អានតួអត្ថបទ
យេម៉ែន

យេម៉ែន៖ ​ក្រុម​ប្រទេស​អារ៉ាប់​ពង្រឹក​យុទ្ធនាការ​យោធា​ រីឯ​អ្នក​នាំ​ពាក្យ​អ.ស.ប.លា​លែង​ពី​តំណែង

ប្រទេស​យេម៉ែន ​ដែល​កំពុង​តែ​យាយី​ដោយ​ភ្លើង​សង្គ្រាម រវាង​ក្រុម​ឧទ្ទាម​ហ៊ូទីស ​និង​ក្រុម​ដែល​គាំទ្រ​រដ្ឋាភិបាល​ បាន​ធ្វើ​ឲ្យ​ ស្ថានភាព​នៅ​តំបន់​ដើម​បូព៌ា​ទាំងមូ​ល ​កំពុង​រង្គោះរង្គើរ។ អារ៉ាប៊ីសាអ៊ូឌីត ​ដែល​បាន​ដឹកនាំ​ប្រទេស​អារ៉ាប់​មួយ​ចំនួន​ធំ ​ធ្វើ​ការ​​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស ​ទៅលើ​ក្រុម​ឧទ្ទាម​ហ៊ូទីស ​ ពេល​នេះ ​បាន​ប្រកាស​ថា ​នឹង ​ធ្វើការ​វាយ​ប្រហារ​តាម​ផ្លូវ​គោក​បន្ថែម​ទៀត ​ក្នុង​ទឹកដី​យេម៉ែន។ ចំណែក​ អ្នក​នាំ​ពាក្យ​ពិសេស ​តំណាង​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​ ដើម្បី​​ដោះ​ស្រាយ​វិបត្តិ​យេម៉ែន ​បាន​ដាក់​លិខិត​លាលែង​ពី​តំណែង​ហើយ ​កាល​ពី​ថ្ងៃ ​ទី ​១៥ ​មេសា ​ម្សិលមិញ។ ដំណោះ​ស្រាយ​តាម​ផ្លូវ​នយោបាយ ​ត្រូវតែ​អនុវត្ត​ជា​បន្ទាន់ ​ព្រោះ​មនុស្ស​ស្លាប់ ​មាន​កាន់​តែ​ច្រើន។

លោក បេណូម៉ា Benomar  ភ្នាក់ងារ​តំណាង​ឲ្យ​អង្គការ​សហប្រជាជាតិ ​ដោះស្រាយ​វិបត្តិ​យេម៉ែន​ ​ពេល​ទៅដល់​មូលដ្ឋាន​របស់ក្រុម​ហ៊ូទីស ថ្ងៃទី ១៧ កញ្ញា ២០១៤
លោក បេណូម៉ា Benomar ភ្នាក់ងារ​តំណាង​ឲ្យ​អង្គការ​សហប្រជាជាតិ ​ដោះស្រាយ​វិបត្តិ​យេម៉ែន​ ​ពេល​ទៅដល់​មូលដ្ឋាន​របស់ក្រុម​ហ៊ូទីស ថ្ងៃទី ១៧ កញ្ញា ២០១៤ REUTERS/Naiyf Rahma
ផ្សាយពាណិជ្ជកម្ម

អារ៉ាប៊ីសាអ៊ូឌីត​ និង​អេហ្ស៊ីប​ គឺ​ជា​សសរ​សំខាន់​ណាស់  ​ដែល​ទ្រទ្រង់​ការ​វាយ​បង្ក្រាប​ក្រុម​ឧទ្ទាម​ហ៊ូទីស​នៅ​យេម៉ែន ​ដែល​ក្រុម​នេះ ​កំពុង​តែ​ធ្វើការ​ឡោមព័ទ្ធ​ក្រុម​រដ្ឋាភិបាល​យេម៉ែន។ ការ​វាយ​ប្រហារ​តាម​ ផ្លូវ​អាកាស​ ដែល​​ដឹកនាំ​ដោយ​ប្រទេស​ទាំង​ពីរ ​និង​ដោយ​មាន​ការ​ចូលរួម​ពី​ប្រទេស​អារ៉ាប់​ផ្សេងទៀត ​បាន​ហុច​ផល​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ។ យុទ្ធសាស្ត្រ​របស់​អារ៉ាប៊ីសាអ៊ូឌីត ​គឺ​វាយ​កាត់ផ្តាច់​ បណ្តាញ​របស់​ក្រុម​ឧទ្ទាម ​នៅ​សមរភូមិ​មុខ ​ជាមួយ​នឹង​មូលដ្ឋាន​​របស់​ពួក​ឧទ្ទាម​ ដែល​នៅ​ភាគ​ខាងជើង​ប្រទេស។ ក្រុម​ឧទ្ទាម​ឈីអ៊ីត​ហ៊ូទីស ​បាន​វាយ​គ្រប់គ្រង​ស្ទើរ​បាន​ទាំង​ស្រុង​លើ​ដែនដី ​ភាគ​ខាង​លិច​យេម៉ែន ​តាំង​ពី​ជើង​ដល់​ត្បូង ​ដែល​ក្នុង​នោះ​រួម​មាន ​រដ្ឋធានី​សាណា ​និង​​ក្រុង​កំពង់ផែ​អាឌែន។

 
ប្រតិបត្តិការ​យោធា​តាម​ផ្លូវគោក វា​មិន​ងាយ​ដូច​ការ​ស្មាន​ទេ៖
កាល​ពី​ថ្ងៃ​ពុធ​ទី ​១៥ ​មេសា​ អារ៉ាប៊ីសាអ៊ូឌីត ​និង​អេហ្ស៊ីប ​ បាន​បញ្ជាក់​ពី​ឆន្ទៈ​របស់​គេ​  ក្នុង​ការ​បន្ថែម​ប្រតិបត្តិការ​តាម​ផ្លូវគោក​ នៅ​ក្នុង​ទឹក​ដី​យេម៉ែន។ មាន​ន័យ​ថា ​គេ​ចង់​បញ្ជូន​ទាហាន​ថ្មើរជើង ​ទៅ​វាយ​ប្រហារ​ក្រុម​ឧទ្ទាម​ហ៊ូទីស ក្នុង​ដីយេម៉ែន។ បើ​យើង​ស្តាប់​ទៅ ​ដូច​ជា​ងាយ​ស្រួល​ណាស់ ​តែ​បើ​វិភាគ​ឲ្យ​ល្អិត​ល្អន់​ទៅ ​ ប្រតិបតិ្តការ​តាម​ផ្លូ​វ​គោក​ មិន​ងាយ​ដូច​ដែល​គេ​ស្មាន​ទេ។ ហេតុអ្វី​បាន​ជា​ថា​ វា​មិន​ស្រួល ​ដោយសារ​ នៅ​យេម៉ែន ​មិនមែន​មាន​តែ​ក្រុម​ឧទ្ទាម​ហ៊ូទីស ​តែ​មួយ​ទេ​ ​ដែល​កំពុង​ធ្វើការ​ប្រយុទ្ធ​ជាមួយ​ក្រុម​ស៊ុនីត។ មួយ​ភាគ​ធំ​នៃ​ទាហាន​យេម៉ែន ​សុទ្ធសឹង​តែ​ជា​អ្នក​ដែល​ស្មោះ​ស្ម័គ្រ​ជាមួយ​លោក ​អតីត​ប្រធានាធិបតី​យេម៉ែន ​គឺ​លោក​ អាលី អាប់ដាឡា សាឡេស។

ដូច្នេះ ​មាន​ន័យ​ថា ​ចង់​មិន​ចង់ ​ក្រុម​យោធា​យេម៉ែន​នេះ ​ត្រូវ​ក្លាយ​ជា​សម្ព័ន្ធមិត្ត​របស់​ក្រុម​ឧទ្ទាម​ហ៊ូទី​ដែរ ​ព្រោះ​ពួក​គេ​មាន​គោល​បំណង​រួមគ្នា ​គឺ​បណ្តេញ​លោក​ ប្រធានាធិបតី ​ហាឌី ​ចេញ​ពី​តំណែង​ ដើម្បី​រៀបចំ​រដ្ឋាភិបាល​ថ្មី។ មួយវិញ​ទៀត ​បើ​សិន​ជា ​អារ៉ាប៊ីសាអ៊ូឌីត ​និង​អេហ្ស៊ីប ​ចូល​ទៅ​វាយ​ក្នុង​ទឹកដី​យេម៉ែន ​ គឺ​មាន​ន័យ​ថា ​គេ​ត្រូវ​ប្រឈម​មុខ​​ដោយ​ផ្ទាល់​​ជាមួយ​ក្រុម​អាល់កាអ៊ីដា ​និង​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​ទៀត​ ដែល​ពួក​នេះ ​កំពុង​សម្ងំ​លាក់​ខ្លួន​ចាំ​វាយ​ឆ្មក់​ទូទាំង​ប្រទេស។ យ៉ាង​ណា​មិញ ​អេហ្ស៊ីប ​ធ្លាប់​ត្រូវ​បាន​ទាហាន​យេម៉ែន​ ធ្វើ​ឲ្យ ​អាម៉ាស​ម្តង​ទៅ​ហើយ ​កាល​ពី​ជំនាន់ ​ទសវត្ស​ឆ្នាំ​ទី ៦០ ​ ដោយ​បាន​បាក់​ទ័ព ​រត់​ត្រលប់​ទៅ​ផ្ទះ​វិញ ​សឹងតែ​មិន​ទាន់។ អ្វី​ដែល​គេ​អាច​ធ្វើ​បាន​នៅ​ពេល​នេះ ​យើង​ឃើញ​ថា ​អារ៉ាប៊ីសាអ៊ូឌីត ​បាន​គ្រាន់​តែ ​ចាប់ផ្តើម​បាញ់​គ្រាប់​មីស៊ីល​ពី​ចម្ងាយ ​នៅ​តាម​ព្រំដែន ភាគ​ខាង​ជើង​យេម៉ែន​ តែ​ប៉ុណ្ណោះ។

អាជ្ញាកណ្តាល​របស់​អង្គការ​​សហប្រជាជាតិ លាលែង​ពី​តំណែង៖
លោក​បេណូម៉ា ​អ្នក​តំណាង​ពិសេស​របស់​លោក ​បាន​គីមូន ​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​បាន​ដាក់​លិខិត​ លាលែង​ពី​តំណែង​ កាល​ពី​ថ្ងៃ​ពុធ ​ទី ​១៥ ​មេសា​។ លោក  ​បេណូម៉ា​ គឺ​ជា​អ្នក​ការទូត​ជនជាតិ​ម៉ារ៉ុក ​ដែល​ត្រូវ​បាន​តែងតាំង​ ដោយ​លោក ​បាន គីមូន ​ក្នុង​ខែ​ សីហា ​ឆ្នាំ​ ២០១២។ លោក​ បេណូម៉ា ត្រូវ​បាន​គេ​ស្គាល់​និង​កោត​សរសើរ​គាត់ ​ថា​មាន​ឆន្ទះ​មោះមុត​ ក្នុង​ការ​បញ្ចុះបញ្ចូល​ភាគី​ទាំងអស់​ ឲ្យ​ចូល​តុ​ចរចា ​តាម​ផ្លូវ​នយោបាយ  ​ជាជាង​ការ​កាន់​អាវុធ​ប្រឈម​មុខ​ដាក់គ្នា។

តាម​ការ​ប៉ាន់ស្មាន ​មាន​មូលហេតុ​មួយ​ចំនួន​ ដែល​អាច ​ជម្រុញ​ឲ្យ​លោក ​បេណូម៉ា ​លា​លែង​ពី​តំណែង​ ទាំង​កណ្តាល​ទី​ដូច្នេះ។ យើង​ដឹង​ហើយ​ ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហ​ប្រជាជាតិ​ បាន​ធ្វើ​សេចក្តី​សម្រេច​មួយ កាល​ពី​ពេល​ថ្មីៗ​នេះ ​ដោយ​បាន​ថ្កោលទោស​ក្រុម​ឧទ្ទាម​ហ៊ូទីស ​ហើយ​តម្រូវ​ឲ្យ​ក្រុម​នេះ​ ដាក់​អាវុធ​ជា​បន្ទាន់។ ដូច្នេះ​ជា​លក្ខណៈ​ដោយ​ប្រយោល ​មាន​ន័យ​ថា​ អង្គការ​សហប្រជាជាតិ​បាន​គាំទ្រ​ ប្រតិបតិ្តការ​យោធា​ ដែល​ដឹកនាំ​ដោយ អារ៉ាប៊ីសាអ៊ូឌីត ​ដែល​កំពុង​តែ​វាយ​បង្រ្កាប​ក្រុម​ហ៊ូទីស។

គ្រប់គ្នា​ដឹង​យ៉ាង​ច្បាស់ ​ពី​គោលជំហរ​របស់ ​លោក​ បេណូម៉េ ​ដែល​មិន​គាំទ្រ​ជា​ដាច់​ខាត​ លើ​ការ​វាយ​ប្រហារ​ដោយ​អាវុធ ​ទៅ​លើ​ក្រុម​ឧទ្ទាម។ សម្រាប់​លោក ​វា​មិន​ខុស​ពី ​យក​សាំង​ទៅ​ជះ​លើ​ភ្លើង ​នោះ​ទេ ​ ហើយ​អ្នក​ដែល​រងគ្រោះ​គឺ​អ្នកណា ​ គឺ​ប្រជាជន​យេម៉ែន​ស្លូតត្រង់។ ជាក់​ស្តែង ​ក្រុម​ស៊ុនីត ​ដែល​គាំទ្រ ​លោក​ ប្រធានាធិបតី ​ហាឌី ​បាន​រិះគន់ ​លោក​ បេណូម៉ា​ ថា ​ត្រូវ​ដង​ត្រូវ​ផ្លែ​ ជាមួយ​ក្រុម​ហ៊ូទីស។ ជាការ​ធម្មតា​ទេ​ ការងារ​ជា​អាជ្ញា​កណ្តាល ​វា​ពិបាក​ណាស់ ព្រោះ​ថា ​ធ្វើអ្វី​ក៏​ត្រូវ​គេ​រិះគន់​ថា​លម្អៀង​ដែរ ​បើ​មិន​ទៅ​ខាង​នេះ ​គេ​ថា​ទៅ​ខាង​នោះ។ លោក បេណូម៉ា​ ជា​មនុស្ស​ស្រលាញ់​សន្តិភាព ​និង​ការ​ចរចា​គ្នា ​ដូច្នេះ ​គោល​ជំហរ​ដែល​លោក ​ប្រកាន់​ជានិច្ច​ គឺ ​មិន​ឆ្លើយ​​តប​ ដោយ​អំពើ​ហឹង្សា​ ទៅ​លើ​ក្រុម​ហ៊ូទីស ​ ហើយ​ព្យាយាម​អូសទាញ​ក្រុម​នេះ ​មក​រក​តុ​ចរចា។ ត្រង់​នេះ​ហើយ​ដែល ​ក្រុម​ស៊ុនីត គេ​ចោទ​គាត់​ថា ​លម្អៀង​ទៅរក​ពួក​ហ៊ូទីស។

បើ​តាម​ការ​ផ្តល់​ដំណឹង ​ពី​មន្ត្រី​អង្គការ​សហប្រជាជាតិ​ម្នាក់ ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន ​ប្រាប់​ថា ​លោក​ បាន  គីមូន នឹង​តែងតាំង​អាជ្ញា​កណ្តាល​​ថ្មី​មួយ​រូបទៀត ​ប៉ុន្តែ​មិនទាន់​ដឹង​ថា​ពេលណា​នោះ​ទេ។ តាម​ការ​សង្ស័យ ​អង្គការ​សហប្រជាជាតិ ​អាច​នឹង​តែង​តាំង​​លោក អ៊ីស្មាល់ អ៊ូល ឈេក អាម៉េដ ​ដែល​ជា​ជនជាតិ​ ម៉ូរីសតានី។ លោក​ម្នាក់​នេះ បច្ចុប្បន្ន ​ជា​ប្រធាន​បេសកកម្ម​អង្គការ​សហប្រជាជាតិ ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​អេបូឡា។

ជម្លោះ​នៅ​យេម៉ែន ក្លាយ​ជា​ជម្លោះ​រវាង​ក្រុម​ស៊ុនីត និង​ក្រុម​ឈីអ៊ីត នៅ​តំបន់​អារ៉ាប់៖
ឥណ្ឌូនេស៊ី​ កំពុង​តែ​រៀបចំ​ខ្លួន ​ទទួល​បើក​វេទិកា ​អាស៊ី អាហ្វ្រិក ​នៅ​សប្តាហ៍​ក្រោយ។ ឆ្លៀត​ឱកាស​នេះ ​ អង្គការ​សហប្រតិបត្តិការ​អ៊ីស្លាម ​បាន​ធ្វើ​ការ​ស្នើរសុំ​ទៅ​ឥណ្ឌូណេស៊ី ​ថា​ឲ្យ​ជួយ​សម្រុះសម្រួល ​ ជំរុញ​ឲ្យ​មាន​ការ​ជជែក​គ្នា ​រវាង​ប្រទេស​អ៊ីស្លាម​ ក្នុង​តំបន់​អាហ្វ្រិក ​និង​ដើម​បូព៌ា ​ក្នុង​ការ​ស្វែងរក​សន្តិភាព​នៅ​យេម៉ែន។ ឥណ្ឌូណេស៊ី ​អាច​មាន​ទឹក​មាត់​ប្រៃ​គួរសម​ ដោយសារ​តែ ​ឥណ្ឌូណេស៊ី​ ជា​ប្រទេស​អ៊ីស្លាម​ធំ​ជាងគេ​បំផុត​លើ​លោក ​បើ​យើង​និយាយ​ពី​ចំនួន​ប្រជាជន ​ហើយ​អ្វី​ដែល​សំខាន់ ​គឺ​ឥណ្ឌូណេស៊ី​ ប្រកាន់​សាសនា​អ៊ីស្លាម ​កណ្តាល​និយម ​ដែល​ត្រូវ​ជាមួយ​គេ​​ជាមួយ​ឯង​គ្រប់គ្នា ​ទាំង​ខាង​ក្រុម​ឈីអ៊ីត​ ទាំង​ខាង​ក្រុម​ស៊ុនីត។
 
ក្រុម​ប្រទេស​អ៊ីស្លាម ​ឈីអ៊ីត ​មាន​អ៊ីរ៉ង់​ជា​មេធំ ​និង​អ៊ីរ៉ាក់​មួយ​ទៀត។ លោក​នាយក​​រដ្ឋមន្រ្តី ​អ៊ីរ៉ាក់ ​ដែល​កំពុង​តែ​បំពេញ​ទស្សនកិច្ច ​នៅ​អាមេរិក ​ហើយ​ដែល​បាន​ចូល​ជួប​ ជាមួយ​លោក​ អូបាម៉ា ​បាន​រិះគន់​ប្រតិបត្តិការ​យោធា​​ដែល​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត ​ទៅ​លើ​យេម៉ែន។ លោក​ថា​ អារ៉ាប៊ីសាអ៊ូឌីត​ គ្មាន​ចេតនា​ទំលាក់​អាវុធ​នោះ​ទេ ​គឺ​ធ្វើ​ការ​វាយប្រហារ​ ទាល់តែ​កម្ទេច​ក្រុម ​ឧទ្ទាម​ហ៊ូទី ​ឲ្យ​អស់ ​ទោះ​បី​មាន​ការ​រចា ​រឺ​មិនមាន​ក៏​ដោយ។

ដូចគ្នា​ដែរ ​លោក ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់ ​បាន​ថ្លែងពី​ទីក្រុង​លីសស្បោន ​ប្រទេស​ព័រទុយហ្គាល់ ​ថា ​ត្រូវតែ​ឈប់​បាញ់​ជា​បន្ទាន់ ​ព្រោះ​អ្នក​ដែល​ក្រេប​ផល​ ពី​ភាព​ចលាចល​នេះ ​គឺ​ក្រុម​អាល់កាអ៊ីដា។ លោក​បញ្ជាក់​ថា អ៊ីរ៉ង់ ត្រៀម​​ខ្លួន​​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លូន​ ទាំង​ទៅ​លើ​ក្រុម​ហ៊ូទីស ​នឹង​ក្រុម​ប្រឆាំង​យេម៉ែន​ផ្សេង​ទៀត ​ដើម្បី​បញ្ចុះ​បញ្ចូល​​ពួក​គេ ​ឲ្យ​មក​ចូល​តុ​ចរចា ​ស្វែងរក​ដំណោះ​ស្រាយ​ ដោយ​សន្តិវិធី។

សូម​បញ្ជាក់​ផងដែរ​ថា ​បើ​តាម​តួលេខ​ផ្លូវការ ​ របស់​អង្គការ​សុខភាព​ពិភពលោក ​សង្គ្រាម​នៅ​យេម៉ែន ​បាន​សម្លាប់​ជីវិត​មនុស្ស ​ប្រមាណ​ជា ​៧៣៦​នាក់ ​និង​ជិត​៣ពាន់​នាក់​ទៀត​របួស។ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​អស់ ​ប្រជាជន​ស្លូតត្រង់​មាន​ប្រមាណ​ជា ​ជិត​ ៤០០នាក់ ​ ហើយ​ចំនួន​ជាក់​ស្តែង​ អាច​នឹង​លើស​នេះ​ផង។ នៅ​តាម​តំបន់​ដែល​ជា​សមរភូមិ​ក្តៅ​​ ដូច​ជា​ក្រុង​សាណា ​និង​ក្រុង​អាឌែន ​ប្រជាជន​ប្រឈមមុខ​និង​កង្វះ​ស្បៀង​អាហារ ​ហើយ​មន្ទីរពេទ្យ​ មិន​អាច​ទទួល​អ្នក​របួល​បាន ​ដោយសារ​តែ​គ្មាន​បរិក្ខា ថ្នាំ​សង្កូវ​គ្រប់គ្រាន់។ អង្គការ​កាកបាទ​ក្រហម ​បាន​ផ្តល់​ដំណឹង​ថា ​ក្រុម​ការងារ​ខ្លួន ​មិន​អាច​យក​ជំនួយ​ថ្នាំពេទ្យ ​ទៅ​បាន​គ្រប់​កន្លែង​ទេ ​ដោយសារ​ក្រុម​យោធា ហាម​មិន​ឲ្យ​ចូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ