អានតួអត្ថបទ
បារាំង

រដ្ឋាភិបាល​បារាំង​ទទួលស្គាល់​បរាជ័យ​ក្នុង​ការ​តាមដាន​ភេរវជន​

នៅ​ថ្ងៃសុក្រ​២៩កក្កដានេះ ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន ​Le Monde នាយករដ្ឋមន្ត្រី​បារាំង​បានទទួលស្គាល់ជា​លើកដំបូង​​​​​ថា ការសម្រេច​របស់​តុលាការ​កន្លងមក អោយ​ដោះលែង​​​ភេរវជន​ម្នាក់ ដោយ​អោយ​រូប​គេ​ស្ថិត​ក្រោម​ការ​តាមដានដោយ​​​​ឧបករណ៍​​អេឡិច​ត្រូនិក គឺជា​ភាព​បរាជ័យ។ ភេរវជន​រូបនេះ​ បានធ្វើ​សកម្មភាព​ចាប់ចំណាប់ខ្មាំង​នៅ​វិហារ​​មួយ នៅ​ភាគខាងជើង​ប្រទេស​បារាំង ជាមួយ​ភេរវជន​ម្នាក់ផ្សេង​ទៀត កាលពី​ថ្ងៃ​អង្គារ។ ពួកគេ​បាន​អារក​សម្លាប់​សង្ឃ​កាតូលិក ក្នុង​វិហារនោះ។

នាយក​រដ្ឋមន្ត្រី​បារាំង ម៉ានុយអែល វ៉ាល់
នាយក​រដ្ឋមន្ត្រី​បារាំង ម៉ានុយអែល វ៉ាល់
ផ្សាយពាណិជ្ជកម្ម

នេះ​ជាលើក​ដំបូង​ ដែល​រដ្ឋាភិបាល​បារាំង​ទទួលស្គាល់​​បរាជ័យ​របស់​តុលាការ ក្នុង​ការ​តាមដាន​​ភេរវជន។ ការទទួល​ស្គាល់​​នេះ​ធ្វើឡើង ខណៈ​រដ្ឋាភិបាល​រងការ​ចោទប្រកាន់​ថា ​មានភាព​ធូររលុង​ផ្លូវច្បាប់។

ក្នុងចំណោម​ភេរវជន​ទាំង២រូប​ដែល​បានធ្វើសកម្មភាព​ចាប់ចំណាប់ខ្មាំង​ នៅ​វិហារ​កាតូលិក ភាគខាងជើង​ប្រទេស​​ កាលពី​ថ្ងៃអង្គារ ​ភេរវជន​ម្នាក់ត្រូវបាន​តុលាការ​សម្រេច​ដោះលែង​អោយ​​នៅក្រៅឃុំ​បណ្តោះអាសន្ន កាលពិ​ខែមិនា។ ​ភេរវជន​រូបនេះ​​ស្ថិត​ក្រោមការ​តាមដាន​ដោយ​​ឧបករណ៍​អេឡិច​ត្រូនិក។

ថ្ងៃព្រហស្បតិ៍​​ម្សិលមិញ​ វីដេអូ​របស់​​ភេរវជន​​​​ម្នាក់ទៀត​ ត្រូវបាន​​​ទីភ្នាក់ងារ​ព័ត៌មាន​Amaq  យកមក​​ចុះផ្សាយ។ ​ ក្នុង​វីដេអូ​នេះ ភេរវជន​ទី២​នេះ​​​​បានប្រើពាក្យពេចន៍​គំរាម​​​បារាំង​ និង​គំរាម​ផ្ទាល់​ដល់​ប្រធានាធិបតី​ហូឡង់ និង​នាយករដ្ឋមន្ត្រី​វ៉ាល់ តែម្តង។

ភេរវជន​ទី២នេះ មិនដែលធ្លាប់​ជាប់​ទោស​ផ្លូវច្បាប់ទេ ​តែទើបតែ​ត្រូវ​អាជ្ញាធរ​ចុះឈ្មោះ​ក្នុង​បញ្ជី​ជនជ្រុលនិយម កាលពី​ចុងខែ​មិថុនា​ប៉ុណ្ណោះ។ ​គួររំលឹក​ថា ភេរវជន​ទាំង២​រូប ដែល​ធ្វើសកម្មភាព​ចំណាប់ខ្មាំង និង​អារក​សង្ឃកាតូលិក ​​កាលពីថ្ងៃ​អង្គារ ​សុទ្ធតែ​​នៅក្មេងវ័យ ​អាយុ​​​១៩ឆ្នាំ។

ក្រោយ​ហេតុការណ៍​​ចាប់ចំណាប់ខ្មាំងកាលពីថ្ងៃ​អង្គារ​ ​ បក្ស​ស្តាំនិយម​បារាំងរបស់​អតីត​ប្រធានាធិបតី​សាកូហ្ស៊ី បាន​ទាមទារ​អោយ​​​​​រដ្ឋមន្ត្រីក្រសួង​​មហាផ្ទៃ​​ចុះ​​ពី​តំណែង។ ​សម្រាប់​​​​​នាយករដ្ឋមន្ត្រី​ម៉ានុយអែល វ៉ាល់ ​ទោះជា​រដ្ឋអាជ្ញាត្រូវ​កែប្រែ​របៀបរបប​ធ្វើការ​ខុសពីមុន​​ បន្ទាប់​ពី​ជួប​​បរាជ័យ​ក្នុង​​ការ​តាមដាន​​ភេរវជន​ក្តី​ ក៏​គេមិនត្រូវ​​ធ្វើ​រហូត​ដល់ថ្នាក់ ​ចោទ​បង្ខំ​អោយ​តុលាការ​ទទួល​ខុសត្រូវ ករណី​មាន​ភេរវកម្ម​កើតឡើងដែរ។

ពេលនេះ លោក​ម៉ានុយអែល​ វ៉ាល់ ​ចង់​ចាត់វិធានការ​ហាមឃាត់​ការឧបត្ថម្ភ​ប្រាក់​មកពី​បរទេស សម្រាប់​ការសាងសង់​វិហារ​អ៊ីស្លាម​ នៅបារាំង។ លើសពីនេះ ​នាយករដ្ឋមន្ត្រី​បារាំង​ចង់​អោយ​​​​​អ្នកដឹកនាំ​ពិធី​សូត្រធម៌​អ៊ីស្លាម​ នៅ​បារាំង ទទួល​ការបណ្តុះបណ្តាល​តែ​ក្នុងស្រុក​បារាំង​ប៉ុណ្ណោះ មិននៅ​ប្រទេស​ណាផ្សេង ក្រៅពី​បារាំង​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ