អានតួអត្ថបទ
ស៊ីរី

ការ​ផ្អាក​ឈប់បាញ់​នៅ​ស៊ីរី​ បាន​ផល​វិជ្ជមាន ​ តែ​នៅ​ផុយ​ស្រួយ

ជិត​មួយ​សប្តាហ៍​បន្ទាប់​ពី​បទ​ឈប់បាញ់​បណ្តោះ​អាសន្ន ​បាន​ចូល​ជា​ធរមាន​នៅ​ស៊ីរី ​យោង​តាម​ក្រុម​ការងារ​សង្កេតការណ៍​បទ​ឈប់​បាញ់​នេះ ​ឃើញ​ថា​ភាគី​ទាំងអស់​បាន​គោរព​ អនុវត្ត​វា​ជា​ទូទៅ។ ចំនួនមនុស្ស​ស្លាប់ ​មាន​ការ​ថយចុះ ​ ឯ​ក្រុម​ការងារ​មនុស្សធម៌ ​កំពុង​ព្យាយាម​ដឹក​ជំនួយ​ស្បៀង​អាហារ ​ទៅ​ជួយ​ប្រជាជន​ស៊ីរី ​ប្រមាណ​ជា​ជាង​៥លាន​នាក់ ​ដែល​ត្រូវ​ហ៊ុំព័ទ្ធ​ដោយ​សមរភូមិ​ប្រយុទ្ធ។ ក៏​ប៉ុន្តែ​ការ​ទម្លាក់​អាវុធ​បណ្តោះ​អានស្ន​នេះ​ នៅតែ​មាន​ភាព​ផុយស្រួយ ​ដដែល​​ ព្រោះ​ភាគី​ទាំងអស់ ​ អាច​ចាប់​យក​អាវុធ​វិញ​ គ្រប់​ពេលា។

លោក Staffan de Mistura ថ្លែងទៅ​កាន់​អ្នកកាសែត​នៅ​ថ្ងៃទី​៣ មីនា ២០១៦
លោក Staffan de Mistura ថ្លែងទៅ​កាន់​អ្នកកាសែត​នៅ​ថ្ងៃទី​៣ មីនា ២០១៦ Reuters/路透社
ផ្សាយពាណិជ្ជកម្ម

“សម្រាប់​ពេល​នេះ ​ ស្ថានភាព​នៅ​ស៊ីរី​ អាច​សរុប​បាន​ថា​ វា​នៅ​មាន​ភាព​ផុយ​ស្រួយ។ ជោគជ័យ​នៃ​បទ​ឈប់​​បាញ់​បណ្តោះ​អាសន្ន ​នៅ​មិន​ទាន់​អាច​ធានា​បាន​១០០%​ទេ។ ប៉ុន្តែ​យើង​អាច​សង្កេត​ឃើញ​នូវ​ ចំណុច​ប្រសើរ​មួយ​ចំនួន​ធំ ​បើ​មិន​ជឿ ​សួរ​ប្រជាជន​ស៊ីរី​ខ្លួន​ឯង​ចុះ!”។ នេះ​គឺ​ជា​ប្រសាសន៍​របស់​លោក​ ស្តេហ្វាន ដឺមីស្ទូរ៉ា ​ប្រេសិត​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ច​ការ​ស៊ីរី ​ក្រោយ​ពី​បញ្ចប់​កិច្ច​ប្រជុំ​ជាមួយ​នឹង​ក្រុម​ការងារ​ឃ្លាំមើល​ការ​ទំលាក់​អាវុធ។

 
លោក​ប្រេសិត​ពិសេស​បាន​បន្ត​ថា ​ធម្មតា​ទេ ​នៅ​ក្នុង​បទ​ឈប់បាញ់​បណ្តោះ​អាសន្ន​ណា​ក៏​ដោយ ​ គឺ​មិន​មាន​ការ​ដាក់​អាវុធ ​ឈប់បាញ់​ទាំង​ស្រុង​១០០%​ដែរ​ ពោល​គឺ​តែងតែ​មាន​ការ​បាញ់​បោះ​ត្រង់នេះ​បន្តិច​ ត្រង់នោះ​បន្តិច​ជា​រឿយៗ។ ជាក់ស្តែង​នៅ​ស៊ីរី ​ ការ​ប្រយុទ្ធ​តប​ត​គ្នា ​ នៅ​មាន​ដោយ​កន្លែង​ ដូច​ជា​នៅ​ក្បែរ​ក្រុង​ដាម៉ាស ​តំបន់​ហូមស៍ ​និង​តំបន់​ហាម៉ា​ជាដើម។ ប៉ុន្តែ​សរុប​ជារួម​ ការ​ប្រយុទ្ធ​បាញ់​បោះ ​ ការ​ទម្លាក់​គ្រាប់​បែក ​បាន​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ ​បន្ទាប់​ពី​បទ​ឈប់បាញ់​បាន​ចូល​ជា​ធរមាន​នៅ​យប់​ថៃ្ង​សុក្រ​ទី ​២៦​កុម្ភៈ។ ក្រុម​ការងារ​ ឃ្លាំមើល​ដំណើរការ​ឈប់បាញ់ ​បាន​ប្រជុំ​ជា​ញឹកញាប់​នៅ​ក្រុង​ហ្សឺណែវ ​ ដោយ​មាន​ការ​ទាមទារ​ពី​សំណាក់​លោក ​ហ្សង់ម៉ាក អេរ៉ូ ​រដ្ឋមន្ត្រី​ការបរទេស​បារាំង។

ជា​ការពិត ​បើ​យោង​តាម​តួលេខ​របស់​ក្រុម​ការងារ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​ស៊ីរី ​បាន​ឲ្យ​ដឹង​ថា​ ចាប់​តាំង​ពី​ការ​ទម្លាក់​អាវុធ​បណ្តោះអាសន្ន​បាន​ចូល​ជា​ធរមាន ​ចំនួន​អ្នក​ស្លាប់​ដែល​ជា​ប្រជាជន​ស្លូតត្រង់ ​បាន​ថយ​ចុះ​យ៉ាង​ច្រើន។ កាល​ពី​មុន​មាន​បទ​ឈប់បាញ់ ​ចំនួន​ប្រជាជន​ស្លូតត្រង់​ស្លាប់​ក្នុង​មួយថ្ងៃៗ​ប្រមាណ​ជា ​៣៨​នាក់។ ប៉ុន្តែ​សរុប​ពេល​មួយ​សប្តាហ៍​បន្ទាប់​ពី​មាន​បទ​ឈប់បាញ់ ​មាន​អ្នក​ស្លាប់តែ​២៤​នាក់​ប៉ុណ្ណោះ។ ករណី​ថ្ងៃ​ទី​២៦​ កុម្ភៈ​ មុន​ពេល​បទ​ឈប់បាញ់​ចូល​ជា​ធរមាន​មួយ​ថ្ងៃ ​ ​គឺ​ជា​ករណី​ពិសេស ​ព្រោះ​កងទ័ព​រុស្ស៊ី​បាន​សម្រុក​ទម្លាក់​គ្រាប់បែក ​ដោយ​ក្នុង​ថ្ងៃ​នោះ​មួយថ្ងៃ​ ​មាន​អ្នក​ស្លាប់​ដល់​ទៅ​៦៨​នាក់ ​ ជា​ប្រជាជន​ស្លូតត្រង់។

យ៉ាង​ណាមិញ​កាល​ពី​ថ្ងៃ​ពុធ​ទី២​មីនា ​អង្គការ​អូតង់ ​បាន​ចោទ​ប្រកាន់​កងទ័ព​រុស្ស៊ី ​ថា​បាន​ទម្លាក់​គ្រាប់បែក​ លើ​ប្រជាជន​ស៊ីរី​ស្លូត​ត្រង់ ​ ហើយ​ដោយសារ​តែ​គ្រាប់បែក​ទម្លាក់​ឥត​រើសមុខ​របស់​រុស្ស៊ី​នេះ​ហើយ ​ ទើប​ប្រជាជន​ស៊ីរី​រាប់លាន​នាក់ ​ នាំគ្នា​រត់​ចោល​ផ្ទះ​សម្បែង ​ទៅ​សុំ​សិទ្ធិ​ជ្រក​កោណ​នៅ​ទ្វីប​អឺរ៉ុប។ ដូចគ្នា​ដែរ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី៣​ មីនា​ ប្រធានាធិបតី​បារាំង ​និង​លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស​ បាន​ព្រមព្រៀង​គ្នា ​ធ្វើ​សេចក្តី​អំពាវនាវ​រួម​មួយ ​ ដោយ​ទទូច​សុំ​ឲ្យ​រុស្ស៊ី​ឈប់​ធ្វើការ​ទំលាក់​គ្រាប់បែក​ ទៅ​លើ​ក្រុម​ឧទ្ទាម​កណ្តាល​និយម ​នៅ​ស៊ីរី​តទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ