អានតួអត្ថបទ
រុស្ស៊ី

យន្តហោះ​ចម្បាំង​រុស្ស៊ី បានផ្តើម​វាយប្រហារ​ នៅស៊ីរី

តបនឹង​សំណូមពរ​របស់​លោក បាស្ហារ អាល់ អាសាដ ហើយ ក្រោយពី​បាន​ទទួល ភ្លើងខៀវ ពី​រដ្ឋសភា​រុស្ស៊ី ម៉ូស្គូ បាន​ប្រកាស​អំពី ការចាប់ផ្តើម​មែន នូវ​ការវាយប្រហារ​ពី​អាកាស ទៅលើ​ទីតាំង របស់​ពួកក្រុម​ភេរវជន ជីហាត នៃ​អង្គការ”រដ្ឋអ៊ីស្លាម” ក្នុងប្រទេស​ស៊ីរី។ ការនេះ ត្រូវបាន​បញ្ជាក់ ល្ងាច​ថ្ងៃ ៣០កញ្ញា តាមទូរទស្សន៍​ជាតិ ដោយ​លោកប្រធានាធិបតី​រុស្ស៊ី​ផ្ទាល់។  

ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន នៅ​ឱកាស​បង្ហាញ​កងទ័ព​អាកាស​រុស្ស៊ី
ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន នៅ​ឱកាស​បង្ហាញ​កងទ័ព​អាកាស​រុស្ស៊ី AFP PHOTO / RIA NOVOSTI / POOL / ALEXEY DRUZHININ
ផ្សាយពាណិជ្ជកម្ម

តាម​ប្រសាសន៍​លោក​ពូទីន វិធី​តែមួយ​គត់ សម្រាប់​ប្រយុទ្ធ​ឲ្យ​បាន​ស័ក្តិសិទ្ធិ ទល់នឹង ភេរវនិយម​អន្តរជាតិ នៅស៊ីរី ក៏ដូចជា នៅតាម​ដែនដី​ជិតខាង គឺសំពង ហើយ កំទេច​ពួកភេរវជន យ៉ាង​ទាន់ហន់ ជាមុន នៅតាមដែនដី​ណា ដែល​ស្ថិតនៅ ក្រោម​ការត្រួតត្រា​របស់វា ដើម្បី​កុំ​ឲ្យវា​អាច​ស្ទុះហក់ មកដល់ ប្រទេស​យើង។

 
តាមក្រសួង​ការពារជាតិ​រុស្ស៊ី ក្នុង១ ថ្ងៃ​ដំបូង កងអាកាស​រុស្ស៊ី បាន​ធ្វើការ​វាយប្រហារ ប្រមាណ ២០​លើក ទៅលើ ទីតាំង​ពួកភេរវជន​នៃ​អង្គការ”រដ្ឋអ៊ីស្លាម” នៅលើ​ដែនដី​ស៊ីរី ដោយបាន​កំទេច បរិក្ខារ​យោធា ឃ្លាំង​ស្តុកអាវុធ និង​ស្បៀង របស់​ពួកនោះ។ ក្រសួង​លម្អិត​ថា ការវាយ​ប្រហារ​នោះ ឥត​ប៉ះពាល់​ដល់​សំណង់ ស៊ីវិល របស់​អ្នកស្រុក​ឡើយ។

ប្រភព​ក្នុង​ស្ថាប័ន​សន្តិសុខ​ស៊ីរី បាន​អះអាង​ថា “យន្តហោះ​រុស្ស៊ី និង ស៊ីរី បានធ្វើ​ប្រតិបត្តិការ ជាច្រើន​លើក ទៅលើទីតាំង​ពួក​ភេរវជន នៅ ក្បែរ​ក្រុង Hama និង Homs ត្រង់​ប៉ែកពាយ័ព្យ និង តំបន់​កណ្តាល​ប្រទេស។ តំបន់​ទាំងនេះ កាន់កាប់ ដោយ​រណសិរ្ស Al-Nosra ជាសាខា​ស៊ីរី របស់ អង្គការ​​ភេរវនិយម​អន្តរជាតិ Al-Qaeda  និងដោយ​ពួកឧទ្ទាម​អ៊ីស្លាម មិនមែន​កាន់កាប់ ដោយ ពួកជីហាដ នៃ​អង្គការរដ្ឋអ៊ីស្លាម” ឡើយ។

ការវាយប្រហារ​នៃ​យន្តហោះ​រុស្ស៊ី បាន​ប៉ះពាល់ ជាពិសេស​ដល់ក្រុង Rastane និងTalbissé ស្ថិត​ក្នុងខេត្ត Homs។ ទូរទស្សន៍​ផ្លូវការ​ស៊ីរី បន្ទាប់មក​បានបញ្ជាក់​ថា ការទំលាក់​គ្រាប់បែក នៃ យន្តហោះរុស្ស៊ី បានប្រព្រឹត្តទៅ ក្នុង​ខេត្តពីរ ហើយ ពិតជា​ទៅលើទីតាំង​នៃ អង្គការ”រដ្ឋអ៊ីស្លាម” តែម្តង។ 

ចំណែក​ លោករដ្ឋមន្ត្រី​ការពារជាតិ​បារាំង Jean-Yves Le Drian ដោយឆ្លើយ​ក្នុងរដ្ឋសភា​បារាំង ថ្លែងថា កងអាកាស​រុស្ស៊ី បាន​ចាប់ផ្តើម​វាយប្រហារមែន ប៉ុន្តែ គួរឲ្យឆ្ងល់ មិនមែន​ទៅចំ​លើ ទីដៅ​របស់​អង្គការ “រដ្ឋអ៊ីស្លាម” ឯណា។ ក្នុងរឿងនេះ បើតាមយោបល់ ប្រមុខការទូត​បារាំង គប្បី​ផ្ទៀងផ្ទាត់​មើលសិន តើទីដៅ​ណាទៅ ដែលគ្រាប់បែក​យន្តហោះ​រុស្ស៊ី បាន​ធ្លាក់ទៅ ចំ?

រីឯ ក្រសួង​ការបរទេស​អាមេរិក អះអាងថា ការវាយប្រហារ​នៃ​កងអាកាស​រុស្ស៊ី ទៅលើស៊ីរី មិននាំ ឲ្យប្រែប្រួល​ឡើយ ដល់ បេសកកម្ម ដែលស.រ.អា. និង សម្ព័ន្ធ​អន្តរជាតិ ប្រឆាំង​អង្គការ ”រដ្ឋ​អ៊ីស្លាម” កំពុង​បំពេញ នៅទីនោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ