អានតួអត្ថបទ
បារាំង

តុលាការ​រក្សា​ការ​ចោទប្រកាន់​អតីត​ប្រធានាធិបតី​បារាំង​សាកូហ្ស៊ី​ ក្នុង​សំណុំរឿង​គ្រួសារ​បេតង់គួ​

នៅថ្ងៃ​អង្គារ​នេះ សាលា​ឧទ្ទរណ៍​បារាំង​​ បាន​សំរេច​បន្តការចោទប្រកាន់​​លើ​អតីប្រធានាធិបតី​បារាំង គឺ​លោក នីកូឡា សាកូហ្ស៊ី ​ក្នុង​សំណុំរឿង​​ក្តីក្តាំ​គ្រួសារ​លោកស្រី​បេតង់គួ ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​គ្រឿងសំអាងកាយ​ L’OREAL សេដ្ឋីនី​ដ៏​មានទ្រព្យសម្បត្តិ​ស្តុកស្តម​​​នៅបារាំង​នោះ។ គួររំលឹកថា លោក​សាកូហ្ស៊ី​ធ្លាប់​​រងការ​ចោទប្រកាន់​ថា បាន​​ទទួល​លុយ​ខុសច្បាប់​ពី​គ្រួសារ​បេតង់គួ ដើម្បី​យកទៅ​​ឧបត្ថម្ភ​ការ​ឃោសនាបោះឆ្នោត​គណបក្ស ​UMP របស់​លោក​ នៅ​​ឆ្នាំ​២០០៧។

អតីតប្រធានាធិបតី​បារាំង​ លោក Nicolas Sarkozy
អតីតប្រធានាធិបតី​បារាំង​ លោក Nicolas Sarkozy REUTERS/Francois Lenoir
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​អង្គារ​នេះ សាលាឧទ្ទរណ៍​បារាំង​នៅ Bordeaux ភាគខាងនិរតី​​ប្រទេស​បារាំង បាន​សំរេច​អនុម័ត​ទទួលយក​ការ​វិនិច្ឆ័យ​របស់​ក្រុមគ្រូពេទ្យ​បារាំង ដែល​បាន​សន្និដ្ឋានថា​ លោកស្រី បេតង់កួរ អាយុ​៩០ឆ្នាំ ជា​ ម្ចាស់​ក្រុមហ៊ុន​គ្រឿងសំអាងកាយ​ L’OREAL បាន​រង​នូវ​​សភាព​វង្វេងវង្វាន់​​ដោយភាព​ចាស់ជរា តាំង​តែ​ពី​ខែ​កញ្ញា​ ឆ្នាំ​២០០៦ ម្ល៉េះ គឺ​កាល​​គាត់​មាន​អាយុ​៨៤ឆ្នាំ។ ដូច្នេះ​ ជនមួយចំនួន​ បាន​ឆ្លៀតឳកាស​កេងចំណេញប្រាក់កាស​ ​​ពី​ភាព​ទន់ខ្សោយ​របស់​លោកស្រី។​

បែបយ៉ាង​ អតីត​​ប្រធានាធិបតី​បារាំង លោក នីកូឡា សារកូហ្ស៊ី ដែល​​​​ជាប់ចោទ​ថា បាន​ទទួលយក​លុយកាក់​ខុសច្បាប់​ពី​គ្រួសារ​បេតង់កួរ ដើម្បី​ឧបត្ថម្ភ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​​​របស់​គណបក្ស​លោក នៅ​ឆ្នាំ​២០០៧។ ​អតីត​គណនេយ្យករ​របស់​លោកស្រី​បេតង់កួ ធ្លាប់​បាន​ប្រាប់​ប៉ូលិសថា ខ្លួន​ធ្លាប់​បាន​ដកលុយ​សុទ្ធ​​ប្រមាណ​ ១៥ម៉ឺនអឺរ៉ូ សំរាប់​​​វិភាគទាន​​ការ​​ឃោសនា​បោះឆ្នោត​របស់​លោក​សាកូហ្ស៊ី។

សាលាឧទ្ទរណ៍​សំរេច​បន្ត​ការ​ចោទប្រកាន់​លើ​លោក​សាកូហ្ស៊ី និង​មនុស្ស​១១នាក់ទៀត ​ក្នុង​សំណុំរឿង​នេះ។ ទន្ទឹម​​នេះដែរ ចាប់ពីពេល​នេះទៅ ចៅក្រម​បីរូប​​អាច​សំរេច​បាន​ថា តើ​ជន​រូបណា​​​​ដែល​គ្មាន​វត្តមាន​​ក្នុង​ហេតុការណ៍​កេងចំណេញភាព​ទន់ខ្សោយ​របស់​ស្ត្រី​មហាសេដ្ឋី​រូបនេះ ហើយ​ជន​ណាខ្លះទៀត ដែល​នឹង​ត្រូវ​បញ្ជូន​ទៅអោយ​​តុលាការ​ជំនុំជម្រះ។

មេធាវី​របស់​ជនជាប់ចោទ​នានា​​ បាន​សង្ស័យពី​ភាព​មិន​អព្យាក្រិត​របស់​ចៅក្រម​ Jean Michel Gentil ព្រោះ​យោងតាម​ពួកគេ គ្រូពេទ្យ​មួយរូប​​ក្នុង​ចំណោម​គ្រូពេទ្យ​ទាំង​៥រូប ដែល​​ចេញ​សេចក្តី​​​វិនិច្ឆ័យ​នេះ មានទំនាក់ទំនង​​ជិតដិត​ជាមួយ​ចៅក្រម​រូបនេះ។ ហើយ​ចៅក្រម​រូបនេះ បាន​សំរេច​យក​អ្នកជំនាញ​ផ្លូវការ​ខួរក្បាល​ពីររូប ដែល​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​​ផ្លូវការ​នោះ អោយ​មក​ធ្វើការ​វិនិច្ឆ័យ​ស្ថានភាព​សុខភាព​លោកស្រីបេតង់គួ៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ