អានតួអត្ថបទ

មនុស្ស​រាប់សិបនាក់​ស្លាប់​នៅយេម៉ែន​ ដោយសារ​ការវាយប្រហារ​តាមអាកាស

ជនស៊ីវិល​រាប់សិបនាក់​ដែលក្នុងនោះ​មានទាំង​កុមារផង​បានស្លាប់​នៅក្នុង​ខេត្តសាដា​ (Saada) នៃ​ប្រទេស​យេម៉ែន​ ដោយសារ​ការទម្លាក់គ្រាប់បែក​ពី​សំណាក់​បក្សសម្ព័ន្ឋអារ៉ាប់​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត​។ នេះ​បើតាមការ​ឲ្យដឹង​របស់​ក្រុមប្រឹក្សាសន្តិសុខ​យេម៉ែន​ និង​គណៈកម្មាធិការ​កាកបាទក្រហមអន្តរជាតិ​ (ICRC)​។

បុរសម្នាក់បីក្មេងប្រុស ដែលរងរបួសដោយសារការវាយប្រហារតាមអាកាសនៅខេត្តសាដា ប្រទេសយេម៉ែននៅថ្ងៃទី៩ សីហាឆ្នាំ ២០១៨។
បុរសម្នាក់បីក្មេងប្រុស ដែលរងរបួសដោយសារការវាយប្រហារតាមអាកាសនៅខេត្តសាដា ប្រទេសយេម៉ែននៅថ្ងៃទី៩ សីហាឆ្នាំ ២០១៨។ REUTERS/Naif Rahma
ផ្សាយពាណិជ្ជកម្ម

ការវាយប្រហារ​តាមផ្លូវអាកាស​ ធ្វើឡើងដោយ​បក្សសម្ព័ន្ឋអារ៉ាប់​ ទៅលើ​រថយន្តក្រុង​ នៅក្នុង​ប្រទេសយេម៉ែន​ បានបណ្តាលឲ្យ​ជនស៊ីវិល​រាប់សិបនាក់​ស្លាប់​និងរងរបួស​ ហើយ​ក្នុងចំណោមនោះ​មាន​ទាំងកុមារ​ផងដែរ​។ ប្រធានមន្ទីរសុខាភិបាល​យេម៉ែន​នៅខេត្តសាដា​បានឲ្យដឹងថា​ មកដល់ពេលនេះ​ ចំនួនមនុស្ស​ស្លាប់​បានកើនដល់​៤៣ នាក់​ ហើយ​៦១ នាក់​ផ្សេងទៀត​រងរបួស​។

ពាក់ព័ន្ឋ​រឿងនេះដែរ​ តំណាង​គណៈប្រតិភូ​កាកបាទក្រហម​អន្តរជាតិ​ ប្រចាំនៅ​ប្រទេស​យេម៉ែន​បានសរសេរ​នៅលើ​បណ្តាញសង្គម​ Twitter ​ថា​ ជនរងគ្រោះ​នៅក្នុងការ​វាយប្រហារ​ដោយការ​ទម្លាក់គ្រាប់​នោះ​ ភាគច្រើន​ជា​កុមារ​មានអាយុក្រោម​១០ ឆ្នាំ​។

ផ្ទុយទៅវិញ​ ក្រោយ​ហេតុការណ៍​វាយប្រហារ​ បក្សសម្ព័ន្ឋអារ៉ាប់គាំទ្រដោយ​លោកខាងលិច​បាន​និយាយថា​ការវាយប្រហារ​របស់ខ្លួន​ គឺ​តម្រង់លើ​ទីតាំង​ដែល​ក្រុមឧទ្ទាម​ហ៊ូទី​នៅ​យេម៉ែន ​ប្រើប្រាស់​ដើម្បី​បាញ់មីស៊ីល​ ចូលទៅក្នុង​ទឹកដី​អារ៉ាប៊ីសាអូឌីត​ដែល​មានព្រំដែន​ជាប់នឹង​ប្រទេសយេម៉ែន​។ បក្សសម្ព័ន្ឋអារ៉ាប់បាន​បន្តទៀតថា​ហេតុការណ៏នេះ​បានសម្លាប់​មនុស្ស​តែម្នាក់ប៉ុណ្ណោះ​។  

គួរបញ្ជាក់ថា​ សហរដ្ឋអាមេរិក​និង​ប្រទេស​មហាអំណាច​លោកខាងលិច​បានផ្តល់​អាវុធ​និងព័ត៌មាន​ចារកិច្ច​ទៅឲ្យ​សម្ព័ន្ធមិត្ត​របស់ខ្លួន​ ដើម្បី​កម្ទេច​ពួកឧទ្ទាមហ៊ូទី​។ ការណ៍នេះ​បានធ្វើឲ្យ​ក្រុមអ្នកឃ្លាំមើលសិទិ្ធមនុស្ស​ រិះគន់​យ៉ាងខ្លាំង​ពីព្រោះថា​ ការវាយប្រហារ​ឥត​ស្រាកស្រាន្ត​នៅយេម៉ែន​ បានសម្លាប់​ប្រជាជន​ស្លូតត្រង់​ជាច្រើននាក់​មកហើយ​។

មិនតែប៉ណ្ណោះ​ បើយោងតាម​អង្គការសហប្រជាជាតិ​ សង្រ្គាមដ៏រុំារ៉ៃ​នៅក្នុងប្រទេសយេម៉ែន​បានសម្លាប់​មនុស្សជាង​ ១ ម៉ឺននាក់​ និង​ធ្វើឲ្យ​មនុស្សជាង​ ២ លាននាក់​គ្មានទីជម្រក​ ហើយនិង​បានធ្វើឱ្យ​ប្រទេសនេះ​ថ្នាក់ក្នុង​មហន្តរាយមួយ​ដ៏សែនខ្លោចផ្សា​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ