អានតួអត្ថបទ
រុស្ស៊ី

កាសែត​រុស្ស៊ី​នំាគ្នា​ចាប់​អារម្មណ៍​ពី​ចំហាយ​នៃ​ឃាតកម្ម​រូប​មេបក្សប្រឆាំង គឺ​លោក​បូរិស ញ៉េមសូវ

ចេញ​ផ្សាយ​នេះ ពីព្រោះ​ថ្ងៃសៅរ៍ និង​ថ្ងៃ​អាទិត្យ​កន្លង​ទៅ បន្ទាប់​ពី​ឃាតកម្ម​ភ្លាម សម្រាប់​កាសែត​រុស្ស៊ី​ភាគច្រើន​ដាច់ខាត ជា​ថ្ងៃ​ឈប់ ទើប​ថ្ងៃ​ចន្ទ​នេះ កាសែត​នាំ​គ្នា​ចេញ​ផ្សាយ​ដូច​ធម្មតា​វិញ ហើយ​ជា​ពិសេស ថ្ងៃអាទិត្យ​ម្សិលមិញ​ក្នុង​រដ្ឋធានី​ម៉ូស្គូ​មាន​ប្រព្រឹត្ត​ទៅ ក្បួនយាត្រា​យ៉ាង​គគ្រឹកគគ្រេង​រំលឹក​វិញ្ញាណក្ខន្ធ​លោក​ញ៉េមសូវ​ដែល​ធ្លាប់​ធ្វើ​ជា​អភិបាលខេត្ត និង​ឧបនាយករដ្ឋមន្ត្រី។

ក្បួនយាត្រារបស់​ពលរដ្ឋរុស្ស៊ី​ក្នុង​ក្រុង​មូស្គូ​ដើម្បី​គោរពវិញ្ញាណក្ខន្ធ​សព​លោក​បូរិស ញ៉េមសូវ ថ្ងៃទី១ មីនា ២០១៥
ក្បួនយាត្រារបស់​ពលរដ្ឋរុស្ស៊ី​ក្នុង​ក្រុង​មូស្គូ​ដើម្បី​គោរពវិញ្ញាណក្ខន្ធ​សព​លោក​បូរិស ញ៉េមសូវ ថ្ងៃទី១ មីនា ២០១៥ REUTERS/Sergei Karpukhin
ផ្សាយពាណិជ្ជកម្ម

តាម​កាសែត Kommersant របស់​មជ្ឈដ្ឋាន​ធុរកិច្ច ឃាតកម្ម​លោក​បូរិស ញ៉េមសូវ​ញ៉ាំង​ឲ្យ​កើត​ឡើង​ជា​ប្រតិកម្ម​វិសាមញ្ញ​ខុស​ពី​ធម្មតា សម​នឹង​ជាន់​ថ្នាក់​ឥស្សរជន​នេះ ដោយ​ចាត់​ទុក​មរណភាព​គាត់​ថា​ជា មរណភាព​អ្នកនយោបាយ។ កាសែត​ភាគច្រើន​កត់សម្គាល់​ថា ក្នុង​ក្បួនយាត្រា​ថ្ងៃ​អាទិត្យ​ម្សិលមិញ រំលឹក​វិញ្ញណក្ខន្ធ​គាត់ យោង​លើ​សម្តី​អ្នកចាត់ចែង មាន​មនុស្ស​ចូលរួម​ដល់​ទៅ ៧ម៉ឺននាក់ ក្បួន​ដែល​បន្លាយ​ទៅ​ប្រវែង ជាង​២គ.ម.ហូរ​តាម​សង្កាត់​បេះដូង​រដ្ឋធានី​តែ​ម្តង រំលឹក​ឲ្យ​ឃើញ​ពី​មហាបាតុកម្ម​ភ្លូកទឹក​ភ្លូកដី​កាលពី​ឆ្នាំ២០១១ និង ២០១២ ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​ពូទីន។

ក្បួនយាត្រា​នោះ​បាន​ជ្រោង​លើក​ឡើង​នូវ​ផ្ទាំង​រូបថត​លោកបូរិស ញ៉េមសូវអម​ទៅ​ដោយ​បដា​សរសេរ​ពាក្យ​ស្លោក បែប​យ៉ាង លោក​ញ៉េមសូវ ស្លាប់​ដើម្បី​អនាគត​ប្រទេសជាតិ គាត់​បាន​តស៊ូ​ដើម្បី​សេរីភាព​ប្រទេស​រុស្ស៊ី តាមពិត វីរបុរស​មិន​ចេះ​ស្លាប់​ទេ។ ក្បួនយាត្រា​បាន​ស្នើ​សាលាក្រុង​ម៉ូស្គូ​ឲ្យ​ប្រែ​ឈ្មោះ​ស្ពាន ជាទី​ដែល​គាត់​ត្រូវ​បាន​ឃាតករ​ផ្តាច់​ជីវិត​ទៅ​ជា​ស្ពាន​ឈ្មោះញ៉េមសូវ។ តាម​ព្យាករណ៍​កាសែត​ហិរញ្ញវត្ថុ Vedomosti ឃាតកម្ម​លោក​ញ៉េមសូវក្លាយ​ជា​ព្រំដែន​ចិត្តសាស្ត្រ​ប្រែ​ប្រទេស​រុស្ស៊ី​ឲ្យ​លែង​មាន​មុខមាត់​ដូច​មុន​ទៀត​ឡើយ ដ្បិត​បាតុករ​ជា​ច្រើន​នាំ​គ្នា​និយាយ​ថា ក្រោយ​ពី​ឃាតកម្ម​នេះ គេ​ភ្ញាក់​ពី​ដំណេក គឺ​ក្នុង​ប្រទេស​មួយ​ផ្សេង​ស្រឡះ ម៉្លោះ​ហើយ​បាន​ជា​គេ​ហៅ​ក្បួនយាត្រា​នោះ ថា​ជា​ក្បួនយាត្រា​ជំនះ​លើ​ការ​ភិតភ័យ។

កាសែតប្រជាប្រិយ Komsomolckaya Pravda ចោទ​ជា​សំណួរ​ថា តើ​ពី​ក្នុង​ចំណោម​យើង នរណា​មួយ​ដែល​ហ៊ាន​បាញ់​សម្លាប់​ដោយ​មក​ពី​មូលហេតុ​នយោបាយ​សុទ្ធសាធ? យើង​មិន​មែន​ស្ថិត​ក្នុង​ប្រទេស​អ៊ុយក្រែន​ឯណា។ គេ​បាញ់ គឺ​ដើម្បី​លុយ។ ដើម្បី​នយោបាយ គេ​មិន​បាញ់​ទេ។ តាម​កាសែត​ប្រឆាំង Novaya Gazeta គឺ​មិន​អាស្រ័យ​នឹង​លទ្ធផល​នៃ​ការស៊ើបអង្កេត​ឡើយ ឃាតកម្ម​លោក​ញ៉េមសូវ ជា​ស្ពានរបត់​ឥត​ត្រឡប់​ក្រោយ ច្រាន​ប្រទេស​រុស្ស៊ី​ឲ្យ​ផុង​ខ្លួន​ក្នុង​អស្ថិភាព​នយោបាយ​ដែល​ផលប៉ះពាល់​របស់​វា នៅ​មិន​អាច​ត្រូវ​គេ​ស្មាន​ឃើញ​ឡើយ។

គួរ​បញ្ជាក់​ថា ចំ​ពេល​ដែល​ការ​ស៊ើបអង្កេត​កំពុង​បន្ត​ធ្វើ អាជ្ញាធរ​រុស្ស៊ី​ទើប​បាន​ប្រកាស​ប្រគល់​រង្វាន់​ជា​ប្រាក់​ចំនួន ៣លានរូប្ល ឬ​ស្មើ​នឹង​ជាង ៤ម៉ឺន ៨ពាន់ដុល្លារ​ដល់​ជន​ណា​ដែល​អាច​ផ្តល់​ព័ត៌មាន​នាំ​ទៅ​កាន់​ការ​ចាប់​ខ្លួន​ឃាតករ​សម្លាប់​លោក​ញ៉េមសូវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ