អានតួអត្ថបទ
អឺរ៉ុប​-អ៊ុយក្រែន-រុស្ស៊ី

វិបត្តិអ៊ុយក្រែន ៖ សហភាពអឺរ៉ុបប្រជុំ​គ្នា​រក​វិធី​​លួងលោក​ពូទីន​ឱ្យ​ចូល​តុ​ចរចា

សហភាព​អឺរ៉ុប​បាន​​សម្រេច​ចិត្ត​នៅ​ថ្ងៃ​ចន្ទ​ទី ១៧ វិច្ឆិកា ២០១៤ នេះ​ ពង្រីក​ទណ្ឌកម្ម​​ ប្រឆាំង​នឹង​ក្រុម​មេ​ដឹកនាំ​ចង់​ផ្តាច់​ទឹក​ដី​នៅភាគ​ខាង​កើត​អ៊ុយក្រែន ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ ក៏​កំពុង​ស្វែង​រក​​ជា​ពិសេស​មធ្យោបាយ​នាំ​លោក វ្លាឌីមៀ​ពូទីន ​ឱ្យ​សុខ​ចិត្ត​វិល​មក​អង្គុយក្នុង​តុ​ចរចា​រួម​គ្នា​ ដើម្បី​ដោះស្រាយ​វិបត្តិ​ឱ្យ​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប​ លោក Fererica Mogherini ដែល​បាន​ជួប​ប្រជុំ​ជាមួយ​​រដ្ឋមន្ត្រី​ការបរទេស​​នៃ​រដ្ឋ​ជា​សមាជិក។

រដ្ឋមន្ត្រីការបរទេស​អ៊ុយក្រែន និង​លោកស្រី​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប នៅ​ទីក្រុង​ព្រុចសែល ថ្ងៃទី ១៧ វិច្ឆិកា ២០១៤
រដ្ឋមន្ត្រីការបរទេស​អ៊ុយក្រែន និង​លោកស្រី​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប នៅ​ទីក្រុង​ព្រុចសែល ថ្ងៃទី ១៧ វិច្ឆិកា ២០១៤ © Reuters
ផ្សាយពាណិជ្ជកម្ម

ទណ្ឌកម្ម​ថ្មី​របស់​សហភាព​អឺរ៉ុប គឺ​គ្មាន​អ្វី​ក្រៅ​អំពី​ការ​ផ្អាប់​ទ្រព្យ​ធន និង​ហាម​ប្រាម​ការធ្វើ​ដំណើរ ដោយ​មិន​ផ្តល់​ទិដ្ឋាការ​ឱ្យ​បុគ្គល​ជា​បក្សពួក​ស្និទ្ធ​នឹង​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​ក្រុម​បះបោរ​ស្និទ្ធ​នឹង​រុស្ស៊ី នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​ឡើយ។ គិត​មក​ទល់​នឹង​ពេល​នេះ មាន​អ្នក​ទទួល​ខុសត្រូវ​​នៅ​ភាគ​ខាង​កើត​​អ៊ុយក្រែន និង​អ្នក​ទទួល​ខុស​ត្រូវ​រុស្ស៊ី ១១៩​នាក់ ដែល​ជាប់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​។ ចំនួន​នេះ​នឹង​អាច​កើន​ឡើង​បន្ថែម​ទៀត ប្រសិន​បើ​សហភាព​សម្រេច​ចិត្ត​​ នៅ​ចុង​ខែ។

 

ប៉ុន្តែ​ការ​ពង្រីក​ទណ្ឌកម្ម​នេះ គ្មាន​​​កម្មវត្ថុ​ធ្វើ​បាប​ភាគី​ណា​ម្នាក់ទេ តែ​ត្រូវ​បាន​ប្រើ​ជា​ឧបករណ៍​សម្រាប់​ស្វែង​រក​ដំណោះស្រាយ​ និង​មាន​ប្រយោជន៍​ពីរ​យ៉ាង ៖ ទី​មួយ​អាច​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អ៊ុយក្រែន​បន្ត​ធ្វើ​កំណែទម្រង់ និង​ទីពីរ​ដើម្បី​ផ្តល់​សន្ទុះ​ថ្មី​ដល់​ការ​ចរចា​ជាមួយ​នឹង​រុស្ស៊ី។
ស្ថានភាព​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​ធ្លាក់​ចុះ​ដុន​ដាប​យ៉ាង​ខ្លាំង។ ក្រោយ​​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី ២​វិច្ឆិកា ដែល​លោក​ខាង​លិច​មិន​ទទួល​ស្គាល់​ ​ ការ​ប្រយុទ្ធ​គ្នា​មាន​សន្ធឹក​កាន់​តែ​ខ្លាំង​។ ក្នុង​រយៈ​ពេល​តែ​២៤​ម៉ោង​ចុង​ក្រោយ​នេះ​អំពើ​ហិង្សា​និង​ការវាយប្រហារ​គ្នា​ផ្តាច់​ជីវិត​ទាហាន​៦​នាក់ និង​ប៉ូលិស​អ៊ុយក្រែន​បី​នាក់។ ​បស្ចឹម​លោក​ចោទម៉ូស្គូ​ថា​បាន​បញ្ជូនកម្លាំង​និង​អាវុធយុទ្ធភណ្ឌ​ដល់​ពួក​បះបោរ ឯ​រុស្ស៊ី​បដិសេធ។ ដូច្នេះ​ទាមទារ​ចាំ​បាច់​ត្រូវ​មាន​ការ​ចរចា​ ទើប​អាច​ដោះស្រាយ​ជម្លោះ​នេះ​បាន។

ក្នុង​ដំណាក់​កាល​នេះ សហភាព​អឺរ៉ុប​មិន​ទាន់​និយាយ​​អំពី​ទណ្ឌកម្ម​សេដ្ឋកិច្ចទេ។ ប្រធាន​បទ​នេះ​អាច​នឹង​ត្រូវ​លើក​​ពិភាក្សា​នា​ឱកាស​ជំនួប​កំពូល​អឺរ៉ុប គ្រោង​ធ្វើ​នៅ​ខែធ្នូ​ខាង​មុខ។ សហភាព​អឺរ៉ុប បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រុស្ស៊ី​រួច​ហើយ ពី​បទ​បាន​ចូល​ជ្រៀត​ជ្រែង​ក្នុង​វិបត្តិ​អ៊ុយក្រែន តាម​រយៈ​ការ​ហាមឃាត់​​​ធនាគារ​ ក្រុមហ៊ុន​ធំៗ​ក្នុង​វិស័យ​ការពារជាតិ​ ថាមពល​ប្រេង មិន​ឱ្យ​មាន​ទំនាក់ទំនង​ហិរញ្ញវត្ថុ​ជាមួយ​អឺរ៉ុប។ វិធានការ​នេះ បាន​ដាក់​ឡើង​នៅ​ខែ​កក្កដា និង​កញ្ញា ដែល​បាន​ធ្វើ​សេដ្ឋកិច្ច​រុស្ស៊ី​ជួប​ការ​លំបាក​ខ្លាំង ប៉ុន្តែ​មិន​បាន​ធ្វើ​ឱ្យ​លោកពូទីន ប្តូរ​ឥរិយាបថ​អ្វី​ទេ។

ក្នុង​ពេល​ដែល​សហភាពអឺរ៉ុប​ជួប​ប្រជុំ​គ្នា​ពិភាក្សា​​ពង្រីក​ទណ្ឌកម្ម ប្រធានាធិបតី​រុស្ស៊ី​វិញ​បង្កើន​ភាព​តាន​តឹង​យ៉ាង​ខ្លាំង បាន​បណ្តេញ​ទូត​អាល្លឺម៉ង់ ប៉ូឡូញ​ ចេញ​ពី​ម៉ូស្គូ​ជា​បន្តបន្ទាប់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ