អានតួអត្ថបទ
រុស្ស៊ី

លោក​ពូទីន​បញ្ជា​ឲ្យ​កងទ័ព​យោធភូមិភាគកណ្តាល​ប្រទេស​រុស្ស៊ី​ត្រៀម​ប្រយុទ្ធ​ពេញទី

ស្រប​នឹង​បទបញ្ជា​នៃ​លោក​ប្រធានាធិបតី​ពូទីន ក្នុង​ឋានៈ​ជា​អគ្គមេបញ្ជាការ​ជាន់ខ្ពស់​បំផុត​នៃ​ប្រទេស​អង្គភាព​ទ័ពអាកាស ទ័ពឆ័ត្រយោង និង​កង​យន្តហោះ​ដឹកជញ្ជូន​នៃ​យោធភូមិ​ភាគកណ្តាល​ប្រទេស​រុស្ស៊ី ចាប់​ពី​ម៉ោង៩​និង​៣០នាទី​ព្រឹក​ថ្ងៃ​ចន្ទ៧​កញ្ញា​នេះ គឺ​ស្ថិត​ក្នុង​ភាព​ផ្ទៀងផ្ទាត់​មើល​ដោយ​ឥត​ប្រកាស​ឲ្យ​ដឹង​ជា​មុន អំពី​ភាព​ត្រៀម​ប្រយុទ្ធ​ទាំងស្រុង​របស់​គេ សេចក្តីនេះ​ថ្លែង​ដោយ​លោក​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី។

លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន
លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន REUTERS/RIA Novosti/Mikhail Klimentyev/Kremlin
ផ្សាយពាណិជ្ជកម្ម

ក្នុង​កិច្ចប្រជុំ​បើក​ធ្វើ​ជា​បន្ទាន់ នៃ​ថ្នាក់ដឹកនាំ​យោធា ដែល​ប្រព្រឹត្ត​ទៅ​ព្រឹកមិញ ក្នុង​មជ្ឈមណ្ឌលជាតិ​ខាង​គ្រប់គ្រង​ការ​ការពារ​ប្រទេស​លោក​នាយឧត្តមសេនីយ Serguei Shoigou ជា​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី ក៏​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ផ្ទៀងផ្ទាត់​មើល​ភាព​ត្រៀម​ប្រយុទ្ធ​នេះ ដែល​នឹង​ពន្យារ​ទៅ​លុះ​រហូត​ដល់​ថ្ងៃ១២​កញ្ញា ក្នុង១ថ្ងៃ​១យប់​ដំបូង នៃ​ដំណើរ​ផ្ទៀងផ្ទាត់​នោះ ការ​យក​ចិត្ត​ទុក​ដាក់​គឺ​ផ្តោត​ទៅ​លើ សមត្ថភាព​កងទ័ព បំពេញ​ចំណោទ​ក្នុង​កម្រិត​ជាក់លាក់ ស្រប​នឹង​បទដ្ឋានបណ្តោះអាសន្ន។

បន្ទាប់​មក នឹង​ប្រព្រឹត្ត​ទៅ លំហាត់​សឹក​នៅ​តាម​វាលវង់ ជា​ទី​ដែល​ត្រូវ​ផ្ទៀងផ្ទាត់​មើល​ភាព​ត្រៀម​ខ្លួន​របស់​ទ័ព​ឆ័ត្រយោង បោះ​ពួយ​ទៅ​ចម្ងាយ​ឆ្ងាយៗ និង លុក​ចូល​ទៅ​ក្នុង​ដែនដី ដែល​គេ​មិន​ធ្លាប់​ស្គាល់ តាម​រយៈ​ការ​លោត​ឆ័ត្រយោង។ ក្នុង​ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​លំហាត់ ក៏​នឹង​ផ្ទៀងផ្ទាត់​មើល សមត្ថភាព ក្រសួង​សុខាភិបាល ក្រសួង​កសិកម្ម ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម ស្ថាប័នរដ្ឋ​ខាង​នេសាទ ធ្វើ​ការងារ​រួម​គ្នា ក្នុង​លក្ខណៈ​សង្គ្រាម។

នឹង​ទទួល​ការ​ផ្ទៀងផ្ទាត់​មើល គឺ ការ​បំពេញ​ដោយ​អភិបាល នៃ​ខេត្ត​៤ ក្នុង​តំបន់​ស៊ីបេរី ដែល​ស្ថិត​ក្នុង​យោធភូមិកណ្តាល​នោះ។ ជា​ការ​កត់​សម្គាល់ យោធភូមិ​នៃ​ភាគកណ្តាល​ប្រទេស​រុស្ស៊ី គឺ​លាត​សន្ធឹង​តាម​ដង ទន្លេវ៉ុលហ្កា តាម​តំបន់​ស៊ីបេរី និង តាម ជួរភ្នំអួរ៉ាល់ ជួរភ្នំ​ដែល​ខ័ណ្ឌ​ដែនដី​រុស្ស៊ី​នៅ​ទ្វីប​អឺរ៉ុប ពី ដែនដី​រុស្ស៊ី​នៅ ទ្វីប​អាស៊ី។ គិត​ជា​តួលេខ យោធភូមិ​នៃ​ភាគកណ្តាល​ប្រទេស​រុស្ស៊ី ស្ថិត​នៅ​លើ​ដែនដី មាន​ផ្ទៃ ក្រឡា ៧លាន៦ម៉ឺនគ.ម.ការ៉េ ឬ ជាង​៤០% នៃ​ដែនដី​រុស្ស៊ី និង​រស់នៅ​ដោយ បណ្តាជន ៥៤លាន៩សែននាក់ ឬ ៣៩% នៃ​បណ្តាជន​ទូទាំង​ប្រទេស​រុស្ស៊ី។

សហព័ន្ធ​រុស្ស៊ី ចាប់​ពី​ថ្ងៃទី១​ធ្នូ​ឆ្នាំ២០១០​មក បែងចែក ជា​យោធភូមិ៤ គឺ យោធភូមិបស្ចិម យោធភូមិ​ទក្សិណ យោធភូមិកណ្តាល យោធភូមិបូព៌ា។ ប្រាកដ​ណាស់ ដែល​ការ​ផ្ទៀងផ្ទាត់​នេះ គឺ​ជា​ការ​ប្រុង​ជើងការ ទល់​នឹង លំហាត់​ជា​រឿយៗ ធ្វើ​ដោយ​កងទ័ព​អូតង់ នៅ​តាម​ព្រំដែន​ខាងលិច​និង​ខាងត្បូង របស់​រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ