អានតួអត្ថបទ
យេម៉ែន

យេម៉ែន​ចង់​ហាមឃាត់​អាពាហ៏ពិពាហ៏​កុមារ

រដ្ឋមន្រ្តី​សិទ្ធិមនុស្ស​របស់​ប្រទេស​យេម៉ែន​បាន​និយាយ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ម្សិលមិញ ថា លោកស្រី​ខំប្រឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​សភា​អនុម័ត​​ច្បាប់​មួយ​ដែល​ហាមឃាត់​អាពាហ៏​ពិពាហ៏​កុមារី។ ពោល​គឺ​អាយុ​រៀបអាពាហ៏ពិពាហ៏​ស្របច្បាប់​ត្រូវ​មាន​យ៉ាងតិច ១៧ឆ្នាំ។ ការប្រកាស​របស់​រដ្ឋមន្រ្តី​សិទ្ធិមនុស្ស​ធ្វើឡើង ក្រោយ​ពី​កុមារី​ម្នាក់ អាយុ ៨ឆ្នាំ​បាន​ស្លាប់ ដោយសារ​ការរំលោភ​របស់​ប្តី​ដែល​នាង​បាន​រៀបការ​តាមផ្លូវច្បាប់។

កូនកម្លោះ​អាយុ​៤០ឆ្នាំ​រៀបការជាមួយ​កុមារី​អាយុ​១១ឆ្នាំ​នៅ​អាហ្វហ្កានីស្ថាន
កូនកម្លោះ​អាយុ​៤០ឆ្នាំ​រៀបការជាមួយ​កុមារី​អាយុ​១១ឆ្នាំ​នៅ​អាហ្វហ្កានីស្ថាន ©stephanie Sinclair/tooyoungtowed.org
ផ្សាយពាណិជ្ជកម្ម

Houria Machhour រដ្ឋមន្រ្តី សិទ្ធិមនុស្ស​របស់​ប្រទេស​យេម៉ែន​បាន​និយាយ​ថា លោកស្រី​បាន​សរសេរ​ទៅ​សភា​រួចហើយ ដើម្បី សុំ​ឲ្យ​គេ​ពិភាក្សា​ពីគម្រោង​ច្បាប់ ដែល​នឹង​ហាម​ការរៀបការ​កុមារ អាយុ​ក្រោម ១៧​ឆ្នាំ។ សេចក្តី ព្រាងច្បាប់​នេះ​ត្រូវ​បាន​ផ្អាកព្យួរ តាំងពី​ឆ្នាំ ២០០៩​មកម្ល៉េះ។ ប៉ុន្តែ លោកស្រី រដ្ឋមន្រ្តី​យេម៉ែន​បាន​សន្យា​ថា លោកស្រី​នឹង​ការពារ​ច្បាប់​នេះ​ជា​ថ្មី នៅ​គណៈរដ្ឋមន្រ្តី គឺ​បន្ទាប់​ពី​មាន​ព័ត៌មាន​មរណៈភាព​របស់​កុមារី​ម្នាក់ នៅ​ខេត្ត​Hajja​ដែល​ស្ថិតនៅ​ភាគពាយ័ព្យ​ប្រទេស​យេម៉ែន។

 
កុមារី ឈ្មោះ​Rawan​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​រៀបការ នៅ​អាយុ​៨ឆ្នាំ អាច​ស្លាប់​ដោយសារ​ការរំលោភ​ផ្លូវភេទ​របស់​ប្តីនាង។ បើតាមរដ្ឋមន្រ្តី សិទ្ធិមនុស្ស ពេលនេះ រដ្ឋាភិបាល​យេម៉ែន​បាន​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ស៊ើបអង្កេត​លើ​ករណី​រំលោភ​សម្លាប់​កុមារី​ Rawan។ បើសិន​ជា​គេរកឃើញ​ថា ជនដៃដល់​​ជា​ប្តី​របស់​កុមារី នោះមែន នោះទោស​ឧក្រិដ្ឋ​នឹង​ត្រូវ​គេ​អនុវត្ត​ឲ្យ​ធ្ងន់ធ្ងរ​បំផុត។

កាលពី​ឆ្នាំ ២០១០ កុមារី​Nojoud Mohamed Ali​អាយុ​ទើបតែ​១០​ឆ្នាំ​បាន​តស៊ូ​មតិ រហូត​សម្រេច​ជោគជ័យ​លែងលះ​ប្តី​ដែល​បាន​រំលោភ និង​វាយដំ​នាង​កន្លងមក។ Mohamed Ali​ត្រូវ​ឪពុកម្តាយ​ចាប់​បង្ខំ​ឲ្យ​រៀបការ តាំងពី​នាង​អាយុ ៨ឆ្នាំ ជាមួយ​បុរស​ដែល​មាន​អាយុ​ច្រើន​ជាងនាង ២០ឆ្នាំ។ ករណី​របស់​កុមារី​ Mohamed Ali​បាន​បង្ក​ឲ្យ​មាន​មតិ​រិះគន់ និង​តវ៉ា​ដែល​ទាមទារ​ឲ្យ​គេ​ធ្វើ​ច្បាប់​ហាមឃាត់​កុមារី អាយុ ក្រោម ១៨ឆ្នាំ។

រឿង​អាពាហ៏ពិពាហ៏​ចាប់​បង្ខំ​កុមារី ​កើតមាន​សឹង​ជាទម្លាប់​ទៅ​ហើយ នៅ​ប្រទេស​យេម៉ែន។ ប្រទេស​អ៊ីស្លាម​មួយនេះ កុមារី​ត្រូវ​គេ​ចាប់បង្ខំ​ឲ្យ​រៀបការ​ជាមួយ​មនុស្ស​ចាស់ ដែល​មាន​ប្រពន្ធ​ច្រើន​រួច​ទៅហើយ ក៏មាន៕

ទោះបី​ជា​អាពាហ៏ពិពាហ៏​កុមារ​ត្រូវ​បាន​ហាមឃាត់​ដោយ​ច្បាប់ ក្នុង​ប្រទេស​មួយចំនួន និង​ដោយ​សន្ធិសញ្ញា​អន្តរជាតិ​ស្តី​ពីសិទ្ធិ​កុមារ ប៉ុន្តែ គេ​វាយតម្លៃ​ថា មាន​កុមារី​អាយុ​ក្រោម​១៨​ឆ្នាំ ប្រមាណ ៥១​លាន​នាក់ ក្នុង​ពិភពលោក​ដែល​ត្រូវ​បាន​គេ​ចាប់​បង្ខំ​ឲ្យ​រៀបការ ដែល​ជាញឹកញយ ក្នុង​រូបភាព​លាក់កំបាំង។ ការចាប់បង្ខំ​កុមារី​ឲ្យ​រៀបការ កើតមាន​ នៅក្នុង​ប្រទេស​ក្រីក្រ ដោយមូលហេតុ​សង​បំណុល ឬ​គោរព​តាម​ប្រពៃណី​ចាស់បុរាណ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ