អានតួអត្ថបទ
បារាំង​-ម៉ាលី

បារាំង​មិន​ទន់​ជ្រាយ នឹង​ការសម្លាប់​អ្នក​កាសែត​RFI នៅ​ម៉ាលី

រដ្ឋមន្រ្តី​ការបរទេស​បារាំង​បាន​ប្រកាស​ថា បារាំង​នឹងកាត់បន្ថយ​ចំនួន​ទាហាន​ពី​ម៉ាលី ចាប់ពី​ខែ​មករា​នេះ​តទៅ តាម​ការគ្រោង​ទុក​ពីមុន បើទោះបីជា​មាន​ការ​សម្លាប់​អ្ន​កកាសែត RFI ពីរនាក់ នៅ Kidal ​ប៉ែក​ខាង​ជើង​ម៉ាលី កាល​ពីថ្ងៃ​សៅរ៍។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា​នេះ ទាហាន​បារាំង​ជាច្រើន​នាក់​ត្រូវបាន​បញ្ជូន​បន្ថែម ទៅកាន់​តំបន់​ Kidal ដើម្បី​រឹតបន្តឹង​សន្តិសុខ​នៅទីនោះ។ ឯ​​​ការ​គោរពវិញ្ញាណក្ខន្ធ​ដល់​អ្នក​កាសែត​ទាំងពីរ បាន​ប្រារព្ធ​ធ្វើ​ជា​ហូរហែ។

ទីស្នាក់ការ​ RFI ថ្ងៃទី ៥ វិច្ឆិកា
ទីស្នាក់ការ​ RFI ថ្ងៃទី ៥ វិច្ឆិកា ©Pierre René-Worms
ផ្សាយពាណិជ្ជកម្ម

នៅ​រសៀល​ថ្ងៃ​នេះ ការ​​គោរព​វិញ្ញាណនក្ខន្ធ ដល់​អ្នកកាសែត​​របស់​វិទ្យុបារាំង​ទាំង​ពីរ​ ត្រូវ​ប្រារព្ធ​ធ្វើ​លក្ខណៈផ្លូវការ​ មាន​ទាំង​ក្រុមគ្រួសារ​ មិត្តភក្តិ និង​មិត្ត​រួមការងារ​ទាំង​អស់​ចូល​រួម ដោយ​មាន​ការ​ចាក់​ផ្សាយ​បន្ត​ផ្ទាល់​តាម​រលក​ធាតុអាកាស​វិទ្យុ​បារាំង​អន្តរជាតិ​ចាប់​ពី ២​រសៀល​ ម៉ោង​នៅ​ប្រទេស​បារាំង ត្រូវ​នឹង​ម៉ោង​៨ ម៉ោង​នៅ​ភ្នំពេញ។ ​ម្សិលមិញ នៅ​វេលា​ម៉ោង១២និង​៣០​នាទី វិទ្យុ​បារាំង​អន្តរជាតិ​បាន​រៀប​ចំ​ពិធី​​​ស្មឹងស្មាធិ៍​នៅ​ទីស្នាក់ការ​ RFI ដើម្បី​ឱ្យ​​បុគ្គលិក​ទាំង​អស់​របស់​វិទ្យុ​បារាំងអាច​ចែក​រំលែក​ទុក្ខ​ដ៏​ក្រៀម​ក្រំនេះ។ លើស​ពី​នេះ​ទៅ​ទៀត នៅ​រដ្ឋ​សភា​ជាតិ​ អ្នក​តំណាងរាស្រ្ត​ក៏​បាន​នាំគ្នា​ធ្វើការ​ស្មឹងស្មាធិ៍​១នាទី​ដែរ ដើម្បី​ជា​ការ​គោរពវិញ្ញានក្ខខន្ធ​ដល់​អ្នក​កាសែត​ទាំងពីរ។

 
ទន្ទឹម​នឹង​ការ​កាន់​មរណទុក្ខ​នេះ បារាំង​មិន​បាក់​ស្បាត​ខ្លប​ខាច​ទេ។ ការ​វែក​រក​មុខ​ ភេរវជន-​ឃាតករ មាន​ដំណើរ​ការ​ទៅមុខ​ច្រើន។ មនុស្ស​ប្រមាណ​៣៥​នាក់​ ដែល​​ចាប់​ខ្លួនបាន​​ ក្នុង​រយៈ​ពេល​៤៨​ម៉ោង​ចុងក្រោយ សុទ្ធ​សឹង​ជា​មនុស្ស​ជំនិត ស្និទ្ធ ឬ​ស្គាល់​ ពួក​កង​កុំម្មង់ដូ​ដៃដល់​នោះ។ តាមរយៈ​ឯកសារ​បន្សល់​ទុក​នៅ​លើ​រថយន្ត​របស់ Ghislaine Dupont និង​Claude Verlon ក្រុម​អ្នក​សង្កេត​សម្ងាត់ អាចកំណត់​សម្គាល់​ជន​ដៃដល់ បី​ឬ​បួន​នាក់ ដែល​​​បើ​តាម​ប្រភព​ព័ត៌មានRFI ​​ មិន​ទាន់​​​ចាប់​ខ្លួន​បាន​នៅ​ឡើយ​ទេ នា​ពេល​នេះ។ នៅ​ក្នុង​ចំណោម​នោះ ​​មាន​​ម្នាក់​​ស្និទ្ធ​នឹង​ក្រុម​ភេរវនិយម​អ៊ីស្លាម​នៅ អាហ្វ្រិក AQMI ធ្លាប់​ជាប់​ចោទ​ និង​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​របស់​ម៉ាលី។ នេះ​បើ​តាម​ការ​បង្ហើប​ឱ្យ​ដឹង​របស់​កាសែត​ឡឺម៉ុង។ ភេរវជន​រូប​នេះ​ទំនង​ជា​បាន​ជួយ​ឧបត្ថម្ភ​ ដល់​ក្រុម​ភេរវជន មួយ​ក្រុម​ទៀត ដែល​ទើប​ដោះលែង​​ចំណាប់​ថ្នូរ​បារាំង​បួន​នាក់​ កាលពី​សប្តាហ៍​មុន។

គីដាល ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សម្បុក​ភេរវជន​ ជីហាត ដ៏​ធំមួយ ដែល​តាំង​ពី​ចាប់​ផ្តើម​បើក​ប្រតិបត្តិការ​យោធា​ភ្លាម ក្រុម​ទាហាន​Serval បាន​សម្តែង​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ ក្រោយ​ពី​បាន​បណ្តេញ​ពី​​ភេរវជន​ចេញ​អត់ ព្រោះ​មិន​ចង់​ច្របូល​ច្របល់​នឹង​កិច្ច​ការ​ផ្ទៃក្នុង​តំបន់​នេះ។ ប៉ុន្តែ​ពេលនេះ​ ក្រោយ​មរណភាព​របស់​អ្នកកាសែត​វិទ្យុ​RFI បារាំង​យល់​ថា​ជា​ការ​ចាំ​បាច់​ដែល​ត្រូ​វ​ពង្រឹង​សន្តិសុខ​ ដោយ​បាន​បញ្ជូន​កម្លាំង​ប្រដាប់​អាវុធ​ប្រមាណ​ជាង​១៥០​នាក់​បន្ថែម​ទៅ​ភាគ​ខាង​ជើង​ម៉ាលី​ ទៅ​ធានា​សុវត្ថិភាព​ ព្រោះ​ការ​បោះឆ្នោត​កាន់​តែ​ខិត​ចូល​មក​ដល់ (២៤​វិច្ឆិកា)។ ប៉ុន្តែ​កាលវិភាគ​របស់​ប្រតិបត្តិការ​Serval នឹង​មិន​ត្រូវ​កែប្រែ​ឡើយ។ កង​កម្លាំង​ទាំង​៣ពាន់​ក្នុង​ប្រតិបត្តិការ​នេះ​នៅ​រក្សា​ដដែល គ្រាន់​តែ​ប្តូរ​ទី​តាំង​ភូមិសាស្ត្រ​ បង្វែរ​ពី​ត្បូង​ទៅ​ពង្រឹង​នៅ​ភាគ​ខាង​ជើង​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ