អានតួអត្ថបទ
អាល់កៃដា

មេដឹកនាំ អាល់កៃដា​អំពាវនាវ​យុវជន​អ៊ីស្លាម​ឲ្យ​ធ្វើ​ភេរវកម្ម នៅ​ប្រទេស​លោកខាងលិច

មេកើយ​របស់​បណ្តាញ​អាល់កៃដា ​អៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី​បាន​អំពាវនាវ​យុវជន​អ៊ីស្លាម នៅ​អាមេរិក និង​នៅប្រទេស​លោកខាងលិច​ផ្សេងទៀត ឲ្យ​ធ្វើ​សកម្មភាព​ភេរវកម្ម នៅក្នុង​ប្រទេស​ទាំង​នោះ ដោយ​យក​គំរូ​តាម​បងប្អូន​ត្រកូល​គួរអាស្ហី និង​ត្សាណាវ ដែល​បាន​បង្ក​ភេរវកម្ម នៅ​ទីក្រុង​ប៉ារីស និង​នៅ​បូស្តុន។ មេអាល់កៃដា អំពាវនាវ​យ៉ាងដូច្នេះ នៅក្នុង​សារ​សំឡេង​មួយ ដែល​ចុះផ្សាយ នៅក្នុង​វិបសៃតិ៍ កាលពី​ថ្ងៃ​អាទិត្យ។ 

មេ​បណ្តាញ​អាល់កៃដា អៃម៉ាន់ អាល់ ហ្សាវ៉ាហ៊ីរី
មេ​បណ្តាញ​អាល់កៃដា អៃម៉ាន់ អាល់ ហ្សាវ៉ាហ៊ីរី REUTERS
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សារ​ជាសំឡេង របស់ខ្លួន មេដឹកនាំ​អាល់កៃដា អៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី​បាន​អំពាវនាវ​យុវជន​អ៊ីស្លាម កុំ​ឲ្យ​រារែក ធ្វើ​ភេរវកម្ម ដើម្បី​បំផ្លាញ​ប្រទេស​លោកខាងលិច។ “អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នៅពេលនេះ គឺ​នាំ​សង្រ្គាម​ចូល​ទៅដល់​ផ្ទះ ទីក្រុង​របស់​បស្ចិមបទេស ជាពិសេស គឺ​អាមេរិក​តែម្តង”។ នេះ​ជា​សំដី​អំពាវនាវ​របស់​មេកើយ​អាល់កៃដា។

 
នៅក្នុង​សារសំឡេង អៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី​បាន​និយាយ​ប្រាប់​យុវជន​កាន់​សាសនា​អ៊ីស្លាម​ដែល​រស់នៅ​អឺរ៉ុប​យកគំរូ​តាម​បងប្អូន ត្រកូល​គួរអាស្ហី ដែល​ធ្វើ​ភេរវកម្ម​បាញ់​សម្លាប់​អ្នកកាសែត​របស់​Charlie Hebdo នៅទីក្រុង​ប៉ារីស និង​បងប្អូន​ត្រកូល ត្សាណាវ ដែល​ធ្វើភេរវកម្ម សម្លាប់​មនុស្ស​នៅក្នុង​ឱកាស​រត់ម៉ារ៉ាតុង នៅ​ទីក្រុង​បូស្តុន សហរដ្ឋអាមេរិក។

សំឡេង​របស់​អៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី ត្រូវ​បាន​ចុះផ្សាយ​នៅក្នុង​វិបសៃតិ៍ នៅ​ថ្ងៃ​អាទិត្យ ប៉ុន្តែ តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP សារ​របស់​មេដឹកនាំ​អាល់កៃដា ត្រូវ​បាន​ថត​ទុក តាំងពីយូរណាស់​មកហើយ គឺ អាច ពីរ បីខែមុន ព្រោះថា នៅក្នុង​សំឡេងនោះ អៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី​បាន​និយាយ​យោងដល់​មេដឹកនាំ​តាលីបង់ ដែល​តាមពិត ត្រូវ​បាន​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន បាន​ប្រកាស ស្លាប់ តាំង​ពី​ខែ​កក្កដា។

នៅក្នុង​សារ​របស់ខ្លួន មេដឹកនាំ​កំពូល​របស់​អាល់កៃដា បាន​បញ្ជាក់​ជាថ្មី ក្រុម​ជីហាត នៃ​អង្គការ​រដ្ឋអ៊ីស្លាម ជាក្រុម​ខុសច្បាប់ ប៉ុន្តែ យ៉ាងណាក៏ដោយ អាល់កៃដា នៅតែ​ត្រៀម​ដើម្បី ធ្វើការ រួម​កម្លាំង​ជាមួយ ក្រុមនេះ ដើម្បី ប្រយុទ្ធប្រឆាំង​នឹង​ប្រទេស​លោកខាងលិច ហើយ​និង​ពួកសត្រូវ នានា ក្នុង​ទឹកដី​ស៊ីរី និង​អ៊ីរ៉ាក់។ ក្រុមអាល់កៃដា បាន​ចុះខ្សោយ បែកបាក់​កម្លាំង នៅក្រោយ​ពេល មេដឹកនាំ​ធំ​របស់​អាល់កៃដា អូសាម៉ា បិនឡាដិន​ត្រូវ​កងកុម្មង់ដូរ​អាមេរិក​បាញ់​សម្លាប់ កាលពី​ឆ្នាំ ២០១១។ ក្រោម​ការដឹកនាំ​របស់ អៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី អតីត​គ្រូពេទ្យ​អេហ្ស៊ីប បណ្តាញ​អាល់កៃដា ​ត្រូវ​ពើបប្រទះ នឹង​ការប្រជែង ដណ្តើម​ឥទ្ធិពល​ពី​ក្រុមជីហាត​រដ្ឋអ៊ីស្លាម ដែល​បច្ចុប្បន្ន កំពុង​មាន​អំណាច វាយដណ្តើម​កាន់កាប់​ទឹកដី មួយផ្នែកធំ នៅស៊ីរី និង​អ៊ីរ៉ាក់៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ