អានតួអត្ថបទ
លីបង់-ស៊ីរី

ទាហាន​លីបង់​ស្លាប់១៦នាក់​ ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ក្រុម​ជីហាត​ស៊ីរី​ នៅជាប់​ព្រំដែន​ស៊ីរី​

បញ្ហា​​សង្គ្រាម​​​​​​​រ៉ាំរ៉ៃ​នៅ​​ស៊ីរី​ពេលនេះ បាន​​​​​​​រាលដាល​​​​ដល់​ព្រំដែន​​​លីបង់ហើយ​។ ​ថ្ងៃចន្ទ​​៤សីហា​នេះ ​នៅ​ក្រុង​​អាអារសាល Aarsal នៅ​​លីបង់ ​ជិត​ព្រំដែនស៊ីរី​​​ ទាហាន​​​លីបង់​បាន​ប្រយុទ្ធ​នឹង​ក្រុម​ជីហាត​ស៊ីរី ដែល​ចូល​មក​កាន់កាប់​ក្រុង​អាអាសាល របស់​លីបង់ ជាក្រុង​ស្ថិត​នៅ​ជាប់​ព្រំដែន​​​ស៊ីរី។ ​ទាហាន​​លីបង់​១៦នាក់ បាន​ស្លាប់​ ​ទាហាន​១៣នាក់​ទៀត​​​​បាត់ខ្លួន ​ហើយ​ប៉ូលិស​២០នាក់​​ប្រហែល​កំពុង​ស្ថិត​ក្នុង​កណ្តាប់ដៃ​ក្រុម​ឧទ្ទាម​ស៊ីរី។ ​​នេះ​​ជា​​លើកទី១ហើយ ដែល​​តំបន់​​ជាប់ព្រំដែន​ស៊ីរី​​ បាន​រង​​ការប្រយុទ្ធ​​​​ហិង្សា​​​ធ្ងន់ធ្ងរបែបនេះ​​ គិតចាប់​ពី​ស៊ីរី​ធ្លាក់​ក្នុង​វិបត្តិ​សង្គ្រាម ក្នុង​ខែ​មិនា​ឆ្នាំ២០១១មក។ ​

កងទ័ពលីបង់​​បានដាក់​កម្លាំង​ពង្រឹង​នៅ​តំបន់​អាអាសាល់​ ដើម្បី​ទប់ទល់​នឹង​ក្រុម​ប្រយុទ្ធ​ជីហាត អាល់ណូស្រា។
កងទ័ពលីបង់​​បានដាក់​កម្លាំង​ពង្រឹង​នៅ​តំបន់​អាអាសាល់​ ដើម្បី​ទប់ទល់​នឹង​ក្រុម​ប្រយុទ្ធ​ជីហាត អាល់ណូស្រា។ AFP PHOTO / STR
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃចន្ទ​នេះ ​កងទ័ព​លីបង់​បាន​បាញ់​​កាណុង​​​កាំភ្លើង ​​វាយប្រហារ​​​​ក្រុមជីហាត​​ដែល​លាក់ខ្លួន​ នៅតាមភ្នំ​​តូចៗ ក្នុង​តំបន់​អាអាសាល់ ជិត​ព្រំដែន​ស៊ីរី។ តំបន់​អាអាសាល់ ជា​តំបន់​អ្នកកាន់​និកាយ​ស៊ុននីត ស្ថិត​នៅ​​​១៣០គីឡូម៉ែត្រ ​​ខាងជើង​ក្រុង​បេរូត។ ​​យោងតាម​ព័ត៌មាន​ផ្តល់​ដោយ​យោធា​លីបង់​ ក្រុមជីហាត​បាន​​វាយប្រហារ​​​ទីតាំង​យោធា​លីបង់​ច្រើនកន្លែង។

ការប្រយុទ្ធ​រវាង​កងទ័ព​លីបង់​និង​ក្រុម​ជីហាត​មកពី​ស៊ីរី​នោះ បាន​កើតឡើង​តាំងពី​ថ្ងៃ​សៅរ៍​មកម្ល៉េះ បន្ទាប់​​ពី​​កងទ័ព​លីបង់​បានចាប់ខ្លួន​​មេក្រុម​​ឧទ្ទាម​អាល់ណូស្រា ​ជា​ប់ពាក់ព័ន្ធនឹង​ក្រុម​អាល់កៃដា​ ​មួយរូប។ ប្រជាជន​​ស៊ីរី​​ដែល​រត់ភៀសខ្លួន​ពី​សង្គ្រាម​ស៊ីរី ​មក​ជ្រក​នៅតំបន់​អាអាសាល់​​ក្នុងទឹកដី​លីបង់ រួម​នឹង​ប្រជាជន​លីបង់​​​ បាន​នាំគ្នា​រត់​ភៀសខ្លួន​ពី​ការប្រយុទ្ធ​​រវាង​កងទ័ព​លីបង់​​និង​ក្រុម​ឧទ្ទាម​ស៊ីរី។

អ្នកវិភាគកំពុងបារម្ភ​ថា សង្គ្រាមស៊ីរី​អាច​រាលដាល​ដល់​លីបង់​ ប្រសិន​បើ​កងទ័ពលីបង់​ហ៊ាន​លេងធ្ងន់ដៃ​ជាមួយ​ក្រុមជីហាត​ស៊ីរី។ គួរបញ្ជាក់ថា ក្នុង​វិបត្តិ​សង្គ្រាម​ស៊ីរី ​លីបង់បាន​បង្ហាញ​ជំហរ​ថា ​​មិនលូកដៃ​​​ចូលឡើយ។ ប៉ុន្តែ យោងតាម​ភាព​ជាក់ស្តែង ​​សង្គម​លីបង់​បែកបាក់គ្នា។ អ្នកកាន់​និកាយ​ស៊ុននីត​ភាគច្រើន​ ​បាន​គាំទ្រ​ក្រុម​ឧទ្ទាម​និកាយ​ស៊ុននីត​នៅ​ស៊ីរី ប្រឆាំង​ប្រធានាធិបតី​​​​ ​អាសាដ។ ប៉ុន្តែ ​ក្រុម​ប្រយុទ្ធអេស្បូឡា​និកាយ​ស្ហ៊ីអ៊ីត​​វិញ បាន​គាំទ្រ​​របប​ដឹកនាំ​​លោក​អាសាដ ​​ដែល​កាន់និកាយ​អាឡាវីត ជា​និកាយ​​មួយ​​ផ្សេង​ទៀត។

យោងតាម​អ្នកវិភាគ នៅ​​​​​តំបន់​អាអាសាល់ ​​ជាប់​ព្រំដែន​ស៊ីរី ​ដែល​រងការវាយប្រហារ​​នៅ​ថ្ងៃ​ចន្ទ​នេះ បើ​កងទ័ព​លីបង់​បង្ហាញជំហរ​តឹងរ៉ឹង​ប្រឆាំង​ក្រុម​ជីហាត ​ហើយ​​​​បើ​ប្រជាជន​​កាន់​និកាយ​ស៊ុននីត ​សហការ​ជួយ​ក្រុម​ឧទ្ទាម​ស៊ីរី​និកាយ​ស៊ុននីត​ដែរនោះ ​នោះ​លីបង់​អាច​នឹង​​ជួបបញ្ហា​ធ្ងន់។ ​ដើម្បី​ចៀសវាង​​ជម្លោះ​​​ស៊ីរី​រាលដាល​​​ដល់​តំបន់​ផ្សេងទៀត ​នៅលីបង់ ​​ក្រុម​អេស្បូឡា​លីបង់​​ក៏​មិនត្រូវ​លូកដៃ​ចូល​ពាក់ព័ន្ធក្នុង​​ការប្រយុទ្ធ​នឹងក្រុមជីហាត​​ស៊ីរី​ដែរ៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ