អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ផ្តើម​សាងសង់​ស្ពាន​អ្នកលឿង​បម្រើ​ដល់​ផលប្រយោជន៍​អាស៊ាន

នៅព្រឹកថ្ងៃអាទិត្យ​ទី១២​ខែកុម្ភៈ​នេះ កម្ពុជា​បាន​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លង​ទន្លេមេគង្គ ដ៏ធំ​មួយ​ទៀត ឈ្មោះ “ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន “​ត្រង់​ចំណុច​អ្នកលឿង។ ស្ពាន​មិត្តភាព កម្ពុជា-​ជប៉ុន កសាង​ក្នុង​ទឹកប្រាក់​ប្រមាណ​១០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក ជា​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ជប៉ុន ជាស្ពានទី២ ដែល​ជប៉ុន ជួយ​ដល់​កម្ពុជា។ ស្ពាន​អ្នកលឿង មិនមែន​បម្រើ​អោយ​វិស័យ​គមនាគមន៍ សម្រាប់​តែ​ប្រជាពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ​ទេ ស្ពាន​នេះ​ក៏​ជាសរសៃ​ឈាម​សេដ្ឋកិច្ច របស់​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ផងដែរ។

គំនូរប្លង់​ស្ពាន​អ្នកលឿង
គំនូរប្លង់​ស្ពាន​អ្នកលឿង
ផ្សាយពាណិជ្ជកម្ម

 

02:12

សេចក្តីរាយការណ៍​របស់ អ៊ឹម ណាវិន ពីភ្នំពេញ

រយៈពេល​៥១ខែ​ទៅមុខ​ទៀត ពោលគឺ នៅក្នុង​ខែ​មីនា​ឆ្នាំ​២០១៥​ កម្ពុជា​នឹង​មាន​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​មួយទៀត គឺ​ស្ពាន​អ្នកលឿង ដែល​មាន​ឈ្មោះ​ផ្លូវការ​ថា “ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន” ​គឺ​ជា​ស្ពាន​វែង​ជាងគេ​នៅ​កម្ពុជា​ សង់​ក្នុង​លក្ខណៈ​បច្ចេកទេស​ខ្ពស់​ ប្រើ​ខ្សែកាប​រំយោល ​ចាប់ផ្តើម​សាងសង់​នៅព្រឹក​ថ្ងៃ​អាទិត្យ ទី១២​ខែកុម្ភៈ​​នេះ។

ស្ពាន​អ្នកលឿង​មិនត្រឹម​តែ​ជា​ស្ពាន​សម្រាប់​ការ​ធ្វើដំណើរ​របស់​ប្រជាពល​រដ្ឋ​ខ្មែរ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ តែ​ស្ពាននេះ​ក៏​ជា​បណ្តាញ​គមនាគមន៍​​យ៉ាង​​សំខាន់ ក្នុង​ក្របខ័ណ្ឌ តភ្ជាប់​បណ្តា​ប្រទេស​ក្នុង​អាស៊ាន ​និង​អនុតំបន់​ទន្លេ​មេគង្គ​ផងដែរ។

ស្ពានអ្នកលឿង​នឹង​តភ្ជាប់​ទីក្រុង​សំខាន់ៗ​របស់​ប្រទេស​សមាជិក​អាស៊ាន​បី គឺ​ទីក្រុង​ភ្នំពេញ​របស់​កម្ពុជា ទីក្រុង​បាងកក​ប្រទេស​ថៃ និង​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​នាយករដ្ឋមន្រ្តី​កម្ពុជា ហ៊ុន សែន។

ស្ពានអ្នកលឿង​ស្ថិតនៅលើ​ផ្លូវជាតិ​លេខ១ ពី​ភ្នំពេញ​ទៅ​ខេត្ត​ស្វាយរៀង ឆ្លងកាត់​ខេត្ត​កណ្តាល និង​ខេត្តព្រៃវែង។​

ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន ឬ​ស្ពាន​អ្នកលឿង​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ជិត ១០០លាន​ដុល្លារ​អាមេរិក មាន​បណ្តោយ ប្រវែង២.២២០ម៉ែត្រ។ ស្ពាននេះ​គឺ​ជា​សមិទ្ធិផល​ទី២ នៃ​ជំនួយ​ជាស្ពាន​របស់​ប្រទេស​ជប៉ុន អោយ​កម្ពុជា។ ស្ពានទី១​ជំនួយ​របស់​ជប៉ុន គឺ​ស្ពាន​គីហ្ស៊ូណា ក្នុង​ខេត្ត​កំពង់ចាម សម្ពោធ​អោយ​ប្រើប្រាស់ ​កាលពី​ឆ្នាំ​២០០១។

នាយករដ្ឋមន្រ្តី​កម្ពុជា​ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អ្នកលឿង​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី១២កុម្ភៈ ព្រឹកមិញថា​ ជប៉ុន​ជា​ប្រទេស​ផ្តល់ជំនួយ​ដ៏ធំ​មួយ​ដល់​កម្ពុជា។​តាម​លោក​នាយករដ្ឋមន្រ្តី មកដល់​ពេលនេះ ជប៉ុន​បាន​ផ្តល់​ជំនួយ​អោយ​កម្ពុជា ក្នុង​ទឹកប្រាក់​ប្រមាណ ១ ៩០០ លានដុល្លារ​អាមេរិក​ហើយ។

លោកហ៊ុន សែន បន្ត​ថា​ ពេលណា​កម្ពុជា​មាន​លំនឹង​សេដ្ឋកិច្ច​ កម្ពុជា​នឹង​ឈប់​ទទួល​ជំនួយ​ពី​ជប៉ុន ពីព្រោះ​ជប៉ុន​ត្រូវ​ជួយ​ដល់​ប្រទេស​ផ្សេង​ច្រើន​ទៀត។ តែ​លោក ហ៊ុន សែន មិន​បញ្ជាក់​ថា ពេលណា​កម្ពុជា​ឈប់​ពឹង​ជំនួយ​បរទេស​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ