អានតួអត្ថបទ
បារាំង

តើ​ការ​ប្រកួត​បាល់ទាត់ ​Euro 2016 ​អាច​ផ្តល់​ផលចំណេញ​អ្វីខ្លះ​ដល់​សេដ្ឋកិច្ច​បារាំង?

ដើម្បី​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡាបាល់ទាត់​ដណ្តើម​ពានរង្វាន់​អឺរ៉ុប​នេះ បារាំង​ត្រូវ​ការ​ចំណាយ​យ៉ាងច្រើន ទាំង​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស ពហុកីឡាដ្ឋាន និង​ទាំង​ទៅលើ​ការ​រក្សា​សន្តិសុខ។ សំណួរ​ចោទឡើង​ថា បារាំង​ទទួល​បាន​ផល​ចំណេញ​អ្វី​មកវិញ​ពី​ការ​ប្រកួត​នេះ?

បារាំង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​បាល់ទាត់​ដណ្តើម​ពានរង្វាន់​អឺរ៉ុប (Euro2016) ពីថ្ងៃ​ទី១០​មិថុនា ដល់​ថ្ងៃ​ទី១០កក្កដា ឆ្នាំ​២០១៦
បារាំង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​បាល់ទាត់​ដណ្តើម​ពានរង្វាន់​អឺរ៉ុប (Euro2016) ពីថ្ងៃ​ទី១០​មិថុនា ដល់​ថ្ងៃ​ទី១០កក្កដា ឆ្នាំ​២០១៦
ផ្សាយពាណិជ្ជកម្ម

ជាការពិត​ថា ការរៀបចំ​ប្រកួត​កីឡា​ខ្នាត​អន្តរជាតិ ដូចជា បាលទាត់​ពានរង្វាន់​អឺរ៉ុប​នេះ ទាមទារ​ឲ្យ​មាន​រចនាសម្ព័ន្ធ​កីឡា​រឹងមាំ ទាំង​ពហុកីឡាដ្ឋាន​​ដើម្បី​ទទួល​ការ​ប្រកួត និង​ទាំង​ការ​ទទួល​ទស្សនិកជន​រាប់លាន​នាក់ ដែល​មក​ពី​ទូទាំង​ប្រទេស​បារាំង និង​មក​ពី​ទូទាំង​តំបន់​អឺរ៉ុប​ទាំងមូល។

ក៏ប៉ុន្តែ បារាំង​គឺ​ជា​ប្រទេស​ដែល​ធ្លាប់​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​ធំៗ​បែបនេះ​ជាច្រើន​លើក​រួចមកហើយ ហេដ្ឋារចនាសម្ព័ន្ធកីឡា​​ក៏​មាន​ស្រាប់​មិនតិច​នោះដែរ។ ដូច្នេះ ការ​ចំណាយ​ទៅលើ​ការ​សាងសង់ ឬ​កែលម្អ​រចនាសម្ព័ន្ធ​កីឡា​នេះ មិនសូវ​ជា​មាន​ទំហំ​ធំធេង ដូចជា​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដំបូង​នោះទេ ហើយ​លើសពីនេះ​ទៅទៀត ការចំណាយ​ទាំងនេះ ត្រូវ​ទទួល​រ៉ាប់រង​មួយផ្នែក​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប ហៅកាត់​ថា UEFA។

រីឯ​ផលចំណេញ​ដែល​បារាំង​អាច​ទទួល​បាន​ពី​ការ​ប្រកួត​​រយៈពេល​មួយខែ​នេះ គឺ​មាន​ច្រើន ទាំង​ប្រាក់​ចំណូល​ដែល​បានពី​ការ​ប្រកួតដោយ​ផ្ទាល់ រួមមាន​ដូចជា​ការ​លក់​សំបុត្រ និង​ការ​លក់​សិទ្ធិ​ផ្សាយ​បន្តផ្ទាល់​ទៅ​ឲ្យ​ទូរទស្សន៍ និង​ទាំង​ផល​ចំណេញ​ផ្នែក​សេដ្ឋកិច្ច ដែល​ទាញ​យក​បាន​ពី​ការ​ចំណាយ​នៅ​ក្នុង​ដំណាក់​កាល​រៀបចំ​ការ​ប្រកួត និង​ក្នុង​អំឡុង​ពេល​ប្រកួត។

គេ​មិន​ត្រូវភ្លេចទេ​ថា ទស្សនិកជន​រាប់លាន​នាក់​ដែល​ធ្វើ​ដំណើរ​មកក្នុង​ប្រទេស​បារាំង ដើម្បី​ទស្សនា​ការ​ប្រកួត​នេះ គឺ​ត្រូវចំណាយ​លុយ​ទៅលើ​ការ​ធ្វើ​ដំណើរ ហូបចុក និង​ស្នាក់​នៅ ហើយវា​ជា​ការ​ចំណាយ​ដែល​អាច​មាន​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​ជាតិ​បារាំង ទាំង​ក្នុង​រូបភាព​ជា​ការ​ចំណូល​ពន្ធ​ដល់​រដ្ឋ ​ទាំង​ក្នុង​រូបភាព​ជា​ការ​បង្កើន​ប្រាក់​ចំណូល​ដល់​ពាណិជ្ជករ និង​សហគ្រាស​បារាំង និង​​ការ​បង្កើត​ការងារ​ដល់​ប្រជាជន​បារាំង។

យោងតាម​ការសិក្សា​របស់​វិទ្យាស្ថាន​មួយ​ជំនាញ​ខាង​សេដ្ឋកិច្ច​នៃ​កីឡា គេ​ធ្វើ​ការ​ប៉ាន់​ស្មាន​ជា​រួម​ថា ផលចំណេញ​ខាង​ផ្នែក​សេដ្ឋកិច្ច ដែល​បារាំង​អាច​ទាញ​យក​បាន​ពី​ការ​ប្រកួត​កីឡា​បាល់ទាត់​ដណ្តើម​ពានរង្វាន់​អឺរ៉ុប​នៅ​ពេលនេះ បើគិតជា​ទឹកប្រាក់ គឺ​អាច​មាន​ប្រមាណ​ជា​ ១ពាន់៣រយលាន​អឺរ៉ូ។ ក៏ប៉ុន្តែ នេះ​គេ​នៅមិនទាន់​ទូទាត់​នៅឡើយទេ ជាមួយ​នឹង​ការ​ខាតបង់​ជា​យថាហេតុ ដែល​អាច​កើតមានឡើង ដោយសារ​តែ​សកម្មភាព​បាតុកម្ម និង​កូដកម្ម ដែល​កំពុងតែ​កើតមាន​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ