អានតួអត្ថបទ
យេម៉ែន

កាកបាទ​ក្រហម​សុំ​ឲ្យ​បើក​ផ្លូវ​ដើម្បី​ដឹក​ជំនួយ​មនុស្សធម៌​ទៅ​ជួយ​ប្រជាជន​យេម៉ែន

ស្រប​ពេល​ដែល​ចំនួន​មនុស្ស​ស្លាប់ ​និង​របួស​មាន​កាន់តែ​ច្រើន​នៅ​ប្រទេស​យេម៉ែន ​ដោយសារ​តែ​ការ​វាយ​ប្រហារ​ ​តាម​ផ្លូវ​អាកាស​របស់​ក្រុម​សម្ព័ន្ធមិត្ត​អារ៉ាប៊ីសាអ៊ូឌីត ​អង្គការ​កាកបាទ​ក្រហម​អន្តរជាតិ ​បាន​អំពាវនាវ​ឲ្យ ​មាន​ការ​ផ្អាក​ឈប់​ទំលាក់​គ្រាប់​បែក​ ​ជា​បណ្តោះ​អាសន្ន​សិន ​ដើម្បី​ឲ្យ​ក្រុម​ការងារ​មនុស្សធម៌​ ដឹក​ជំនួយ​ទៅ​ជួយ​ប្រជាជន​យេម៉ែន ​នៅ​ក្រុង​សាណា ​ដែល​មាន​អ្នក​របួស​ជាច្រើន​រយ​នាក់។ ទន្ទឹម​គ្នា​នេះ​ដែរ ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជិត​ ក៏​កំពុង​ជួប​ប្រជុំ​គ្នា ​តាម​សំណើរ​របស់​រុស្ស៊ី ​ថាត្រូវ​ប្រកាស​ឲ្យ​អារ៉ាប៊ីសាអ៊ូឌីត​និង​បក្សពួក ​ផ្អាក​ការ​វាយ​ប្រហារ​លើ​យេម៉ែន។

អគ្គីភ័យ កំពុង​ឆាបឆេះ​ឃ្លាំង​ផ្ទុក​​អាវុធដ៏ធំ​មួយ​ ​នៅ​ក្បែរកំពង់​ផែ​​ក្រុង​អាឌែន ប្រទេស​យេម៉ែន
អគ្គីភ័យ កំពុង​ឆាបឆេះ​ឃ្លាំង​ផ្ទុក​​អាវុធដ៏ធំ​មួយ​ ​នៅ​ក្បែរកំពង់​ផែ​​ក្រុង​អាឌែន ប្រទេស​យេម៉ែន REUTERS/Nabeel Quaiti TPX IMAGES OF THE DAY
ផ្សាយពាណិជ្ជកម្ម

ប្រជាជន​យេម៉ែន​ កំពុង​តែ​តែល​តោល ​ដង្ហើយ​ហៅ​រក​ជំនួយ​យ៉ាង​វេទនា​ជាទី​បំផុត។ ពី​លើ​មេឃ ​យន្តហោះ​ចម្បាំង​របស់​អារ៉ាប៊ីសាអ៊ូឌីត ​និង​ប្រទេស​សម្ព័ន្ធមិត្ត​អារ៉ាប់ ​បាន​បន្ត​ទំលាក់​គ្រាប់បែក ​ឯ​នៅ​លើ​ដី ​ពួក​អ៊ីស្លាម​ជីហាត ​និង​ក្រុម​អាល់កាអ៊ីដា ​ដាក់វេន​គ្នា​បំផ្ទុះ​គ្រាប់បែក ​គ្មាន​លោះ​ថ្ងៃ។ រីឯក្រុម​ឧទ្ទាម​ហ៊ូទី ​កំពុង​តែ​ប្រយុទ្ធ​យ៉ាង​ចាស់ដៃ​ ជាមួយ​កងទ័ព​រដ្ឋាភិបាល​យេម៉ែន។

 
ក្នុង​រយៈពេល​១០​ថ្ងៃ ​ក្រោយ​ចលាចល ​និង​ការ​ចេញ​ប្រតិបត្តិការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ របស់​អារ៉ាប៊ីសាអ៊ូឌីត ​ព្រមទាំង​បក្សពួក​ប្រទេស​អារ៉ាប់​ផ្សេង​ទៀត ​នៅ​យេម៉ែន ​មាន​មនុស្ស​ស្លាប់​ ជាង​៥០០​នាក់​​ ​ហើយ​១៧០០​នាក់​ផ្សេង​ទៀត​ រង​របួស​ធ្ងន់។ នេះ​បើ​តាម​តួលេខ​ផ្លូវការ​ដែល​ផ្តល់ជូន​ ដោយ​លោកស្រី​ វ៉ាឡេរី អាម៉ូស ​អ្នក​ទទួល​ខុសត្រូវ​កិច្ចការ​មនុស្សធម៌​ របស់​អង្គការ​សហប្រជាជាតិ។

អង្គការ​កាកបាទ​ក្រហម​អន្តរជាតិ ​បាន​អំពាវនាវ​នៅ​ថ្ងៃ ​សៅរិ៍​ទី ៤​មេសា ទាមទារ​ឲ្យ​មាន​ការ​ផ្អាក​ការ​ទំលាក់​គ្រាប់បែក​ ជា​បណ្តោះ​អាសន្ន​ទៅ​លើ​យេម៉ែន ​ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុម​ការងារ​យក​ជំនួយ​ទៅ​សង្គ្រោះ​ប្រជាជន​ដែល​រង​របួស។ កាកបាទ​ក្រហម​ចង់​បាន​ការ​ធានា​ឲ្យ​បាន​ជាក់លាក់ ​ដើម្បី​កុំឲ្យ​ក្រុម​ការងារ​មនុស្សធម៌​​ប្រឈម​​​មុខ​នឹង​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។ កាក​បាទ​​ក្រហម​អន្តរជាតិ មាន​គម្រោង​បញ្ជូន​យន្តហោះ​ពីរ​គ្រឿង​ ទៅ​ក្រុង​សាណា ​ដោយ​មួយ​គ្រឿង​មាន​ដឹក​សម្ភារៈពេទ្យ និង​មួយ​គ្រឿង​ទៀត​ ដឹក​ស្បៀង​អាហារ​ចំនួន​៣០​តោន។ ដោយ​ឡែក​​នាវា​ដឹក​ក្រុម​គ្រូពេទ្យ​ ​និង​បរិក្ខា​វះកាត់ កំពុង​តែ​បើក​ទៅ​ជិត​ដល់​កំពង់ផែ​ក្រុង​អាឌែន​ហើយ។ សូម​បញ្ជាក់​ថា ​ក្នុង​រយៈពេល​ជាង​១០ថ្ងៃ​មក​នេះ ​គ្រាន់តែ​នៅ​ក្នុង​ក្រុង​អាឌែន​មួយ ​មាន​អ្នក​ស្លាប់ ១៨៥​​​នាក់ ​និង​ប្រហែល​មួយ​ពាន់​នាក់​រង​របួស។

កាកបាទ​ក្រហម​បាន​ធ្វើការ​ចោទ​ប្រកាន់​ លើ​ការ​ទម្លាក់​គ្រាប់បែក​របស់​អារ៉ាប៊ីសាអ៊ូឌីត ​ដែល​ធ្វើឡើង​​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់ ​ធ្វើ​ឲ្យ​ប្រជាជន​ស្លូតត្រង់​រងគ្រោះ​ជាច្រើន​ដល់​ថ្នាក់​នេះ។ មួយ​វិញទៀត ស្រប​ពេល​ដែល​កាកបាទ​ក្រហម​ ក៏​ដូច​ជា​អង្គការ​មនុស្សធម៌​ផ្សេងៗ​ទៀត​អំពាវនាវ ​សុំ​ឲ្យ​ផ្អាក​ការ​វាយ​ប្រហារ ​តែ​អារ៉ាប៊ីសាអ៊ូឌីត ​ធ្វើ​មិន​ដឹង​មិន​ឮ។

ព្រមគ្នា​ជាមួយ​នឹង​ការ​ព្រួយ​បារម្ភ​ របស់​អង្គការ​មនុស្សធម៌ ​ដោយសារ​តែ​មាន​មនុស្ស​ស្លាប់ ជា​រៀងរាល់​ម៉ោង​នៅ​យេម៉ែន ​រុស្ស៊ី​បាន​ធ្វើការ​ស្នើ​សុំ​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ​ដើម្បី​សម្រេច​លើ​គោល​ជំហរ​រួម​មួយ​ ទាមទារ​ឲ្យ​អារ៉ាប៊ីសាអ៊ូឌីត ​និង​បក្សពួក ​បញ្ឈប់​​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​ លើ​ប្រទេស​យេម៉ែន។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាងណា ​សំណើរ​សុំ​របស់​រុស្ស៊ី​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​មាន​ន័យ​នយោបាយ​ជា​ជាង​ន័យ​មនុស្សធម៌ ​ព្រោះ​ថា​រុស្ស៊ី​កំពុងតែ​ស្វែងរក​ការ​គាំទ្រ​ និង​កសាង​ទំនុកចិត្ត​នៅ​តំបន់​ដើមបូព៌ា ​ដោយ​មាន​អ៊ីរ៉ង់​​ជា​ភ្នែក​ជា​ច្រមុះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ