អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

បទ​ឈប់បាញ់ថ្មី​៧២​ម៉ោង​ ចូលជា​ធរមាន​នៅ​ហ្កាហ្សា​

អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស​បាន​យល់ព្រម​​​អោយ​មាន​​បទឈប់បាញ់​ថ្មី​មួយទៀត ​នៅ​តំបន់​ហ្កាហ្សា ​សម្រាប់​រយៈពេល​៧២ម៉ោង។ បទឈប់បាញ់​បាន​ចូលជា​ធរមាន​ ​ចាប់​ពី​អាធ្រាត​​ ថ្ងៃ​អាទិត្យ​ម្សិលមិញ។ ​ភាគី​ទាំង២​​​ដែល​មើលទៅ ​ហាក់​គោរព​បទឈប់បាញ់​ថ្មី​នេះ បាន​ល្អ បាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃ​អាទិត្យ​ចូល​ចរចា​​​​គ្នា នៅ​អេហ្ស៊ីប ដើម្បី​​សម្រេច​អោយ​មាន​បទ​ឈប់បាញ់​​យូរអង្វែង​ ​នៅ​ហ្កាហ្សា។ ​នៅថ្ងៃ​ចន្ទនេះ ក្រុម​អ្នកចរចា​​អ៊ីស្រាអែល ​​បាន​ធ្វើដំណើរ​មកដល់​ក្រុង​គែរ​​ហើយ។

Moussa Abu Marzouk ជា​អ្នកចរចា​​​មកពី​ការិយាល័យ​នយោបាយ​ក្រុម​ហាម៉ាស នៅ​​ក្រុងគែរ ថ្ងៃ​៩សីហា ឆ្នាំ២០១៤។
Moussa Abu Marzouk ជា​អ្នកចរចា​​​មកពី​ការិយាល័យ​នយោបាយ​ក្រុម​ហាម៉ាស នៅ​​ក្រុងគែរ ថ្ងៃ​៩សីហា ឆ្នាំ២០១៤។ REUTERS/Asmaa Waguih
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​បទឈប់បាញ់​ថ្មី​៧២ម៉ោង​ ​ចូលជា​ធរមាន​នៅអាធ្រាត​ថ្ងៃ​អាទិត្យ​ ឈាន​ចូល​ព្រឹក​ថ្ងៃ​ចន្ទ​នេះ គេ​មិន​បាន​ឃើញ​គ្រាប់រ៉ុកកែត​​ណាមួយ​ផ្លោង​​ចេញ​ពី​ក្រុង​ហ្កាហ្សា ទៅ​លើ​​ទឹកដី​អ៊ីស្រាអែល​ទេ។ ហើយ​កងទ័ព​អ៊ីស្រាអែល​វិញ ​​ក៏​មិនបាន​ធ្វើ​សកម្មភាព​​យោធា​អ្វី​​ដែរ។ ពេលនេះ ​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​​ ត្រូវ​ចរចា​គ្នា​ប្រយោល ក្រោម​អន្តរាគមន៍​របស់​អាជ្ញាធរ​អេហ្ស៊ីប នៅ​ក្រុងគែរ ដើម្បី​​ធ្វើអោយ​​បទឈប់បាញ់​ថ្មី​នេះ ​ស្ថិតស្ថេរ​យូរអង្វែង​ទៅមុខ។

អ៊ីស្រាអែល​បាន​​ព្រមានដាក់​លក្ខខណ្ឌ​​​ជាមុន​ថា ការចូលរួមចរចា​​ជាមួយ​ប៉ាឡេស្ទីន​នេះ គឺ​ត្រូវតែ​ធ្វើឡើង ​ក្រោម​​បទឈប់បាញ់ ពោលគឺ​ក្រុម​ហាម៉ាស​មិនត្រូវ​បង្ក​ហិង្សា​ ពេល​កំពុង​មាន​កិច្ច​ចរចា​នេះទេ។ ចំណែក​ភាគី​ហាម៉ាស​វិញ ​បាន​រំលឹក​ឡើងវិញថា បទឈប់បាញ់​អាច​ស្ថិតស្ថេរ​យូរអង្វែង​បាន​ លុះត្រា​អ៊ីស្រាអែល​​​ឈប់​បិទខ្ទប់​តំបន់​ហ្កាហ្សា​តទៅទៀត។ ទោះ​ជា​បទឈប់បាញ់​​ពេលនេះ ​ហាក់​ត្រូវបាន​គោរព​ក្តី ​លោក​យូវ៉ាល់ ស្តីនីត ជា​រដ្ឋមន្ត្រី​​អ៊ីស្រាអែល​ទទួល​បន្ទុក​ផ្នែកចារកិច្ច ​បាន​​​​សុំអោយ​មាន​ការ​ប្រុងប្រយ័ត្ន។ ​​​​​លោក​ស្តីនីត​​​​បាន​បង្ហាញ​ជំហរ​ចង់ឈ្នះ​របស់​អ៊ីស្រាអែល​ថា​​ ​​ក្រោយ​​ពេល​​អ៊ីស្រាអែល​​ឈ្នះ​​លើ​ក្រុម​ហាម៉ាស​ផ្នែកយោធា​នៅ​ហ្កាហ្សា ​ពេលនេះ ​អ៊ីស្រាអែល​​ក៏​ត្រូវតែ​​​ទទួលជោគជ័យ​ផ្នែក​ចរចា​នយោបាយ​ជាមួយ​​​​ក្រុម​ហាម៉ាស​​​ដែរ។

គួររំលឹក​ថា​ ​មុន​ពេល​​​បទឈប់បាញ់​៧២ម៉ោង ​ចូល​ធរមាន​​ព្រឹក​​​ថ្ងៃ​ចន្ទ​នេះ ​​​បទឈប់បាញ់មុន​​​​ដែល​​ផុត​កំណត់កាលពី​​ថ្ងៃ​សុក្រ​ ​គ្មាន​អត្ថន័យ​​ជាក់ស្តែង​ទេ។ ក្រោយ​បទឈប់បាញ់​ផុត​កំណត់​​កាលពី​ថ្ងៃសុក្រភ្លាម​​ អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស​បាន​បន្ត​ប្រយុទ្ធ​គ្នា ​និង​បាន​ចោទគ្នា​រៀងៗខ្លួន​ថា រំលោភ​​​​បទឈប់បាញ់។ ​អ៊ីស្រាអែល​ចោទ​ក្រុម​ហាម៉ាស​ថា ផ្លោង​រ៉ុកកែត​ចូល​ទឹកដី​ខ្លួន ខណៈ​ក្រុម​ហាម៉ាស​ចោទ​អ៊ីស្រាអែលវិញ​​​ថា ​នៅ​តែ​បិទខ្ទប់​តំបន់​ហ្កាហ្សា ផ្ទុយ​ពី​​​សំណូមពរ​ប៉ាឡេស្ទីន។ ​

ប្រតិបត្តិការ​យោធា​អ៊ីស្រាអែល​កំចាត់​ក្រុម​ហាម៉ាស​ និង​កំទេច​រូងដី​ប៉ាឡេស្ទីន​​នៅ​ហ្កាហ្សា ​តាំង​ពី​ដើមខែ​​កក្កដា បាន​សម្លាប់​មនុស្ស​ជិត​​២០០០នាក់ ភាគច្រើន​ជា​ជនស៊ីវិល​ប៉ាឡេស្ទីន។ ​ក្នុង​នោះ មាន​កុមារ​ប៉ាឡេស្ទីន​​៤៤៧នាក់​។ អ៊ីស្រាអែល​វិញ​បាន​​បាត់បង់​កងទ័ព​ខ្លួន​៦៤នាក់៕ ​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ