អានតួអត្ថបទ
លីបេរីយ៉ា-អាមេរិក

លីបេរីយ៉ា​គ្រោង​ប្តឹង​ជនជាតិ​លីបេរីយ៉ា​ដែល​នាំ​អេបូឡា​ទៅ​អាមេរិក

ក្នុងចំណោម​ប្រទេស​បី​ដែល​រងគ្រោះ​មុនគេ​ដោយ​មេរោគ​អេបូឡានៅ​អាហ្រ្វិក​ខាងលិច ​លីបេរីយ៉ា​ដែល​សំបូរ​អ្នកជម្ងឺ និង​មនុស្ស​ស្លាប់​ដោយ​មេរោគ​អេបូឡា បាន​ប្រកាស​កាលពីថ្ងៃ​សុក្រ​ទី ៣​តុលា​ថា មេរោគ​អេបូឡា​បាន​រាតត្បាត​ទៅដល់​គ្រប់​ខេត្ត​ទាំង​អស់​របស់​ប្រទេស។ ប្រធានាធិបតី​លីបេរីយ៉ា​អំពាវនាវ​រក​ការគាំទ្រ​ពី​អង្គការ​សហប្រជាជាតិ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​មេរោគ​អេបូឡា​នៅទីជនបទ ជាទី​ដែល​អ្នកជម្ងឺ​បាន​រត់ទៅ​សំងំ​លាក់ខ្លួន ឆ្ងាយ​ពី​ទីក្រុង។​​ អ្នកជម្ងឺ​ជាតិ​លីបេរីយ៉ា​ម្នាក់​ក៏​ទើប​រក​ឃើញ​នៅក្នុង​ទឹកដី​អាមេរិក រហូត​ធ្វើ​ឲ្យ​អាជ្ញាធរ​អាមេរិក​បាន​សម្រេច កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ដាក់​ឃុំ​ដាច់ដោយ​ឡែក ​មនុស្ស​ជាង​១០០​នាក់ ដែល​ធ្លាប់មាន​ទំនាក់ទំនង​ជាមួយ​អ្នកជម្ងឺលីបេរីយ៉ា នៅ​រដ្ឋតិចសាស់។ 

បុរស​ម្នាក់​ហុចស្បោង​របស់​កាកបាទ​ក្រហម​ទៅ​ឲ្យ​ក្រុមគ្រួសារ​របស់​លោក​Duncan ដែល​ត្រូវ​អាជ្ញាធរ​ហាម​មិន​ឲ្យ​ចេញ​ក្រៅផ្ទះ រយៈពេល ២១​ថ្ងៃ
បុរស​ម្នាក់​ហុចស្បោង​របស់​កាកបាទ​ក្រហម​ទៅ​ឲ្យ​ក្រុមគ្រួសារ​របស់​លោក​Duncan ដែល​ត្រូវ​អាជ្ញាធរ​ហាម​មិន​ឲ្យ​ចេញ​ក្រៅផ្ទះ រយៈពេល ២១​ថ្ងៃ ©REUTERS/Mike Stone
ផ្សាយពាណិជ្ជកម្ម

នៅចំពោះ​មុខ​ការរាតត្បាត​យ៉ាង​ខ្លាំងក្លា​របស់​មេរោគ​អេបូឡា ប្រទេស​លីបេរីយ៉ា​អស់​សង្ឃឹម​ អស់​លទ្ធភាព​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​មេរោគ​អេបូឡា​ តទៅទៀត។ ​តាម​លោកស្រី​ប្រធានាធិបតី​​លីបេរីយ៉ា គ្រប់ខេត្ត​ទាំង​១៥​របស់​លីបេរីយ៉ា​បាន​ផ្ទុះ​កើតជម្ងឺ​អេបូឡា បន្ទាប់ពី​ប្រជាជន​ដែល​មាន​ផ្ទុកមេរោគ​បាន​រត់​ចាក​ចេញ​ពី​ទីក្រុង ទៅ​សំងំ​ព្យាបាល​តាម​បែប​បុរាណ​នៅ​ទី​ជនបទ។

 
យោងតាម​របាយការណ៍​ចុងក្រោយ​របស់​អង្គការ​សុខភាព​ពិភពលោក មេរោគ​អេបូឡា​បាន​សម្លាប់​មនុស្ស​ ៣៣៣៨​នាក់ ក្នុង​ចំណោម​ចំនួន​ឆ្លង​ជាង ៧ពាន់​ករណី។ ហើយ​ចំនួន​ពាក់​កណ្តាលនៃ​​អ្នកស្លាប់​ដោយ​មេរោគ​អេបូឡា​ គឺ​ជា​ជនជាតិ​លីបេរីយ៉ា។

នៅថ្ងៃ​សុក្រ ​ប្រធានាធិបតី​លីបេរីយ៉ាលោកស្រី Ellen Johnson Sirleaf ​បាន​សំដែង​ការសោក​ស្តាយ និង​ខឹង​សម្បារ ដែល​​បុរស​ជាតិ​លីបេរីយ៉ា​ លោក​Duncan បាន​នាំ​មេរោគ​អេបូឡា​ទៅក្នុង​ទឹកដី​អាមេរិក ក្នុង​ពេល​អាមេរិក​ជា​អ្នក​ផ្តល់​ជំនួយ​ដ៏​សំខាន់​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​មេរោគ​អេបូឡា នៅ​លីបេរីយ៉ា។ តាមលោកស្រី​ប្រធានាធិបតី​លីបេរីយ៉ា រដ្ឋាភិបាល​នឹង​ចាត់ការ​ជាមួយ​លោក​Duncan នៅពេល​លោក​ជះស្បើយ​ពីជម្ងឺ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រធាន​អាកាសចរណ៍​ជាតិ​លីបេរីយ៉ា​បាន​បង្ហាញពីការប៉ុនប៉ង​ប្តឹង​ លោក​Duncan ទៅ​តុលាការលីបេរីយ៉ា។ ​តាម​អាជ្ញាធរ​លីបេរីយ៉ា លោក​Duncan បាន​ភូតភរ នៅក្នុង​ពេល​លោក​ចុះ​ព័ត៌មាន មុន​ពេល​ឡើង​យន្តហោះ។ លោក​Duncan ​បាន​គូស​ប្រអប់​ដែល​សរសេរ​ថា លោក​គ្មាន​ប៉ះពាល់​អ្នកជម្ងឺ​អេបូឡា ប៉ុន្តែ តាម​ក្រុមស៊ើបអង្កេត​លីបេរីយ៉ា នៅ៤​ថ្ងៃ​មុន​ឡើង​យន្តហោះ សំដៅអាមេរិក លោក​Duncan បាន​ដឹកជញ្ជូន​អ្នកជិតខាង​របស់​គាត់ម្នាក់ ដែល​បាន​ស្លាប់​ដោយ​មេរោគ​អេបូឡា។

នៅអាមេរិក បន្ទាប់​ពី​រក​ឃើញថា ជនជាតិ​លីបេរីយ៉ា Duncan មាន​ផ្ទុក​មេរោគ​អេបូឡា ក្នុង​រដ្ឋ​តិចសាស់ ​អាជ្ញាធរ​​បាន​ប្រកាស​ដាក់​ឃាំង​ ដាក់​ឲ្យ​ដាច់​ដោយឡែក មនុស្ស​ជាង​១០០​នាក់ ដែល​ធ្លាប់​ពាក់ព័ន្ធ ផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នកជម្ងឺ​ជាតិ​លីបេរីយ៉ា។ សមាជិក​គ្រួសារ​របស់លោក​ Duncan ត្រូវ​គេ​បញ្ជា​ឲ្យ​ស្ថិតនៅក្នុង​ផ្ទះ មិន​ចេញ​ក្រៅ​ទាល់​តែសោះ ក្នុង​រយៈពេល ២១​ថ្ងៃ (រយៈពេល​ដែល​បញ្ជាក់ថា គេ​ឆ្លង ឬ​មិន​ឆ្លង​មេរោគ​អេបូឡា)។ នៅថ្ងៃ​សុក្រ អ្នកថត​យក​ព័ត៌មាន​របស់​ទូរទស្សន៍​អាមេរិក NBC ម្នាក់​ ដែល​បាន​ក្លាយ​ជា​ជនជាតិ​អាមេរិក​ទី​៤ ដែល​​ឆ្លង​មេរោគ​អេបូឡា ត្រូវ​បាន​បញ្ជូន​ត្រលប់​ទៅ​ព្យាបាល​នៅ​អាមេរិក។

​​អង្គការ​គ្រូពេទ្យ​គ្មានព្រំដែន​វិញ​បាន​សំដែង​ការខកចិត្ត​ដែល​ជំនួយ​របស់​ប្រទេស​ជាច្រើន​មិន​សមស្រប​នឹង​ស្ថានការណ៍​នៅ​អាហ្វ្រិក​ខាងលិច។ ក្រុមគ្រូពេទ្យ​គ្មាន​ព្រំដែន​ដែល​មាន​បុគ្គលិក​បម្រើការ​៣ពាន់នាក់ បានអំពាវនាវ​សុំ​ឲ្យ​គេ​ផ្តល់​ជំនួយ​ជា​គ្រឿង​បរិក្ខាពេទ្យ និង​អ្នកជំនាញ​សុខាភិបាល ជាជាង​ផ្តល់កញ្ចប់​លុយ។ ដោយសារ​តែ​រឿងនេះ អង្គការ​ពេទ្យ​គ្មាន​ព្រំដែន​បាន​បដិសេធ​ជំនួយ​ជាទឹកប្រាក់​របស់​ប្រទេស​អូស្ត្រាលី៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ