក​ទល់​ពេល​នេះ មាន​តែ ៣៦ចំណុច​ប៉ុណ្ណោះ​ដែល​តួកគី​បាន​បំពេញ។ ក្រៅ​ពី​នោះ រឿង​សិទ្ធិមនុស្ស​ក៏​បន្ត​ជា​ចំណោត​ក្នុង​ការ​បង្កើន​ល្បឿន​កិច្ចចរចា​ក្នុង​ការ​បញ្ចូល​តួកគី​ជា​សមាជិក​អឺរ៉ុប​ដែរ។
 
លោក​បាន គីមូន​ស្នើ​ឲ្យ​អឺរ៉ុប​គោរព​តម្លៃ​ជា​សារវន្ត​របស់​ខ្លួន
 
អ្វី​ដែល​សហភាព​អឺរ៉ុប​មិន​ចង់​បន្ត​ឃើញ​ត​ទៅ​មុខ​ទៀត គឺ​ការ​ហូរ​ជនអន្តោប្រវេសន៍​ដែល​ភាគច្រើន​ជា​ជនជាតិ​ស៊ីរី​មក​ក្នុង​ដែនដី​អឺរ៉ុប ពិសេស​ទៅ​ក្នុង​ប្រទេស​ក្រិក​ដោយ​ឆ្លង​កាត់​តាម​ប្រទេស​តួកគី។ នៅ​ក្នុង​ន័យ​នេះ និង​បើ​ផ្អែក​តាម​គម្រោង​កិច្ចព្រមព្រៀង​រវាង​អឺរ៉ុប និង​តួកគី​នៅ​ក្នុង​ជំនួប​កាល​ពី​ថ្ងៃទី៧ និងទី៨ មីនា អឺរ៉ុប និង​តួកគី​បាន​យល់ព្រម​អនុវត្តន៍​គោលការណ៍ « មួយ​ទៅ មួយ​មក » មាន​ន័យ​ថា​ចាប់​ពី​ពេល​នេះ​ទៅ ជនភៀសខ្លួន​ស៊ីរី​ម្នាក់​ដែល​ទើប​មក​ដល់​ថ្មី​ក្នុង​ទឹកដី​តួកគី និង​ដែល​ត្រូវ​តួកគី​បញ្ជូន​ចេញ​វិញ​នោះ អឺរ៉ុប​នឹង​ទទួល​យក​ជនភៀខ្លួន​ស៊ីរី​ម្នាក់​ដែល​កំពុង​ស្ថិត​លើ​ទឹកដី​តួកគី​ឲ្យ​រស់ក្នុង​ទឹកដី​អឺរ៉ុប។ ការ​ធ្វើ​យ៉ាង​ដូច​នេះ គឺ​ក្នុង​គោលដៅ​ទប់​ស្កាត់​កុំ​ឲ្យ​ប្រជាជន​ស៊ីរី​នាំ​គ្នា​សម្រុក​ចុះ​ទូក​ធ្វើ​ដំណើរ​ផ្សងព្រេង និង​ក៏​ជា​វិធានការ​ប្រឆាំង​ទប់​នឹង​ការ​រត់ពន្ធ​មនុស្ស​របស់​ឈ្មួញ​មួយ​ចំនួន។
 
តែ​ទង្វើ​នេះ​ត្រូវ​បាន​ទទួល​ការ​បរិហារ​យ៉ាង​ចាស់ដៃ​ពី​ក្រុម​អង្គការ​អ្នក​ការពារ​សិទ្ធិមនុស្ស។ ពួក​គេ​បាន​ចាត់​ទុក​ទង្វើ​របៀប​នេះ​ថា ជា​ការ​រំលោភ​លើ​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស​ដែល​ជា​តម្លៃ​សាកល​គ្មាន​នរណា​អាច​បំពាន​បាន។ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន គីមូន​ដែល​បាន​ទៅ​ចូលរួម​នៅ​ក្នុង​ជំនួបកំពូល​អឺរ៉ុប តួកគី​ថ្ងៃ​នេះ​បញ្ជាក់​ថា ការ​សាងសង់​ជញ្ជាំង ការរើសអើង ឬ​មួយ​ក៏​ការ​បញ្ជូន​ជនភៀសខ្លួន​ចេញ​វិញ មិនមែន​ជា​ដំណោះស្រាយ​ទេ។ ទន្ទឹម​គ្នា​នេះ លោក​បាន គីមូន​ក៏​បាន​អំពាវនាវ​ប្រទេស​អឺរ៉ុប​ឲ្យ​បង្ហាញ​ពី​តម្លៃ​ជា​សារវន្ត​របស់​ខ្លួន​ក្នុង​បញ្ហា​មនុស្សធម៌៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ