អានតួអត្ថបទ
រុស្ស៊ី-ស៊ីរី

រដ្ឋាភិបាល​រុស្ស៊ី​ថា​ខ្លួន​ពិតជា​បាន​បញ្ជូន​ទីប្រឹក្សា​យោធា​ទៅ​ស៊ីរី​តែ​មិនមែន​ជា​ទ័ព​ប្រយុទ្ធ

រុស្ស៊ី​ពិតជា​បាន​បញ្ជូន​ទីប្រឹក្សា​យោធា​ឲ្យ​ទៅ​ជួយ​កងទ័ព​ស៊ីរី​ពិតមែន តែ​មិនមែន​ជា​កងទ័ព​ប្រយុទ្ធនោះទេ។ នេះ​គឺ​ជា​ការ​អះអាង​របស់​ក្រសួង​ការបរទេស​រុស្ស៊ី នៅថ្ងៃ​ពុធ​នេះ ដោយ​បាន​បញ្ជាក់​បន្ថែម​ថា រុស្ស៊ី​កំពុងតែ​ពិចារណា​ចាត់វិធានការ​យោធា​ថ្មីៗ​បន្ថែម​ទៀត ប្រសិនបើ​ចាំបាច់ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ភេរវកម្ម​នៅ​ស៊ីរី។ សេចក្តីប្រកាស​របស់​ក្រសួង​ការបរទេស​រុស្ស៊ី​នៅពេលនេះ​ត្រូវ​បាន​ធ្វើឡើង នៅ​ក្នុង​ពេលដែល​មាន​ការ​សង្ស័យ​កាន់តែ​ខ្លាំង​ជុំវិញ​វត្តមាន​កងទ័ព​រុស្ស៊ី នៅ​ក្នុង​ប្រទេស​ស៊ីរី ដែល​ធ្វើ​ឲ្យ​អាមេរិក និង​បក្ស​សម្ព័ន្ធ​អូតង់​នាំគ្នា​សម្តែង​ក្តីព្រួយបារម្ភ។ ចំណែក​ឯប្រទេស​មួយ​ចំនួន រួមមាន ក្រិក និង​ប៊ុលហ្ការី ជាដើម ដែល​ជា​សមាជិក​បក្សសម្ព័ន្ធ​អូតង់ បាន​នាំគ្នា​ហាមឃាត់​លែង​ឲ្យ​យន្តហោះ​រុស្ស៊ី ធ្វើការ​ហោះកាត់​ដែន​អាកាសរបស់​ខ្លួន ដើម្បី​ឆ្លងកាត់​ទៅកាន់​ប្រទេស​ស៊ីរី។

លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ធ្លាប់​បាន​បដិសេធ​ជាផ្លូវការ​ថា​រុស្ស៊ី​មិនធ្វើ​អន្តរាគមន៍​យោធា​នៅ​ស៊ីរី​នោះទេ
លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ធ្លាប់​បាន​បដិសេធ​ជាផ្លូវការ​ថា​រុស្ស៊ី​មិនធ្វើ​អន្តរាគមន៍​យោធា​នៅ​ស៊ីរី​នោះទេ REUTERS/RIA Novosti/Mikhail Klimentyev/Kremlin
ផ្សាយពាណិជ្ជកម្ម

អស់រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ ដែល​គេ​លេចឮ​ព័ត៌មាន​ជុំវិញ​វត្តមាន​កងទ័ព​រុស្ស៊ី នៅ​ក្នុង​ប្រទេស​ស៊ីរី។ កាសែត​អាមេរិក The New York Times ជា​អ្នក​ដែល​បាន​ចេញផ្សាយ​មុនគេ កាល​ពីថ្ងៃ​សៅរ៍ ដោយ​អះអាង​ថា រុស្ស៊ី​បាន​បញ្ជូន​ទាហាន​មួយក្រុម​ ព្រមទាំង​បរិក្ខា​យោធា​ផង​ឲ្យ​ទៅ​ដំឡើង​មូលដ្ឋាន​ទ័ព​អាកាស នៅ​ក្នុង​តំបន់ Lattaquié ដែល​ជា​មូលដ្ឋាន​ធំ​របស់​ក្រុម​លោក​បាស្ហា អាល់អាសាដ។

ទាក់ទង​នឹង​រឿងនេះ លោក​ចន ឃែរី រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ បាន​ទូរស័ព្ទ​ដោយ​ផ្ទាល់​ទៅ​កាន់​សមភាគី​រុស្ស៊ី គឺ​លោក​ស៊ែរហ្គៃ ឡាវរ៉ូហ្វ ដើម្បី​សុំ​ឲ្យ​មាន​ការ​បកស្រាយ។ លោក​ប្រមុខការទូត​រុស្ស៊ី​បាន​ត្រឹមតែ​ឆ្លើយតបមកវិញ​ថា រុស្ស៊ី​មិនដែល​លាក់​លៀមទេ​នូវ​ជំហរ​​របស់​ខ្លួន​តាំងពីដើម​មក អំពី​ការ​​គាំទ្រ​​ខាង​ផ្នែក​យោធា​ដល់​រដ្ឋាភិបាល​ស៊ីរី​ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ភេរវកម្ម ក៏ប៉ុន្តែ រុស្ស៊ី​​បាន​បដិសេធ​មិនព្រម​ប្រាប់​ឲ្យដឹង​លម្អិតទេថា តើ​យន្តហោះ​ដឹកជញ្ជួន​យោធា​របស់​រុស្ស៊ី ដែល​ហោះ​ទៅ​ហោះមក ទៅកាន់​ប្រទេស​ស៊ីរី មាន​ដឹកអ្វី​ពិតប្រាកដ។

លោក​ប្រធានាធិបតីរុស្ស៊ី​ វ៉្លាឌីមៀរ ពូទីន ក៏ដូចជារដ្ឋាភិបាល​ស៊ីរី សុទ្ធតែ​បាន​ធ្វើ​សេចក្តីប្រកាស​បដិសេធ​ជាផ្លូវការ អំពី​វត្តមាន​កងទ័ព​រុស្ស៊ី​នៅ​ស៊ីរី។

ក៏ប៉ុន្តែ បើទោះបីជា​មាន​ការ​បដិសេធ​យ៉ាងនេះ​ក៏ដោយ កាលពី​ថ្ងៃ​អង្គារ មន្រ្តី​រដ្ឋាភិបាល​អាមេរិក​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP ថា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ មាន​យន្តហោះដឹកជញ្ជូន​យោធា​របស់​រុស្ស៊ី​យ៉ាងតិច ៣គ្រឿង បាន​ចុះចត​នៅ​ក្នុង​ប្រទេស​ស៊ីរី។ ចំណែក​ឯ​រដ្ឋាភិបាល​ប៊ុលហ្ការី និង​ក្រិក ដែល​សុទ្ធសឹង​ជា​សមាជិក​បក្ស​សម្ព័ន្ធ​អូតង់ បាន​នាំគ្នា​ហាមឃាត់​មិន​ឲ្យ​យន្តហោះ​របស់​រុស្ស៊ី​ហោះឆ្លងកាត់ដែន​អាកាស​ប្រទេស​ពួកគេ ដើម្បី​ឆ្លងកាត់​ទៅកាន់​ប្រទេស​ស៊ីរី។ ការហាមឃាត់​នេះ​ធ្វើឡើង​ទៅតាម​សំណើ​របស់​សហរដ្ឋ​អាមេរិក។

នៅថ្ងៃ​ពុធ​នេះ រដ្ឋាភិបាល​ប៊ុលហ្ការី​បាន​អះអាង​ថា ខ្លួន​នឹង​អនុញ្ញាត​ឲ្យ​យន្តហោះ​រុស្ស៊ី​ហោះកាត់​ដែន​អាកាស​របស់​ខ្លួន ប្រសិន​បើ​អាជ្ញាធរ​រុស្ស៊ី​អនុញ្ញាត​ឲ្យ​ប៊ុលហ្ការីត្រួតពិនិត្យ​មើល​ថាតើ​យន្តហោះ​ទាំងនេះ​ដឹកជញ្ជូន​អ្វី​ពិតប្រាកដ។

រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​បាន​ទទួលស្គាល់​ថា ខ្លួន​ពិតជា​បាន​បញ្ជូន​ទីប្រឹក្សា​យោធា​ទៅកាន់​ប្រទេស​ស៊ីរី​ពិតមែន ក៏ប៉ុន្តែ មិនមែន​ជា​កងទ័ព​ប្រយុទ្ធនោះទេ។ ចំណែក​ឯយន្តហោះ​ដឹកជញ្ជូន​យោធា ដែល​ហោះទៅហោះមក ទៅកាន់​ប្រទេស​ស៊ីរី នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ គឺ​មាន​ដឹកជញ្ជូន​តែ​ជំនួយ​មនុស្សធម៌​តែ​ប៉ុណ្ណោះ។

ក៏ប៉ុន្តែ​ទោះជាយ៉ាងណា សហរដ្ឋ​អាមេរិក ក៏ដូចជា​បក្ស​សម្ព័ន្ធ​អូតង់ហាក់ដូចជា​នៅតែ​មិន​ជឿ​ការឆ្លើយ​បកស្រាយ​របស់​រុស្ស៊ី ដោយសារ​តែ​គេធ្លាប់​ឃើញ​ប្រវត្តិ​របស់​រុស្ស៊ី ក៏ដូចជា សហភាព​សូវៀត ដែល​លួច​ដាក់ពង្រាយ​កងទ័ព​ទៅ​បរទេស​ដោយ​សម្ងាត់​ដោយ​មិន​ទទួលស្គាល់​ជា​សាធារណៈ ដូចជា​​ករណី​នៅ​តំបន់​គ្រីមេ​របស់​អ៊ុយក្រែន កាល​ពីពេលថ្មីៗ​នេះ ដែល​​ជា​ឧទាហរណ៍​ជាក់ស្តែង​និង​ស្រស់ៗ។

នៅ​ក្នុង​ករណី​គ្រីមេ រុស្ស៊ី​បាន​បញ្ជូន​កងកុម្ម៉ង់ដូ​ឲ្យ​ចូល​ទៅ​កាន់កាប់​តំបន់​គ្រីមេ ដើម្បី​កាត់យក​តំបន់​នេះ​ចេញ​ពី​អ៊ុយក្រែន ទៅ​ភ្ជាប់​នឹង​ទឹកដី​រុស្ស៊ី ក្រោម​រូបភាព​ធ្វើការ​បោះឆ្នោត​ប្រជាមតិ។ កាល​ពីដំបូង រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​តែងតែ​បដិសេធ​ថា​ខ្លួន​មិន​បាន​បញ្ជូន​ទាហាន​ទៅ​កាន់​តំបន់​គ្រីមេ​នោះទេ។ ក៏ប៉ុន្តែ​មួយឆ្នាំក្រោយមក លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ខ្លួនឯង​ផ្ទាល់ ដែល​បាន​សារភាព​​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ថា លោក​គឺ​ជា​អ្នក​រៀបចំ​ផែនការ​ដោយ​ផ្ទាល់ ក្នុងការ​ធ្វើ​អន្តរាគមន​យោធា​កាត់យក​តំបន់​គ្រីមេ​ពី​អ៊ុយក្រែន។

នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ អាមេរិក​និង​សម្ព័ន្ធមិត្ត​នាំគ្នា​ព្រួយ​បារម្ភ​ថា រុស្ស៊ី​​កំពុងតែ​ដាក់ពង្រាយ​កងទ័ព​នៅ​ក្នុង​ប្រទេស​ស៊ីរី ហើយ​កងទ័ព​ទាំងនេះ​មិន​មាន​បេសកកម្ម​ត្រឹមតែ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​​នោះទេ ក៏ប៉ុន្តែ គោលដៅ​ពិតប្រាកដ គឺ​ទៅជួយ​រដ្ឋាភិបាល​របស់​លោក​បាស្ហា អាល់អាសាដ ក្នុងការ​​ប្រយុទ្ធតទល់​នឹង​ក្រុម​ឧទ្ទាមស៊ីរី ដើម្បី​រក្សា​អំណាច​តទៅទៀត។

កាលពីថ្ងៃ​អង្គារ មន្រ្តី​អ្នក​នាំពាក្យ​ប្រធានាធិបតី​អាមេរិក​បាន​ធ្វើការ​ព្រមាន​ថា ការ​ពង្រឹង​វត្តមាន​យោធា​របស់​រុស្ស៊ី​នៅ​ស៊ីរី អាច​នឹង​នាំ​ឲ្យ​មាន​ការប្រឈមមុខ​ដាក់គ្នា​ជាមួយ​នឹង​កងទ័ព​អាមេរិក​និង​សម្ព័ន្ធមិត្ត ដែល​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ