អានតួអត្ថបទ
តួកគី-ស៊ីរី

តួកគី​ចាប់ខ្លួន​អ្នករិះគន់​ប្រតិបត្តិការ​យោធា​​តួកគី នៅ​ក្នុងទឹកដី​ស៊ីរី

អាជ្ញាធរ​តួកគី​នៅថ្ងៃ​សុក្រ​ទី​២​កុម្ភៈ បាន​ចាប់ខ្លួន មនុស្ស​១៣​នាក់ ដែល​បាន​រិះគន់​រដ្ឋាភិបាល ក្នុងរឿង​បើក​ប្រតិបត្តិការ​ទ័ព នៅទឹកដី​ភាគខាងជើង​ស៊ីរី។ តាំង​ពី​ថ្ងៃ​ទី ២០​មករា មក កងទ័ព​តួកគី​បាន​បើក​យុទ្ធនាការ វាយប្រហារ​ទៅលើ​ក្រុមទាហាន​គួឌីស្ថាន ស៊ីរី ដែល​តួកគី​ចាត់ទុក​ជា​ក្រុម​ភេរវនិយម ដែល​គ្រោះថ្នាក់​សម្រាប់​សន្តិសុខ​ជាតិ​តួកគី។ នៅថ្ងៃ​សុក្រដែរ គ្រាប់ផ្លោង​រ៉ុក្កែត ពីរគ្រាប់​បាញ់​ចេញពី​ទឹកដី​ខាងជើង​ស៊ីរី បាន​សម្លាប់​មនុស្ស​២នាក់ ក្នុង​ភូមិ​មួយ​របស់​តួកគី ជាប់ព្រំដែន​ជាមួយ​ស៊ីរី។ នេះ​បើតាមប្រភព​ព័ត៌មាន​ពី​​អាជ្ញាធរ​តួកគី។

រថក្រោះ​តួកគី​នៅ​ខេត្ត​ឃីលី របស់​តួកគី នៅថ្ងៃទី​៣១​មករា ២០១៨
រថក្រោះ​តួកគី​នៅ​ខេត្ត​ឃីលី របស់​តួកគី នៅថ្ងៃទី​៣១​មករា ២០១៨ ©REUTERS/Osman Orsal
ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​មនុស្ស​១៣​នាក់ ដែល​ប៉ូលិស​តួកគី​ចាប់ខ្លួន នៅថ្ងៃ​សុក្រ មាន​១១​នាក់ ជាថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​សមាគម​គ្រូពេទ្យ​តួកគី ដែល​ជា​អ្នកផ្តួចផ្តើម​គំនិត​ដំបូង សរសេរ​អត្ថបទ​រិះគន់ ប្រឆាំង ចំណាត់ការ​យោធា​របស់​រដ្ឋាភិបាល ក្នុង​ទឹកដី​ស៊ីរី។ តាម​កាសែត​តួកគី មនុស្ស​ជាច្រើន​ត្រូវ​បាន​ចាប់ខ្លួន ដោយសារ​តែ​ពួកគេ​បាន​សរសេរ​គាំទ្រ អត្ថបទ​មួយ ដែលបង្ហោះ​ផ្សាយ​នៅលើ​បណ្តាញ​សង្គម ដោយ​សមាគម គ្រូពេទ្យ តួកគី។ នៅក្នុង​អត្ថបទនោះ សហភាព​គ្រូពេទ្យ​តួកគី ដែល​មាន​សមាជិក​ជាង ៨៣ ០០០​នាក់ បាន​សរសេរ​ចាត់ទុក​សង្រ្គាម​ថា ជម្ងឺ​សាធារណៈ និង​ទាមទារ​ឲ្យ​បញ្ចប់​សង្រ្គាម និង​នាំ​មកនូវ​សន្តិភាព​នៅ គ្រប់កន្លែង។

ការចាប់ឃុំខ្លួន​គ្រូពេទ្យ តួកគី គឺ​ជា​ឧទាហរណ៍​មួយ​ទៀត ដែល​ស្តែង​ឲ្យ​ឃើញ ពី​វិធានការ​បង្រ្កាប មិន​យោគយល់​របស់​រដ្ឋាភិបាល ទៅលើ​អ្នកដែល​ហ៊ាន​រិះគន់​ប្រឆាំង។ ចាប់តាំង​ពី​តួកគី បើក​ប្រតិបត្តិការ​យោធា វាយប្រហារ​ទៅលើ​ក្រុមគួឌីស្ថាន​ស៊ីរី នៅ​ទឹកដី​ភាគខាងជើង ស៊ីរី នៅថ្ងៃទី ២០​មករា មក ប្រធានាធិបតី​តួកគី រេស៊ីប អ៊ែរដូហ្កាន បាន​និយាយ​ព្រមាន​រួច​ហើយថា អ្នកដែល​ហ៊ាន​រិះគន់ ឬ​តវ៉ា​ប្រឆាំង​នឹង​អន្តរាគមន៍​យោធា​របស់​តួកគី នៅ​ស៊ីរី នឹង​ប្រឈម​នឹង​ការដាក់ទោស ដ៏ធ្ងន់មួយ។

នៅក្នុង​សេចក្តីថ្លែងការណ៍ នៅថ្ងៃ​សុក្រ រដ្ឋមន្រ្តីការបរទេស​អឺរ៉ុប លោកស្រី Federica Mohgerini និង​អ្នកទទួល​បន្ទុក​គណៈកម្មការ​ទទួល​បន្ទុក​ការពង្រីក​វិសាលភាព​អឺរ៉ុប​បាន​សំដែង​ការព្រួយបារម្ភ​ពី​អព្យាក្រឹត្យភាព ហើយ​និង​យុត្តិធម៌​របស់​តុលាការ​តួកគី នៅក្រោយ​ការចាប់ខ្លួន ក្រុម​គ្រូពេទ្យ​តួកគី។

ចាប់តាំង​ពី​បើក​ប្រតិបត្តិការ​យោធា​នៅក្នុង​ទឹកដី​ស៊ីរី ក្នុងហេតុផល​បោសសម្អាត ក្រុមគួឌីស្ថាន ដែល​ជា​ក្រុមភេរវជន​ក្នុង​ក្រសែភ្នែក​របស់​តួកគី អាជ្ញាធរ​តួកគី​បាន​ប្រមូល​ចាប់ឃុំ​ខ្លួនមនុស្ស ៣០០នាក់ ក្នុង​បទ​ឃោសនា​គាំទ្រ ក្រុមភេរវនិយម។ តាម​កាសែត​ក្នុង​ស្រុក​តួកគី អ្នកដែល​អាជ្ញាធរ​តួកគី​ចាប់ខ្លួនភាគច្រើន គឺ​បាន​សរសេរ​នៅ​បណ្តាញ​សង្គម ដោយ​បាន​បញ្ចេញមតិ ប្រឆាំង​នឹង​ប្រតិបត្តិការ​យោធា​របស់​តួកគី នៅ​ខេត្ត​អាហ្វ្រាំង ក្នុង​ទឹកដី​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ