អានតួអត្ថបទ
អង្គការ​OPEC

ប្រេងឆៅ៖ អង្គការ​OPEC​នៅមិន​ទាន់​ត្រៀមខ្លួន​ កាត់បន្ថយ​ការផលិតប្រេង​

តម្លៃ​ប្រេងឆៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​នៅថ្ងៃ​ព្រហស្បតិ៍ ទី ៣០​កក្កដា បាន​ធ្លាក់​ចុះ​ថ្លៃ មក​នៅ​៤៩​ដុល្លារ​ដុល្លារ ក្នុង​មួយ​ធុង។ ជា​លើក​ទី ១ គិត​តាំង​ពី​ខែ​មីនា ដែល​តម្លៃ​ប្រេងឆៅ ធ្លាក់​មក​នៅក្រោម​តម្លៃ ៥០​ដុល្លារ។ តម្លៃ​ប្រេងឆៅ​នៅ​បន្ត​ធ្លាក់ថ្លៃ ប៉ុន្តែ អគ្គលេខាធិការ​អង្គការ​ប្រទេស​នាំចេញ​ប្រេង OPEC បាន​ប្រកាស​សាជា​ថ្មី កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា គេ​នៅ​មិនទាន់​មាន​ចំណាត់ការ ចង់​កាត់បន្ថយ​ការផលិត​ប្រេង​នោះទេ។ 

ទង់សញ្ញា​អង្គការ​ប្រទេស​នាំចេញ​ប្រេង OPEC
ទង់សញ្ញា​អង្គការ​ប្រទេស​នាំចេញ​ប្រេង OPEC AFP PHOTO / ALEXANDER KLEIN
ផ្សាយពាណិជ្ជកម្ម

តម្លៃ​ប្រេង​ឆៅ​ធ្លាក់ចុះ បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​នាំចេញ​ប្រេង ដែល​នៅក្នុង​នោះ ក៏​មាន​ផងដែរ រុស្ស៊ី។ រុស្ស៊ី​ដែល​មិនមែន​ជា​សមាជិក​របស់​អង្គការ ​OPEC ចង់​ចរចា​សុំ​ឲ្យ​អង្គការ​ប្រទេស​នាំចេញ​ប្រេង ពិចារណា​ឡើងវិញ កាត់បន្ថយ​ការផលិត​ប្រេង ដើម្បី ធ្វើ​ឲ្យ​តម្លៃ​ប្រេងឆៅ​កើនឡើងវិញ។

 
គិត​ចាប់តាំង​ពីឆមាស​ទី ២​ឆ្នាំ២០១៤ តម្លៃ​ប្រេងឆៅ​ធ្លាក់ចុះ​ជាង ៥០ភាគរយ នៅ​ទីផ្សារ​អន្តរជាតិ ប៉ុន្តែ អង្គការ​​OPEC ដែល​ផលិត​នាំ​ចេញ​ប្រេង​ច្រើន​ជាងគេ នៅលើ​ពិភពលោក នៅ​តែ​មិនព្រម​កាត់បន្ថយ​បរិមាណ​ផលិតប្រេង។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ នៅក្នុង​សន្និសីទ​កាសែត​ជាមួយ​រដ្ឋមន្រ្តី​ថាមពល រុស្ស៊ី ក្នុងទីក្រុង​ម៉ូស្គូ អគ្គលេខាធិការ​របស់​អង្គការ​OPEC​បាន​បញ្ជាក់​សា​ជា​ថ្មី​ថា ​OPEC​នៅ​មិនទាន់​បាន​ត្រៀម​ខ្លួន ដើម្បី​កាត់បន្ថយ​ការផលិត​ប្រេង​នោះ​ទេ។ ​OPEC ​នៅ​តែ​រក្សា​ការផលិតប្រេង ឲ្យ​បាន​៣០​លាន​ធុង ក្នុងមួយថ្ងៃ​ដដែល។

តាម​អ្នកវិភាគ តម្លៃ​ប្រេង ធ្លាក់ចុះ​នៅ​ទីផ្សារ​អន្តរជាតិ ក៏ដោយសារ​តែ​ប្រទេស​នាំចេញ​ប្រេង​នៅ​តែ​បង្កើន​ការផលិត​ប្រេង ច្រើន​ដូចមុន ដដែល នៅ​ក្នុង​ពេល​ដែល​តម្រូវការ​ប្រេង​បាន​ធ្លាក់​ថយចុះ ដោយសារតែ​សេដ្ឋកិច្ច​មិន​សូវ​ល្អ។

ម្យ៉ាងទៀត ការវិល​ត្រលប់​របស់​អ៊ីរ៉ង់ ចូល​ទៅក្នុង​ទីផ្សារ​លក់​ប្រេង ក៏ជា​ក្តី​បារម្ភ​សម្បើម សម្រាប់​ប្រទេស​ផលិត​ប្រេង​ផ្សេង​ទៀត រួម​ទាំង​រុស្ស៊ី​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់ផង។ ការដក​ទណ្ឌកម្ម​សេដ្ឋកិច្ច ពី​អ៊ីរ៉ង់ ពី​សំណាក់​សហគមន៍​អន្តរជាតិ នៅក្រោយ​អ៊ីរ៉ង់ គោរព​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ស៊ីវិលនោះ នឹង​បើក​ផ្លូវ​ឲ្យ​អ៊ីរ៉ង់ ប្រទេស​សំបូរ​ប្រេង​ធំ​ទី ៣​ក្នុង​ពិភពលោក នាំ​ចេញ​ប្រេង​ទៅលក់​ច្រើន ជាងមុន នៅក្នុង​ទីផ្សារ​អន្តរជាតិ។ ប្រេងសំបូរហូរហៀរ ច្រើន​ជាង​តម្រូវការ នឹង​រឹតតែ​ធ្វើ​ តម្លៃប្រេងឆៅ ធ្លាក់​ថ្លៃ​កាន់តែខ្លាំង៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ