អានតួអត្ថបទ
ស៊ីរី-អាមេរិក

អាមេរិក​ប្តូរ​យុទ្ធសាស្ត្រ ដោយ​ផ្អាក​ការ​បង្វឹក​ពួក​ឧទ្ទាម​ស៊ីរី​​មិន​ជ្រុលនិយម

សហរដ្ឋ​អាមេរិក​បាន​ប្រកាស​នៅ​ថ្ងៃ​ម្សិលមិញ ផ្អាក​ មួយ​រយៈ ការ​ផ្តល់​វគ្គ​បំពាក់បំប៉ន បង្វឹក ទាហាន​ ​ និង​ការ​ផ្គត់ផ្គង់​សម្ភារៈ​បរិក្ខារ​យោធា ដល់​​ពួក​ឧទ្ទាម​ស៊ីរី​មិន​ជ្រុល​និយម។ បើ​តាម​មន្ទីរ​បញ្ចកោណ ការ​សេចក្តី​សម្រេច​ចិត្ត​ព្យួរ​នេះ គឺ​ដោយ​សារ​អាមេរិក​ត្រូវការ​ពេលវេលា​សើរើ​មើល​លទ្ធផល​ឡើង​វិញ។ សម្រាប់​ពេល​នេះ មាន​យុទ្ធជន​តែ​ប្រមាណ​១​រយ​នាក់​ប៉ុណ្ណោះ​បាន​ទទួល​ចំណេះ​ដឹង ខុស​ឆ្ងាយ​ស្រឡះ​នឹង​តួលេខ​៥ពាន់​នាក់ មួយ​ឆ្នាំ ​កំណត់​ក្នុង​កម្មវត្ថុដើម។

យុទ្ធជន​ក្មេងៗស៊ីរី​ នៅ​ Idlieb ថ្ងៃទី ៥​ឧសភា ២០១៤
យុទ្ធជន​ក្មេងៗស៊ីរី​ នៅ​ Idlieb ថ្ងៃទី ៥​ឧសភា ២០១៤ REUTERS/Rasem Ghareeb
ផ្សាយពាណិជ្ជកម្ម

“យើង​នឹង​ផ្អាក​” ការ​ផ្តល់​ជំនួយ​ និង​ការ​បំពាក់បំប៉ន​យុទ្ធជន​នៅ​មជ្ឈមណ្ឌល​ហ្វឹក​ហាត់​នៅ​តួកគី និង​នៅ​ហ្ស័កដានី ! នេះ​បើ​តាមការ​គូស​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ក្រសួងការពារជាតិ​អាមេរិក ដោយ​បន្ថែម​​​យោធា​អាមេរិក​ នឹង​នៅ​តែ​បន្ត​ជ្រើសរើស​បេក្ខជន​ថ្មី​បន្ថែម​ទៀត​ ទុក​សម្រាប់​​​វគ្គ​បំពាក់បំប៉ន​នៅ​ថ្ងៃ​ខាង​មុខ។

 

កម្មវិធី​ផ្តល់​ការ​ហ្វឹកហាត់​ និង​ផ្តល់​សម្ភារៈ​យោធា​ដល់​ក្រុម​យុទ្ធជន​​ឧទ្ទាម​ស៊ីរី​មិន​ជ្រុល​និយម​ ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ផ្តួច​ផ្តើម​បង្កើត​ឡើង​កាលពី​ដើម​ឆ្នាំ ដោយ​បាន​ចំណាយ​ទឹក​ប្រាក់​៥០០​លាន​ដុល្លារ និង​ដោយ​សង្ឃឹម​ថា​បំពាក់បំប៉ន​យុទ្ធជន​បាន​៥ពាន់​នាក់ក្នុង​មួយ​ឆ្នាំ សម្រាប់​យក​ទៅ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី។

ប៉ុន្តែ​បើតាម​តួលេខ​មន្ទីរ​បញ្ចកោណ​ អាមេរិក​ជ្រើសរើស​យុទ្ធជនស្ម័គ្រ​ចិត្ត​បាន​ប្រមាណ​តែ ១២៤​នាក់​ប៉ុណ្ណោះ។ អាមេរិក​​មាន​លក្ខខណ្ឌ​ជ្រើសរើស​តឹង​តែង​បំផុត ព្រោះ​ខ្លាច​មាន​ពួក​ជីហាត​បន្លំ​ខ្លួន​មក​ចូល​បាន។ បន្ទាត់​យោធា​ច្បាស់​លាស់​របស់​អាមេរិក​ដែល​ បង្វឹក​បង្ហាត់​សម្រាប់​តែ​ទៅ​ប្រយុទ្ធ​ទប់ទល់​នឹង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម មិន​វាយប្រហារ​ប្រឆាំង​រដ្ឋាភិបាល​ ​ដូច​ជា​បាន​បិទ​ផ្លូវ​​ និង​បន្ទុច​បង្អាក់​មិន​ឱ្យ​ពួក​ឧទ្ទាម​មក​ចុះ​ឈ្មោះ​ជា​បេក្ខជន​ ព្រោះ​សម្រាប់​ពួក​ឧទ្ទាម​ខ្លះ សត្រូវ​ចម្បង​គឺ​រដ្ឋាភិបាល​លោក​ បាស្ហារ អែលអាសាដ។

លទ្ធផល​មិន​បាន​គាប់​ចិត្ត ហើយ​ជាង​នេះ​ទៅ​ទៀត​កាលពី​សប្តាហ៍​មុន អាមេរិក​បាន​ទទួល​ស្គាល់​ថា​ យុទ្ធជន​ដែល​បាន​ទទួល​បំពាក់បំប៉ន​ហើយ​ខ្លះ​បែរ​ជា​បាន​យក​សម្ភារៈ​បរិក្ខារ​យោធា និង​អាវុធ​គ្រាប់​រំសេវ​មួយ​ភាគ​ទៅ​ឱ្យ​ពួក​រណសិរ្សអាល់នូស្រា ពួក​ភេរវនិយម ​ស្និទ្ធ​នឹង​អាល់កៃដា នៅ​​ស៊ីរី ទៅ​វិញ ដើម្បី​បាន​ផ្លូវ​ដើរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ