អានតួអត្ថបទ
រុស្ស៊ី-ស៊ីរី

អង្គការ​ការពារ​សិទ្ធិមនុស្ស​ស៊ីរី៖ ការវាយប្រហារ​​តាមផ្លូវ​អាកាស​របស់​រុស្ស៊ី សម្លាប់​មនុស្ស​៣៧០នាក់

ចាប់តាំង​ពី​ថ្ងៃ​ទី ៣០ ខែ​កញ្ញា ការវាយប្រហារ​របស់​រុស្ស៊ី នៅ​ប្រទេស​ស៊ីរី បាន​សម្លាប់​មនុស្ស​៣៧០នាក់ ដែលនៅក្នុង​នោះ មាន​៣៦​នាក់ ជា​កុមារ។ នេះ​បើតាម​ការប្រកាស​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​ស៊ីរី OSDH។ អង្គការ​អូតង់​កាលពី​ថ្ងៃ​អង្គារ​សំដែង​ក្តីបារម្ភ ខ្លាច​ក្រែង​មាន​ការប៉ះ​ទង្គិចគ្នា រវាង​យន្តហោះ​ចម្បាំង​រុស្ស៊ី និង​យន្តហោះ​របស់​សម្ព័ន្ធ​អន្តរជាតិ​ដឹកនាំដោយ​អាមេរិក ដែល​មាន​បេសកកម្ម វាយប្រហារ​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម នៅ​ស៊ីរី និង​អ៊ីរ៉ាក់។ 

រុស្ស៊ី​អះអាងថា ខ្លួន​ទម្លាក់​គ្រាប់បែក​ទៅលើ​ទីតាំង​របស់​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម ប៉ុន្តែ ប្រទេស​លោកខាងលិច​មិនជឿ
រុស្ស៊ី​អះអាងថា ខ្លួន​ទម្លាក់​គ្រាប់បែក​ទៅលើ​ទីតាំង​របស់​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម ប៉ុន្តែ ប្រទេស​លោកខាងលិច​មិនជឿ AFP/Ministère russe de la Défense/AFP
ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល ២០ ថ្ងៃ ដែល​រុស្ស៊ី បាន​បើក​ការវាយប្រហារ​តាម​ផ្លូវអាកាស នៅ​ស៊ីរី មនុស្ស​៣៧០​នាក់ រងគ្រោះ ស្លាប់​បាត់បង់​ជីវិត។ តាម​អង្គការ​ការពារ​សិទ្ធិមនុស្ស​ស៊ីរី ហៅកាត់ថា OSDH​មួយភាគបី នៃជនរងគ្រោះ ស្លាប់​ ដោយសារ​ការទម្លាក់គ្រាប់បែក​របស់​យន្តហោះ​រុស្ស៊ី គឺ​ជា​ជនស៊ីវិល ដែល​នៅក្នុង​នោះ ៣៦​នាក់ ជា​កុមារ។

 
តាម​អង្គការ​ការពារ​សិទ្ធិមនុស្ស​ស៊ីរី ដែល​មាន​បណ្តាញ​របស់ខ្លួន នៅក្នុង​ទឹកដី​ស៊ីរី ក្រៅពីប្រជាជន​ស៊ីវិល ការវាយប្រហារ​ទ័ពអាកាស​របស់​រុស្ស៊ី​បាន​សម្លាប់​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម និង​សកម្មប្រយុទ្ធ​របស់​ក្រុមអាល់នូស្រា ដែល​ជា​បណ្តាញ​អាល់កៃដា នៅ​ស៊ីរី។ តាម​OSDH គ្រាន់តែ នៅ​ចុងសប្តាហ៍​មុននេះ ទាហាន​របស់​ក្រុម​ជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម ៤០​នាក់​បាន​ស្លាប់ នៅក្នុង​ការវាយប្រហារ របស់​យន្តហោះ​ចម្បាំង ដែល​គេ​ដឹងថា មិនមែន​ជា​របស់​សម្ព័ន្ធអន្តរជាតិ ដឹកនាំ​ដោយ​អាមេរិក។ មន្ទីរបញ្ចកោន កាលពី​ថ្ងៃ​ចន្ទ បាន​បញ្ជាក់​ថា ប្រតិបត្តិការ​របស់​សម្ព័ន្ធអន្តរជាតិ ទើប​បាន​សម្លាប់​មេកើយ​ថ្មី​មួយទៀត របស់​ក្រុម​កូរ៉ាសាន ដែល​អាមេរិក​ចាត់ទុក​ជា​ក្រុម​ភេរវនិយម​ដ៏គ្រោះថ្នាក់​សម្រាប់​សន្តិសុខ​អាមេរិក។

នៅ​ថ្ងៃ​អង្គារ ថ្ងៃ​ខួប​ទី ២០ ដែល​រុស្ស៊ី ចាប់​បើក​ប្រតិបត្តិការ​ទ័ព​អាកាស​ក្នុង​ប្រទេស​ស៊ីរី ប្រធានាធិបតី​រុស្ស៊ី លោកពូទីន បាន​និយាយ​ ថា ក្រៅពី​ស៊ីរី អង្គការ​ក្រុមភេរវនិយម​កំពុង​គ្រោង​នឹង​ពង្រីក​ដែន​ឥទ្ធិពល​របស់ខ្លួន នៅ​ក្រៅប្រទេស និង​ដើរអុកឡុក បង្កអសន្តិសុខ នៅ​តំបន់​ផ្សេងទៀត។ និយាយ​នៅក្នុង​អង្គប្រជុំ​ជាមួយ​មន្រ្តី​យោធា ជាន់​ខ្ពស់រុស្ស៊ី មន្រ្តីតុលាការ និង​ភ្នាក់ងារ​ស៊ើបការណ៍​សម្ចាត់​រុស្ស៊ី លោក​ប្រធានាធិបតី​រុស្ស៊ី បាន​ប្រកាស​ដែរថា អន្តរាគមន៍​ទ័ព​រុស្ស៊ី នៅ​ស៊ីរី​បាន​បង្ហាញថា រុស្ស៊ី មាន​សមត្ថភាព អាច​ប្រឈម​មុខ រាល់​ការគំរាមកំហែង ពី​ក្រុមភេរវនិយម ឬ​ការគំរាមកំហែង​ពី​ប្រភព​ដទៃ​ទៀត។

ដោយ​បាន​ការសហការ​ពី​រដ្ឋាភិបាល​ស៊ីរី រុស្ស៊ី​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​ទម្លាក់​គ្រាប់បែក​ស្ទើររាល់ថ្ងៃ ទៅលើ​ក្រុម​ប្រដាប់​អាវុធ ដែល​រុស្ស៊ី ចាត់ទុក​ជា​ទាហាន​របស់​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម ឬ​ក្រុមភេរវនិយម ផ្សេងទៀត។ ប៉ុន្តែ អាមេរិក និង​អង្គការ​អូតង់ រួម​ទាំង​ក្រុមប្រឆាំង​ស៊ីរី សំដែង​ការសោកស្តាយ​ដែលថា ការវាយប្រហារ​របស់​រុស្ស៊ី សំដៅ​មិនត្រឹម​តែទៅលើ​ក្រុមជីហាត ប៉ុន្តែ សំដៅ​ផងដែរទៅលើ​ក្រុម​ទាហាន​ដែល​ប្រយុទ្ធប្រឆាំង​នឹង​រដ្ឋាភិបាល​ស៊ីរី។ លោក​Alexandre Vershbow អគ្គលេខាធិការ​រង​របស់​អង្គការ​អូតង់ កាលពីថ្ងៃ​អង្គារ បាន​ថ្លែងថា អូតង់​កំពុង​បារម្ភ​ពី​គ្រោះថ្នាក់ បុក​យន្តហោះ នៅលើ​ផ្ទៃមេឃ​ស៊ីរី ដែល​ពេលនេះ គេ​លែង​អាច​គ្រប់គ្រង​បាន​ដូចមុន។ អូតង់​សន្យា​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ នៅ​សប្តាហ៍​ខាងមុខ ដើម្បី រិះរក​វិធានការ​ការពារ​បន្ថែម​ផ្ទៃអាកាស​តួកគី ក្រោយ​ការបើក​រំលោភ​ចូល​យ៉ាង​តិច​៣ដង​របស់​យន្តហោះ​ចម្បាំង រុស្ស៊ី ទៅក្នុង​ដែនអាកាស​តួកគី កាលពី​ដើម​ខែ​តុលា​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ