អានតួអត្ថបទ
ហ្សកដានី-ជីហាតអ៊ីស្លាម

ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម​បាញ់​ទំលាក់​យន្តហោះ​ចម្បាំង​ជា​លើក​ទីមួយ

ពួក​ឧទ្ទាម​ជីហាត​រដ្ឋ​អ៊ីស្លាម​ ដែល​កំពុង​តែ​ធ្វើការ​ប្រយុទ្ធ​នៅ​អ៊ីរ៉ាក់ ​និង​ស៊ីរី ទើប​បាន​បាញ់​ទំលាក់​យន្តហោះ​ចម្បាំង​របស់​ទាហាន​អាកាស​ហ្សកដានី ​ហើយ​បាន​ចាប់ទុក​ ជា​ចំណាប់​ខ្មាំង ​អ្នក​បើក​យន្តហោះ​ម្នាក់​ ដែល​នៅ​រស់រាន​មាន​ជិវិត​ ពី​ការ​ធ្លាក់​យន្តហោះ។ នេះ​ជា​លើក​ទីមួយ​ហើយ ​ដែល​ក្រុម​អ៊ីស្លាម​ជីហាត​ បាន​ប្រើ​កាំភ្លើង​មីស៊ីល​ បាញ់​កម្ទេច​យន្តហោះ។ អំណេះ​តទៅ ​ការ​វាយ​ប្រហារ​ តាម​ផ្លូវ​អាកាស​ របស់​ក្រុម​សម្ព័ន្ធមិត្ត​អាមេរិក ទៅ​លើ​ពួក​ជីហាត​ អាច​នឹង​ជួប​ការ​លំបាក ​ដោយសារ​តែ​ពួក​នេះ មាន​បំពាក់​គ្រាប់​មីស៊ីល​បាញ់​យន្តហោះ។

អាកាសយានិក​យន្តហោះចម្បាំង​​ របស់កងទ័ព​អាកាស​ហ្សកដានី ត្រៀម​ខ្លួន​ហោះ​​ហើរ​
អាកាសយានិក​យន្តហោះចម្បាំង​​ របស់កងទ័ព​អាកាស​ហ្សកដានី ត្រៀម​ខ្លួន​ហោះ​​ហើរ​ AFP PHOTO HANDOUT-US AIR FORCE / SSGT Brigitte N. Brantley
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំពាក្យ​កងទ័ព​របស់​ប្រទេស​ហ្សកដានី ​បាន​ផ្តល់​ព័ត៌មាន​ជា​ផ្លូវការ​ថា ពិត​ជា​មាន​យន្តហោះ​កងទ័ព​ខ្លួន​ បាន​ត្រូវ​គ្រាប់​មីស៊ីល​ របស់​ពួក​ជីហាត​ប្រាកដ​មែន។ ហេតុការណ៍​នេះ​បាន​កើត​ឡើង ​ក្នុង​ពេល​ដែល​កងទ័ព​អាកាស​ហ្សកដានី បាន​ចេញ​ធ្វើ​បេសកកម្ម​ នៅ​ខាងលើ​តំបន់​ រ៉ាកា​ ក្នុង​ទឹកដី​ស៊ីរី។

 
ក្រោយ​ការ​ផ្ទុះ ​យន្តហោះ​បាន​បែក​ធ្លាក់​ទៅ​ដី ​ហើយ​មួយ​ចំណែក​បាន​ធ្លាក់​ទៅ​ក្នុង​ទឹកបឹង ដែល​ធ្វើ​ឲ្យ​អ្នក​បើក​យន្តហោះ​ម្នាក់ ​នៅ​រស់រាន​មាន​ជីវិត។ ពួក​ជីហាត​អ៊ីស្លាម​បាន​ចាប់ អ្នក​បើក​យន្តហោះ​នោះ​ធ្វើ​ជា​ចំណាប់​ខ្មាំង។ ពួក​វា​បាន​បង្ហោះ​រូបភាព ​ជា​ច្រើន នៅ​តាម​ទំព័រ​វែបសាយ​ របស់​ពួកវា ​ដែល​បង្ហាញ​ពី​កម្ទេច​យន្តហោះ​ ដែល​បាន​ផ្ទុះ​ធ្លាក់ និង​អ្នក​បើក​យន្តហោះ​ ដែល​ពួក​វា​ចាប់​បាន។

យោងតាម​ព័ត៌មាន​ផងដែរ អ្នក​បើក​យន្តហោះ​នោះ ​មាន​ឈ្មោះ ម៉ាស អាល់ កាសាបេហ មាន​អាយុ​២៦ឆ្នាំ ទើបតែ​បាន​រៀនចប់ ​ចេញ​ពី​សាលា​ទាហាន ហើយ​ទើប​បាន​រៀបការ​ មុន​នឹង​ចេញ​ទៅ​បំពេញ​បេសកកម្ម​ ប្រយុទ្ធ​ជាមួយ​ពួក​ជីហាត ក្នុង​កងទ័ព​អាកាស​ហ្សកដានី។ ក្រុមគ្រួសារ របស់​អ្នក​បើក​យន្តហោះ​វ័យក្មេង​រូប​នេះ បាន​អំពាវនាវ​ឲ្យ​មហាក្សត្រ​ហ្សកដានី ​ជួយ​ស្រោចស្រង់​ជីវិត​យុវជន​នេះ។ យ៉ាងណាមិញ តាម​ពាក្យ​ចចាម​អារ៉ាម​ថា​ ពួក​ជីហាត​កំពុង​តែ​និយាយ​មិនត្រូវ​រ៉ូវ​គ្នា ថា​តើ​ត្រូវ​ទុក​ជីវិត​អ្នក​បើក​យន្តហោះ​នេះ ​រឺ​យ៉ាងណា​នោះទេ។ តាម​ការ​វិភាគ ពួកនេះ​មាន​ពីក្រុម គឺ​ក្រុម​ជីហាត​មក​ពី​ឆាឆិន្នី ​និង​ក្រុម​ជីហាត​អ៊ីរ៉ាក់ ​ហើយ​ពីរនាក់​នេះ មិន​ដឹង​ថា​ មួយ​ណា​ជា​មេ​ពិត​ប្រដក​នោះ​ទេ។

នេះ​គឺ​ជា​លើក​ទីមួយ​ហើយ​ ដែល​ពួក​ជីហាត​អ៊ីស្លាម បាន​ប្រើប្រាស់​គ្រាប់​មីស៊ីល បាញ់​កម្ទេច​យន្តហោះ​របស់​ពួក​សម្ព័ន្ធមិត្ត​អាមេរិក។ សូម​បញ្ជាក់​ដែរ ​អាមេរិក និង​សម្ព័ន្ធមិត្ត​ បាន​ជ្រើសរើស​យក​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស ​ដោយ​គិត​ថា​វា​មាន​ភាព​ងាយស្រួល​ជាង ហើយ​ថា​ពួក​ជីហាត​អ៊ីស្លាម​ ពុំ​មាន​អី​មក​បាញ់​យន្តហោះ​ទំលាក់​បាន​ទេ។ ប៉ុន្តែ​ បើ​យោង​តាម​សម្តី​របស់​លោក អេលីយ៉ុត ហាហ្គីន ​អ្នក​ជំនាញ​ផ្នែក​អាវុធ​ប្រើប្រាស់​ក្នុង​សង្គ្រាម ​បាន​ឲ្យ​ដឹង​ថា ​ពេល​នេះ​គេ​អាច​សន្និដ្ឋាន​បាន​ថា ​ពួក​អ៊ីស្លាម​ជីហាត ​មាន​បំពាក់ ​គ្រាប់​មីស៊ីល បាញ់​ទំលាក់​យន្តហោះ ​ផលិត​នៅ​រុស្ស៊ី​ និង​នៅ​ចិន ​ជា​ច្រើន​គ្រាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ