អានតួអត្ថបទ
អ៊ីស្លង់

គ្រោះ​រញ្ជួយដី​២​ កំពុង​ដាស់​​ភ្នំភ្លើង​នៅ​អ៊ីស្លង់​

យោងតាម​ការ​ប្រកាស​​របស់​អាជ្ញាធរ​​ប្រទេស​​អ៊ីស្លង់​​ ​ថ្ងៃអាទិត្យ​នេះ ការ​​រញ្ជួយ​ដី​ធំៗ​ចំនួន​២ កំពុង​​ដាស់​​​ភ្នំភ្លើ​ង​​ឈ្មោះថា ​ Bardarbunga បាដាប៊ុនហ្កា ដែល​កំពុង​សំងំ​ខ្លួន​នោះ។ ហេតុការណ៍​នេះអាច​ធ្វើអោយ​​ភ្នំភ្លើង​មួយ​នេះ អាច​​​ផ្ទុះ​បាន​ក្នុង​ពេល​ឆាប់ៗ។ អាជ្ញាធរ​អ៊ីស្លង់​បាន​​ប្រកាស​​អាសន្ន ចំពោះ​គ្រោះថ្នាក់​នៃ​ភ្នំភ្លើង។​ ​

ផ្លាក​សញ្ញា​បិទផ្លូវ​​ ឆ្ពោះ​ទៅ​កន្លែង​ដែល​ភ្នំភ្លើង​Bardarbunga កំពុង​សំងំ​ខ្លួន នៅ​២០គីឡូម៉ែត្រ​ពី​តំបន់​ទឹកកកVatnajökull។
ផ្លាក​សញ្ញា​បិទផ្លូវ​​ ឆ្ពោះ​ទៅ​កន្លែង​ដែល​ភ្នំភ្លើង​Bardarbunga កំពុង​សំងំ​ខ្លួន នៅ​២០គីឡូម៉ែត្រ​ពី​តំបន់​ទឹកកកVatnajökull។ REUTERS/Sigtryggur Johannsson
ផ្សាយពាណិជ្ជកម្ម

វិទ្យាស្ថាន​ឧតុនិយម​​អ៊ីស្លង់​បាន​​ចុះផ្សាយ​​ពី​ការ​រញ្ជួយ​ដី​​​ធំ​ចំនួន​២ ​​​អាច​​​ធ្វើអោយ​ភ្នំភ្លើង​បាដាប៊ុនហ្កា​ ដែល​សំងំ​​​ខ្លួន​តាំង​ពី​ថ្ងៃ​១៦​សីហា​​មកនោះ ​អាច​​ផ្ទុះ​ឡើង ក្នុង​ពេល​ឆាប់ៗបាន។ ការរញ្ជួយ​ដី​ទាំង​២នោះ ​មួយ​មាន​កម្រិត​រិចទែរ ​៥,៣ និង​មួយទៀត កម្រិត​រិចទែរ ​៥,១។ ​​កាលពី​​ថ្ងៃ​សៅរ៍ ​ផ្នែកឧតុនិយម​បាន​តម្លើង​កម្រិត​អាសន្ន​​អតិបរមា​​​​​ ចំពោះ​​​ភ្នំភ្លើង​បាដាប៊ុនហ្កា ដែល​សំងំ​ខ្លួន​នៅ​ក្រោម​ទឹកកក នៅ​ភាគ​អាគ្នេយ៍​ប្រទេស​អ៊ីស្លង់​។ អាជ្ញាធរ​អ៊ីស្លង់​បាន​បិទ​​​ដែន​អាកាស ក្នុង​តំបន់។

 
ភ្នំភ្លើង​ Bardarbunga អាច​មាន​កំពស់​ដល់​២ពាន់ម៉ែត្រ។ យោងតាម​អ្នក​ឯកទេស ​ភ្នំភ្លើង​​ Bardarbunga ​​អាច​​​​​មាន​កម្លាំង​​ខ្លាំង ​​រាំងស្ទះ​​​​ចរាចរណ៍​​​ផ្លូវ​អាកាស នៅភាគ​ខាងជើង​​​អឺរ៉ុប​ និង​​ភាគខាងត្បូង​អាត្លង់ទិក។ ​​​កំទេច​ភ្នំភ្លើង​អាច​​បង្ក​ការខូចខាតធ្ងន់ធ្ងរ​នៅ​​អ៊ីស្លង់។ ​ទោះ​យ៉ាងនេះ​ក្តី ផ្នែក​ឧតុនិយម​អ៊ីស្លង់ ប្រាប់ថា ​នៅតែ​ពិបាក​នឹង​​​សន្និដ្ឋាន​អោយ​ជាក់ច្បាស់​ថា ​​​គ្រោះ​រញ្ជួយដី​ទាំង២​នេះ អាច​នឹង​​ជំរុញ​​​ធ្វើអោយ​​​ភ្នំភ្លើង​បាដាប៊ុនហ្កា​​​​កាន់តែ​ផ្ទុះ​​បានឆាប់។

ក្នុងដើម​​សប្តាហ៍​នេះ ​អាជ្ញាធរ​បាន​ជម្លៀស​អ្នកទេសចរ​ ​ពី​តំបន់​ជុំវិញ​ភ្នំភ្លើង ​ស្ថិត​នៅ​ក្រោម​តំបន់​ទឹកកក Vatnajökull។ កាលពីថ្ងៃ​ចន្ទ ក្រោយ​ពេល​​ផ្នែក​ឧតុនិយម​​​រកឃើញ​សញ្ញា​​រញ្ជួយដី​ កម្រិត​​៤,៥ រិចទែរ អាជ្ញាធរ​អ៊ីស្លង់​បាន​​​ដាក់​កម្រិត​អាសន្ន​ភ្នំភ្លើង​​បាដាប៊ុនហ្កា ត្រឹម​​ពណ៌ទឹកក្រូចប៉ុណ្ណោះ មុន​នឹង​តម្លើង​ដល់​កម្រិត​អតិបរមា​ពណ៌ក្រហម​​​ពេលនេះ។ ​​

គួររំលឹក​ថា អ៊ីស្លង់​ធ្លាប់​​ជួប​គ្រោះ​ផ្ទុះ​ភ្នំភ្លើង​ធំ​គួរ​កត់សម្គាល់​ កាលពី​ឆ្នាំ​២០១០ ធ្វើអោយ​អាជ្ញាធរ​​បិទ​ដែន​អាកាស​​នៅ​ទ្វីប​អឺរ៉ុប។ កាលណោះ ​តែ​ក្នុង​មួយខែ​ប៉ុណ្ណោះ ​ភ្នំភ្លើង​​Eyjafjallajökul បាន​ធ្វើអោយ​​អាជ្ញាធរ​លុប​យន្តហោះ​​ហោះហើរ​​រហូត​ជាង​១សែនជើង។ ​អ្នក​ដំណើរ​ជាច្រើន​​បាន​ជាប់​ស្ទះ​ដំណើរ ​​នៅតាម​​អាកាសយានដ្ឋាន៕  ​ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ