អានតួអត្ថបទ
ស៊ីរី-លីបង់-អ៊ីរ៉ាក់

យន្តហោះ​ចម្បាំង​អាមេរិកាំង​រារាំង​មិន​ឲ្យ​ក្បួន​រថយន្ត​ដឹក​ក្រុមជីហាត ផ្លាស់ទី នៅ​ស៊ីរី

ក្រុមទាហាន​អេស្បូឡា នៅ​លីបង់​បាន​អះអាង​នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ ថា យន្តហោះ​របស់​កងទ័ព​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​អាមេរិក បាន​បិទខ្ទប់ រាំរាំង​មិន​ឲ្យ​ក្បួនរថយន្ត​ដឹក​ក្រុមជីហាត និង​ក្រុមគ្រួសារ បើក​ធ្វើដំណើរ​ទៅ​កាន់​តំបន់​ភាគខាងកើត​ស៊ីរី។ ទៅតាម​កិច្ចព្រមព្រៀង​ជាមួយ ទាហាន​អេស្បូឡា លីបង់ ដែល​ប្រយុទ្ធ​កៀកស្មា​ជាមួយ ទាហាន​រដ្ឋាភិបាល​ស៊ីរី ក្រុមជីហាត​រដ្ឋអ៊ីស្លាម​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ចាកចេញ​ជាមួយ​ក្រុមគ្រួសារ ពី​តំបន់​ដែល​ឡោមព័ទ្ធ​ដោយ​ទាហាន​រដ្ឋាភិបាល​ស៊ីរី សំដៅ ទៅ​តំបន់​កាន់កាប់​របស់​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្បែរ​ព្រំដែន​ស៊ីរី​ជាមួយ​អ៊ីរ៉ាក់។

ក្រុមទាហាន​អេស្បូឡា​ជួយ​នាំផ្លូវ​ប្រជាជន​ស៊ីរី​ចាក​ចេញ​ពី​តំបន់​ប្រយុទ្ធគ្នា​រវាង​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ជាមួយ​នឹង​ពួកអេស្បូឡា ដែល​រួម​ដៃ​ជាមួយ​ទាហាន​រដ្ឋាភិបាល​ស៊ីរី
ក្រុមទាហាន​អេស្បូឡា​ជួយ​នាំផ្លូវ​ប្រជាជន​ស៊ីរី​ចាក​ចេញ​ពី​តំបន់​ប្រយុទ្ធគ្នា​រវាង​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ជាមួយ​នឹង​ពួកអេស្បូឡា ដែល​រួម​ដៃ​ជាមួយ​ទាហាន​រដ្ឋាភិបាល​ស៊ីរី REUTERS/Hassan Abdallah
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ចេញផ្សាយ​នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ ពួកទាហាន​អេស្បូឡា​លីបង់ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ទាហាន​រដ្ឋាភិបាល​ស៊ីរី​បាន​លើកឡើង​ថា យន្តហោះ​ប្រមាញ់​របស់​អាមេរិក បាន​ព្យាយាម​រារាំង​មិន​ឲ្យ​ក្បួន​រថយន្ត​ដឹក​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម អាច​ធ្វើ​ដំណើរ​ទៅ​ព្រំដែន​ស៊ីរី និង​អ៊ីរ៉ាក់។

តាម​ក្រុមអេស្បូឡា លីបង់ យន្តហោះ​ចម្បាំង​អាមេរិក រារាំង​ផងដែរ ក្បួនរថយន្ត​ដែល​ដឹកជំនួយ​មនុស្សធម៌ ទៅឲ្យ​ក្រុមគ្រួសារ​របស់​ពួកជីហាត ដែល​នៅក្នុង​នោះ មាន​ទាំង​មនុស្ស​ចាស់ កុមារ និង​ស្រ្តី​មាន​ផ្ទៃពោះ។ ដោយសារ​ការរារាំង​របស់​យន្តហោះ​របស់​ក្រុមសម្ព័ន្ធ​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក ក្បួន​រថយន្ត​ដឹក​ក្រុមជីហាត កំពុង​នៅ​ជាប់គាំង ក្នុង​តំបន់​ដែល​កំពុង​ឡោមព័ទ្ធ​ដោយ​ទាហាន​រដ្ឋាភិបាល ស៊ីរី ដែល​ស្ថិតនៅ​ក្បែរ​ព្រំដែន​ស៊ីរី លីបង់។

សូមបញ្ជាក់ថា ពួកទាហាន​អេស្បូឡា រួម​ជាមួយ​កងទ័ព​រដ្ឋាភិបាល ស៊ីរី បាន​យល់ព្រម​អនុញ្ញាត​បើកផ្លូវ​ឲ្យ​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម រួម​ទាំង​ក្រុមគ្រួសារ​របស់​ពួកគេ ធ្វើដំណើរ​ចាកចេញ​ពី​តំបន់​ដែល​ឡោមព័ទ្ធ​ជុំជិត​ដោយ​ទាហាន​អេស្បូឡា និង​កងទ័ព​ស៊ីរី។ តាម​គម្រោង ក្បួនរថយន្ត​ចំនួន ១៧ ដែល​ដឹក​ពួក​ទាហាន ជីហាត​៣០០​នាក់ ហើយ​និង​ប្រជាជន​ស៊ីវិល​៣០០​នាក់ ត្រូវ​បើក​សំដៅ​ទៅ​ជំរំ​សំបុក​របស់​ពួក​អង្គការ​រដ្ឋអ៊ីស្លាម នៅ Al Boukamal ដែល​ស្ថិតនៅ​ជាប់​ព្រំដែន​ស៊ីរី​ជាមួយ​អ៊ីរ៉ាក់។

គំនិតផ្តួចផ្តើម​របស់​ទាហាន​ស៊ីរី​រួមជាមួយ​ពួកអេស្បូឡា លីបង់​ដែល​ចង់​ជម្លៀស​ពួកជីហាត ឲ្យ​ទៅ​នៅ​ព្រំដែន​ស៊ីរី ជាមួយអ៊ីរ៉ាក់ បាន​បង្ក​ឲ្យ​ការមិនពេញចិត្ត​ពី​សំណាក់​រដ្ឋាភិបាល​អ៊ីរ៉ាក់។ សម្ព័ន្ធ​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក​វិញ បាន​បដិសេធ​មិនទទួល​ស្គាល់​កិច្ចព្រមព្រៀង​រវាង​ពួកអេស្បូឡា ជាមួយ ក្រុមជីហាត​រដ្ឋអ៊ីស្លាម និង​ថា សម្ព័ន្ធអន្តរជាតិ​គ្មាន​កាតព្វកិច្ច ដែល​ត្រូវ​គោរព​ធ្វើតាម​នោះទេ។ សម្រាប់​សម្ព័ន្ធអន្តរជាតិ ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ទ័ព​អាកាស​នៅ​អ៊ីរ៉ាក់ និង​នៅ​ស៊ីរី ក្រុមទាហាន​ជីហាត​របស់​អង្គការ​រដ្ឋអ៊ីស្លាម ដែល​ត្រូវ​ផ្ទេរ​ចេញពី​ព្រំដែន​លីបង់ ស៊ីរី ទៅ​ភាគខាងកើត​ស៊ីរី នឹង​ទៅប្រមូល​កម្លាំង ដើម្បី​ប្រយុទ្ធ​អុកឡុក បន្តទៀត នៅ​ព្រំដែន​អ៊ីរ៉ាក់​ជាមួយ​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ