អានតួអត្ថបទ
បារាំង

តុលាការកំពូល​បារាំង​សម្រេចថា​ ការ​ដែល​ចៅក្រម​ស៊ើបអង្កេត​រឹបអូស​សៀវភៅ​កិច្ចការ​ប្រចាំថ្ងៃ​លោក​សាកូហ្ស៊ី​ ជា​រឿងស្របច្បាប់​

នៅថ្ងៃ​អង្គារ​នេះ តុលាការ​កំពូលបារាំង​បានសម្រេច​​ថា ការដែល​ចៅក្រម​ស៊ើបអង្កេត​​​ធ្លាប់​បាន​រឹបអូស​យក​សៀវភៅ​កត់ត្រាកិច្ចការ​ប្រចាំថ្ងៃ​​របស់​អតីត​ប្រធានាធិបតី​​បារាំង​​​ នីកូឡា ​សាកូហ្ស៊ី​ ក្នុង​សំណុំរឿង​​គ្រួសារ​​បេតង់គួរ​នោះ មិនមាន​អ្វីខុសច្បាប់​ នោះទេ។ តុលាការ​​សម្រេច​​រក្សា​ទុក​​​​សឿវភៅ​កត់​កិច្ចការ​ប្រចាំថ្ងៃ​​របស់​អតីត​ប្រធានាធិបតី ​នីកូឡា សាកូហ្ស៊ី ដើម្បី​​ប្រើ​​ក្នុង​និតិ​វិធី​​​ផ្សេងទៀត។

អតីតប្រធានាធិបតី​បារាំង​លោក Nicolas Sarkozy
អតីតប្រធានាធិបតី​បារាំង​លោក Nicolas Sarkozy REUTERS/Eric Gaillard
ផ្សាយពាណិជ្ជកម្ម

នៅប្រទេស​បារាំង​ ​ថ្ងៃ​អង្គារ​នេះ តុលាការ​កំពូល​បារាំង​បានសម្រេច​ថា ការដែល​ចៅក្រម​ស៊ើបអង្កេត​​បាន​រឹបអូស​យក​សៀវភៅ​កត់ត្រាកិច្ចការ​ប្រចាំថ្ងៃ​របស់អតីតប្រធានាធិបតី​បារាំង​សាកូហ្ស៊ី​ ប្រើ​ក្នុង​សំណុំរឿង​គ្រួសារ​បេតង់គួរ​នោះ មិនមាន​អ្វីខុសច្បាប់​ ដូច​ការ​ប្តឹង​​របស់​លោក​សាកូហ្ស៊ី​នោះទេ។ ដូច្នេះ​ ​​​​សឿវភៅ​នេះ​ ត្រូវ​រក្សា​ទុក​ប្រើ​​​ក្នុង​និតិ​វិធី​​ផ្សេងទៀត​។ ​

ក្នុង​សំណុំរឿង​បេតង់គួរនេះ ​លោក​សាកូហ្ស៊ី​ធ្លាប់ត្រូវ​សាលាឧទ្ធរណ៍​លើកលែង​ការ​ចោទ​ប្រកាន់​​​​ រួចមកហើយ​ ដូច្នេះ សៀវភៅ​នេះលែង​មាន​ប្រយោជន៍​សម្រាប់​​លោក​ទៀត​ហើយ។​ ​​គួររំលឹ​ក​ថា ក្នុង​សំណុំរឿង​ក្តី​គ្រួសារ​សេដ្ឋីនីចំណាស់​​បេតង់គួរ ដែល​ជាម្ចាស់​ក្រុមហ៊ុន​សំអាងកាយ​ឡូរេអាល់ ដ៏ល្បី​នៅ​បារាំងនោះ ​កាលពី​ខែ​តុលា​ឆ្នាំ​២០១៣ សាលា​ឧទ្ធរណ៍​ធ្លាប់​បាន​សម្រេច​លើកលែង​ការ​ចោទប្រកាន់​លើ​​អតីតប្រធានាធិបតី​សាកូហ្ស៊ី ​ពី​បទ​កេងចំណេញ​លើ​ភាពវង្វេងវង្វាន់​ស្មារតី​របស់​លោកស្រី​បេតង់គួរ ដើម្បី​យកប្រាក់​លោកស្រី​ទៅ​ឧបត្ថម្ភ​ការ​ឃោសនា​​បោះឆ្នោត​​របស់​គណបក្ស​​លោក កាលពី​ឆ្នាំ​២០០៧។

ដោយឡែក សៀវភៅកត់ត្រា​កិច្ចការ​​​ប្រចាំថ្ងៃ​របស់លោក​​សាកូហ្ស៊ី​​​​​​ក៏​ត្រូវប្រើ​ក្នុង​និតិវិធី​ពាក់ព័ន្ធ​នឹង​​រឿងដែល​ថា លោក​សាកូហ្ស៊ី​អាច​​ប្រើ​អំណាច​របស់​លោក​​កាលពី​ឆ្នាំ​២០០៨ ដើម្បី​អន្តរាគមន៍​ជួយ​​ពាណិជ្ជករ​បារាំង​ប៊ែរណា តាពី ក្នុង​ជម្លោះ​​ជាមួយ​ធនាគារ​បារាំង​ Crédit Lyonnais។ ចៅក្រម​ស៊ើបអង្កេត​​បារាំង​ជាច្រើន​រូបទៀត​ក៏អាច​ចាប់អារម្មណ៍​សៀវភៅ​នេះ​ ក្នុង​​សំណុំរឿង​ចោទប្រកាន់​លើ​អតីតប្រធានាធិបតី​សាកូហ្ស៊ី ថា​ប្រហែល​​បាន​ទទួល​ប្រាក់ឧបត្ថម្ភ​ការឃោសនា​បោះឆ្នោត​ឆ្នាំ២០០៧ ពី​ប្រធានាធិបតី​ប្រទេស​លីប៊ី មូអាម៉ា ខាដាហ្វ៊ី​ផងដែរ ទើបក្រោយ​​មកធ្វើអោយ​​​លោកសាកូហ្ស៊ី​សម្រេច​អោយ​​បារាំង​ធ្វើសង្គ្រាម​នៅ​លីប៊ី ដើម្បី​បំបាត់ភស្តុតាង​។

គួរបញ្ជាក់ថា ​​ទាក់ទង​សំណុំរឿង​នេះ ​​​រដ្ឋអាជ្ញា​ទទួលបន្ទុក​បទល្មើស​ហិរញ្ញវត្ថុ​​ ​ បាន​​បើក​ការស៊ើបអង្កេត​​​​ពី​បញ្ហា​​នៃ​ការបំពាន​ការសំងាត់​តុលាការ​ និង​ការបំពាន​អំណាច​​ក្រោយពេល​​បាន​ទទួលព័ត៌មាន​ថា លោកសាកូហ្ស៊ី​និង​​មេធាវី​របស់​លោក​មួយរូប ​ធ្លាប់​បាន​ពិភាក្សា​គ្នា​​ចង់​សុំអោយ​​​រដ្ឋអាជ្ញា​មួយរូប ជួយ​​​​ស៊ើប​សួរ​​ព័ត៌មាន​ស្តីពី​និតិវិធី​បណ្តឹង​ទាក់ទង​សៀវភៅកត់ត្រា​កិច្ចការ​ប្រចាំថ្ងៃ​នេះ៕  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ