អានតួអត្ថបទ
អ៊ុយក្រែន

អ៊ុយក្រែន​ដង្ហើយ​សុំ​ជំនួយ​ហិរញ្ញវត្ថុ​បន្ថែម

នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន លោក​ អាសេនី យ៉ាសេនូក (Arseni Iatseniouk) បាន​ប្រកាស​ទាមទារ​នៅថ្ងៃ​ព្រហស្បតិ៍​ទី ១១ ធ្នូ​នេះ រៀប​ចំ​សន្និសីទ​​អន្តរជាតិ​នៃ​ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ​ ដើម្បី​ស្វែង​រក​ជំនួយ​ហិរញ្ញវត្ថុ​បន្ថែម​ មកជួយ​ស្រោច​ស្រង់​អ៊ុយក្រែន ពី​ការ​ក្ស័យ​ធន។

នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន លោក  Arseni Iatseniouk នៅ​មុខ​សភា
នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន លោក Arseni Iatseniouk នៅ​មុខ​សភា REUTERS/Alex Kuzmin
ផ្សាយពាណិជ្ជកម្ម

ដើម្បី​អាច​ត្រដរ​រស់ និង​បញ្ចៀស​ការក្ស័យធន អ៊ុយក្រែន​ចង់​បាន​សន្និសីទ​អន្តរជាតិ​​នៃក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ​ ដើម្បី​អនុម័ត​ផែនការ​ផ្តល់ស​ន្ទុះ​ដល់​សេដ្ឋកិច្ច​អ៊ុយក្រែន និង​ផែនការ​ផ្តល់​ជំនួយ​ពី​សំណាក់​ក្រុម​បស្ចឹម​លោក! នេះ​ជា​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ទៅ​កាន់​អង្គ​សភា​អ៊ុយក្រែន​ដែលទើប​បោះឆ្នោត​​អនុម័ត​លើ​ផែនការ​កំណែទម្រង់ជាតិ​​ស៊ីជម្រៅ លើ​ប្រព័ន្ធ​ពន្ធដារ ដំឡើង​តម្លៃ​ថាមពល និង​ធ្វើ​ឯកជនភាវូបនីកម្ម​ក្រុមហ៊ុន​រដ្ឋ ស្រប​តាម​ការ​ចង់​បាន​របស់​អង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ (IMF)។  

 
ជាមួយ​នឹង​កំណែទម្រង់នេះ អ៊ុយក្រែន អាច​ទទួល​បាន​មក​វិញ​​នូវ​ប្រាក់​ជំនួយ​​សរុប​ ២៧ពាន់​លាន​ដុល្លារ ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ផង ពី​ធនាគារពិភពលោក​ផង ប៉ុន្តែ​ទំហំ​ទឹក​ប្រាក់​ជំនួយ​ដ៏​សន្ធឹកសន្ធាប់​នេះ​ នៅ​តែ​មិន​គ្រប់គ្រាន់​សម្រាប់​អ៊ុយក្រែនដដែល។ កាលពី​ថ្ងៃ​ពុធ​​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​អ៊ុយក្រែន បាន​ទទូច​ឱ្យ​IMF ពង្រីក​កញ្ចប់​ថវិកា​ជំនួយ​​បន្ថែម​១៧​ពាន់​លាន​ដុល្លារ​ទៀត ព្រោះ​ទស្សនវិស័យ​សេដ្ឋកិច្ច​អ៊ុយក្រែន​ធ្លាក់ដុន​ដាប​ខ្លាំង​ណាស់ មិន​អាច​​ត្រដរ​រស់​បាន​ជាមួយ​នឹង​កញ្ចប់​ថវិកាដំបូង​​ទេ។

អាជ្ញាធរ​ក្រុង​គៀវ ត្រូវ​ប្រឈម​មុខ​នឹង​វិបត្តិ​នៅ​ភាគ​ខាង​កើត​ប្រទេស​ តាំង​ពី​ខែ​មេសា​មក អ៊ុយក្រែន​ត្រូវ​ចំណាយ​ច្រើនក្នុង​សង្គ្រាម បាត់​បង់ចំណូល​ពី​ឧស្សាហកម្ម​​​នៅ​តំបន់​កាន់​កាប់​ដោយ​ក្រុម​ឧទ្ទាម ត្រូវ​សង​បំណុលអស់​រាប់​លាន​ទៅ​រុស្ស៊ី​សម្រាប់​ថ្លៃ​ឧស្ម័ន។
ក៏​ប៉ុន្តែ​សម្រាប់​បក្ស​ប្រឆាំង​វិញ កម្មវិធី​កំណែទម្រង់​នេះ គឺ​ជា​រឹត​ត្បិត​ថវិកា​ដែល​ប៉ះពាល់​ខ្លាំង​ដល់​ផ្នែក​ជំនួយ​សង្គម។ មាន​ន័យ​ថា​ ប្រជាជន​អ៊ុយក្រែន​ធ្លាក់​​ក្រ​មួយ​ដំណាក់​ទៀត​ជាមួយ​នឹង​កំណែទម្រង់របស់​រដ្ឋាភិបាល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ