អានតួអត្ថបទ
លីប៊ី

សភា​លីប៊ីថ្មី​បើក​កិច្ចប្រជុំ​មិន​ផ្លូវការ ខណៈ​ការប្រយុទ្ធ​ហិង្សា​នៅ​បន្ត​កើតឡើង​

នៅថ្ងៃ​​សៅរ៍៣កក្កដា​នេះ ​សភា​លីប៊ីថ្មី​កើតចេញ​​ពី​ការ​បោះឆ្នោត​​ថ្ងៃ​២៥មិថុនា ​​បាន​បើក​កិច្ចប្រជុំ​ដំបូង មិន​ផ្លូវការ ​នៅ​ក្រុង​តូប្រ៊ុក Tobrouk ភាគ​ខាងកើត​​ប្រទេស។​ ​ភាព​ច្របូកច្របល់​នៅតែ​បន្ត​មាន​ក្នុង​ស្រុក។ ​​ឃ្លាំង​ស្តុកប្រេង​ទី៤​ នៅ​ក្រុង​ទ្រីប៉ូលី​បាន​​ឆេះ ដោយ​​គ្រាប់​រ៉ុកកែត ​របស់​ក្រុម​ប្រយុទ្ធ។ ​ប្រទេស​​ជាច្រើន​ ដូច​ជា​ចិន អង់គ្លេស រឺ​ប៉ូឡូញ ​បាន​ជម្លៀស​ពលរដ្ឋ​​ខ្លួនចេញពី​លីប៊ី។ ទុយនីស៊ី ដែល​ស្ថិត​ជាប់​ព្រំដែន​ជាមួយ​លីប៊ី ​កំពុង​ភ័យខ្លាច​ពី​ការហូរចូល​នៃ​ជន​ភៀសខ្លួន​​​ ក្នុង​ទឹកដី​​ខ្លួន។ រហូត​ពេលនេះ ការប្រយុទ្ធ​រវាង​ក្រុម​ប្រជែង​ក្នុង​ស្រុក បាន​សម្លាប់​មនុស្ស​ជាង​២០០នាក់ និង​បង្ក​របួស​ជិត​១០០០នាក់។

រូបភាពសង្គ្រាម​នៅ​ក្រុង​​Benghazi ភាគខាងកើត​​​លីប៊ី
រូបភាពសង្គ្រាម​នៅ​ក្រុង​​Benghazi ភាគខាងកើត​​​លីប៊ី REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ​របស់​សភា​លីប៊ី​ថ្មី នៅក្រុង​តូប្រ៊ុក ភាគខាងកើត​ ​ថ្ងៃសៅរ៍​នេះ មិនមែន​ជា​កិច្ចប្រជុំ​ផ្លូវការ​ទេ គ្រាន់តែ​ជា​កិច្ចប្រជុំ​ផ្តល់​យោបល់​គ្នា​ប៉ុណ្ណោះ។ ​សភា​លីប៊ី​ថ្មី ​កើតចេញពី​ការ​បោះឆ្នោត​ថ្ងៃ​២៥មិថុនា ជា​ការ​បោះឆ្នោត​ផ្តល់ជោគជ័យ​អោយ​ចលនា​នយោបាយ​​សេរីនិយម ឈ្នះ​លើ​ចលនា​នយោបាយ​អ៊ីស្លាម​និយម​​។ ប្រហែល​ដោយសារ​មូលហេតុនេះ ទើប​ក្រុម​អ៊ីស្លាម​ជ្រុលនិយម ​មិនសុខចិត្ត​​ បាន​បង្ក​ភាព​ច្របូកច្របល់​ឡើង។

ប៉ុន្តែ ​ក្នុង​កិច្ចប្រជុំ​​សភា​មិនផ្លូវការ​នេះ មាន​វត្តមាន​​នាយករដ្ឋមន្ត្រី​អាប់ដាឡា អាល់ថេនី និង​សមាជិក​​ចលនា​ជាតិនិយម​របស់​មហាសន្និបាត​​ជាតិ ​​ ដូច្នេះ នេះ​ជាកិច្ចប្រជុំ​​មានរូបភាព​​​​បែប​ផ្លូវការដែរ។ ​​គួរបញ្ជាក់​ថា ​មហាសន្និបាតជាតិ​លីប៊ី ​​​សំបូរ​សមាជិក​​ជា​អ្នក​អ៊ីស្លាម​និយម។

ស្របពេល​​មាន​កិច្ចប្រជុំ​សភា​ ការ​ប្រយុទ្ធ​នៅតែ​បន្ត​មាន ​នៅ​ក្រុង​​ទ្រីប៉ូលី រវាង​ក្រុម​អ៊ីស្លាម​ជ្រុលនិយម និង​​ក្រុម​​ប្រឆាំង​​​ចលនា​អ៊ីស្លាម។ នៅ​ក្រុង​​​បិនហ្កាហ្ស៊ី​វិញ ​កងកម្លាំង​​ប្រដាប់​អាវុធ​នៅតែ​បន្ត​វាយប្រហារ​ជាមួយ​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​ដដែល។ កាលពី​ថ្ងៃ​សុក្រ ​មនុស្ស​​២ពាន់នាក់​ នៅ​បិនហ្កាហ្ស៊ី​ បាន​នាំគ្នា​ធ្វើបាតុកម្ម​ប្រឆាំង​​ក្រុម​អ៊ីស្លាម​ជ្រុលនិយម ​និង​​អតីត​ក្រុម​ឧទ្ទាម ដែល​​បាន​ដណ្តើម​កាន់កាប់​មូលដ្ឋាន​យោធា​ពិសេស​នៅ​​ជាយក្រុង។ ​ក្រុម​បាតុករ​បាន​បរិហារ​ក្រុម​ជ្រុលនិយម និង​​​​សំដែង​ការ​គាំទ្រ​ដល់​កងទ័ព​រដ្ឋាភិបាល។​

ដោយឡែក ​នៅព្រំដែន​រវាង​លីប៊ី​និង​ទុយនីស៊ី ​មាន​ជន​បរទេស​​រាប់រយ​នាក់ ​បាន​​ព្យាយាម​រត់​គេច​ពី​ការ​ប្រយុទ្ធក្នុង​ស្រុក ដើម្បីចូលទឹកដី​ទុយនីស៊ី ធ្វើអោយ​មាន​ការប៉ះទង្គិច​ជាមួយ​​​កងកម្លាំង​​​ប៉ុស្តិ៍​ព្រំដែន នៅ​រ៉ាស ចេដៀ។ ​យោងតាម​ក្រសួង​មហាផ្ទៃ​ទុយនីស៊ី ​​​មាន​មនុស្ស​ប្រមាណ​៦ពាន់នាក់ បាន​ជាប់​ខ្លួន​នៅ​​ប៉ុស្តិ៍​ព្រំដែន​ រ៉ាស ចេដៀ ខាង​ប្រទេស​លីប៊ី។

ទុយនីស៊ី​​អនុញ្ញាត​​អោយ​តែ​​​​​ជនជាតិ​លីប៊ី និង​ទុយនីស៊ី​ដែល​មាន​ក្រដាសស្នាម​ស្របច្បាប់​ចេញចូល​​តាម​ព្រំដែន​ខ្លួន​ប៉ុណ្ណោះ។ ទុយនីស៊ី​​មិន​អនុញ្ញាត​​​អោយ​ជនបរទេស​អារ៉ាប់ រឺ​អាស៊ី​ឆ្លងកាត់​ទេ លើកលែង​តែ​រដ្ឋាភិបាល​ប្រទេស​អារ៉ាប់និងអាស៊ីទាំងនោះ ​រៀបចំ​អោយ​ពលរដ្ឋ​ពួកគេ​ចាកចេញ​ពី​លីប៊ី​ប៉ុណ្ណោះ។ ​ទុយនីស៊ី​កំពុង​ជួប​បញ្ហា​សេដ្ឋកិច្ច​ក្នុង​ស្រុក ដូច្នេះ ទុយនីស៊ី​មិនចង់​ជួប​បញ្ហា​​បង្កឡើង​ដោយជនភៀសខ្លួន​​​រាប់សែននាក់ ដូច​ក្នុង​ជំនាន់​​សង្គ្រាម​ផ្តួល​របប​ផ្តាច់ការ​​របស់​លោក​កាដាហ្វ៊ី៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ