អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

ក្រុមហាម៉ាស​បាញ់​គ្រាប់​រ៉ុកកែត​ដាក់​អ៊ីស្រាអែល បន្ទាប់ពី​បទ​ឈប់បាញ់​ត្រូវ​ចប់​នៅថ្ងៃ​សុក្រ

នៅថ្ងៃ​សុក្រ​ទី ៨ សីហា គឺ​នៅប៉ុន្មាន​នាទី​បទឈប់​បាញ់មនុស្ស​ធម៌​រយៈពេល​បីថ្ងៃ បាន​ចូល​ដល់​ទីបញ្ចប់ ក្រុមហាម៉ាស​បាន​បាញ់​រ៉ុកកែត ផ្លោង​ដាក់​ទឹកដី​ភាគខាងត្បូង​អ៊ីស្រាអែល ដោយ​មិនបាន​បណ្តាល​ឲ្យ​មាន​ការខូចខាត និង​សម្លាប់​ជីវិត​មនុស្ស។ នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល​បាន​បញ្ជា​ឲ្យ​ប្រយុទ្ធ​តប​វិញ ដោយ​ទ័ព​ជើងអាកាស​អ៊ីស្រាអែល​បាន​បើក​ការ​វាយប្រហារ​ទៅលើ​ទីក្រុង​ហ្កាហ្សា និង​ភាគកណ្តាល​របស់​តំបន់​ហ្កាហ្សា។ 

ផ្សែង​ហុយទ្រលោម ក្រោយ​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​បាញ់​ប្រហារ​ទៅលើ​ទីក្រុង​ហ្កាហ្សា នៅថ្ងៃ​ទី ៨​ខែ​សីហា ​
ផ្សែង​ហុយទ្រលោម ក្រោយ​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​បាញ់​ប្រហារ​ទៅលើ​ទីក្រុង​ហ្កាហ្សា នៅថ្ងៃ​ទី ៨​ខែ​សីហា ​ ©REUTERS/Ahmed Zakot
ផ្សាយពាណិជ្ជកម្ម

កងទ័ព​អាកាស​អ៊ីស្រាអែល​បាន​វាយតប​វិញ​នឹង​ការបាញ់​គ្រាប់​រ៉ុកកែត​របស់​ក្រុមហាម៉ាស​នៅព្រឹកថ្ងៃ​សុក្រ។ តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការពារ​ជាតិ​អ៊ីស្រាអែល អ៊ីស្រាអែល​បាន​បាញ់​ប្រហារ​ទៅលើ​ទីតាំង​របស់​ក្រុមភេរវករ នៅក្នុង​ទីក្រុង​ហ្កាហ្សា។ កងទ័ព​អ៊ីស្រាអែល​បាន​វាយតម្លៃ​ថា មាន​គ្រាប់​រ៉ុកកែត​ជាង​១០គ្រាប់​បាញ់​ចូល​ទឹកដី​អ៊ីស្រាអែល​នៅ​ក្រោយ​ម៉ោង​៨ព្រឹក គឺ​នៅ​ប៉ុន្មាន​នាទី​ក្រោយ បទឈប់បាញ់​មនុស្ស​ធម៌​បាន​ឈាន​ដល់​ទី​បញ្ចប់។

 
ក្រុមជីហាត​អ៊ីស្លាម ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ក្រុមហាម៉ាស នៅ​តំបន់​ហ្កាហ្សា​បាន​ប្រកាស​ថា ខ្លួន​បាន​បាញ់​គ្រាប់រ៉ុកកែត​បីគ្រាប់​សំដៅ​អ៊ីស្រាអែល។ ក្រុមហាម៉ាស និង​ក្រុម​ជីហាត​ចាប់ផ្តើម​បាញ់​រ៉ុកកែត​ដាក់​អ៊ីស្រាអែល បន្ទាប់​ពី​ក្រុម​ទាំងពីរ​នេះ​បាន​បដិសេធ មិនព្រម​ពន្យារ​ពេល​បទឈប់បាញ់​ដែល​ត្រូវ​ចប់​នៅថ្ងៃ​សុក្រនេះ។

កាលពីថ្ងៃ​ព្រហស្បតិ៍ នៅ​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប ជា​ទី​ដែល​ក្រុមហាម៉ាស និង​អ៊ីស្រាអែល ត្រូវ​ចរចា​ដើម្បី​បង្កើត​បទឈប់បាញ់​យូរអង្វែង​នៅ​តំបន់ហ្កាហ្សា ក្រុមហាម៉ាស​បាន​ប្រកាស​មិនព្រម​បន្ត​បទឈប់​បាញ់ និង​បាន​ចោទប្រកាន់​អ៊ីស្រាអែល​ថា មិន​បាន​ឆ្លើយតប​ទៅនឹង​ការទាមទារ​របស់​ពួកគេ។ ក្រុមហាម៉ាស​បាន​ទាមទារ​ដាច់ខាត​ឲ្យ​អ៊ីស្រាអែល​ដក​ចំណាត់ការ​បិទខ្ទប់​ទៅលើ​តំបន់​ហ្កាហ្សា ប៉ុន្តែ អ៊ីស្រាអែល​បដិសេធ មិនព្រម ដោយ​ខ្លាច​ថា បើសិន​គេ​លែង​បិទខ្ទប់​ទៅលើ​តំបន់​ហ្កាហ្សា នោះ​ក្រុមហាម៉ាស​នឹង​អាច​បំពាក់​អាវុធ ដែល​គំរាម​ដល់​សន្តិសុខ​អ៊ីស្រាអែល។

ការវាយប្រហារ​ដាក់គ្នា​ទៅវិញ ទៅមក ជាថ្មី​បាន​ពន្លត់​ក្តីសង្ឃឹម​រក​ភាពស្ងប់ស្ងាត់​ សន្តិភាព​នៅ​តំបន់​ហ្កាហ្សា។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ អាមេរិក Fox News កាលពីថ្ងៃ​ព្រហស្បតិ៍ លោក​នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល បិនចាមីន នេតានីញ៉ាហ៊ូ បាន​និយាយ​ថា លោក​មិនច្បាស់ទេ ថា ការប្រយុទ្ធ​ជាមួយ​ក្រុម​ភេរវករ​នៅ​តំបន់​ហ្កាហ្សា​នឹង​អាច​បញ្ចប់។ នោះ​គឺ​អាស្រ័យ​ទៅលើ​ក្រុម​ហាម៉ាស​។ ក្រុមជីហាត​ដែល​ជាដៃគូ​របស់​ក្រុមហាម៉ាស​ប៉ាឡេស្ទីន បាន​អះអាង​កាលពី​ថ្ងៃ​ម្សិលមិញ​ដែរ​ថា ពួកគេ​បាន​ត្រៀមខ្លួន​រួចហើយ ដើម្បី​ត្រលប់​ចូល​សង្រ្គាម​ប្រយុទ្ធ​សា​ជាថ្មី។

គិត​ត្រឹម​ថ្ងៃ​សុក្រ​នេះ គឺ​មាន​រយៈពេល​មួយខែ​ត្រឹម​ដែល​អ៊ីស្រាអែល និង​ក្រុមហាម៉ាស​ប្រយុទ្ធ​គ្នា​នៅក្នុង​តំបន់​ហ្កាហ្សា​ដោយ​បាន​សម្លាប់​ជនស៊ីវិល​ប៉ាឡេស្ទីន​ជាង​១៩០០​នាក់។ នៅភាគី​អ៊ីស្រាអែល ទាហាន​៦៤​នាក់​បាន​ស្លាប់ និង​ជនស៊ីវិល​៣​នាក់៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ