អានតួអត្ថបទ
កម្ពុជា

អាដហុក ៖ សេរី​ភាព​បញ្ចេញ​មតិ​នៅ​ក​ម្ពុជា​​អា​ក្រក់​បំ​ផុត​ក្នុង​ឆ្នាំ​ ២០១៤​

នៅ​ព្រឹក​ថ្ងៃ ​ព្រហស្បតិ៍ ​ទី ​២៨ ​សីហា​នេះ ​សមា​គម​អាដហុក​បាន​ចេញ​របាយ​ការណ៍​មួយ​ស្តី​ពី​សេរី​ភាព​បញ្ចេញ​មតិ​ឆ្នាំ ​២០១៤ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ​សមា​គម​នេះ ​បាន​វាយ​តម្លៃ​ថា ​សេរី​ភាព​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ស្ថាន​ភាព​អាក្រក់​ពុំ​ធ្លាប់​មាន​នៅ​ក្នុង​ឆ្នាំ​ ២០១៤​ នេះ​​។​ ប៉ុន្តែ​មន្ត្រី​រដ្ឋា​ភិបាល​បាន​ច្រាន​ចោល​របាយ​ការណ៍​នេះ​ ដោយ​លើក​ឡើង​ថា ​សេរី​ភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​ គឺ​មាន​ភាព​ទូលំ​ទូលាយ​។

អាដហុក ​បញ្ចេញ​របាយការណ៍​ស្តី​ពី​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ​២០១៤​។​
អាដហុក ​បញ្ចេញ​របាយការណ៍​ស្តី​ពី​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ​២០១៤​។​ RFI
ផ្សាយពាណិជ្ជកម្ម

"ឆ្នាំ​ ២០១៤​ គឺ​ជា​ឆ្នាំ​ដែល​អា​ក្រក់​បំ​ផុត​នៃ​ការ​រឹត​ត្បិត​ទៅ​លើ​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ"។ ​នេះ​ គឺជា​ការ​លើក​ឡើង​របស់​លោក ​នី ​ចរិយា​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស ​របស់​សមា​គម​ អាដហុក ​ក្នុង​ពេល​ចេញ​ផ្សាយ​របាយ​ការណ៍​សេរីភាព​បញ្ចេញ​មតិ​ឆ្នាំ​ ២០១៤​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។លោក នី ចរិយា ​បាន​លើក​ហេតុ​ផល​ដោយផ្អែកលើរបាយការណ៍ថា ​ដោយ​សារ​ក្នុង​ឆ្នាំ ​២០១៤​ នេះ ​អាជ្ញាធរ​បាន​បិទ​ទីលាន​ប្រជាធិប​តេយ្យ​មិន​ឲ្យ​មាន​ការ​ជួប​ជុំ ​និង​រាល់​ការ​ធ្វើ​បាតុ​កម្ម​ដោយ​សន្តិ​វិធី​ត្រូវ​បាន​បង្ក្រាប​ដោយ​ហិង្សា​រហូត​មាន​បាតុ​ករ​ស្លាប់ ​និង​ របួស​ជា​ដើម​។

បន្ថែមលើនេះ របាយ​ការណ៍​របស់​អាដហុក ​បាន​បញ្ជាក់​ថា ​ រដ្ឋា​ភិបាល​បាន​រឹត​បន្តឹង​លើ​សារ​ព័ត៌មាន​ឯក​រាជ្យ​ និង​ ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​បទ​ល្មើស​តាម​អ៊ីនធើណីត​។ ​កត្តា​ទាំង​នេះ ​សុទ្ធតែ​រួមចំ​ណែក​ក្នុង​ការ​បំ​បិទ​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក​ ទិត​ សុធា​ អនុ​ប្រធាន​អង្គ​ភាព​ព័ត៌​មាន ​និង​ប្រតិ​កម្ម​រហ័ស​នៃ​ទី​ស្ដី​ការ​គណៈរដ្ឋ​មន្ត្រី​បាន​ច្រាន​ចោល​នូវ​របាយ​ការណ៍​របស់​សមា​គម​អាដ​ហុក​នេះ​។ ​លោក​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ថា ​រាល់​ការ​បញ្ចេញ​មតិ​ទាំង​ឡាយ​ដែល​ស្ថិត​ក្រោម​ច្បាប់​ និង​ មិន​ប៉ះ​ពាល់​ដល់​សិទ្ធិអ្នក​ដទៃ​នោះ​ គឺ​មិន​មាន​អ្នក​ណា​ហាម​ឃាត់​នោះ​ទេ​។​

លោក​ បាន​លើក​ឡើង​ថា​ កន្លង​មក​ដោយ​សារ​សកម្ម​ភាព​មួយ​ចំនួន​បាន​បំពាន​ច្បាប់​ ទើប​រដ្ឋាភិ​បាល​មាន​វិ​ធាន​ការ​តាមផ្លូវ​ច្បាប់​ ដើម្បី​ទប់​ស្កាត់​។ ​ លោក ​ទិត​ សុធា ​បាន​គូស​បញ្ជាក់​ថា ​ការ​ប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ​នៅ​កម្ពុជា​ គឺ​មាន​ការ​បើក​ទូ​លាយ ​និង​ ផុល​ផុស​ណាស់​នៅ​ពេល​បច្ចុប្បន្ន​។

យ៉ាង​ណា​ក៏​ដោយ​ លោក​ នី​ ចរិយា ​បាន​សង្កត់​ធ្ងន់​ថា ​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​គឺ​ ស្ថិតក្នុង​កណ្តាប់​ដៃ​របស់​អ្នក​នយោបាយ។​ ប្រសិន​បើ​អ្នក​នយោបាយ​ត្រូវ​រូវ​គ្នា​នោះ ​សេរី​ភាព​បញ្ចេញ​មតិ ​ក៏​ត្រូវ​បាន​បើក​ទូលាយ​ផង​ដែរ​។

បន្ថែម​លើ​នេះ ​របាយ​ការណ៍​របស់​សមា​គម​អាដហុក​ក៏​បាន​ផ្តល់​អនុ​សាសន៍​មួយ​ចំនួន​ ដល់​រដ្ឋាភិ​បាល​ដែល​រួម​មាន​ដូច​ជា ​គោរព​ច្បាប់​ជាតិ​ និង​ អន្តរ​ជាតិ​ដើម្បី​ការ​ពារ​សេរី​ភាព​បញ្ចេញមតិ​ ហើយ​ធា​នា​ថា ​ច្បាប់​ទាំង​នោះ​ត្រូវ​បាន​អនុ​វត្ត​យ៉ាង​សម​ស្រប​។ ​រដ្ឋា​ភិបាល​មិន​ត្រូវ​ជ្រៀក​ជ្រែក​ក្នុង​សារ​ព័ត៌​មាន​ និងត្រូវ​ផ្តល់​អាជ្ញាប័ណ្ណ​ដល់វិទ្យុ ​និង​ ទូរទស្សន៍​ឯករាជ្យ​ផ្សេងៗ ​ជាដើម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ