អានតួអត្ថបទ
ចិន-ជប៉ុន-កូរ៉េខាងត្បូង

ចិន ជប៉ុន និង​កូរ៉េខាងត្បូង​យល់ព្រម​បើក​កិច្ចចរចា​លើ​កិច្ចព្រមព្រៀង​ដោះដូរ​ដោយ​សេរី

នៅ​ថ្ងៃ​អង្គារ ទី២៦ មីនា ប្រទេស​ចិន ជប៉ុន និង​កូរ៉េខាងត្បូង​បាន​សន្យា​បើក​កិច្ចចរចា​ដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បង្កើត​តំបន់​ដោះដូរ​ពាណិជ្ជកម្ម​ដោយ​សេរី​រវាង​គ្នា។ កិច្ច​ព្រមព្រៀង​នេះ​នឹង​ជួយ​សម្រួល​ឲ្យ​មហាអំណាច​សេដ្ឋកិច្ច​ទំាង ៣ប្រទេស​នៅ​អាស៊ី​ធ្វើ​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​គ្នា​ដោយ​មិន​មាន​ឧបសគ្គ​អ្វី​ទំាង​អស់។ គួរ​ជម្រាប​ជូន​ថា ផលិតផល​សរុបក្នុង​ស្រុក​របស់​ប្រទេស​ទំាង ៣​បូក​បញ្ចូល​គ្នា​មាន​ប្រមាណ​ជា ២០% នៃ​ផលិតផល​សរុប​ក្នុង​ពិភពលោក។

ចិន ជប៉ុន និង​កូរ៉េខាងត្បូង​យល់ព្រម​បើក​កិច្ចចរចា​លើ​កិច្ចព្រមព្រៀង​ដោះដូរ​ដោយ​សេរី
ចិន ជប៉ុន និង​កូរ៉េខាងត្បូង​យល់ព្រម​បើក​កិច្ចចរចា​លើ​កិច្ចព្រមព្រៀង​ដោះដូរ​ដោយ​សេរី
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ដែល​ភាគី​ពាក់ព័ន្ធ​ទំាង ៣​បាន​សន្យា​បើក​កិច្ចចរចា​ដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បង្កើត​តំបន់​ដោះដូរ​ពាណិជ្ជកម្ម​ដោយ​សេរី​រវាង​គ្នា។ តែ​បើ​យោង​តាម​អ្នក​ការទូតជាន់ខ្ពស់​កូរ៉េខាងត្បូង​ម្នាក់​ឲ្យ​ដឹង​ថា កិច្ចពិគ្រោះ​យោបល់​ដំបូង​នៅ​ពេល​នេះ​មាន​គោលដៅ​កំណត់​ទីតំាង ប្រក្រតិទិន និង​របៀបវារៈ​នៃ​កិច្ចចរចា​នា​ពេល​ខាង​មុខ។ ម្យ៉ាង​ទៀត ការ​ផ្តើម​ឲ្យ​មាន​ការ​លើក​យក​សំណុំរឿង​នេះ​មក​និយាយ​ជា​ថ្មី​ត្រូវ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ប្រទេស​ទំាង ៣​ទើប​មាន​ប្រមុខ​ដឹកនំាថ្មី​រៀងៗ​ខ្លួន។ នាយករដ្ឋមន្រ្តី​ថ្មី​នៅ​ជប៉ុន និង​កូរ៉េខាងត្បូង ព្រម​ទំាង​ប្រធានាធិបតី និង​នាយករដ្ឋមន្រ្តី​នៅ​ប្រទេស​ចិន។

គួរ​ជម្រាប​ជូន​ថា តាម​ពិត​ទៅ គម្រោង​នៃ​ការ​បង្កើត​តំបន់​ដោះដូរ​ពាណិជ្ជកម្ម​ដោយ​សេរី​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទំាង ៣​នៅ​អាស៊ី​មាន​តំាង​ពី​ជិត ១៥ឆ្នំា​មក​ហើយ។ តែ​បញ្ហា​នៅ​ត្រង់​ថា ក្រៅ​ពី​មាន​មហិច្ឆតា​សេដ្ឋកិច្ច​រួម​គ្នា ប្រទេស​ទំាង ៣​ក៏​មាន​ជម្លោះ​ដណ្តើម​ទីប្រជុំកោះ​រវាង​ផង​ដែរ។ ជប៉ុន និង​ចិន​កំពុង​ប្រទាញប្រទង់​ដំណ្តើម​ទីប្រជុំកោះ​សេនកាគុ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​កើត រីឯ​កូរ៉េខាងត្បូង និង​ជប៉ុន​វិញ​ក៏​កំពុង​ឈ្លោះ​ដណ្តើម​កូនកោះ​តូច​មួយ​រវាង​គ្នា​ដែរ។ ទំាង​នេះ​អាច​ជា​ហេតុផល​ដែល​បញ្ជាក់​ពី​ការ​អូសបន្លាយ​នៃ​កិច្ចចរចា​នៅ​ក្នុង​ការ​បង្កើត​តំបន់​ដោះដូរ​ពាណិជ្ជកម្ម​ដោយ​សេរី​រវាង​គ្នា។

តែ​នៅ​ពេល​នេះ និង​ក្នុង​នាម​ជា​ដៃគូ​ពាណិជ្ជកម្ម​ទីមួយ​ជាមួយ​ជប៉ុន និង​កូរ៉េខាងត្បូង ចិន​បាន​ចេញ​មុខ និង​កំពុង​ខ្នះខ្នែង​យ៉ាង​សកម្ម​ដើម្បី​សម្រេច​ឲ្យ​បាន​ឆាប់រហ័ស​នូវ​គម្រោង​នេះ។ ហេតុផល​នោះ​គឺ​ថា ទីក្រុង​ប៉េកំាង​ចង់​ឆ្លើយ​តប​ទៅ​នឹង​ឥទ្ធិពល​របស់​សហរដ្ឋអាមេរិក​ដែល​មាន​កាន់​តែ​ខ្លំាង​ឡើង​នៅ​ក្នុង​តំបន់ ពិសេស​គឺ​ប្រឆំាង​នឹង​គម្រោង​របស់​ទីក្រុង​វ៉ាស៊ីនតោន​នៅ​កិច្ចចរចា​ជាមួយ​ក្រុម​ប្រទេស​នៅ​ជុំវិញ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ដើម្បី​បង្កើត​មហា​តំបន់​ដោះដូរ​ដោយ​សេរី​មួយ។ នៅ​ក្នុង​កិច្ចចរចា​រវាង​ក្រុមប្រទេស​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក គឺ​គ្មាន​វត្តមាន​ប្រទេស​ចិន​ទេ តែ​ជប៉ុន​បាន​ប្រកាស​ពី​បំណង​ចង់​ចូល​រួម​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ