អានតួអត្ថបទ

រុស្ស៊ី​ថា​អាមេរិក​ស្នើសុំ​ឲ្យ​ក្រិក​បិទដែន​អាកាស​កុំ​ឲ្យ​យន្តហោះ​រុស្ស៊ី​ហោះកាត់​ទៅ​ស៊ីរី

រដ្ឋាភិបាលក្រិក​បានទទួល​ការ​ស្នើសុំ​ពី​អាមេរិក​ឲ្យបិទដែនអាកាស កុំ​ឲ្យ​យន្តហោះ​រុស្ស៊ី ហោះ​ឆ្លងកាត់​ទៅស៊ីរី។ នេះ​គឺ​ជា​ការ​បង្ហើប​ឲ្យដឹង​របស់​មន្រ្តី​រដ្ឋាភិបាល​ក្រិក និង​បញ្ជក់ដោយ​អ្នកនាំពាក្យ​វិមានក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ ដោយ​បន្ថែមថា ក្រិក​កំពុង ពិចារណា​លើ​សំណូមពរ​អាមេរិកនេះ។

លោក​​ឌ្មីទ្រី ពេស្កូវ (Dmitri Peskov) អ្នកនាំពាក្យ​វិមានក្រេមឡាំង
លោក​​ឌ្មីទ្រី ពេស្កូវ (Dmitri Peskov) អ្នកនាំពាក្យ​វិមានក្រេមឡាំង REUTERS
ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃសៅរ៍ទី៥កញ្ញា​កន្លងទៅ ស្ថានទូតអាមេរិក​នៅក្រុងអាថែន បានធ្វើ​សំណូមពរ​ផ្លូវការ ទៅ​រដ្ឋាភិបាល​ក្រិក ដែល​ជា​ប្រទេស​សមាជិក​បក្សសម្ព័ន្ធ​អូតង់ សុំឲ្យ​ហាម​ការហោះហើរ​នៃ​យន្តហោះ​រដ្ឋាភិបាល​រុស្ស៊ី ​ដែល​ដឹក​ “ជំនួយ​មនុស្សធម៌” ឆ្លងកាត់​ដែនអាកាស​ក្រិក ទៅកាន់​ប្រទេស​ស៊ីរី។ សំណូមពរ​អាមេរិកនេះ ឥឡូវ កំពុង​ស្ថិត​ក្នុង​ការពិនិត្យមើល ដោយ​ភាគីក្រិក។

ប៉ុន្តែ ទីភ្នាក់ងារ​ពត៌មាន​រុស្ស៊ី RIA Novosti ដែល​ដកស្រង់​ប្រភព​ការទូត​ក្រិក​​ក្នុងលក្ខណៈ​អនាមិក បាន​ផ្សាយថា រដ្ឋាភិបាលក្រិក​មិនចង់​បិទ​ដែនអាកាស​ខ្លួន សម្រាប់​យន្តហោះ​រុស្ស៊ី ដូច​ដែល​អាមេរិក​សុំ​ឡើយ ដើម្បី​កុំឲ្យ​ល្អក់កករ​ដល់​ទំនាក់ទំនង​ក្រិក-រុស្ស៊ី។

តាមសម្តី​អ្នកការទូតនោះ រដ្ឋាភិបាល​ក្រិក​បាន​ទទួល​ការ​ស្នើសុំ និង​អនុញ្ញាត​ឲ្យ​​យន្តហោះ​រុស្ស៊ី​២គ្រឿង ហោះកាត់​ទៅកាន់​ប្រទេសស៊ីរី ក្នុង​ចន្លោះពី ថ្ងៃទី១កញ្ញា ដល់ទី ២៤កញ្ញា​ឆ្នាំ២០១៥នេះ។

គួរបញ្ជាក់ថា មូលហេតុ​នៃ​សំណូមពរ​អាមេរិកនោះ គឺ​មកពី​កាសែត The New York Times ក្នុង​សប្តាហ៍មុន ដោយ​យោងទៅលើ​មន្ត្រី​មិនបញ្ចេញឈ្មោះ នៃ​សេតវិមាន​ បាន​ចុះផ្សាយ​ថា រុស្ស៊ី​ទើប​បញ្ជូន​ទាហាបន​មួយក្រុម​ធំ​ឲ្យ​ទៅកាន់​ប្រទេស​ស៊ីរី ព្រមទាំង​បាន​ដំឡើង​ទីតាំង​ភស្តុភា​នៃ​កងទ័ព​អាកាស នៅនឹង​ព្រលាន​យន្តហោះ​យោធា​របស់​ស៊ីរី។

ជាការកត់សម្គាល់ ថ្ងៃ៥កញ្ញា​កន្លងទៅ លោករដ្ឋមន្ត្រី​ការបរទេស​អាមេរិកាំង ចន ឃែរី បាន​ទូរស័ព្ទ​មក​សមភាគី​រុស្ស៊ី លោក ស៊ែរហ្គៃ ឡាវ៉្រូវ ហើយ​សំដែង​នូវក្តីព្រួយកង្វល់​របស់​ស.រ.អា. ចំពោះ​ដំណឹង​ស្តីអំពី​ការកើនឡើង​នៃ​វត្តមាន​យោធា​រុស្ស៊ី ក្នុង​ប្រទេស​ស៊ីរី។ តាម​លោក ឃែរី ការកើនឡើង​នៃចំនួន​ពួកយោធា និង​គ្រឿងបច្ចេកទេសសឹក​រុស្ស៊ី​នៅស៊ីរី គឺ​អាច​នាំទៅកាន់​ការ​ស្លាប់​នៃ​បណ្តាជនស៊ីវិល កាន់តែ​ច្រើនឡើង បង្កឲ្យកើនឡើង​លំហូរ​ជនភៀសខ្លួន និង រំខាន​ដល់ “សម្ព័ន្ធប្រទេស” ដែល​កំពុង​ប្រយុទ្ធ​ទល់នឹង​អង្គការ​ “រដ្ឋអ៊ីស្លាម”។

លោក ឡាវ៉្រូវ ពីចំណែកខ្លួន​បានថ្លែងថា រុស្ស៊ី​មិនដែល​លាក់បំបាំង​ឡើយ អំពី​ជំនួយ​យោធា​ដែល​ផ្តល់ទៅ​រដ្ឋាភិបាល​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ