អានតួអត្ថបទ
ចិន-ជប៉ុន

អគ្គរាជទូត​ជប៉ុន​ថ្មី​ប្រចាំ​ប្រទេស​ចិន​ប្តេជ្ញា​​ពង្រីក​ទំនាក់ទំនង​ជាមួយ​ចិន​អោយ​បាន​ប្រសើរ​ឡើង​

ជាច្រើន​ខែ បន្ទាប់ពី​មាន​ ​​ជំលោះតានតឹង ​ជាមួយ​ប្រទេស​ចិន ក្នុង​​​​រឿង​ប្រជុំ​កោះ​​​ សិន​សាគូ នាតំបន់​​សមុទ្រ​ចិន​ខាង​ត្បូងមក​ ​​ប្រទេស​ជប៉ុន​ហាក់ចាប់​ផ្តើម​ សំរាលនូវ​​គោល​ជំហរ​របស់​ខ្លួន។ នៅ​ថ្ងៃ​ចន្ទ​នេះ អគ្គរាជទូត​ជប៉ុន​​ថ្មី ​ លោក​​ ម៉ាសាតូ​ គីតេរ៉ា ដែល​នឹង​ត្រូវ​ចូល​កាន់​ដំណែង​​ ប្រចាំការ​នៅ ប្រទេស​ចិន​ ក្នុង​ពេល​ឆាប់ៗ​នេះ​ បាន​ប្រកាស​ពី​គោល​បំណង​របស់​ ជប៉ុន​ក្នុង​ការ​ ខំប្រឹង​ពង្រីក​វិស័យ​ទំនាក់ទំនងជាមួយ​ចិន​ អោយ​បាន​ប្រសើរ​ឡើង​វិញ។ អនាគត​​នាយករដ្ឋមន្ត្រី​​ ជប៉ុន​​ លោក ស្ហ៊ីនហ្សូ អាបេ ដែល​ទើប​នឹង​ ​ព្រមាន​ចិន​​ជុំវិញ​ជម្លោះ​ដណ្តើម​ប្រជុំកោះ​ សិនសាគូ​នា ពេល​ថ្មីៗនេះ បាន​​សំរាល​ឥរិយាបថ​របស់​ខ្លួន​ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​មក ដោយ​សន្យា​ថា​ជប៉ុន​នឹង​ប្រឹងប្រែង​ ​​ធ្វើការ​ទាក់ទង​ ​សហប្រតិបត្តការ​ជាមួយ​ចិន​ ឡើង​វិញ ក្នុង​ដំនើរការ​ស្វែង​រក​ប្រយោជន៍​យុទ្ធសាស្ត្រ​រួម។

លោក​ Masato Kitera អគ្គរាជទូត​​ជប៉ុន​​​ថ្មី​​​ប្រចាំ​​ប្រទេស​​ចិន
លោក​ Masato Kitera អគ្គរាជទូត​​ជប៉ុន​​​ថ្មី​​​ប្រចាំ​​ប្រទេស​​ចិន
ផ្សាយពាណិជ្ជកម្ម

លោក​ ម៉ាសាតូ​ គីតេរ៉ា អគ្គរាជទូត​ជប៉ុន​​ថ្មី​​ប្រចាំ​ប្រទេស​ចិន​ បាន​ប្រាប់​ទូរទស្សន៍ NHK របស់​ជប៉ុន​ថា “ខ្ញុំ​នឹង​ពន្យល់​ដល់​អ្នក​ដឹក​នាំ​ចិន​នានា ថា ជប៉ុន​​នឹង​ពង្រឹងអោយ​ទំនាក់ទំនង​​សេដ្ឋកិច្ច​ជាមួយ​ចិន​ មានភាព​រស់រវើក​​ឡើងវិញ​ បើទោះ​ជា​ ទំនាក់ទំនង​នយោបាយ​រវាង​ប្រទេស​ទាំង​ពីរ​ ​មាន​ភាព​តឹងតែងក៏ដោយ ព្រោះ​ថា សកម្មភាព​ការងារ​របស់​ក្រុមហ៊ុន​ជប៉ុន ជា​ការ​ចូលរួម​លើក​ស្ទួយ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន។ ជប៉ុន​និង​ចិន​ត្រូវ​តែ​ ផ្លាស់​ប្តូរ​ទំនាក់ទំនង​គ្នា ក្នុង​វិស័យ​ផ្សេងៗ​ទៀត​ ដើម្បី​​បន្ថយ​នូវស្ថានភាព​​តានតឹង​​​ រវាង​ប្រទេស​ទាំង​ពីរ” ។

 
ប្រទេស​ជប៉ុន​ ហាក់​សំរាល​នូវ​​ឥរិយាបថ​​របស់​ខ្លួន​ បន្ទាប់ពី​មាន​ ​​ជំលោះតានតឹង ​ជាមួយ​ប្រទេស​ចិន ទាក់ទង​​​​​រឿង​ប្រជុំ​កោះ​​​ សិន​សាគូ នាតំបន់​​សមុទ្រ​ចិន​ខាង​ត្បូង​ អស់រាប់​ខែ​មក។ ​ប្រជុំ​កោះ​​ សិនសាគូ​ ស្ថិត​នៅ​ ២០០​គីឡូម៉ែត្រ ភាគ​ឥសាន​ពី​ឆ្នេរ​ប្រទេស​តៃ​វ៉ាន់​ និង ៤០០​ ​ គីឡូម៉ែត្រ ខាងលិច​កោះ​ជប៉ុន​ អូគីណាវ៉ា។  ប្រជុំកោះនេះ ជាកន្លែង​ដែល​គ្មាន​មនុស្ស​រស់​នៅ។​ ចិន​ និង​ជប៉ុន​ បាន​ឈ្លោះ​ដណ្តើម​បូរណភាព​ដែន​ដី​ រៀងៗខ្លួន​ ក្នុង​តំបន់កោះ​នេះ។​

​ស្ថានភាព​ជំលោះ មាន​លក្ខណៈ​កាន់​តែ​តឹងតែង​ខ្លាំង​ ចាប់ពី​ខែ​ កញ្ញា​កន្លង​មក នៅ​ពេល​ដែល​​ជប៉ុន​ បាន​ទិញ​ដី​​មួយ​ភាគនៃ​ប្រជុំកោះ នេះពី​ឯកជន យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​ របស់​ជាតិខ្លួន។ បន្ទាប់​ពីនោះ មក​ ប្រជាជន​ចិន​​បាន​នាំគ្នា​បញ្ឈប់​ការ​ប្រើប្រាស់​ ផលិតផល​ជប៉ុន ពិសេស ផលិតផល​រថយន្ត​​ ដែល​ធើ្វ​អោយ​ការ​លក់​រ​ថយន្ត​ជប៉ុន​ នៅ​ក្នុង​ប្រទេស​ចិន​ ថយ​ចុះ​ ជាង​ ៨៤ភាគរយ។

ដើម្បី​បន្ធូរបន្ថយ​នូវ​ភាព​តានតឹង​ទាំងនេះ អនាគត​​នាយករដ្ឋមន្ត្រី​​ ជប៉ុន​​ លោក ស្ហ៊ីនហ្សូ អាបេ​​ ត្រៀម​នឹង​​ ផ្តល់​លិខិត​សុំ​ធ្វើការ​ផ្សះផ្សារ​ជាមួយ​ចិន នៅ​ខែ​មករា​ ខាងមុខនេះ​ តាម​រយៈ​បេសកកម្ម​របស់​លោក​ កូម៉ូរ៉ា ​អនុ​ប្រធានាធិបតី នៃ​គណបក្ស​​​អភិរក្ស​និយម​​ជប៉ុន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ