អានតួអត្ថបទ
បារាំង

អាជ្ញាធរ​បារាំង៖ យន្តហោះ Airbus A ៣២០ និង​សាកសព អ្នកដំណើរ បែក​ខ្ទេច ជា​បំណែកតូចៗ

នៅ​ថ្ងៃ​ពុធ​ទី ២៥ មីនា ប៉ូលិស និង​ក្រុមជួយ​សង្រ្គោះ​បារាំង បាន​ចាប់ផ្តើម​ជាថ្មី ប្រតិបត្តិការ​រុករក​សាកសព​របស់អ្នកជិះ ទាំង​១៥០​នាក់ របស់​យន្តហោះ​Airbus A ៣២០ របស់​ក្រុមហ៊ុន​អាកាសចរណ៍​អាល្លឺម៉ង់ Germanwing ដែល​បាន​ធ្លាក់ កាលពី​ថ្ងៃ​អង្គារទី ២៤ មីនា នៅ​ប៉ែក​ខាងត្បូង​​បារាំង។ ប្រអប់ខ្មៅ មួយ ក្នុង​ចំណោម​ពីរ ដែល​បាន​ថត​រាល់​សំឡេង នៅក្នុង​បន្ទប់អ្នកបើកបរ​យន្តហោះ ត្រូវ​បាន​គេរកឃើញ នៅ​ល្ងាច​ថ្ងៃ​អង្គារ។ នៅថ្ងៃ​ពុធទី ២៥ មីនា ប្រធានាធិបតី បារាំង និង​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ អេស្ប៉ាញ​ត្រូវ​ធ្វើ​ដំណើរ រួមគ្នា ទៅ​កន្លែង​កើតហេតុ ដែល​យន្តហោះ​បាន​ធ្លាក់បែក​ខ្ទេចខ្ទីរ។ ក្រុមហ៊ុន​អាកាសចរណ៍ Germanwing វិញ បាន​ប្រកាស​លុបចោល​ជើងហោះហើរ​របស់ខ្លួន ខ្លះ នៅថ្ងៃ​នេះ ដោយសារ​តែ​អ្នកបើកបរ​របស់​ក្រុមហ៊ុន​នៅ​ជាប់រន្ធត់​នឹង​ហេតុការណ៍​ធ្លាក់​ស្លាប់​អ្នកដំណើរ និង​សហជីវិន​របស់ខ្លួន កាលពីថ្ងៃ​ម្សិលមិញ។

កម្ទេច​បំណែក​យន្តហោះ និង​សាកសព​អ្នកដំណើរ នៅរាយប៉ាយ​នលើ​ជំរាល​ភ្នំ នៅ​ភាគខាងត្បូង​បារាំង
កម្ទេច​បំណែក​យន្តហោះ និង​សាកសព​អ្នកដំណើរ នៅរាយប៉ាយ​នលើ​ជំរាល​ភ្នំ នៅ​ភាគខាងត្បូង​បារាំង Reuters TV/Pool
ផ្សាយពាណិជ្ជកម្ម

ក្រុមជួយសង្រ្គោះ​បារាំង​មិនទាន់​បាន​ធ្វើការ​រុករក ឲ្យ​ធំ ដុំ​កំភួនទេ។ ប្រតិបត្តិការ​របស់​ក្រុម​ជួយសង្រ្គោះ​បារាំង ប្រព្រឹត្ត​ទៅ​ដោយយឺតៗ ហើយ​គេ​គិតថា ប្រតិបត្តិការ​រុករក​សាកសព​នឹង​អាច​ត្រូវការ​ពេលវេលា​យូរថ្ងៃ ព្រោះថា កន្លែង​ដែល​យន្តហោះ Airbus A ៣២០ បាន​ធ្លាក់ កាលពីថ្ងៃ​ម្សិលមិញ គឺ​ស្ថិតនៅ​ក្នុង​ជ្រលងភ្នំ ដែល​គេ​មិន​អាច​ធ្វើដំណើរ​ដោយ​ជើង ឬ​រថយន្ត ទៅ​ដល់​ដោយ​ងាយស្រួល។ រហូតមកដល់​ពេលនេះ ប្រតិបត្តិ​រុករក ធ្វើឡើង​តាម​មធ្យោបាយ​តែមួយ គឺ​តាម​រយៈ​ឧទ្ធម្ភាគចក្រ​តែ​ប៉ុណ្ណោះ។

 
តាម​ក្រុមជួយសង្រ្គោះ​បារាំង គេ​ពិបាក​នឹង​អាច​រកឃើញ​សាកសព ដោយ​ងាយណាស់។ បើមើល​រូបភាព​ដែល​បង្ហាញ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង យន្តហោះ របស់​ក្រុមហ៊ុន​Germanwing​បាន​បែក ខ្ទេច ល្អិតផង់ រ៉ាយប៉ាយ ក្នុង​ជ្រលងភ្នំ កំពស់​ជាង ១ពាន់​ម៉ែត្រ គឺ​ដូចជា​កំទេច​សំរាម​អេឡិចត្រូនិក​ដែល​គេ​ចាក់ចោល នៅ​លើ​ជំរាល ភ្នំ។ បំណែក​យន្តហោះ​ធំ​បំផុត​ដែល​គេ​រកឃើញ គឺ​មាន​តែ​កង់​ខាងមុខ យន្តហោះ ក្រៅពីនោះ គឺ​ជា​បំណែក​តូចល្អិត​ទាំងអស់។ បើ​យន្តហោះ​បែកខ្ទេច ល្អិតផង់​យ៉ាងដូច្នេះ តើជោគវាសនា​របស់​អ្នកដំណើរ​នឹង​ទៅ​ជា​យ៉ាងណា? ពាក្យ​យ៉ាងខ្លី​ដែល​ក្រុមជួយសង្រ្គោះ​បារាំង អាច​និយាយ​បាន គឺ​សាកសព​របស់​អ្នកដំណើរ​ត្រូវ​បែក ដាច់ចេញ ​ជា​បំណែក​តូចៗ គ្មាន​សល់​អ្វីទេ។ ការកំណត់​អត្តសញ្ញាណ និង ការ​ផ្គុំប្រមូល​សាកសព គឺ​ជា​រឿង​ពិបាក និង​ត្រូវការ​ពេលយូរ។

តាមរដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​បារំាង លោក​Bernard Cazeneuve បំណែក​យន្តហោះ បែក​ល្អិត រាយប៉ាយ ក្នុងទំហំ​ដី​មួយហិចតា​កន្លះ។ នេះ ស​បញ្ជាក់​ថា ការបុក​ទង្គិច រវាង​យន្តហោះ​បានហោះ​ទៅ​​បុកទង្គិច យ៉ាងខ្លាំង នឹង​កំពូល​ភ្នំ។

តើ​គេ​ដឹង​ពី​អ្វីខ្លះ ពី​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ Germanwing?
យន្តហោះ Airbus A ៣២០ របស់​ក្រុមហ៊ុន Germanwing ដឹកអ្នកដំណើរ ១៤៤​នាក់ និង​៦​នាក់​ទៀត ជាអ្នកបម្រើ និង​អ្នកបើកយន្តហោះ។ តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ៦៤​នាក់ ជាជនជាតិ​អាល្លឺម៉ង់ ក្នុង​នោះ មាន​សិស្ស​សាលា​១៦នាក់ និង​កូនង៉ែត​ពីរនាក់។ ​៤៥​នាក់ ផ្សេងទៀត ជាជនជាតិ​អេស្ប៉ាញ។ នៅ​ថ្ងៃ​នេះ ប្រទេស​ជប៉ុន តួកគី អូស្ត្រាលី អាហ្សង់ទីន កូឡុំប៊ី និង​បែលហ្ស៊ិក ជាដើម បាន​និយាយថា មាន​ជនជាតិ​របស់ខ្លួន នៅក្នុង​គ្រោះថ្នាក់​យន្តហោះ​ម្សិលមិញដែរ។ យន្តហោះ Airbus A ៣២០ របស់​Germanwing បាន​ហោះ​ចេញ​ពីទីក្រុង​បាសឺឡូន ប្រទេស​អេស្ប៉ាញ នៅ​ម៉ោង​១០ព្រឹក ម៉ោង​ក្នុង​ប្រទេស​បារាំង សំដៅ​ទីឌុយសែលដូហ្វ របស់​អាល្លឺម៉ង់។ Airbus A ៣២០ ជាយន្តហោះ​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​អាល្លឺម៉ង់ lufthansa ដាក់​ឲ្យ​ប្រើប្រាស់​តាំង​ពីឆ្នាំ ១៩៩០ ហើយ​វា​ទើប​តែ​ចាប់​ហោះ​ នៅ​ខែ​មករា ឲ្យ​ក្រុមហ៊ុន​Germanwing ដែល​ជា​សាខា​ហោះហើរ​ក្នុង​ស្រុក​របស់​ lufthansa។ អ្នកបើកបរ​យន្តហោះ​វិញ មាន​បទពិសោធន៍​ហោះហើរ​យន្តហោះ ១០ឆ្នាំ។

ប៉ុន្តែ នៅ​ម៉ោង ១០ កន្លះ យន្តហោះ​នេះ​បាន​បាត់​ពី​រ៉ាដា របស់​ក្រុមត្រួតពិនិត្យ​អាកាសចរណ៍​បារាំង។ នៅពេលនោះ ក្នុង​រយៈពេល ៨នាទី យន្តហោះ របស់ក្រុមហ៊ុន​Germanwing បាន​ទម្លាក់​កំពស់​ហោះហើរ និង​ហោះ​បន្ទាបខ្លួន ចុះ យ៉ាង​លឿន ដោយ​មិនដឹង​មូលហេតុ។ តាម​ទីភ្នាក់ងារ​ស៊ើបអង្កេត និង​វាយតម្លៃ​របស់បារាំង នៅ​ពេល​នោះ អ្នកបើកបរ​យន្តហោះ របស់​ក្រុមហ៊ុន Germanwing មិន​បានផ្តល់ សុំជំនួយ ឬ​សញ្ញា​អាសន្ន អ្វី ទេ។ គឺ​វិស្វករ​បារាំង​ខាងត្រួតពិនិត្យ​អាកាសចរណ៍​ទេ ដែល​បាន​ទាញ​សញ្ញា​អាសន្ន ដោយ​ខ្លាចក្រែង​ថា យន្តហោះ​អាច​បាត់ខ្លួន ដោយសារ​មានការចាប់ជំរិត​របស់​ក្រុមភេរវជន។ យន្តហោះ​ចម្បាំង​បារាំង ដែលប្រចាំការ​សម្រាប់ ឆ្លើយតប​នឹង​អំពើភេរវកម្ម នៅពេលនោះ​បាន​ចេញដំណើរ​ទៅ​ម្តុំ​កន្លែង​ដែល​យន្តហោះ Airbus A ៣២០​បាន​បាត់ខ្លួន។ គឺ​ពេលនោះហើយ ដែល​គេ​ដឹងថា យន្តហោះ Airbus A ៣២០​បាន​ហោះទៅ​បុកភ្នំ និង​ផ្ទុះឆេះ​ខ្ទេចខ្ទីរ។

ប្រអប់ខ្មៅ​មួយ​របស់​យន្តហោះ របស់ក្រុមហ៊ុន​Germanwing​ដែល​រើស​ចេញ​ពី​កំទេច បំណែក​យន្តហោះ ធ្លាក់​ថ្ងៃ​អង្គារ
ប្រអប់ខ្មៅ​មួយ​របស់​យន្តហោះ របស់ក្រុមហ៊ុន​Germanwing​ដែល​រើស​ចេញ​ពី​កំទេច បំណែក​យន្តហោះ ធ្លាក់​ថ្ងៃ​អង្គារ © REUTERS/BEA/Handout

ក្រុមភេរវនិយម មិនមែន​ជាអាទិភាព នៅក្នុង​ការស៊ើបអង្កេត ក្នុង​ការធ្លាក់យន្តហោះ អាល្លឺម៉ង់
តាម​រដ្ឋមន្រ្តី​ការក្រសួងមហាផ្ទៃ​បារាំង លោក​Bernard Cazeneuve ដែល​បាន​ធ្វើ​ដំណើរ​ទៅដល់​កន្លែង​កើតហេតុ យន្តហោះ Airbus A ៣២០ របស់​ក្រុមហ៊ុន​អាកាសចរណ៍​អាល្លឺម៉ង់ Germanwing​ គេ​បាន​រកឃើញ ប្រអប់ខ្មៅ មួយ ក្នុង​ចំណោម​ប្រអប់​ខ្មៅ​ពីរ​របស់​យន្តហោះ។ បើទោះបី​ជា​ប្រអប់ខ្មៅ ត្រូវ​ខូចខាត​ខ្លះ ប៉ុន្តែ រដ្ឋមន្រ្តី​បារាំង​និយាយ​ថា គេ​នៅ​អាច​ជួសជុល ស្រង់​យក​ព័ត៌មាន​ពី​ប្រអប់​ខ្មៅ​បាន។

ប្រអប់ខ្មៅ ដែល​គេ​រក​ឃើញ កាលពីថ្ងៃ​ម្សិលមិញ ជា​ប្រអប់ខ្មៅ ដែល​ថត​រាល់​កិច្ចសន្ទនា នៅក្នុង​បន្ទប់​បើក​យន្តហោះ។ ប្រអប់ខ្មៅ​នេះ​នឹង​អាច​ផ្តល់​ព័ត៌មាន​ថា ហេតុអ្វី​បាន​ជា​អ្នកបើក​យន្តហោះ​ទម្លាក់​កំពស់​ហោះហើរ ខុសប្រក្រតី​យ៉ាងដូច្នេះ។ តាមរយៈ​កិច្ចសន្ទនា​ដែល​ប្រអប់​ខ្មៅ​ថតបាន គេ​នឹង​ដឹងទៀតថា ហេតុអ្វី​បាន​ជា​អ្នកបើកយន្តហោះ​មិន​ព្រមបញ្ជូន​សញ្ញាអាសន្ន Mayday ទៅ​អ្នកត្រួតពិនិត្យ​អាកាសចរណ៍ នៅពេល​យន្តហោះ​បាត់បង់​លំនឹង និង​កំពស់​ហោះហើរ​ហើយនោះ?

ទាក់ទង​នឹង​សម្មតិកម្ម​ដែល​ថា យន្តហោះ​អាច​ធ្លាក់​ដោយសារ​ស្នាដៃ​ក្រុមភេរវកម្ម​វិញ រដ្ឋមន្រ្តី​មហាផ្ទៃ​បារាំង​បាន​និយាយ​ថា វា​មិនមែន​ជា​រឿង​ចំបង ដែល​គេ​ផ្តល់​អាទិភាព ខ្លាំង នៅ​ការស៊ើបអង្កេត​នោះទេ។ យ៉ាងណាក៏ដោយ តាម​រដ្ឋមន្រ្តី​បារាំង គ្រប់​សម្មតិកម្ម​ទាំងអស់ ដែល​មាន​តាំង​ពី​បញ្ហា​បច្ចេកទេស ឬ​ភេរវកម្ម​នោះ នឹង​ត្រូវ​គេ​សិក្សាលំអិត។ ហើយ​គេ​អាច​ធ្វើការ​សន្និដ្ឋាន​ផ្លូវការ​ណាមួយ ស្តីពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យន្តហោះ ធ្លាក់ នៅពេលណា​គេ​សិក្សា​បូកបញ្ចូន ទិន្នន័យ​របស់​ប្រអប់ខ្មៅ​មួយទៀត របស់​យន្តហោះ ដែល​ពេលនេះ គេ​កំពុង​ស្វែងរក​នៅឡើយនោះ។ ទីក្រុង​វ៉ាស៊ីនតោន​វិញ​បាន​និយាយ​ កាលពីថ្ងៃ​ម្សិលមិញ​ថា យន្តហោះ​អាល្លឺម៉ង់​ដែល​ធ្លាក់ អាច​មិនមែន​ជា​ស្នាដៃ​របស់​ក្រុមភេរវជន​ទេ។ ក្រុមហ៊ុន​Germanwing ផ្ទាល់​ក៏​ទាត់ចោល​សម្មតិកម្ម​ដែល​ថា យន្តហោះ​អាច​ធ្លាក់​ដោយសារ ភេរវជន។

ក្រុមហ៊ុន​ហោះហើរ ដែល​មាន​តម្លៃ ថោក Low Cost មិន​អាច​ធានា​សុវត្ថិភាព​ដល់​អ្នកដំណើរ?
យន្តហោះ Airbus A ៣២០ ត្រូវ​បាន​ក្រុមហ៊ុន​អាកាសចរណ៍ lufthansa​ផ្ទេរ​ទៅ​ឲ្យ​សាខា​ក្នុង​ស្រុក​របស់ខ្លួន គឺ​ក្រុមហ៊ុន Germanwing ជា​យន្តហោះ​ដែល​ធានា​សុវត្ថិភាព​បំផុត។

យន្តហោះ Airbus A ៣២០​ដែល​ធ្លាក់​នៅថ្ងៃ​អង្គារ ត្បិត​វា​មាន​អាយុ ២៤ឆ្នាំ គឺ​ចាស់​មែនទែន ព្រោះ​យន្តហោះ​មួយ​អាច​មាន​អាយុ ហោះហើរ​ត្រឹម​២៥ឆ្នាំ ប៉ុន្តែ វា បាន​ទទួល​ការជួសជុល រុះរើ​ដ៏​សម្បើម​មួយ​កាលពី​ឆ្នាំ ២០១៣។ តាម​ក្រុមហ៊ុន​Germanwing Airbus A ៣២០ ទើប​ត្រូវ​បាន​បំពាក់​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ​ទំនើប​ចុងក្រោយ​ទៀត។ ចំណែក​អ្នកបើកបរ​មាន​បទពិសោធន៍ ជាង ១០​ឆ្នាំ។

យន្តហោះ​របស់​ក្រុមហ៊ុន​low Cost មិនមែន​សុទ្ធ​តែគ្រោះថ្នាក់ សម្រាប់​អ្នកដំណើរ​នោះទេ។ នៅអឺរ៉ុប ក្រុមហ៊ុន​ low Cost មាន​កេរ្តិ៍​ឈ្មោះ​ល្បី និង​ត្រូវ​គេ​បាន​ទទួលស្គាល់​ខាង​ធានា​សុវត្ថិភាព​បំផុត។ ក្រុមហ៊ុន low Cost អាច​ផ្តល់​តម្លៃ​សំបុត្រ​ថោក ដោយសារ​គេ​មាន​សន្សំសំចៃ ខាងផ្នែក សេវា ប៉ុន្តែ មិនមាន​ន័យថា យន្តហោះ​របស់​ក្រុមហ៊ុន​ low Cost​យន្តហោះ​ធុនអន់ ឬ​បាន​ទទួល​ការជួសជុល តិចតួច ជាង យន្តហោះ​របស់​ក្រុមហ៊ុន​ហោះហើរ​ធំៗ​នោះទេ។ ជា​ញឹកញយ ក្រុមហ៊ុនហោះហើរ  low Cost ​ភាគច្រើន ច្រើន​ប្រើ​យន្តហោះ​ទើបផលិត​ចេញ​ថ្មី ព្រោះមិនចង់​ចំណាយ​ច្រើន​លើ​ ការថែទាំ និង​ជួសជុល។

ក្នុង​រយៈពេល​១០​ឆ្នាំ នេះ​ជា​លើកទីពីរ ប៉ុណ្ណោះ ដែល​យន្តហោះ​របស់​ក្រុមហ៊ុន​ low Cost​របស់​អឺរ៉ុប ធ្លាក់ និង​សម្លាប់​មនុស្ស​ច្រើន​បែបនេះ។ កាលពី​ឆ្នាំ ២០០៥ យន្តហោះ ប៊ូអ៊ីង​៧៣៧ របស់​ក្រុមហ៊ុន​ low Cost​របស់​ប្រទេស​ស្ហ៊ីប​បាន​ធ្លាក់ និង​សម្លាប់​អ្នកនៅ​លើ​យន្តហោះ ទាំង ១២១ បន្ទាប់​ពី​ប្រព័ន្ធ​ខ្យល់​អុកស៊ីហ្សែន​របស់​យន្តហោះ​ខូច រហូត​ធ្វើ​ឲ្យ​អ្នកដំណើរ និង​អ្នកបើកបរ​យន្តហោះ​ត្រូវស្លាប់​ដោយសារ​តែ​គ្មាន​ខ្យល់ដក។

មាន​តែ​ប្រអប់ខ្មៅ​របស់​យន្តហោះ​ដែល​នឹង​អាច​ឲ្យ​គេ​ពី មូលហេតុ​ពិតប្រាកដ ​ដែលធ្វើ​ឲ្យ​យន្តហោះ​របស់​ក្រុមហ៊ុន​អាល្លឺម៉ង់ Germanwing ធ្លាក់ កាលពីថ្ងៃ​អង្គារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ