អានតួអត្ថបទ
វិទ្យាសាស្ត្រ-អវកាស

​ភព​Proxima B ​ស្រដៀង​​នឹង​​ភព​​​ផែនដី​ ហើយ​​​អាច​ហ៊ុំព័ទ្ធ​​ទៅ​​ដោយ​​មហា​សមុទ្រ

កាល​ពី​ចុង​ខែ​សីហា​កន្លង​ទៅ​ អ្នក​វិទ្យាសាស្ត្រ​បាន​ស្រាវជ្រាវ​រកឃើញ​ភព​មួយ ​ដែល​នៅ​មិន​ឆ្ងាយ​ពី​ប្រព័ន្ធ​ព្រះអាទិត្យ ​ហើយ​ដែល​មាន​ទំហំ​ប្រហាក់ប្រហែល​នឹង​ភព​ផែនដី​យើង ​ ដែល​មាន​ឈ្មោះ​ថា​ភព​ Proxima B។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ម្សិលមិញ ​អ្នក​វិទ្យាសាស្ត្រ​បារាំង​ បាន​​ចេញ​របាយការណ៍​សន្និដ្ឋាន​បថម​ថា​ ភព​ Proxima B ​នេះ​អាច​ហ៊ុំព័ទ្ធ​ទៅ​ដោយ​មហាសមុទ្រ ​ដែល​នេះ​ជា​កត្តា​ចាំបាច់​បំផុត ​ក្នុង​ការ​អនុញ្ញាតិ​ឲ្យ​មាន​​ទំរង់​ជីវិត​រស់​ណាមួយ​ នៅ​ទីនោះ។

ភពក្រៅ​ឈ្មោះ​ Proxima b​ ស្ថិតក្នុង​ខ្សែទំនាញ​នៃ​តារា​ Proxima de Centaure
ភពក្រៅ​ឈ្មោះ​ Proxima b​ ស្ថិតក្នុង​ខ្សែទំនាញ​នៃ​តារា​ Proxima de Centaure ®Reuters
ផ្សាយពាណិជ្ជកម្ម

គិត​មក​ត្រឹម​ថ្ងៃ​នេះ ​ភព​ក្រៅ​ដែល​ស្ថិត​នៅ​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​យើង ​ ត្រូវ​បាន​អ្នក​វិទ្យាសាស្រ្ត​ស្រាវជ្រាវ​រកឃើញ​ ចំនួន​ជាង​៣ពាន់​ភព​ហើយ។ ភព​ក្រៅ​ចុង​ក្រោយ​គេ​ ​ដែល​ទើប​តែ​រក​ឃើញ​គឺ​ភព​ Proxima B​ ដែល​ត្រូវ​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​​២៤ សីហា។ រក​ឃើញ​ចុង​ក្រោយ​គេ​ ហើយ​ភព​នេះ​ មាន​លក្ខណៈ​ពិសេស​ច្រើន​ ដែល​កំពុង​បណ្តាលចិត្ត​អ្នក​វិទ្យាសាស្ត្រ ​ឲ្យ​ផ្តោត​ការ​ចាប់​អារម្មណ៍​ជា​ពន្លឹក។

ទីមួយ​គឺ​ភព​នេះ ​ វិល​ជុំវិញ​ក្នុង​ចំងាយ​ប្រមាណ​ជា​៤លាន​២សែន​ឆ្នាំ​ពន្លឺ​ពី​ផ្កាយ​មួយ​ដួង ​ឈ្មោះ​ថា ​Proxima du Centaure ​ដែល​ផ្កាយ​នេះ ​ ជា​ផ្កាយ​ដែល​ស្ថិត​នៅ​ក្បែរ​ប្រព័ន្ធ​ព្រះអាទិត្យ​យើង​​ជាង​គេ។ ចំណុច​ពិសេស​មួយទៀត​ គឺ​ភព​ Proxima B ​ស្ថិត​ក្នុង​តំបន់​មួយ​ ដែល​មាន​អំណោច​ផល​អាច​ឲ្យ​មាន​ជីវិត​រស់នៅ​លើ​នោះ​បាន។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បារាំង​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ CNRS ​ដោយ​រួម​សហការ​ជា​មួយ​មន្ទីរ​ពិសោធន៍​តារាសាស្ត្រ​ នៃ​សកលវិទ្យាល័យ​បារាំង​ Aix/Marseille បាន​បង្ហើប​ប្រាប់​ថា ​បើ​តាម​ការ​សន្និដ្ឋាន ​នៅ​លើ​ភព​ Proxima B ​នេះ​អាច​មាន​ហ៊ុំព័ទ្ធ​ទៅ​ដោយ​មហាសមុទ្រ។ វត្ថុធាតុរាវ​ ​រឺ​ទឹក​នេះ ​ គឺ​ជា​ធាតុ​ដ៏​ចាំបាច់​បំផុត​សម្រាប់​ទ្រទ្រង់​ជីវិត។ បើសិន​នេះ​ជា​ការពិត​មែន ​មាន​ន័យ​ថា​នៅ​លើ​នោះ​ អាច​មាន​ជីវិត​រស់នៅ។

តាម​ការ​ឲ្យដឹង ​អ្នក​វិទ្យាសាស្ត្រ​បារាំង ​កំពុង​ធ្វើការ​វិភាគ​វាស់វែង ​ប្រវែង​កាំ​នៃ​ភព​ Proxima B ​នេះ ​ហើយ​ដោយ​លើក​យក​អំណះអំណាង​ពីរ​ផ្សេង​គ្នា។ ទីមួយ ​បើ​សិន​ជា​ភព​នេះ ​មាន​កាំ​ប្រវែង​យ៉ាង​តិច​ប្រមាណ​ជា​៥៩៩០​គីឡូម៉ែត្រ  ​គឺ​មានន័យ​ថា​ម៉ាស​នៃ​ភព​នោះ ​នឹង​ពេញ​ទៅ​ដោយ​លោហៈធាតុ​ សឹងតែ​២ភាគ​៣។ ក្នុង​ករណី​នេះ​នៅ​ស្រទាប់​លើ​អាច​មាន​ស្រោប​ដោយ​ផែន​ថ្ម ​ហើយ​អាច​នឹង​មាន​ទឹក​មួយ​ផ្នែក​ ​ក៏​ថា​បាន។  ករណីនេះ​គឺ​​វា​ប្រហាក់​ប្រហែល​នឹង​ភព​ផែនដី​យើង ​ដែល​មាន​កាំ​ប្រវែង​ ៦៣៧១​គីឡូម៉ែត្រ ​ហើយ​ដែល​មាន​ផែនទឹក​នៅ​ស្រោប​ពី​លើ​ប្រមាណ​តែ​០,០៥% ​នៃ​ម៉ាស​សរុប។

ចំណែក​ការ​សន្និដ្ឋាន​ទី​ពីរ​ ​គឺ​ភព​ Proxima B ​អាច​មាន​កាំ​ប្រវែង​វែង​បំផុត​៨៩២០​គីឡូម៉ែត្រ។ ក្នុង​ករណី​នេះ​គឺ​ម៉ាស​របស់​វា​៥០%​ អាចជា​ស្រទាប់​ថ្ម ​ ហើយ​៥០%​ទៀត​ ​គឺ​ជា​ទឹក​ទាំងអស់។ មាន​ន័យ​ថា ​ផ្ទៃ​ទឹក​ដែល​មាន​ជំរៅ​ប្រមាណ​២០០​គីឡូម៉ែត្រ​ គឺ​អាច​នៅ​រុំ​ជុំវិញ​ភព​នេះ។

យោង​តាម​របាយការណ៍​របស់​អ្នក​វិទ្យាសាស្ត្រ ​ទោះ​ក្នុង​ករណី​ណា​ក៏​ដោយ ​ឲ្យតែ​មាន​ទឹក ​គឺ​នៅ​ជុំវិញ​បរិយាកាស​នៃ​ភព​នោះ ​ ប្រាកដ​ជា​មាន​ស្រទាប់​ឧស្ម័ន​ដូច​នៅ​លើ​ភព​ផែនដី​យើង​អញ្ចឹង។ ដូច្នេះ ​ធាតុ​ផ្សំ​ទាំង​នេះ ​នឹង​ញ៉ាំង​ឲ្យ​ភព​នេះ ​អាច​ជា​ភព​ដែល​មាន​ទំរង់​ជីវិត​រស់​នៅ​បាន។

អ្នក​ស្រាវជ្រាវ​អវកាស ​កំពុង​សិក្សា ​ក្នុង​ការ​បញ្ជូន​យាន​ស្ទង់​ទិន្ន័យ​ពិសេស ​ទៅ​សំចត​លើ​នោះ​ ដើម្បី​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់។ របាយការណ៍​លំអិត​ នៃ​ការ​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ​បារាំង ​ នឹង​មាន​ចុះ​ផ្សាយ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​ នៅ​ក្នុង​ទស្សនាវត្តី​វិទ្យាសាស្ត្រ The Astrophysical Journal Letters

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ