អានតួអត្ថបទ
លីប៊ី

ក្រុមអ៊ីស្លាម​ជ្រុលនិយម​ដណ្តើម​បាន​មូលដ្ឋាន​យោធា​ពិសេស​ក្រុង​បិនហ្កាហ្ស៊ី​

ការ​ប្រយុទ្ធ​​​រវាង​ក្រុម​ប្រជែង​​​ ​​​​​នៅតែ​បន្ត​​​​​នៅប្រទេស​លីប៊ី។ យោធា​លីប៊ីបាន​​ប្រាប់​នៅថ្ងៃ​អង្គារ​ម្សិលមិញ​ ថា​​មូលដ្ឋាន​កងទ័ព​ពិសេស​ក្រុង​បិនហ្កាហ្ស៊ី បាន​ធ្លាក់​ក្នុង​កណ្តាប់ដៃ​​ក្រុម​អ៊ីស្លាម​ជ្រុល​និយម​ ក្នុង​នោះ​មាន​ក្រុម​អាន់សា អាស្ហារីយ៉ា ដែល​អាមេរិក​បាន​ចាត់ទុក​ជា​ក្រុម​ភេរវជន។ មកដល់​ថ្ងៃពុធ​នេះ ​​​គឺ​៤ថ្ងៃ​ហើយ ដែល​ក្រុង​ទ្រីប៉ូលីបន្ត​ធ្លាក់​ក្នុង​​​ការ​​​គំរាម​កំហែង​ដោយ​អគ្គិភ័យ។ ​​ ការ​ប្រយុទ្ធ​រវាង​​ក្រុម​ប្រជែង​ក្នុង​ស្រុក នៅ​ភាគខាងត្បូង​ក្រុង​ទ្រីប៉ូលី ​ជាង​២សប្តាហ៍​នេះ បាន​​​សម្លាប់​មនុស្ស​ជាង​១០០នាក់ និងធ្វើអោយ​​​មនុស្ស​​​៤០០នាក់​ទៀត​រងរបួស។​ នៅ​ក្រុង​បិនហ្កាហ្ស៊ី​វិញ ​តាំង​ពី​ថ្ងៃ​សៅរ៍មក​ ​ការប្រយុទ្ធ​បានសម្លាប់​មនុស្ស​ជាង​៦០នាក់។ ​

កងកម្លាំង​ពិសេស​របស់​មេបញ្ជាការ​ទ័ព​ខាលីហ្វា ​ហាហ្វតា នៅ​បិនហ្កាហ្ស៊ី ​​ក្នុង​ពេល​ត្រៀម​ប្រយុទ្ធ​ជាមួយ​ក្រុម​ជ្រុលនិយម​អ៊ីស្លាម កន្លងទៅ។
កងកម្លាំង​ពិសេស​របស់​មេបញ្ជាការ​ទ័ព​ខាលីហ្វា ​ហាហ្វតា នៅ​បិនហ្កាហ្ស៊ី ​​ក្នុង​ពេល​ត្រៀម​ប្រយុទ្ធ​ជាមួយ​ក្រុម​ជ្រុលនិយម​អ៊ីស្លាម កន្លងទៅ។ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ប្រទេស​ជាច្រើន​ មាន​អាមេរិក អង់គ្លេស​ ហូឡង់ កាណាដា រឺ​ក៏​ប៊ុលហ្ការី ​​​បាន​អំពាវនាវ​អោយ​ពលរដ្ឋ​ខ្លួន​ចាកចេញពី​លីប៊ី យ៉ាង​បន្ទាន់។ ​បារាំង​បាន​​​ជម្លៀស​ពលរដ្ឋ​ខ្លួន​ ចេញពី​លីប៊ី ​តាម​ផ្លូវ​ទឹក ព្រោះថា ​​ស្ថានភាព​​ក្នុង​ស្រុក​ កំពុង​ស្ថិត​ក្នុង​ភាព​ច្របូកច្របល់។​​​ ទីតាំង​ទ័ព​ពិសេស​ក្រុងបិនហ្កាហ្ស៊ី ​នៅ​ភាគខាងកើត​លីប៊ី​ ​បាន​ធ្លាក់​ក្រោម​ការ​កាន់កាប់​របស់​​ក្រុម​អ៊ីស្លាម​ជ្រុល​និយម ក្នុង​នោះ​​មាន​ក្រុម​ក្រុម​អាន់សា អាស្ហារីយ៉ា ដែល​អាមេរិក​ចាត់ទុក​​ថា​ ជា​ក្រុម​ភេរវជន។ ​សភា​លីប៊ី កើតចេញ​ពី​​ការ​បោះឆ្នោត​​ថ្ងៃ​២៥មិថុនា ដែល​ត្រូវដាក់​ទីតាំង​នៅក្រុង​បិនហ្កាហ្ស៊ី ​​ ​​​​ពេលនេះ ​​ពិបាក​នឹង​​ដំណើរការ​​​ឡើង​បាន​ ​ដោយសារ​ហិង្សា​​នៅ​បិនហ្កាហ្ស៊ី។ ​

តាំង​ពី​ថ្ងៃ​១៣កក្កដា​មក​ ​​នៅ​ក្រុង​ទ្រីប៉ូលី និង​ក្រុង​បិនហ្កាហ្ស៊ី ​​ក្រុម​ប្រជែង​ក្នុង​ស្រុក​ ​បាន​ ដណ្តើម​គ្នា​ ​កាន់កាប់​អាកាសយានដ្ឋាន​​ រឺ​ក៏​ទីតាំងប្រេង​។ រ៉ុកកែត​ក្រុម​ប្រយុទ្ធ​បាន​បង្ក​ជា​ភ្លើងឆេះ​​ឃ្លាំង​​ប្រេង​ ​នៅ​​ក្រុង​ទ្រីប៉ូលី។ ៤ថ្ងៃ​មកនេះ អាជ្ញាធរមិន​​​ទាន់អាច​បង្ក្រាប​អគ្គិភ័យ​នេះ​​នៅឡើយទេ។ អាជ្ញាធរ​​​​កំពុង​បារម្ភ​ខ្លាច​​ភ្លើង ​​បង្កជា​​​គ្រោះថ្នាក់​ដល់ជីវិត​​មនុស្ស​ និង​បរិស្ថាន។ ​

ក្រោយ​បដិវត្តន៍​ផ្តួល​របប​​លោក​កាដាហ្វ៊ី​នៅ​ឆ្នាំ​២០១១ បិទ​បញ្ចប់​ទៅ អាជ្ញាធរ​ថ្មី​​​​មិនទាន់​​មាន​សមត្ថភាព​គ្រប់គ្រង​​ក្រុម​​ប្រយុទ្ធ​ជាង​១០ក្នុង​ស្រុក​ទេ​។ ក្រុម​ប្រយុទ្ធទាំងនេះ​ សុទ្ធ​តែ​ជា​​អតីត​ក្រុម​បះបោរ ធ្លាប់​ចូលរួម​​ផ្តួល​​លោក​កាដាហ្វ៊ី។ កងទ័ព​​​និង​ប៉ូលិស​​លីប៊ី មិនសូវ​ជា​បាន​ទទួល​ការ​បណ្តុះបណ្តាល​ ដូច្នេះ​ ខ្វះលទ្ធភាព​គ្រប់គ្រង​ស្ថិរភាព​សន្តិសុខ។ ​ក្រុម​ប្រយុទ្ធ​មកពី​ក្រុង​ហ្សិនតិន​ ​ភាគខាងត្បូងក្រុង​ទ្រីប៉ូលី​ ជា​​ក្រុមប្រយុទ្ធ​​របស់​ចលនា​​នយោបាយ​សេរី​និយម​​ ​កំពុង​កាន់កាប់​អាកាសយានដ្ឋាន​​អន្តរជាតិ ​និង​​ទីតាំង​យោធា​​​​ច្រើន​កន្លែង។ ​ក្រុម​ហ្សិនតិន​ប្រយុទ្ធ​ប្រឈម​នឹង​​​ក្រុមអ៊ីស្លាម និង​ក្រុម​​​​មកពី​ក្រុង​មីស្រាតា មកពី​ភាគខាងកើត​ប្រទេស។ ​

មូលហេតុ​អំពើហិង្សា​នៅ​លីប៊ី​ ប្រហែល​ដោយសារ​តែ​ចលនា​នយោបាយ​សេរីនិយម ​អាច​ទទួល​ជោគជ័យ​ខ្ពស់ លើ​ចលនា​នយោបាយ​​​អ៊ីស្លាមនិយម ​​ក្នុង​​​ការបោះឆ្នោត​សភា​ ថ្ងៃ​២៥មិថុនា កន្លងទៅ​ ដូច្នេះ ក្រុម​នយោបាយ​អ៊ីស្លាម​​​មិនសុខ​ចិត្ត ក៏​បង្ក​ភាពច្របូកច្របល់​ឡើង។ ​រដ្ឋ​អំណាច​លីប៊ីបាន​សុំ​ជំនួយ​ពីបរទេសដែរ​ តែ​​​ប្រទេស​លោក​ខាងលិច​​បាន​​ដាក់​លក្ខខណ្ឌ​អោយ​បញ្ចប់​ហិង្សា​ជាមុនសិន។

ឆ្លៀត​​ឱកាស​ពេល​​មាន​ហិង្សា​ក្នុង​ស្រុក​ដូច្នេះ ជន​អន្តោប្រវេសន៍​ខុសច្បាប់​រាប់រយ​នាក់ ​បាន​​​ឡើងទូក​ព្យាយាម​​ធ្វើដំណើរ​ទៅ​ទ្វីប​អឺរ៉ុប។ ​ក្នុង​សប្តាហ៍​នេះ ​ជន​អន្តោប្រវេសន៍​ជាង​២០នាក់ បានស្លាប់​ក្នុង​ការ​លិចទូក ​ហើយ​ជាង​១០នាក់​ទៀត​បាត់ខ្លួន៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ