អានតួអត្ថបទ
សហរដ្ឋអាមេរិក-អេបូឡា

លោក​អូបាម៉ា ៖ ឱកាស​នៃ​ការ​រាតត្បាត​មេរោគ​អេបូឡា​នៅ​អាមេរិក​ មាន​កម្រិត​ទាប​ណាស់

លោក​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់ ​អូបាម៉ា ​បាន​លើក​ឡើង​នៅ​ថ្ងៃ​ចន្ទ​ទី​៦​តុលា​ថា​ ឱកាស​នៃ​ការ​រាតត្បាត​មេរោគ​អេបូឡា​នៅ​សហរដ្ឋ​អាមេរិក​ គឺ​មាន​កម្រិត​ទាប​ណាស់។​ ការ​បញ្ជាក់​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ផ្ទុក​មេរោគ​អេបូឡា​ម្នាក់​ ត្រូវ​គេ​រក​ឃើញ​នៅ​រដ្ឋ​តិច​សាស់ ​សហរដ្ឋ​អាមេរិក​ កាល​ពី​ចុង​ខែ​កញ្ញា​កន្លង​ទៅ។​ មេរោគ​អេបូឡា​ដ៏​កាច​សាហាវ​ បាន​សម្លាប់​មនុស្ស​អស់​ជាង​៣​ពាន់​៤​រយ​នាក់​ហើយ​ រហូត​មក​ទល់​ពេល​នេះ។ ​

លោក​បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​អាមេរិក
លោក​បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​អាមេរិក ©Reuters
ផ្សាយពាណិជ្ជកម្ម

 

នៅ​ថ្ងៃ​ចន្ទ​ទី៦តុលា បន្ទាប់ពី​បាន​ស្ដាប់​មន្ដ្រី​សុខាភិបាលកំពូលៗធ្វើ​បទ​បង្ហាញ​ពី​យុទ្ធសាស្ត្រ​របស់​អាមេរិក ប្រឆាំងនឹង​ការរីក​រាតត្បាត​នៃ​មេរោគ​អេ​បូ​ឡា​ដ៏​កាច​សាហាវ លោក​អូ​បា​ម៉ា បាន​​លើកឡើងថា មេរោគ​អេ​បូ​ឡា​ជា​បញ្ហា​ប្រឈម​មួយ ដែល​អាមេរិក​ត្រូវ​ចាត់វិធានការ​យ៉ាង​​ម៉ឺងម៉ាត់ បើទោះបីជា​ឱកាស​នៃ​ការ​រាតត្បាត​មេរោគ​នេះ​នៅ​សហរដ្ឋអាមេរិក នៅ​មាន​កម្រិត​ទាប​យ៉ាងណាក្ដី។

ការបញ្ជាក់​នេះ ធ្វើឡើង​បន្ទាប់ពី​អ្នក​ផ្ទុកមេរោគ​អេ​បូ​ឡា​ម្នាក់ ត្រូវគេ​រកឃើញ​នៅ​រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក កាលពី​ចុងខែ​កញ្ញា​កន្លងទៅ។

បើតាម​លោក​អូ​បា​ម៉ា មេរោគ​អេ​បូ​ឡា​ពិបាក​នឹង​រាតត្បាត​នៅ​អាមេរិក​ដោយសារតែ អាមេរិក​មាន​ប្រព័ន្ធ​សុខាភិបាល ទំនើប មាន​មន្ទីរពេទ្យ បណ្តាញ​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​អេ​បូ​ឡា និង​​កំពុង​ធ្វើ​ពិសោធន៍​ដើម្បី​ផលិត​ថ្នាំ​ព្យាបាល​ជម្ងឺ​អេ​បូ​ឡា។ និង​ការពិត​មួយទៀត​គឺថា មេរោគ​​អេ​បូ​ឡា​នេះ មិន​ងាយ​ចម្លង​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់​ទៀតឡើយ។  គេ​មិនអាច​ឆ្លង​មេរោគ​អេ​បូ​ឡា​តាមផ្លូវ​ដកដង្ហើម ទេ ប៉ុន្តែ តាម​ការប៉ះពាល់​វត្ថុ​ជាតិ​រាវ ដូចជា​ឈាម ទឹក​មាត់ ឬ​ញើស របស់​អ្នក​ដែល​ចេញ​រោគសញ្ញា​អេ​បូ​ឡា។

ទោះជា​យ៉ាងនេះ​ក្ដី សហរដ្ឋអាមេរិក​បាន​ដាក់ចេញ​នូវ​វិធានការចម្បងៗមួយចំនួន ដើម្បី​ប្រឆាំងនឹង​ការឆ្លង ឬ​ការរីក​រាលដាល​នៃ​មេរោគ​អេ​បូ​ឡា​នៅ​អាមេរិក។ ក្នុងនោះ អ្នកដំណើរ​ដែល​ចូលមក​កាន់​ព្រលានយន្តហោះ​នៅ​អាមេរិក​ទាំងអស់ នឹងត្រូវ​ត្រួតពិនិត្យ​បន្ថែម ដើម្បី​ស្វែងរក​មុខសញ្ញា​នៃ​មេរោគ​អេ​បូ​ឡា។

ជាមួយគ្នានេះដែរ លោក​អូ​បា​ម៉ា​ក៏បាន​គូសបញ្ជាក់ថា លោក​នឹងដាក់​សម្ពាធ​ទៅលើ​បណ្ដា​ប្រទេស​សម្ព័ន្ធមិត្ត​របស់ខ្លួន ឲ្យ​រួមចំណែក​ច្រើន​ជាងនេះទៅទៀត ដើម្បី​ប្រឆាំងនឹង​មេរោគ​អេ​បូ​ឡា។ លោក​ថា ប្រទេសធំៗមួយចំនួន នៅ​មិនទាន់​រួមចំណែក​គ្រប់គ្រាន់​នៅឡើយ​ទេ ទាក់​ទង​នឹង​ការ​រាតត្បាត​នៃ​មេរោគ​អេ​បូ​ឡា។ មេរោគ​អេ​បូ​ឡា ដែល​រហូត​មកទល់ពេលនេះ បាន​សម្លាប់​មនុស្ស​អស់​ជាង៣ពាន់៤រយ​នាក់​ហើយ ក្នុងចំណោម​ករណី​ឆ្លង​ជាង៧ពាន់៤រយ​ករណី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ