អានតួអត្ថបទ
កម្ពុជា

សមរង្ស៊ី និងកឹមសុខា​ព្រមព្រៀង​ច្របាច់​បញ្ចូលគ្នា​ជា​គណបក្ស​ថ្មីសម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៣

លោក​សម​រង្ស៊ី និង​លោក​កឹម​សុខា បាន​ប្រកាស​រួម​គ្នា​ថា គណបក្ស​ប្រឆាំង​ទាំង​ពីរ បាន​ព្រមព្រៀង​ច្របាច់​បញ្ចូល​គ្នា បង្កើត​ជា​គណបក្ស​ថ្មី​មួយ សម្រាប់​ចូលរួម​ការបោះឆ្នោត​ជាតិ ឆ្នាំ​២០១៣។ គណបក្សប្រឆាំង​ថ្មី ដែល​មិន​ទាន់​ដាក់​ឈ្មោះ​នោះ មាន​លោក​សម​រង្ស៊ី ជា​ប្រធាន និង​លោក​កឹម​សុខា ជា​អនុប្រធាន។ក៏​ប៉ុន្តែ​មុន​នឹង​ឈានដល់​ការបង្កើត​គណបក្ស​ថ្មី​រួមគ្នា គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ក៏​បាន​ព្រមព្រៀង​បង្កើត “​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ” ដើម្បី​បង្រួបបង្រួម​អ្នកប្រជាធិបតេយ្យ និង​អ្នកស្នេហាជាតិ​ផងដែរ។

សន្និសីទ​វីដេអូដែល​បង្ហាញ លោក​កឹម សុខា និង​លោក​សម រង្ស៊ី​នៅប្រទេស​ហ្វីលីពីន ព្រមព្រៀងគ្នា​ដើម្បី​បង្កើត​ជា​គណបក្ស​តែមួយ
សន្និសីទ​វីដេអូដែល​បង្ហាញ លោក​កឹម សុខា និង​លោក​សម រង្ស៊ី​នៅប្រទេស​ហ្វីលីពីន ព្រមព្រៀងគ្នា​ដើម្បី​បង្កើត​ជា​គណបក្ស​តែមួយ ©RFI/ siv channa
ផ្សាយពាណិជ្ជកម្ម

 

ការសម្រេច​ដូច្នេះ ត្រូវបាន​ប្រកាស​ឡើង​ក្នុង​សន្និសីទកាសែត តាម​វិដេអូ​ខន​ហ្វឺ​រេ​ន រវាង​លោក​កឹម​សុខា និង​លោក​សម​រង្ស៊ី ពី​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ចូល​មក​កាន់​ទីស្នាក់កា​រ​កណ្តាល​គណបក្ស​សម​រង្ស៊ី នៅ​ភ្នំពេញ នា​រសៀល​ថ្ងៃ​អង្គារ ទី​១៧​កក្កដា​នេះ។ ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​ជួបជុំគ្នា រយៈពេល​ពីរ​ថ្ងៃ កាលពី​ថ្ងៃ​ទី​១៦​កក្កដា ឆ្នាំ​២០១២ ដើម្បី​និយាយ​ពី​ការរួបរួម។

ក្នុង​សន្និសីទកាសែត លោក សម រង្ស៊ី បាន​ហៅ​ការរួបរួម​រវាង​គណ​បក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក​កឹម​សុខា ពេលនេះ ថា​ជា​ប្រវត្តិសាស្ត្រ និង​នាំឲ្យ​មាន​ការផ្លាស់ប្តូរ​នយោបាយ​នៅ​កម្ពុជា។ នោះ​គឺ​ប៉ូល​នយោបាយ សម្រាប់​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ នឹង​មាន​តែ​ពីរ​ប៉ុណ្ណោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ប្រឆាំង​ថ្មី ដែល​ចេញពី​ការរួបរួម​រវាង​គណបក្ស​សមរង្ស៊ី និង​សិទ្ធិមនុស្ស។

លោក​សម រង្ស៊ី បាន​លើកឡើង​ថា ការរួបរួមរ​វា​ងគ​ណ​បក្សប្រឆាំង​ទាំងពីរ នៅពេលនេះ គឺ​យោង​តាម​កាលៈទេសៈ នាពេល​បច្ចុប្បន្ន ដើម្បី​អ្វី​ដែល​លោក​សម​រង្ស៊ី ហៅថា សម្រាប់​ស្រោចស្រង់​ប្រទេស​កម្ពុជា ចេញ​ពី​ការដឹកនាំ​ផ្តាច់ការ ការរំលោភច្បាប់ និង​ការបាត់បង់​​ទឹកដី ជាដើម។

ចំណែក​លោក​កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស ដែល​អង្គុយ​ខាងស្តាំ​ដៃ​លោក​សម រង្ស៊ី ក៏​បាន​ប្រកាសថា ការរួបរួម​របស់​គ​ណ​បក្សប្រឆាំង​ទាំងពីរ​នៅពេលនេះ គឺ​ធ្វើ​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ដែល​ទន្ទឹង​រង់ចាំ​ជា​យូរ​មក​ហើយ។ លោក​កឹម​សុខា ក៏​បាន​ប្តេជ្ញា​ធ្វើ​ការរួបរួម​ដោយ​ភាពស្មោះត្រង់ ដើម្បី​ប្រជាពលរដ្ឋ។ នោះ​គឺ​គណបក្ស​សមរង្ស៊ី និង​សិទ្ធិមនុស្ស សម្រេច​ទី​១ បង្កើត​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ និង​ទី​២​បង្កើត​គណបក្ស​ថ្មី​រួមគ្នា ដើម្បី​ចូលរួម​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការបោះឆ្នោត​ជាតិ នៅ​ខែ​កក្កដា ឆ្នាំ​២០១៣។

អ្នកនាំពាក្យ តំណាងឲ្យ​សំឡេង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់ទុកថា ការរួបរួម​ជា​ថ្មី​របស់​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស មិន​ជះឥទ្ធិពល​ណាមួយ រាំងស្ទះ​ដល់​សំឡេង​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទេ។

សូម​រម្លឹកថា ក្រោយ​ការបោះឆ្នោតជាតិ​ឆ្នាំ​២០០៨ លោក​សម​រង្ស៊ី និង​លោក កឹម​សុខា ធ្លាប់​បាន​ចាប់ដៃ ចុះហត្ថលេខា​រួមគ្នា បង្កើត “​សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ” ដែល​ជា​ការរួបរួម​រវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស កាលពី​ថ្ងៃ​ទី​១៥​មករា ឆ្នាំ​២០០៩។ ក៏ប៉ុន្តែ​ជា​ង​១​ឆ្នាំ​ក្រោយមក សម្ព័ន្ធភាព​នោះ បាន​បែកបាក់​ទៅវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ