អានតួអត្ថបទ
ស៊ីរី

ទាហាន​បាឆាអាល់អាសាដ ទម្លាក់​គ្រាប់បែក ​សម្លាប់​ប្រជាជន​៧១នាក់​នៅ​ក្រុង​អាឡឹប

កាលពី​ថ្ងៃ​សៅរ៍​ ទី៣០​ ឧសភា ​ទាហាន​បំរើ​របប​ផ្តាច់ការ​ស៊ីរី ​ដែល​ដឹកនាំ​ដោយ​លោក​ បាឆា ​អាល់ អាសាដ ​បាន​ទម្លាក់​គ្រាំបែក​ទៅលើ​ទី​ប្រជុំជន ​ក្នុង​ក្រុង​អាឡឹប ​ដែល​បាន​បង្ក​ឲ្យ​មាន​ប្រជាជន​ស្លូតត្រង់​ស្លាប់ ​ចំនួន​៧១​នាក់ ​និង​របួស​ធ្ងន់​ស្រាល​ ជាច្រើន​នាក់​ផ្សេង​ទៀត។ បេសកជន​អង្គការ​សហ​ប្រជាជាតិ ​ក្នុង​វិបត្តិ​ស៊ីរី ​បាន​ថ្កោល​ទោស​របប​ផ្តាច់ការ​ស៊ីរី ​ហើយ​បាន​បរិហារ​ថា​នេះ ​គឺ​ជា​ការ​សម្លាប់​រង្គៀល​ លើ​ជន​ស្លូតត្រង់ ​យ៉ាង​ស្រស់ៗ​តែ​ម្តង។

ក្មេងប្រុស​ម្នាក់ ​ដើរ​កាត់គំនរបាក់បែក​ ក្នុង​ក្រុង​អាឡឹប
ក្មេងប្រុស​ម្នាក់ ​ដើរ​កាត់គំនរបាក់បែក​ ក្នុង​ក្រុង​អាឡឹប REUTERS/Rami Zayat
ផ្សាយពាណិជ្ជកម្ម

៧១​នាក់​ នេះ​ជា​ចំនួន​អ្នក​ស្លាប់​ដែល​សុទ្ធសឹង​តែ​ប្រជាជន​ស្លូតត្រង់ ​ដែល​បាន​ស្លាប់ ​ដោយ​ការ​ទំលាក់​គ្រាប់បែក​ក្នុង​ទីក្រុង​អាឡឹប ​របស់​ទាហាន​បាឆាអាល់ ​អាសាដ កាល​ពី​ថ្ងៃ​សៅរ៍ ​ទី​៣០​ឧសភា។ តាម​ការ​រាយការណ៍​របស់ ​ទីភ្នាក់ងារ​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​ស៊ីរី ​បាន​បញ្ជាក់​ថា ​ទាហាន​ស៊ីរី​ បាន​ជ្រើសរើស​ទីតាំង​ដែល​ជា​ទី​ប្រជុំជន​ និង​ចំ​ពេល​ដែល​មាន​មនុស្ស​អ៊ូរអរ​ ក្នុង​សង្កាត់​អាស់​អាឆា ​នៅ​ក្រុង​អាឡឹប។ លោក Staffan de Mistura​ បាន​ចោទ​ដោយ​ត្រង់ៗ​ថា ​នេះ​គឺ​ជា​អំពើ​យង់ឃ្នង​បំផុត​ ដែល​អាច​ចាត់ទុក​ថា​ជា​ការ​សម្លាប់​រង្គៀល​លើ​ជាតិ​សាសន៍​ឯង ​ពី​សំណាក់​របប​ផ្តាច់ការ​របស់​បាឆា ​អាល់​ អាសាដ។

យោងតាម​ក្រុម​ការងារ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ ​បាន​បញ្ជាក់​ថា ទាហាន​បាឆា អាល់ អាសាដ ​បាន​ជ្រើសរើស​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​សៅរ៍ ​ទីមួយ​គឺ​ក្រុង​អាល់បាប​ ដែល​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​ក្រុម​ជីហាដ ​ហើយ​ទីពីរ​គឺ ​សង្កាត់​អាល់ឆា​ ក្នុង​ទីក្រុង​អាឡឹប ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​ប្រឆាំង​បះបោរ​នឹង​របប​ស៊ីរី។

លោក​ Staffan de Mistura ​បាន​បន្ថែម​ថា ​នេះ​មិនមែន​ជា​លើក​ទីមួយ​ទេ ​ដែល​ក្រុម​ទាហាន​បាឆា អាល់​ អាសាដ​ ធ្វើការ​សម្លាប់​រង្គៀល​លើ​ប្រជាជន​ស្លូតត្រង់​ ដោយ​ការ​ទម្លាក់​គ្រាប់​បែក។ គ្រាប់​បែក​ដែល​គេ​ទម្លាក់ ​មិន​មែន​ជា​គ្រាប់បែក​ធម្មតា​ទេ តែ​ជា​ធុង​ដែក​ដ៏​ធំ ​ដែល​ផ្ទុក​ពេញ ទៅ​ដោយ​គ្រាប់បែក​ឆ្នៃរ ​បង្កប់​ដោយ​កម្ទេច​ដែក​មុត​ស្រួច​ ធ្វើឲ្យ​មាន​អ្នក​ស្លាប់​ និង​របួស​ច្រើន។ លោក​បាន​អំពាវនាវ ​ឲ្យ​របប​ផ្តាច់ការ​ស៊ីរី ​បញ្ឈប់​សកម្មភាព​ព្រៃផ្សៃ​នេះ​ ជាបន្ទាន់។ ក្នុង​ខណៈនេះ​ដែរ ​លោក​កំពុងតែ​វាយ​តម្លៃ​ស្ថានការណ៍ ​ដើម្បី​កំណត់​ថា​ ត្រូវ​ធ្វើ​អ្វី​បន្ត​ទៀត ដើម្បី​ឈាន​ទៅរក​ការ​ចរចា ​ស្វែងរក​សន្តិភាព​នៅ​ស៊ីរី។

សូម​បញ្ជាក់​ផងដែរ​ថា ​វិបតិ្ត​ស៊ីរី ​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​៤ឆ្នាំ​មក​ហើយ ​ក្រោយ​មាន​ការ​បះបោះ​របស់​ប្រជាជន​ និង​ក្រុម​ប្រឆាំង​ជា​ច្រើន​ក្រុម ​ទល់​នឹង​អំណាច​ផ្តាច់ការ​របស់​បាឆា អាល់ អាសាដ។ តាំង​ពីឆ្នាំ​២០១១​មក​ វិបត្តិ​នេះ ​បាន​សម្លាប់​ជីវិត​មនុស្ស​ប្រមាណ​ជា​ជាង​២សែន​នាក់​ហើយ។ បញ្ហា​កាន់តែ​ស្មុគស្មាញ​ នៅ​ពេល​ដែល​ក្រុម​ជីហាដ​អ៊ីស្លាម ​បាន​ធ្វើការ​វាយ​ដណ្តើម​ យក​តំបន់​សំខាន់ៗ​ជា​ច្រើន ​ក្នុង​ដី​ស៊ីរី។ ចុង​ក្រោយ​នេះ​ ក្រុម​ជីហាដ ​ទើប​បាន​សង្គ្រុប​កាន់កាប់​ក្រុង​ប្រវត្តិសាស្រ្ត​ប៉ាល់មៀរ ​ហើយ​ក៏​បាន​ដាក់​គ្រាប់បែក​បំផ្ទុះ​ ​ម្ទេច​គុក​ដ៏ធំ​របស់​ក្រុង​នេះ​ដែរ។ គុក​ប៉ាល់មៀរ​នេះ ​ជា​និម្មិតរូប ​និងជា​ភស្តុតាង​នៃ​របប​ផ្តាច់ការ​យង់ឃ្នង​ របស់​បាឆា អាល់ អាសាដ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ