អានតួអត្ថបទ
ហ្ស៊កដានី

ហ្ស៊កដានី​បាន​ប្តេជ្ញា​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ដើម្បី​រំដោះ​ចំណាប់ខ្មំាង​របស់​ខ្លួន​ពី​កណ្តាប់ដៃ​អង្គការរដ្ឋអ៊ីស្លាម

មួយ​ថ្ងៃ​ក្រោយ​ពី​ពួក​ជីហាត​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម​បាន​សម្លាប់​ចំណាប់ខ្មំាង​ជនជាតិ​ជប៉ុន​ម្នាក់​ទៀត​ឈ្មោះ Kenji Goto មក រដ្ឋាភិបាល​នៃ​ប្រទេស​ហ្ស៊កដានី​បាន​ប្តេជ្ញា​ចិត្ត​នៅ​ថ្ងៃ​អាទិត្យ ទី១ កុម្ភៈ​ម្សិលមិញ​ថា នឹង​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ទំាង​អស់​ដែល​អាច​ធ្វើ​បាន​ដើម្បី​រំដោះ​ចំណាប់ខ្មំាង​របស់​ខ្លួន​ម្នាក់​ជា​អ្នកបើកយន្តហោះ​ចម្បំាងឈ្មោះ Maaz al-Kassasbeh ពី​កណ្តាប់ដៃ​អង្គការ​រដ្ឋអ៊ីស្លាម។ ទន្ទឹម​គ្នា​នេះ ទីក្រុង​អាម៉ាន​ក៏​បាន​ផ្តន្ទាទោស​លើ​ទង្វើ​សម្លាប់​ចំណាប់ខ្មំាង​ជប៉ុន​ទី២ ពី​ពួក​ជីហាត​កាល​ពី​ថ្ងៃ​សៅរិ៍ ទី៣១ មករា​ដែរ។

ស្តេច​ហ្ស៊កដានី អាប់ដាឡាទី២
ស្តេច​ហ្ស៊កដានី អាប់ដាឡាទី២
ផ្សាយពាណិជ្ជកម្ម

ការ​ប្តេជ្ញា​ចិត្ត​របស់​ហ្ស៊កដានី​ក្នុង​ការ​រំដោះ​ចំណាប់ខ្មំាង​ខ្លួន​ពី​កណ្តាប់ដៃ​ពួក​ជីហាត​បាន​ធ្វើ​ឡើង​តាម​រយៈ​អ្នកនំាពាក្យ​របស់​រដ្ឋាភិបាល​ទីក្រុង​អាម៉ាន។ អ្នកនំា​ពាក្យ​រូប​នោះ​បាន​ប្រកាស​ធានា​ថា រដ្ឋាភិបាល​នឹង​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ទំាង​អស់​ដើម្បី​ជួយ​ជីវិត និង​រំដោះ​អ្នកបើក​យន្តហោះ​ចម្បំាង​ខ្លួន​ឈ្មោះ Maaz al-Kassasbeh និង​បញ្ជាក់​ថា ហ្ស៊កដានី​ក៏​ធ្លាប់​បាន​ប្រឹងប្រែង​យ៉ាង​សកម្ម​ជាមួយ​រដ្ឋាភិបាល​ជប៉ុន​ក្នុង​ការ​ជួយ​រំដោះ​ចំណាប់ខ្មំាង​ជប៉ុន Kenji Goto ដែរ តែ​នៅ​ទីបំផុត ត្រូវ​បាន​ពួក​ជីហាត​សម្លាប់​ដោយ​កាត់ក្បាល​កាល​ពី​ថ្ងៃ​សៅរិ៍ ទី៣១ មករា​កន្លង​ទៅ។ នៅ​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ស្ហ៊ីនហ្សូ អាបេ មហាក្សត្រ​ហ្ស៊កដានី​អាប់ដាឡា ទី២ បាន​ផ្តន្តាទោស​លើ​ទង្វើ​សម្លាប់​ចំណាប់ខ្មំាង​ជប៉ុន​ថា ជា​ទង្វើឧក្រិដ្ឋ និង​កំសាក​ដែល​គ្មាន​ជាប់​ទាក់ទង​ជាមួយ​នឹង​សាសនា​អ៊ីស្លាម ឬ​មួយ​ក៏​ច្បាប់​អ៊ីស្លាម​ទេ។

ទន្ទឹម​គ្នា​នេះ មហាក្សត្រ​ហ្ស៊កដានី​ក៏​បាន​បញ្ជាក់​ពី​ការ​ចូលរួម​ចំណែក​របស់​ប្រជាជន​ហ្ស៊កដានី​គ្រប់រូប​ដើម្បី​ជួយ​ស្រោចស្រង់ និង​រំដោះជីវិត​អ្នកបើក​យន្តហោះចម្បំាង Maaz al-Kassasbeh ព្រម​ទំាង​អំពាវនាវ​ឲ្យ​មាន​សាមគ្គីភាព​របស់​អន្តរជាតិ​ក្នុង​ការ​ប្រឈម​មុខ​ទល់​នឹង​ភេរវនិយម និង​ពួកជ្រុលនិយម។ ចំណែក​ឱពុក​របស់​ចំណាប់ខ្មំាង Maaz al-Kassasbeh បាន​ថ្លែង​ចូល​រួម​រំលែក​ទុក​ជាមួយ​ក្រុមគ្រួសារ​សព​ចំណាប់ខ្មំាង​ជប៉ុន Kenji Goto ដោយ​សង្ឃឹម​ថា កូនប្រុស​របស់​លោក​នៅ​មាន​ជីវិត និង​មិន​ត្រូវ​ពួក​ជីហាត​កាត់ក្បាល​ទេ។ គួរ​រម្លឹក​ជូន​ថា Maaz al Kassasbeh ត្រូវ​បាន​ពួក​ជីហាត​ចាប់​ជា​ចំណាប់​ខ្មំាង​កាល​ពី​ដំណាច់​ខែ​ធ្នូ ឆ្នំា ២០១៤ បន្ទាប់​ពី​យន្តហោះចម្បំាង F១៦ របស់​ខ្លួន​បាន​ជួប​គ្រោះថ្នាក់​ក្នុង​ប្រទេស​ស៊ីរី។

កន្លង​មក អង្គការ​រដ្ឋអ៊ីស្លាម​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ហ្ស៊កដានី​ដោះលែង​ស្ត្រីជីហាត​ម្នាក់​ជនជាតិ​អ៊ីរ៉ាក់​ឈ្មោះ Sajida Al-Rishawi ជា​ថ្នូរ​នឹង​ការ​ដោះលែង Maaz al-Kassasbeh។ តែ​តំាង​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ ទីក្រុង​អាម៉ាន​បាន​ទាមទារ​ភស្តុតាង​មួយ​ចំនួន​ដែល​អាច​បញ្ជាក់​ថា អ្នកបើកបរ​យន្តហោះ​រូប​នោះ​នៅ​មាន​ជីវិត មុន​នឹង​ផ្តើម​ដោះលែង​ស្ត្រីជីហាត Sajida Al-Rishawi។ រូប Rishawi ដែល​ត្រូវ​បាន​តុលាការ​ហ្ស៊កដានី​កាត់ទោស​ប្រហារ​ជីវិត​ពី​បទ​បាន​ចូលរួម​នៅ​ក្នុង​អំពើភេរវកម្ម​សម្លាប់​មនុស្ស ៦០នាក់​នៅ​ហ្ស៊កដានី​កាល​ពី​ឆ្នំា ២០០៥។

សូម​រម្លឹក​ជូន​ថា ពី​ដំបូង អង្គការ​រដ្ឋអ៊ីស្លាម​បាន​ដាក់​ឱសានវាទ​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ទី២២ មករា​កន្លង​ទៅ​ថា ពួក​គេ​នឹង​សម្លាប់ Maaz al-Kassasbeh បើ​ហ្ស៊កដានី​មិន​ព្រម​ដោះលែង​ស្ត្រីជីហាត Sajida Al-Rishawi ជា​ថ្នូរ​នឹង​ការ​ដោះលែង​ចំណាប់ខ្មំាង​ជប៉ុន Kenji Goto នោះ​ទេ។ តែ​ទីបំផុត ពួក​ជ្រុលនិយម​បែរ​ជា​សម្លាប់ Kenji Goto ទៅ​វិញ ដោយ​គេ​មិន​ដឹង​ថា តើ Maaz al-Kassasbeh នៅ​មាន​ជីវិត ឬ​អត់​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ