អានតួអត្ថបទ
យេម៉ែន

អង្គការសហប្រជាជាតិ​ទទួល​ស្គាល់​ភាព​បរាជ័យ​ក្នុង​ការ​ចរចា​បញ្ចប់​សង្រ្គាម​នៅ​ប្រទេស​យេម៉ែន

នៅ​ថ្ងៃ​សៅរ៍ ទី៨ កញ្ញា អង្គការសហប្រជាជាតិ​បាន​ទទួល​ស្គាល់​ពី​ភាព​បរាជ័យ​ក្នុង​ការ​រៀបចំ​ឲ្យ​មាន​កិច្ចចរចា​រវាង​ភាគី​ជម្លោះ​នៅ​ក្នុង​ប្រទេស​យេម៉ែន។ ទីបំផុត ក្រុមអ្នកតំណាង​ឲ្យ​ពួកឧទ្ទាម​ហ៊ូទី​មិន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស​ដើម្បី​ជួប​ចរចា​ជាមួយ​ក្រុមអ្នកតំណាង​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​សាណា​ទេ។ បន្ទាប់​ពី​បាន​រង់ចាំ​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៦ កញ្ញា​មក ក្រុមអ្នកតំណាង​ឲ្យ​រដ្ឋាភិបាល​ក៏​បាន​សម្រេចចិត្ត​វិល​ត្រឡប់​ចូល​ស្រុក​វិញ​នា​ថ្ងៃ​សៅរ៍ ទី៨ កញ្ញា និង​បាន​ចោទ​ក្រុមឧទ្ទាម​ពី​បទ​ធ្វើ​វិច្ឆេទកម្ម​លើ​កិច្ចចរចា​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​បញ្ចប់​សង្រ្គាម​ដែល​បាន​អូសបន្លាយ​តាំង​ពី ៣ឆ្នាំ។ យ៉ាង​ណា​ក៏​ដោយ ប្រេសិតពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សំណុំរឿង​យេម៉ែន​លោក​ម៉ារតាំង គ្រីហ្វ៊ី​មិន​បាន​ទម្លាក់​កំហុស​លើ​ភាគី​ណា​មួយ​ទេ និង​សង្ឃឹម​រក​បាន​កិច្ចព្រមព្រៀង​នា​ពេល​ខាង​មុខ។

លោកម៉ារតាំង គ្រីហ្វ៊ី ប្រេសិតពិសេស​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សំណុំរឿង​យេម៉ែន
លោកម៉ារតាំង គ្រីហ្វ៊ី ប្រេសិតពិសេស​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សំណុំរឿង​យេម៉ែន REUTERS/Denis Balibouse
ផ្សាយពាណិជ្ជកម្ម

« Ansar al Allah ដែល​ជា​សាខានយោបាយ​នៃ​ចលនា​ឧទ្ទាម​ហ៊ូទីស​បាន​ប្រឹងប្រែង​គ្រប់​បែប​យ៉ាង​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ធ្វើ​ដំណើរ​មក​កាន់​ទី​នេះ។ ពួក​គេ​ពិត​ជា​ចង់​មក​កាន់​ទីនេះ ហើយ​ពួក​គេ​នឹង​ធ្វើ​ដំណើរ​មក​កាន់​ទីនេះ។ វា​ជា​រឿង​ពិត​ដែល​អង្គការសហប្រជាជាតិ និង​រដ្ឋាភិបាល​ទីក្រុង​សាណា​បាន​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ទាំង​អស់​ដើម្បី​អាច​ឲ្យ​ពួក​គេ​ធ្វើ​ដំណើរ​មក​កាន់​ទីនេះ។

តែ​ទីបំផុត យើង​មិន​បាន​ទទួល​ជោគជ័យ​ដូច​ដែល​យើង​ចង់​បាន។ វា​មាន​បញ្ហា​ជា​ច្រើន​ដើម្បី​ដោះស្រាយ ហើយ​យើង​មិន​អាច​ដោះស្រាយ​បាន​ទៅ​តាម​ពេល​វេលា​ដែល​កំណត់។ រឿងរ៉ាវ​មួយ​នេះ​ក៏​បាន​រីក​កាន់​តែ​ធំ និង​ស្មុគស្មាញ​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ យ៉ាង​ណា​ក៏​ដោយ នេះ​មិនមែន​ជា​លើក​ទី១ ទេ​ដែល​យើង​បាន​ប្រឈម​មុខ​នឹង​បញ្ហា​ច្រំដែល​មួយ​នេះ​ក្នុង​បរិបទ​នៃ​ជម្លោះ​នៅ​យេម៉ែន។

នៅ​ពេល​ណា​មួយ​ដែល​យើង​រក​ឃើញ​ផ្លូវ​ត្រូវ យើង​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ចម្រើន »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ