អានតួអត្ថបទ
ជប៉ុន-អៀរ៉ង់

ជប៉ុន​សម្រេច​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​អៀរ៉ង់​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ

នៅថ្ងៃ​សុក្រ ទី៣ កញ្ញា ២០១០​នេះ គណៈរដ្ឋម​ន្រ្តី​ជប៉ុន​បាន​អនុម័ត​ទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀត​លើ​អៀរ៉ង់ ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ ដែល​គេ​សង្ស័យថា មាន​គោលដៅ​ផលិត​អាវុធ​នុយក្លេអ៊ែរ។ ទណ្ឌកម្ម​ថ្មី​នេះ ជប៉ុន​បាន​សម្រេច​ដាក់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ផង និង​វិស័យ​ថាមពល​ផង បន្ថែម​ពី​លើ​ទណ្ឌកម្ម​ ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.។

មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ Bouchehr ដែល​អៀរ៉ង់​​ទើប​នឹង​ដាក់​ឲ្យ​ដំណើរការ កាល​ពី​ខែសីហា ២០១០
មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ Bouchehr ដែល​អៀរ៉ង់​​ទើប​នឹង​ដាក់​ឲ្យ​ដំណើរការ កាល​ពី​ខែសីហា ២០១០ ©REUTERS/Raheb Homavandi
ផ្សាយពាណិជ្ជកម្ម

04:59

បទវិភាគ​របស់ សេង ឌីណា

ជប៉ុន​បាន​អនុម័ត​ទណ្ឌកម្ម​លើ​អៀរ៉ង់​ម្តងរួចមកហើយ កាល​ពីខែ​សីហា កន្លងទៅ​នេះ។ ទណ្ឌកម្ម​​ពេលនោះ ស្ថិត​ក្នុង​វិធានការ ដែល​មាន​ចែង​ក្នុង​សេចក្តី​សម្រេច​លេខ ១៩២៩ របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.។ ក៏ប៉ុន្តែ មន្រ្តី​សហរដ្ឋ​អាមេរិក​បាន​ជំរុញ​ឲ្យ​ជប៉ុន​បន្ថែម​ទណ្ឌកម្ម​ឲ្យ​បាន​លើស​ ពី​អ្វី ដែល​មាន​ចែង​ក្នុង​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ ដូចដែល អាមេរិក សហភាព​អឺរ៉ុប កាណាដា និង​អូស្រ្តាលី បាន​ធ្វើ​រួច​មកហើយ។ ហេតុ​ដូច្នេះ​ហើយ ទើប​​គណៈរដ្ឋមន្រ្តី​ជប៉ុន​អនុម័ត​ដាក់​ទណ្ឌកម្ម​លើ​អៀរ៉ង់​បន្ថែម​ទៀត នៅថ្ងៃ​សុក្រ​នេះ។

តាមរយៈទណ្ឌកម្ម​ថ្មីនេះ ជប៉ុន​​សម្រេច​ផ្អឹបទ្រព្យសម្បត្តិ​របស់​បុគ្គល ព្រម​ទាំង​​ក្រុមហ៊ុន អង្គការ និង​ស្ថាប័ន​របស់​អៀរ៉ង់​​ ចំនួន​ជាង​ ១០០ ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​កម្មវិធី​នុយក្លេអ៊ែរ​អៀរ៉ង់។ ​ជនជាតិ​អៀរ៉ង់​មួយ​ចំនួន ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​កម្មវិធី​នុយក្លេអ៊ែរ​នេះ ក៏​ត្រូវ​ជប៉ុន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ខ្មៅ ហាម​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ជប៉ុន​ដែរ។

ធនាគារ​របស់​អៀរ៉ង់​ចំនួន ១៥ ត្រូវ​បាន​ចាត់​បញ្ចូល​ក្នុង​បញ្ជី​​ខ្មៅ ដែល​​ក្រុមហ៊ុន និង​ធនាគារ​ជប៉ុន​មិន​អាច​​រកស៊ី​ជាមួយ។ ការទិញ​សញ្ញាប័ណ្ណ (Bond) ចេញ​ដោយ​ធនាគារ​ជាតិ​អៀរ៉ង់ ក៏​ត្រូវ​ហាម​ឃាត់​ដែរ។

លើស​ពីនេះ​ទៅទៀត រដ្ឋាភិបាល​ជប៉ុន​បាន​ហាម​ឃាត់​​ក្រុមហ៊ុន​ជប៉ុន​ទាំង​អស់​​​មិន​ឲ្យ​បោះទុន ​វិនិយោគ​រកស៊ី​ក្នុង​វិស័យ​ប្រេង និង​ឧស្ម័ន នៅ​អៀរ៉ង់​។ បម្រាម​នេះ មាន​សុពលភាព​តែ​​ក្នុង​ករណី​ការបោះទុន​វិនិយោគ​ថ្មីៗ​ប៉ុណ្ណោះ។ ចំណែក​ឯ​កិច្ចសន្យា​វិនិយោគ​ ដែល​បាន​ចុះ​រួច​ទៅ​ហើយ គឺ​មិន​តម្រូវ​ឲ្យ​លុប​ចេញ​វិញ​នោះទេ។

ទោះជា​យ៉ាងណា ជប៉ុន​មិនបាន​​ហាម​ឃាត់​ការ​នាំ​ប្រេង​ឆៅ​ពី​អៀរ៉ង់​ចូល​ទៅ​ជប៉ុន​នោះទេ។ បន្ទាប់​ពី​អារ៉ាប៊ី សាអ៊ូឌីត អារ៉ាប់រួម និង​កាតា អៀរ៉ង់ គឺ​ជា​អ្នក​ផ្គត់ផ្គង់​ប្រេងឆៅ​ដ៏​​ធំ​មួយ​ទៅ​ឲ្យ​ជប៉ុន។ បើទោះជា​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​អៀរ៉ង់​ក៏ដោយ ក៏​ជប៉ុន នៅព្យាយាម​រក្សា​ទំនាក់ទំនង​ជាមួយ​អៀរ៉ង់​​ឲ្យ​នៅ​ល្អ​ដែរ។

គួររំឭកថា កា​ល​ពី​ថ្ងៃ​ទី១ កក្កដា កន្លងទៅ សហរដ្ឋ​អាមេរិក​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​បន្ថែម​​​លើ​អៀរ៉ង់ ជា​ឯកតោ​ភាគី​ ក្រៅ​ក្របខ័ណ្ឌ​នៃ​ទណ្ឌកម្ម​អនុម័ត​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.។ សហភាព​អឺរ៉ុប និង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក រួមមាន កាណាដា និង​អូស្រ្តាលី ជាដើម បាន​អនុម័ត​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​អៀរ៉ង់ ​តាម​អាមេរិក​។ ជប៉ុន ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​នោះ ក៏​ទទួល​សម្ពាធ​ឲ្យ​អនុម័ត​ទណ្ឌកម្ម​ថ្មីនេះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ